មណ្ឌលគិរីៈ បុរស​ ២ ​នាក់​បាន​ស្លាប់​ភ្លាមៗ​ នៅនឹង​កន្លែង​កើតហេតុ​ផ្សេងគ្នា ដោយ​បុរស​ម្នាក់​បាន​ស្លាប់ ដោយសារ​យក​ផាវ​មក​កែច្នៃ​ធ្វើ​គ្រាប់បែក​ទៅ​បោក​យក​ត្រី​តាម​អូរ ឬ​ប្រឡាយ​កាលពី​ថ្ងៃទី​ ១៩ វិច្ឆិកា ឆ្នាំ​ ២០១៩ នៅ​ស្រុក​អូររាំង ឯ​បុរស​ម្នាក់ទៀត​បាន​ដើរ​ប៉ះ​ខ្សែលួស​រាយ​សម្រាប់​ឆក់​សត្វ​តាម​វាលស្រែ​នៅ​ស្រុក​កោះញែក​កាលពី​ថ្ងៃទី​ ១៨ វិច្ឆិកា ឆ្នាំ​ ២០១៩​។

លោក​ ថៃ វណ្ណៈ អធិការរង​នគរបាល​ស្រុក​អូររាំង​ទទួល​បន្ទុក​ផែន​ព្រហ្មទណ្ឌ បាន​ថ្លែង​ពី​ម្សិលមិញ​ថា ជនរងគ្រោះ​ឈ្មោះ ព្យើល ព្លើន ជនជាតិ​ព្នង​បាន​ស្លាប់ ដោយសារ​គាត់​បាន​យក​ផាវ​គ្រាប់បែក​ចំនួន​ ៣០ ​គ្រាប់​ ដាក់​ក្នុង​កំប៉ុង​ ១ និង​យក​ដងកាំបិត​ទៅ​ដំ​កំប៉ុង ដើម្បី​ឱ្យ​គ្រាប់​ផាវ​នោះ​ចូល​ណែន​ក្នុង​កំប៉ុង​សម្រាប់​យក​ទៅ​បោក​ចូលក្នុង​ទឹក​យក​ត្រី នៅ​ឃុំ​សែនមនោរម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌុលគិរី​។ ប៉ុន្ដែ​ក្នុង​អំឡុង​ពេល​គាត់​កំពុង​ដំ​កំប៉ុង​នោះ ស្រាប់តែ​ផ្ទុះ​តែម្ដង​។

លោក​បាន​បន្តថា ក្រោយពេល​ផ្ទុះ សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ដល់​កន្លែងកើតហេតុ ដើម្បី​ធ្វើ​កោសល្យវិច័យ និង​ស៊ើបអង្កេត​ដោយ​សមត្ថកិច្ច​បាន​សាកសួរ​ភរិយា​ជនរងគ្រោះ និង​ក្មួយ​ស្រី​គាត់​ម្នាក់​ដែល​នៅ​កន្លែង​កើតហេតុ​នោះ​។ សមត្ថកិច្ច​បាន​ពិនិត្យ​ឃើញ​ថា ជនរងគ្រោះ​បាន​ដាច់​ប្រអប់​ដៃ​ខាងឆ្វេង ហើយ​កាំបិត​ដែល​យក​ទៅ​ដំ​កំប៉ុង​នោះបាន​ខ្ទាត​មកចាក់​ជាប់​ភ្នែក និង​សម្បក​កំប៉ុង​ខ្ទាត​មក​ចំ​ដើមទ្រូង​បណ្ដាល​ឱ្យ​ស្លាប់​ភ្លាមៗ​។

លោក​ វណ្ណៈ បញ្ជាក់​ថា​៖ «​នៅពេល​សមត្ថកិច្ច​យើង​បាន​ពិនិត្យ​រួចរាល់ និង​បាន​សាកសួរ​សាក្សី​នៅ​កន្លែង​កើតហេតុ​គឺ​គាត់​ពិតជា​ស្លាប់​ដោយសារ​កែច្នៃ​គ្រាប់​ផាវ​នេះ​មែន ដោយ​មិនមាន​ការសង្ស័យ​ពាក់ព័ន្ធ​អំពើ​ឃាតកម្ម​ផ្សេងៗ​ទៀត​ទេ ហើយ​សមត្ថកិច្ច​យើង​បាន​ប្រគល់​សព​ឱ្យ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​»​។

ចំណែក​ករណី​ដាច់​ដោយ​ឡែក​មួយទៀត បុរស​ម្នាក់​ជា​ជនជាតិ​ខ្មែរ​បាន​ស្លាប់ ខណៈ​ជនរងគ្រោះ​បាន​ដើរ​ប៉ះ​ខ្សែលួស​រាយ​សម្រាប់​ឆក់​សត្វ​តាម​វាលស្រែ​នៅ​ភូមិ​មេមុំ ឃុំរយ៉ ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី​។ ប៉ុន្ដែ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ម្ចាស់​ស្រែ​ដែល​រាយ​លួស​ឆក់​សត្វ​នោះ​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះ​ញែក​ហើយ​។

លោក​ ខ្លូត សុឃា អធិការនគរបាល​ស្រុក​កោះ​ញែក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា បុរស​ម្នាក់​ជា​ម្ចាស់​ស្រែ​ដែល​រាយ​ខ្សែលួស​ឈ្មោះ​ អ៊ួក ធឿន អាយុ​ ៤២ ​ឆ្នាំ​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ថ្ងៃទី​ ១៩ ខែ​វិច្ឆិកា ដើម្បី​សាកសួរ បន្ទាប់ពី​បុរស​រូបនេះ​បានដាក់​ពង្រាយ​ខ្សែលួស​ឆក់​សត្វ​នៅក្នុង​ស្រែ​របស់​ខ្លួន ដែល​ឆក់​មនុស្ស​ស្លាប់​។

លោក​បន្តថា ជនរងគ្រោះ​ឈ្មោះ​ យិន ឃីម ភេទ​ប្រុស​អាយុ​ ៤០ ​ឆ្នាំ​ ជនជាតិ​ខ្មែរ​រស់នៅ​ភូមិ​អូរយ៉េះ ឃុំ​ស្រែសង្គម ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី​បាន​ស្លាប់​នៅនឹង​កន្លែង ក្រោយពី​ជនរងគ្រោះ​បាន​ត្រឡប់​មកពី​កាប់​ឈើ​ក្នុងព្រៃ​។

លុះដល់​កន្លែង​កើតហេតុ​បែកកង់​គោយន្ត​ពេលនោះ​ជនរងគ្រោះ​បាន​ចុះទៅ​ដងទឹក​ផឹក​ក្នុង​ស្រែ​ដោយ​ដើរ​ទៅ​ប៉ះ​នឹង​ខ្សែលួស​រាយ​ទុក​ឆក់​សត្វ​កណ្ដុរ​ស្លាប់​តែម្តង​។

លោក​ សុឃា បាន​បញ្ជាក់ថា​៖ «​យើង​កំពុង​សាកសួរ​ម្ចាស់​ស្រែ​ហ្នឹង​ដែល​គាត់​ដាក់ពង្រាយ​លួស​ឆក់​សត្វ​នៅ​ស្រែ​គឺ​គាត់​ឆ្លើយ​សារភាព​ថា ពិតជា​បាន​រាយ​លួស​មែន ប៉ុន្ដែ​ដាក់​ក្នុងន័យ​កុំឱ្យ​ជ្រូកព្រៃ ឬ​សត្វព្រៃ​ផ្សេងៗ​ទៀត​ចូល​មក​ស៊ី​ស្រូវ​គាត់​។ ទោះយ៉ាងណា សមត្ថកិច្ច​យើង​បាន​បញ្ជូន​គាត់​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី​នៅ​ថ្ងៃទី​ ២០ ​វិច្ឆិកា​នេះ ដើម្បី​បន្ត​នីតិវិធី​ច្បាប់​។ ចំណែក​សាកសព​ជនរងគ្រោះ​បាន​ប្រគល់​ជូន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​»​។

តាម​របាយការណ៍​រយៈពេល​ ៩ ​ខែ​ ក្នុង​ឆ្នាំ​ ២០១៩ របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួល​បាន​ពី​ម្សិលមិញ​ឲ្យ​ដឹងថា សម្រាប់​រយៈពេល​ ៩ ​ខែ​នៃ​ឆ្នាំនេះ សំណុំរឿង​បទល្មើស​មាន​ចំនួន​ ២ ២២២ ​ករណី​ បើ​ប្រៀបធៀប​ក្នុង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​ ២០១៨ មានការ​ថយចុះ​ចំនួន ២៦ ​ករណី​។ ក្នុងនោះ​បទល្មើស​ទឹកសាប​ចំនួន​ ២ ០៣៤ ​ករណី និង​សមុទ្រ​ចំនួន​ ១៨៨ ​ករណី​៕