ភ្នំពេញៈ គ្រោះអគ្គិភ័យបានបង្កឱ្យមនុស្ស ១៣ នាក់ស្លាប់ និង ១០៤ នាក់ទៀតរងរបួស។ នេះបើយោងតាមរបាយការណ៍របស់នាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិដែលភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីម្សិលមិញ។
លោក ង៉ែត សាម៉ុន ប្រធានការិយាល័យរដ្ឋបាលសរុបនៃនាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ភ្នំពេញប៉ុស្តិ៍ម្សិលមិញថារយៈពេលប្រមាណ ១០ ខែ គិតចាប់ពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០១៨ ដល់ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០១៩ នេះគ្រោះអគ្គិភ័យបានបង្កឱ្យមនុស្ស ១៣ នាក់ស្លាប់ និង ១០៤ នាក់ទៀតរងរបួស។ ផ្ទះប្រជាពលរដ្ឋសរុប ៥៧១ ខ្នង និងតូបលក់ដូររបស់អាជីវករ ៣១៨ តូបត្រូវបានឆេះខូចខាតទាំងស្រុង។
លោកបញ្ជាក់ថា៖ «រាជធានី-ខេត្តដែលមានគ្រោះអគ្គិភ័យកើតឡើងច្រើនជាងគេគឺរាជធានីភ្នំពេញ កណ្ដាល សៀមរាប និងកំពង់ចាម។ ភាគច្រើននៃអគ្គិភ័យបណ្ដាលមកពីការផ្ទុះឆ្លងចរន្តអគ្គិសនី ផ្ទុះហ្គាស ភ្លើង (ឆេះព្រៃ ចង្ក្រាន ទៀន ធូប) និងមួយចំនួនទៀតកំពុងស្ថិតក្រោមការស្រាវជ្រាវនៅឡើយ»។
ក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះលោក សាម៉ុន បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គិភ័យ ដោយលោកថ្លែងថា៖ «ដើម្បីបង្ការគ្រោះអគ្គិភ័យកើតឡើងសូមបងប្អូនប្រជាពលរដ្ឋមេត្តាបិទចរន្តអគ្គិសនី ពន្លត់ភ្លើង [ចង្ក្រាន ទៀន ធូប] ឲ្យអស់មុនពេលធ្វើដំណើរចេញពីផ្ទះ»។
នគរបាលមូលដ្ឋាននិយាយថា អគ្គិភ័យដែលបានកើតឡើងនៅ ភូមិផ្សារដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំកាលពីវេលាម៉ោង ២ រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ម្សិលមិញបានបំផ្លិចបំផ្លាញផ្ទះអ្នកភូមិអស់ ១១ ខ្នង និងខូចខាតទ្រព្យសម្បត្តិអស់ស្ទើរទាំងស្រុង ប៉ុន្តែមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតពលរដ្ឋណាម្នាក់ឡើយ។
លោក ហុង គឹមហឿន អធិការស្រុកមេមត់ប្រាប់ថា អគ្គិភ័យខាងលើបង្កឡើងដោយសារ «ផ្ទុះឆ្លងចរន្តអគ្គិសនី»។ លោកបន្តថាក្នុងហេតុការណ៍នោះ សមត្ថកិច្ចប្រើពេលជាង ២ ម៉ោង ក្នុងការជួយបាញ់ទឹកពន្លត់ភ្លើងនោះដោយប្រើទឹកអស់ ៣៥ ស៊ីទែនរថយន្ត (១ ស៊ីទែន ៣៥០០ លីត្រ)។
នៅរាជធានីភ្នំពេញឃ្លាំងស្តុកកម្ទេចកំណាត់រោងចក្រកាត់ដេរសម្លៀកបំពាក់ Din Ling Garment Co., Ltd មានទីតាំងនៅសង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យត្រូវបានអគ្គិភ័យឆាបឆេះខូចខាតអស់មួយចំនួនផងដែរ កាលពីយប់ថ្ងៃពុធ។ នេះបើយោងតាមសម្ដីរបស់លោក ព្រំ យ៉ន ប្រធានការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ រាជធានីភ្នំពេញកាលពីព្រឹកម្សិលមិញ។
លោកថ្លែងថា ករណីឆាបឆេះឃ្លាំងស្តុកកម្ទេចកំណាត់នេះបង្កឡើងពីការ «ផ្ទុះឆ្លងចរន្តអគ្គិសនី» ប៉ុន្តែមិនបង្កការឆេះរីករាលដាលទៅផ្នែកណាមួយផ្សេងទៀតនៃរោងចក្រនេះទេ។ បុគ្គលិករោងចក្របានប្រើបំពង់ពន្លត់អគ្គិភ័យជាង ១០ បំពង់ និងទឹកសាប៊ូមួយចំនួនមកបាញ់ទប់ស្កាត់ផង និងមានការជួយអន្តរាគមន៍ពីក្រុមកម្លាំងនគរបាលទើបពន្លត់អគ្គិភ័យបានទាន់ពេលវេលា៕