ភ្នំពេញៈ មន្ត្រីនគរបាល​មូលដ្ឋាន​បាន​និយាយថា មនុស្ស​ ២ ​នាក់​ ត្រូវបាន​គេ​រកឃើញ​ឆេះ​ស្លាប់​គរលើ​គ្នា ក្រោយ​មាន​គ្រោះ​អគ្គិភ័យ ឆាបឆេះ​បន្ទប់​ស្នាក់នៅ​របស់​បុគ្គលិក​សណ្ឋាគារ និង​ភោជនីយដ្ឋាន​ឈូកទិព្វ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​ ២៣៤ ក្នុង​សង្កាត់​ផ្សារដើមគ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​កាលពី​វេលា​ម៉ោង​ ៣:២៥ ​នាទី​ទៀបភ្លឺ​នៅ​ថ្ងៃ​ពុធ​។

លោក សុខ ហេង អធិការនគរបាល​ខណ្ឌ​ទួលគោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា អ្នកស្រី ព្រំ ថា អាយុ​ ៥៦ ​ឆ្នាំ និង​កូនស្រី​របស់​គាត់​ឈ្មោះ​ ព្រំ សុខលី អាយុ​ ១៨ ​ឆ្នាំ​ ជា​បុគ្គលិក​ផ្នែកអនាម័យ និង​រៀបចំ​បន្ទប់​នៃ​សណ្ឋាគារ និង​ភោជនីយដ្ឋាន​ឈូកទិព្វ​ត្រូវ​បាន​កម្លាំង​នគរបាល​កង​ពន្លត់​អគ្គិភ័យ ប្រទះឃើញ​ស្លាប់​នៅ​ក្រោម​គំនរ​ភ្នក់ភ្លើង ដោយ​រាងកាយ​ឆេះ​ខ្លោច​គរ​លើ​គ្នា​។

លោក​បាន​បញ្ជាក់ថា​៖ «​យោងតាម​ការសន្និដ្ឋាន​របស់​មន្ត្រីនគរបាល​ជំនាញ​ដែល​បាន​ចុះ​ពិនិត្យ​កោសល្យវិច័យ​នៅ​កន្លែង​កើតហេតុ​ជនរងគ្រោះ​ទាំង​ ២ ​នាក់​ម្ដាយ​ និង​កូន​មាន​សភាព​ស្លោស្លន់​ហើយ​ស្ទុះ​ឱប​គ្នា នៅពេល​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង បន្ទាប់មក​ជនរងគ្រោះ​ទាំង​ ២ ​បាន​ឈ្លក់​ផ្សែងភ្លើង​ហើយក៏​សន្លប់​។ បន្ទាប់មក​ទៀត​អ្នក​ទាំង​ ២ ​ក៏​ត្រូវ​ភ្លើង​ឆេះ​រាងកាយ​ស្លាប់​​តែម្ដង​»​។

លោក ហេង បាន​បន្ថែម​ថា​៖ «​គ្រោះ​អគ្គិភ័យ​នេះ​គឺ​បណ្ដាល​មកពី​ការផ្ទុះ​ឆ្លង​ចរន្ត​អគ្គិសនី​»​។

លោក​បាន​អះអាង​ថា សព​ជនរងគ្រោះ​ទាំង​ ២ ​នាក់​ម្ដាយ និង​កូន​ត្រូវ​បាន​មន្ត្រី​ជំនាញ​ប្រគល់​ជូន​ក្រុមគ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​នៅឯ​ស្រុកកំណើត ស្ថិត​នៅ​ភូមិ​ក្រាំងដូង ឃុំ​សំរោងក្រោម ស្រុក​បន្ទាយមាស ខេត្តកំពត​។

លោក​​ ព្រំ យ៉ន ប្រធាន​ការិយាល័យ​នគរបាល​បង្ការ និង​ពន្លត់​អគ្គិភ័យ​រាជធានី​​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅ​វេលា​ម៉ោង ៣:៣០ ​នាទី​ព្រឹក​ថ្ងៃ​ពុធ បន្ទាប់ពី​ទទួល​បាន​សេចក្ដី​រាយការណ៍​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​អំពី​ករណី​ភ្លើង​ឆេះ​អគារ​ស្នាក់នៅ​របស់​បុគ្គលិក​សណ្ឋាគារ និង​ភោជនីយដ្ឋាន​ឈូកទិព្វ​ក្នុង​សង្កាត់​ផ្សារដើមគ ខណ្ឌ​ទួលគោក កម្លាំង​របស់លោក​បាន​ចេញ​អន្តរាគមន៍​ភ្លាមៗ​ដើម្បី​ការពារ​ការឆេះ​រាលដាល​ទៅ​កាន់​ផ្ទះ​ប្រជាពលរដ្ឋ​ផ្សេងទៀត​។

លោក​បាន​ថ្លែង​បន្តថា​នៅក្នុង​ប្រតិបត្តិការ​នោះ កម្លាំង​នគរបាល​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ ១៤ ​គ្រឿង និង​មាន​រថយន្ត​អន្តរាគមន៍​ពី​ក្រុមហ៊ុន​ស្រាបៀរ​កម្ពុជា​ចំនួន​ ១ ​គ្រឿង​ទៀត ចូលរួម​បាញ់​ពន្លត់​ក្នុង​រយៈពេល​ ៣០ ​នាទី​ប៉ុណ្ណោះ ក្រុម​កម្លាំង​នគរបាល​ជំនាញ​បាន​ពន្លត់​អគ្គិភ័យ​នោះបាន​ទាំងស្រុង​។

លោក​​ យ៉ន បាន​បញ្ជាក់ថា​៖ «​ប៉ុន្តែ​ក្រោយពី​ការគ្រប់គ្រង​ភ្លើង​បាន​ហើយ ក្រុមការងារ​របស់​យើង​បាន​រើកកាយ​គំនរ​នៃ​បន្ទប់​ស្នាក់នៅ​របស់​បុគ្គលិក​សណ្ឋាគារ​នោះ​ក៏​ស្រាប់តែ​ឃើញ​សាកសព​ជនរងគ្រោះ​ ២ ​នាក់​គឺ​ម្ដាយ និង​កូនស្រី​ត្រូវ​ភ្លើង​ឆេះ​ខ្លោច​គួរ​ឲ្យ​អាសូរ​»​។

លោក​បាន​បន្តថា ទោះ​យ៉ាងណា​ក៏ដោយ​ក្រោយ​ការចុះពិនិត្យ​អង្កេត​យ៉ាង​ល្អិតល្អន់​ពី​ក្រុម​គណៈកម្មការ​បច្ចេកទេស​កោសល្យ​វិច័យ​វិទ្យាសាស្ត្រ និង​មាន​ការចូលរួម​ពី​ខាង​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​នោះ​បាន​រកឃើញ ថា​ករណី​គ្រោះ​អគ្គិភ័យ​នេះ​គឺ​បណ្ដាលមកពី​ការ​ «​ផ្ទុះ​ឆ្លង​ចរន្តអគ្គិសនី​» ហើយ​ជនរងគ្រោះ​ស្លាប់​ដោយសារ «​ឈ្លក់ផ្សែង​ភ្លើង និង​ត្រូវ​ភ្លើង​ឆេះ​រោល​លើ​រាងកាយ​»​។

លោក យ៉ន បាន​ឲ្យ​ដឹងផង​ដែរ​ថា បន្ទប់​ស្នាក់​នៅ​នោះ​ស្ថិត​នៅ​ជាន់​ទី​ ៧ នៃ​អគារ​សណ្ឋាគារ និង​ភោជនីយដ្ឋាន​ឈូកទិព្វ​។

លោក នេត វន្ថា ប្រធាន​នាយកដ្ឋាន​បង្ការ និង​ពន្លត់​អគ្គិភ័យ​នៃ​ក្រសួង​មហាផ្ទៃ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ពុធ​ថា គ្រោះ​អគ្គិភ័យ​នៅក្នុង​ឆ្នាំ​ ២០១៩ ​នេះ​បាន​កើតឡើង​ចំនួន​ ៧១៧ ​លើក កើនឡើង​លើស​ពី​ឆ្នាំមុន​ចំនួន ​១៨៣ ​ករណី​ដោយ​បាន​បង្ក​ឲ្យ​មនុស្ស ១៧ ​នាក់​ស្លាប់ និង ៩៧ ​នាក់​ទៀត​រងរបួស​​ ព្រមទាំង​បង្ក​ការឆេះ​ខូចខាត​ផ្ទះ​សរុប​ ៥៧៦ ​ខ្នង និង​តូប​លក់ដូរ ៣៧២ ​តូប​។

លោក វន្ថា បាន​ថ្លែងថា​៖ «​រាជធានី-ខេត្ត ​ដែល​កើតមាន​គ្រោះ​អគ្គិភ័យ​ច្រើនជាងគេ គឺរាជធានី​ភ្នំពេញ បន្ទាប់មក​ខេត្តកណ្ដាល និង​ខេត្តសៀមរាប​»​។

លោក​ក៏បាន​ឲ្យ​ដឹង​បន្តថា យោង​តាម​ការពិនិត្យ​កោសល្យវិច័យ​នៅ​កន្លែង​កើត​ហេតុ គ្រោះ​អគ្គិភ័យ​ភាគច្រើន​បង្កឡើង​ដោយសារ​ការផ្ទុះ​ឆ្លង​ចរន្តអគ្គិសនី​មាន​ជាង​ ៤០% បង្ក​ពី​ភ្លើង​គ្រប់​ប្រភេទ​ (​ចង្ក្រាន ទៀន ធូប​) ​មាន​ជាង​ ៣០% និង​ជិត​ ៣០% ​ទៀត​កំពុង​ស្ថិត​ក្រោម​ការស៊ើបអង្កេត​សមត្ថកិច្ច​ជំនាញ​នៅឡើយ​៕