មណ្ឌលគិរី: អាជ្ញាធរខេត្ត​មណ្ឌលគិរី​បាន​តម្រូវ​ឲ្យ​ជនជាតិ​វៀតណាម​ចំនួន ៥ ​នាក់​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ឈូសឆាយ​ដីព្រៃ ដោយ​ឃាត់​គ្រឿងចក្រ​ចំនួន ៤ ​គ្រឿង​ទុក​នៅ​ទីស្នាក់ការ​គយ​ខេត្ត​មណ្ឌលគិរី បន្ទាប់ពី​ពួកគេ​បម្រុង​ឈូសឆាយ​ដី​ព្រៃ​នៅក្បែរ​ដែនជម្រក​សត្វព្រៃ​ណាំលៀ​ស្ថិត​ក្នុង​ភូមិ​ពូឡេះ ឃុំ​ដាក់ដាំ ស្រុក​អូររាំង ប៉ុន្ដែ​មិនត្រូវ​បាន​បណ្ដេញ​ចេញពី​កម្ពុជា​ទេ​។

លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​បាន​ថ្លែង​ពី​ម្សិលមិញ​ថា គ្រឿងចក្រ និង​ក្រុម​ជនជាតិ​វៀតណាម​ទាំងនោះ​ត្រូវបាន​ក្រុមហ៊ុន មេហ្គាហ្វើស ជួល​មក​ឈូសឆាយដី​របស់​ក្រុមហ៊ុន​ដែល​នៅជាប់​តំបន់​ដែនជម្រក​សត្វព្រៃ​ភ្នំ​ណាំលៀ​ដោយ​ពួកគេ​បាន​ចល័ត​គ្រឿងចក្រ​នេះ​មកពី​ខេត្ត​រតនគិរី ប៉ុន្ដែ​ពួកគេ​មាន​លិខិត​ឆ្លងដែន​ត្រឹមត្រូវ គ្រាន់តែ​គ្មាន​បណ្ណ​ការងារ​ពី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ប៉ុណ្ណោះ​។

លោក​បន្តថា អាជ្ញាធរ​តម្រូវ​ឲ្យ​ពួកគេ​ទាំង ៥ ​នាក់​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ឈូសឆាយ​បណ្ដោះអាសន្ន ហើយ​ទៅ​ស្នើសុំ​លិខិត​ដែលជា​បណ្ណ​ការងារ​ក្រសួង​សិន ដើម្បី​មាន​សិទ្ធិ​ប្រកបការងារ​នៅក្នុង​ប្រទេស​កម្ពុជា​។ ចំពោះ​ដី​ដែល​ពួកគេ​រៀបចំ​ឈូសឆាយ​នេះ គឺជា​ដី​របស់​ក្រុមហ៊ុន មេហ្គាហ្វើស ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​ដី​កសិកម្ម​។

លោក​បញ្ជាក់ថា​៖ «​យើង​អត់​អាច​បង្ហាញ​អត្តសញ្ញាណ​គាត់​បានទេ ហើយក៏​មិនបាន​បណ្ដេញ​គាត់​ចេញពី​កម្ពុជា​ទេ ព្រោះ​គាត់​មាន Passport ត្រឹមត្រូវ តែ​គាត់​អត់​មាន​បណ្ណ​ការងារ​អ៊ីចឹង​យើង​តម្រូវ​ឲ្យ​គាត់​ទៅ​ស្នើសុំ​បណ្ណ​ការងារ​ពី​ក្រសួង​ការងារ​សិន រីឯ​គ្រឿងចក្រ​គាត់ យើង​ប្រគល់​ជូនទៅ​មន្ត្រី​គយ​រក្សាទុក​។ បើតាម​ភាសា​គយ​គេ​និយាយ​ថា គាត់​ធ្វើ​ខុស​លក្ខន្តិកៈ ព្រោះ​គាត់​ចល័ត​គ្រឿងចក្រ​ពី​ខេត្តរតនគិរី​ដោយ​គ្មាន​លិខិតអនុញ្ញាត​ត្រឹមត្រូវ​»​។

លោក គ្រើង តុលា តំណាង​សហគមន៍​ជនជាតិដើម​ភាគតិច​ឃុំ​ដាក់​ដាំ​បាន​ថ្លែងថា នៅ​ថ្ងៃទី ២៥ ខែកុម្ភៈ មាន​ជនជាតិ​វៀតណាម​ ១ ​ក្រុម​ប្រមាណ ៥​ នាក់ ជាមួយ​នឹង​ត្រាក់ទ័រ ៤ ​គ្រឿង និង​រថយន្ត​ដឹក​ដី​ចំនួន ២ ​គ្រឿង​ទៀត​បម្រុង​មក​ឈូសឆាយដី​ព្រៃ​នៅ​ភូមិ​ពូឡេះ ឃុំ​ដាក់ដាំ ដោយ​គ្មាន​ច្បាប់​ត្រឹមត្រូវ​។

លោក​បន្តថា ត្រាក់ទ័រ​ទាំង ៤ ​គ្រឿង​នោះ​មិនទាន់​បាន​ឈូសឆាយ​ទេ ដោយ​កំពុង​ត្រៀម​រៀបចំ​ឈូសឆាយ​ដីព្រៃ​តំបន់​នោះ ប៉ុន្ដែ​មាន​ប្រជាសហគមន៍​ប្រមាណ​ជាង ៣០ ​នាក់​នាំគ្នា​ទៅ​តវ៉ា ហើយ​ក៏​ផ្អើល​ដល់​សមត្ថកិច្ច​។ ភ្លាមៗ​នោះ​សមត្ថកិច្ច​ចម្រុះ​បាន​ចុះមក​អន្តរាគមន៍ ដោយ​បាន​ធ្វើការ​សម្របសម្រួល​គ្នា​។

លោក គ្រើង តុលា បាន​ឲ្យ​ដឹង​ទៀតថា​៖ «​នៅពេល​ដែល​មានការ​សម្របសម្រួល សមត្ថកិច្ច​បាន​យក​ត្រាក់ទ័រ​ទាំង ៤ ​គ្រឿង​ទៅ​រក្សាទុក តែ​ខ្ញុំ​អត់​ដឹង​គេ​រក្សាទុក​នៅ​កន្លែង​ណា​ទេ​។ រីឯ​ជនជាតិ​វៀតណាម​ទាំងនោះ​ត្រូវ​សមត្ថកិច្ច​ដោះលែង​វិញ ប៉ុន្ដែ​ខ្ញុំ​មិនដឹង​ថា អាជ្ញាធរ​តម្រូវ​ឲ្យ​ធ្វើ​កិច្ចសន្យា ឬ​យ៉ាងណាទេ ហើយ​ឥឡូវនេះ​អត់​មាន​សកម្មភាព​ឈូសឆាយ​ទេ​គឺ​យើង​បាន​ទៅ​ឃាត់​ទាន់​ពេលវេលា​»​។

លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តមណ្ឌលគិរី​បាន​ថ្លែងថា លោក​បាន​ទទួល​ព័ត៌មាន​នេះដែរ ប៉ុន្ដែ​មិនទាន់​ដឹង​ច្បាស់​ពី​តំបន់​ដី​ដែល​ជនជាតិ​វៀតណាម បម្រុង​ឈូសឆាយ​នោះ​ទេ ដោយ​លោក​នឹង​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ពិនិត្យ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​នៅ​មិនទាន់​ដឹង​ច្បាស់​ថា ដី​តំបន់​នោះ​វា​ស្ថិតក្រោម​ការគ្រប់គ្រង​ខាង​មន្ទីរ​បរិស្ថាន ឬ​នៅក្រោម​ការគ្រប់គ្រង​ខាង​មន្ទីរ​កសិកម្ម​ខេត្ត​ទេ​។ អ៊ីចឹង​ខ្ញុំ​ចង់​ឲ្យ​មន្ត្រី​ខ្ញុំ​ចុះទៅពិនិត្យ​ដល់ទី​តាំង​ផ្ទាល់​តែម្ដង ដើម្បី​បានដឹង​ច្បាស់​ពី​បញ្ហា​នេះ​»​។

លោក កែវ សុភគ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី​ពី​ម្សិលមិញ​មិនអាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បានទេ​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​ពី​ម្សិលមិញ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ពី​ករណីនេះ​ដោយ​បាន​បង្វែរ​សំនួរ​ទៅ​លោក កែវ សុភគ៌ ឆ្លើយតប​វិញ​។

លោក សុខ ថេប មេការ​ក្រុមហ៊ុន មេហ្គាហ្វើស ដែល​ជា​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​វិនិយោគ​លើដី​កសិកម្ម​នៅក្នុង​តំបន់​នោះបាន​ថ្លែងថា ក្រុមហ៊ុន​លោក​មិនបាន​ជួល​គ្រឿងចក្រ​ជនជាតិ​វៀតណាម​មក​ឈូសឆាយដី​នៅ​ទីតាំង​នេះ​ទេ ។

លោក​បញ្ជាក់ថា​៖ «​គឺ​ពួកគាត់​ (​វៀតណាម​) ​បាន​នាំគ្នា​រត់​មក​ចូល​ដី​ក្រុមហ៊ុន នៅពេល​គាត់​ឃើញ​មាន​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​មក​ហាមឃាត់​គាត់​ច្រើនពេក​។ អ៊ីចឹង​គាត់​ភ័យ​ពេក ក៏​រត់​ចូល​ក្រុមហ៊ុន​សិន តែ​ឥឡូវ​នេះ​អាជ្ញាធរ​គេ​ឃាត់​គ្រឿងចក្រ​គាត់​ទុក​ហើយ​មនុស្ស​បាន​ដោះលែង និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​គាត់​»​។

លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិអំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​អាដហុក​បាន​ថ្លែង​ថា ក្រសួង ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​តាមដាន​ឲ្យ​បាន​តឹងរ៉ឹង​បំផុត​ចំពោះ​ក្រុមហ៊ុន​ទាំងឡាយ​ណា​ដែល​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​រួចរាល់ ព្រោះ​កន្លងមក​ក៏​ធ្លាប់​មាន​ការរំលោភ​បំពាន​ដី​ពលរដ្ឋ​ ឬ​ដី​រដ្ឋ​ដែល​នៅជាប់​គ្នា​នោះដែរ​។ ចំពោះ​ករណី​ជនជាតិ​វៀតណាម​ឈូសឆាយ​ដីព្រៃ​នេះ អាជ្ញាធរ​ត្រូវតែ​ចាត់​វិធានការ​តាមច្បាប់​ដោយ​មិនគួរ​បណ្ដោយ​ឲ្យ​មាន​ករណីនេះ​កើតឡើង​ទេ​។

លោក​ថា​៖ «​យើង​សង្កេតមើល​កន្លង​មក​នេះ ការកើតឡើង​នៃ​ទំនាស់​ដីធ្លី និង​ការបាត់បង់​ព្រៃឈើ​ភាគច្រើន គឺ​កើតចេញ​ពី​បញ្ហា​ដី​សេដ្ឋកិច្ច​សម្បទាន​ហ្នឹង​។ ខ្ញុំ​ឧទាហរណ៍​ថា រដ្ឋ​កំណត់​ឲ្យ​ដី​ក្រុមហ៊ុន​មួយ ១០០ ​ហិកតា ប៉ុន្ដែ​គាត់​មិនបាន​យក​ត្រឹម ១០០ ​ហិកតា​ហ្នឹង​ទេ គឺ​គាត់​ទៅ​ឈូសឆាយ​រហូតដល់​ ១៥០ ​ហិកតា​ឯណោះ​។ អ៊ីចឹង​វា​ធ្វើឲ្យ​ប៉ះពាល់​ដី​ពលរដ្ឋ ឬ​ដី​រដ្ឋ​»៕