មណ្ឌលគិរី មន្ត្រីក្រុមប្រឹក្សាឃុំស្រែហ៊ុយម្នាក់ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃនេះថា ភ្លើងឆេះព្រៃ ដែលត្រូវបានគេសង្ស័យថាបានបង្កឡើងដោយក្រុមអ្នករុករកទឹកឃ្មុំព្រៃ និងអនុផលព្រៃឈើ បានរាលដាលឆេះស្រូវប្រមាណជាង ៤០ ហិកតារបស់អង្គភាពយោធាសិករងខេត្តមណ្ឌលគិរី និង ប្រជាពលរដ្ឋក្នុងឃុំស្រែហ៊ុយ។
លោកម៉ាន់ រាម ជំទប់ទី ១ ឃុំស្រែហ៊ុយ បាននិយាយថា កាលពីរសៀលថ្ងៃពុធ មានករណីភ្លើងឆេះព្រៃ រាលដាលឆេះស្រូវរបស់អង្គភាពយោធាសិករងខេត្តមណ្ឌលគិរី ដែលមានទីតាំងស្ថិតនៅក្នុងភូមិចំនួនពីរ គឺភូមិស្រែជ្រៃ និង ភូមិទួលស្រឡៅ នៃឃុំស្រែហ៊ុយ ស្រុកកោះញែក សរុបចំនួន ៣៥ ហិកតា ខណៈស្រូវប្រជាពលរដ្ឋក្នុងភូមិឈុលចំនួន ៧ ហិកតាដែលបានច្រូតកាត់រួចតែនៅមិនទាន់ធ្វើការបោកបែននៅឡើយនោះក៏ត្រូវបានរងការឆេះខូចខាតទាំងស្រុងផងដែរ។
លោករាម បាននិយាយទៀតថា៖«នៅពេលនេះ ក្រុមមន្ត្រីយោធា កំពុងធ្វើការស្រាវជ្រាវរកអត្តសញ្ញាណរបស់អ្នកភូមិមួយចំនួន ដែលចេញទៅរកអនុផលព្រៃឈើ នៅក្នុងព្រៃក្បែរនោះ ដោយបានដាក់ការសង្ស័យទៅលើពួកគេថាជាអ្នកបង្កឲ្យមានករណីភ្លើងឆេះព្រៃនេះកើតឡើង»។
ជុំវិញករណីនេះផងដែរ ប្រជាពលរដ្ឋក្នុងភូមិឈុល លោក ទេន ប៊ុនសាម បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា កាលពីដើមខែធ្នូនេះ មានករណីភ្លើងឆេះព្រៃមួយបានកើតឡើងម្ដងហើយ ប៉ុន្តែត្រូវបានពួកគាត់ ដែលមានស្រែនៅក្បែរនោះនាំគ្នាចាក់ទឹក និង វាយពន្លត់ទាន់ពេល មិនបង្កឲ្យមានផលប៉ះពាល់ដល់ស្រូវរបស់អ្នកភូមិណាម្នាក់ទេ។ ដោយឡែកកាលពីរសៀលថ្ងៃពុធម្សិលម្ង៉ៃមុននេះ ស្រាប់តែមានករណីភ្លើងឆេះព្រៃ កើតឡើងម្ដងទៀតនៅភូមិទួលស្រឡៅ បណ្ដាលឲ្យឆេះខូចខាតស្រូវរបស់អង្គភាពយោធាសិករងខេត្តអស់រាប់សិបហិកតា ហើយបានរាលដាលបន្តមកឆេះកណ្ដាប់ស្រូវរបស់ពួកគាត់ក្នុងភូមិឈុលអស់សរុប៧ហិកតាថែមទៀត។
លោក ប៊ុនសាម បានអះអាងថា៖« ករណីភ្លើងឆេះព្រៃនៅក្នុងស្រុកកោះញែក បានកើតឡើងជារៀងរាល់ឆ្នាំ ហើយជាទូទៅករណីនេះកើតឡើងដោយសារកត្តាមនុស្សជាអ្នកបង្ក ដូច្នេះខ្ញុំគិតថាបើសិនជាអាជ្ញាធរអាចរកឃើញជនបង្កបាន យើងខ្ញុំអាចនឹងប្ដឹងទាមទារឲ្យពួកគេសងសំណងខូចខាតមកយើងវិញបានខ្លះសម្រាប់ដោះស្រាយជីវភាពរស់នៅ»។
កាលពីម្សិលមិញនេះផងដែរ លោកវរសេនីយ៍ទោ យ៉ាំ ភ្យន នាយរងសេនាធិការនៃបញ្ជាការដ្ឋានតំបន់សិករងខេត្តមណ្ឌលគិរី បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ខណៈក្រុមការងាររបស់គាត់ដែលមានគ្នា៨នាក់ប្រចាំការនៅក្នុងតំបន់អភិវឌ្ឍន៍ស្រែកងទ័ពនៃតំបន់ប្រតិបត្តិការសិករងខេត្ត កំពុងនាំគ្នាប្រើត្រាក់ទ័រច្រូតកាត់ស្រូវ និងដឹកជញ្ជូនស្រូវមកដាក់ក្នុងឃ្លាំងសុវត្ថិភាព ស្រាប់តែមានភ្លើងឆេះព្រៃដ៏ធំមួយបានរាលដាលមកដល់ ពេលនោះពួកគាត់ក៏បាននាំគ្នាបើកត្រាក់ទ័រច្រូតស្រូវនោះគេចចេញពីអណ្ដាតភ្លើង ដើម្បីសុវត្ថិភាព។
លោក ភ្យន បានបញ្ជាក់ថា៖ «ស្រូវរបស់យើងទាំងអស់មាន ៦៥ ហិកតា ប៉ុន្តែ យើងបានច្រូតកាត់រួចអស់ ៣០ ហិកតា សល់៣៥ហិកតាទៀត ត្រូវភ្លើងឆេះព្រៃឆេះរាលដាលមកបំផ្លាញអស់ទាំងស្រុង។
បើតាមទិន្នផលស្រូវ ដែលយើងប៉ាន់ប្រមាណលើផ្ទៃដីដែលបានឆេះអស់នោះ សរុបប្រមាណពី៣០តោនទៅ ៤០ តោន។ ការខូចខាតនេះគឺជាផ្នែកមួយដែលនាំឲ្យអង្គភាពតំបន់ប្រតិបត្តិការសិករងខេត្តមណ្ឌលគិរីយើង ខ្វះខាតស្បៀងអាហារសម្រាប់ផ្គត់ផ្គង់ដល់កងទ័ព»។
បើតាមលោក ភ្យន តំបន់ប្រតិបត្តិការសិករងខេត្តមណ្ឌលគិរី ផ្ទៃដីសម្រាប់ធ្វើការអភិវឌ្ឍស្រែនិងចំការ សរុប ២៥០ ហិកតា ប៉ុន្តែដោយសារពុំមានគ្រឿងចក្រសម្រាប់ឈូសឆាយ ព្យួររាស់ និងច្រូតកាត់គ្រប់គ្រាន់ ក្រុមមន្ត្រីយោធាទទួលបន្ទុកផ្នែកអភិវឌ្ឍន៍និងផ្គត់ផ្គង់ស្បៀងអាហារកងទ័ពក្នុងខេត្តនេះ បានធ្វើការអភិវឌ្ឍន៍ដំណាំស្រូវបានត្រឹមតែ ៦៥ ហិកតាប៉ុណ្ណោះ៕