កំពង់ស្ពឺៈ មនុស្ស​ ១០​ នាក់​បាន​ស្លាប់​ និង​ ៥ នាក់​ផ្សេង​ទៀត​បាន​រង​របួស​ធ្ងន់​ ​ក្នុង​ឧបទ្ទវ​ហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​រថយន្ត​ ៣ គ្រឿង​ បុក​គ្នាកាល​ពី​យប់​ថ្ងៃ​សៅរ៍ នៅ​លើ​កំណាត់​​ផ្លូវ​ជាតិ​លេខ ៤​ ​ក្នុង​ចំណុច​ភូមិ​សាស្ត្រ​ឃុំ​ត្រែង​ត្រយឹង​ ស្រុក​ភ្នំស្រួច​ ខេត្ត​កំពង់ស្ពឺ។​

​លោក​ ​តាប់​ ​លន​ ​ស្នង​ការ​រង​ ​ទទួល​បន្ទុក​ផែន​ចរា​ចរណ៍​ផ្លូវគោក​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្តកំពង់​ស្ពឺ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពីម្សិលមិញថា​ ​ក្នុង​ចំណោម​ជន​រង​គ្រោះ​ ១​០​ នាក់​ ដែល​បាន​ស្លាប់​​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ មាន​ ៣ នា​ក់​ជា​ម​ន្ត្រី​បម្រើ​ការ​នៅ​អគ្គ​នា​យកដ្ឋាន​គយ​ និង​រដ្ឋា​ករ​ ​ដែល​រួមមាន ​ឈ្មោះ ​ជន់​ ច័ន្ទ​រិទ្ធ​,​ គឹម​ ឆាត​ និង​ ឈ្មោះ​ ហេង​ មករា។​

​លោក​បាន​បន្ត​ថា​ ​សព​ជនរង​គ្រោះ​ទាំង​អស់​ត្រូវ​បាន​ក្រុម​គ្រួសារ​ និង​សាច់​ញាតិ​នាំ​យក​ទៅ​ធ្វើ​បុ​ណ្យ​តា​ម​ប្រពៃ​ណី ​លើក​លែង​​តែ​សព​ស្ត្រី​​ម្នាក់​ ​ដែល​រហូត​មក​ទល់​ពេល​នេះ​ ក្រុម​សមត្ថកិច្ច​នៅ​ពុំ​ទាន់​ដឹង​អំពី​អត្ត​សញ្ញាណ​នៅ​ឡើយ​ ត្រូវ​បាន​នាំ​យក​ទៅ​តម្កល់​ទុក​ជា​បណ្ដោះ​អាសន្ន​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ខេត្ត​កំពង់​ស្ពឺ​ ​ដើម្បី​រង់ចាំ​សាច់​ញាតិ​មក​ទទួល។​ ​

​លោក​ លន​ ​ថ្លែង​ថា​៖​ «​យោង​តាម​លទ្ធ​ផល​នៃ​ការ​ចុះ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ ស្រាវជ្រាវ​ប្រមូល​ភ័ស្តុតាង​នៅ​ក​ន្លែង​កើត​ហេតុ​ដោយ​ក្រុម​គណៈ​កម្មការ​ជំនាញ​​ថ្នាក់​ជាតិ​ ​និង​ថ្នាក់​ខេត្ត​យើង​ នា​ព្រឹក​ថ្ងៃ​អាទិត្យ​ ​[ម្សិ​ល​មិ​ញ​]​ នេះ​ បាន​រក​ឃើញ​ថា ​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​ដ៏​រន្ធត់​នេះ​ ​គឺ​បង្ក​ឡើង​ដោយ​រថយន្ត​ដឹក​អ្នក​ដំណើរ​វីរៈ​ប៊ុនថាំ»។​

យ៉ាង​ណា​ក៏​ដោយ​លោក​ ​ឡុង​ ​ណា​ផល​ ​ប្រធាន​រដ្ឋ​បាល​ទូ​ទៅ​នៃ​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​អ្នក​ដំណើរ​វី​រៈ​ប៊ុន​ថាំ បា​ននិ​យាយ​ថា​ ​ការ​វាយ​តម្លៃ​របស់​គណៈ​កម្មការ​ជំនាញ​នៅ​ពេ​ល​នេះ​ ​គឺ​មាន​លក្ខ​ណៈ​ផ្ទុ​យ​គ្នា​ទាំង​ស្រុង​ពីការ​វាយ​តម្លៃ​ក្នុ​ង​ជំហាន​បឋម​ របស់​ក្រុម​មន្ត្រី​ជំ​នាញ​ថ្នាក់​ខេត្ត​បាន​រាយ​ការណ៍​កាលពី​យប់​ថ្ងៃ​កើត​ហេតុ​ ៨​ មិថុនា ​២០១៩​ ​ហើយ​ត្រូវ​បាន​ផ្សព្វផ្សាយ​បន្ត​នៅ​តាម​បណ្ដាញ​ផ្សព្វ​ផ្សាយ​មួយ​ចំនួន​រួម​ទាំង​​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អគ្គ​ស្នងការ​នគរបាល​ជាតិ​ផងដែរ។​

លោក​​ ណា​ផ​ល​ ​បាន​និយាយ​ថា​៖ ​«​ក្រុម​ហ៊ុន​របស់​យើង​ពិបាក​នឹង​ទទួល​យក​ខ្លាំង​ណាស់​ចំពោះ​កា​រវាយ​តម្លៃ​របស់​គណៈកម្ម​ការ​​​​​ចម្រុះ​នៅ​ពេល​នេះ។​ ​ទោះ​យ៉ា​ង​ណា​ក្រុម​ហ៊ុន​របស់​យើង​មាន​កិច្ច​សហ​ការ​ជា​មួយ​ក្រុម​ហ៊ុន​ធានា​រ៉ា​ប់​រ​ង​មួយ​ សម្រាប់​​​​​ជួយ​អន្ត​រាគ​ម​ន៍​ដោះស្រាយ​ ​សំណង​ជា​មួយ​ក្រុម​គ្រួសារ​ជនរង​គ្រោះ ​ដែល​ធ្វើ​ដំណើរ​តាម​រថយន្ត​របស់​ក្រុម​ហ៊ុន​យើង​ខ្ញុំ»។​

លោក​ ​ណា​ផ​ល​ ឲ្យ​ដឹង​ថា​ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​ ដែល​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួ​យ​ក្រុមហ៊ុន​របស់​លោ​ក បាន​បញ្ជូន​អ្នក​តំណាង​របស់​ខ្លួន ​១ ​ក្រុម​ ​ចុះ​ទៅ​ពិនិត្យ​នៅ​កន្លែង​កើត​ហេតុ​ ​ហើយ​បាន​រក​ឃើញ​ចំណុច​វិជ្ជមា​ន​មួយ​ ដែ​ល​​​បង្ហាញ​ថា​​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នោះ​មិន​បង្ក​ឡើង​ដោយ​ខាង​ភាគី​អ្នក​បើក​បរ​រថ​យន្ត​ក្រុម​ហ៊ុន​​ទេ​ ប៉ុន្តែ​ចំណុច​នោះ​ត្រូវ​បាន​ក្រុម​គណៈ​​កម្មការ​ជំនាញ​បដិសេធ។​

​លោក​ថ្លែង​ថា​៖​ «​នៅ​ពេល​នេះ​ អ្នក​តំណាង​របស់​យើង​កំពុង​ធ្វើ​ការ​តវ៉ាសុំឲ្យ​មាន​ការ​វាយ​តម្លៃ​ជា​ថ្មីលើ​ក​រ​ណី​នេះ​ ខណៈ​អ្នក​បើកបរ​រថយន្ត​ Hyundai​ នៅ​មិន​ទាន់​ដឹង​ពី​អត្ត​សញ្ញាណ ​ហើយ​បាន​គេច​ខ្លួន​តាំង​ពី​យប់​ថ្ងៃ​កើត​ហេតុ​។​ រថ​យន្ត​របស់​ក្រុម​ហ៊ុន​លោក​បាន​ដឹក​អ្នក​ដំណើរ​ ៩ នាក់​ ក្នុង​នោះ​ ៥ នាក់​បាន​ស្លាប់។ ​

ចំណែក​តៃ​កុង​ឡាន​ និង​អ្នក​ដំណើរ​ ៤ នាក់​ទៀតបាន​រង​របួស​។​ យោង​តាម​របាយ​ការ​ណ៍​របស់​សមត្ថ​កិច្ច​ជំនាញ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​ ​រថយន្ត​ដឹក​អ្នក​ដំណើរ​​វីរៈ​ប៊ុន​ថាំ ​ជា​ប្រភេទ​រថ​យន្ត​ ​Minibus​ ២៥​ កៅ​អី ​និង​បា​ន​ធ្វើ​ដំណើ​រពី​ក្រុង​ព្រះសីហនុ​ឆ្ពោះ​ទៅ​កាន់​រាជធានី​ភ្នំពេញ។ ​

មក​ដល់​ចំណុច​កើត​ហេ​តុ រថ​យន្ត​នេះ ​បាន​បើក​វ៉ា​ជែង​រ​ថ​យន្ត​មួយ​ផ្សេង​ទៀត​ ​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ បាន​បុក​ទង្គិច​ជា​មួ​យ​រថ​យន្ត​កូរ៉េ​ម៉ា​ក ​H​yundai ប្រភេទ​ ២​,​​​៥ ​តោន​ ១​ គ្រឿង​ដែល​ធ្វើ​ដំណើរ​បញ្ច្រាស​ទិ​ស​គ្នា​ ​ ​ហើយ​បាន​រេ​ទៅ​បុក​រថយន្ត​ ១​ គ្រឿង​ទៀត​ម៉ាក HIGHLANDER​ ​ដែល​ផ្ទុក​មនុស្ស​ ៥ នាក់ ​ក្នុង​នោះ ​៣ នាក់​ជា​មន្ត្រី​គយ​។​ រថ​យន្ត​ទាំង​ ២ បា​ន​ផ្ទុះ​ឆេះ។ ​មនុស្ស​ ៥ នាក់​ ក្នុង​រថ​យន្ត​ HIGHLANDER ​បាន​ស្លាប់​ និង​មនុស្ស​ ៥ នាក់​ទៀត នៅ​ក្នុង​រថយន្ត​ដឹក​អ្នក​ដំណើរ​បាន​ស្លាប់ ​និង​ ​៥ នាក់​របួស​ធ្ងន់៕