ភ្នំពេញៈ ​បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ព្រមាន​ដក​ខ្លួន​ចេញពី​សហភាព​អន្តរសភា (IPU) បើ​ស្ថាប័ន​អន្តរជាតិ​មួយ​នេះ​នៅ​តែ​បន្ត​ការ​ «​ជ្រៀតជ្រែក​ធ្ងន់ធ្ងរ​» ​លើ​ដែន​អធិបតេយ្យ និង​ផលប្រយោជន៍​កម្ពុជា​នោះ មន្ត្រី IPU បាន​ពន្យល់​ថា ចំណាត់ការ​របស់​ខ្លួន​មិន​គួរ​ត្រូវ​បាន​បកស្រាយ​ថា​ជា​ការ​ «​ជ្រៀតជ្រែក​» ​ទេ ខណៈ​ដែល​ខ្លួន​គ្រាន់តែ​តាមដាន​ការ​ «​រំលោភ​បំពាន​» ​សិទ្ធិ​របស់​សមាជិក​សភា និង​ទាមទារ​ឲ្យ​មាន​ការ​ «​លើក​កម្ពស់​សិទ្ធិ​» ​របស់​ពួកគេ​ប៉ុណ្ណោះ​។

ទោះ​យ៉ាង​ណា​ក៏​អ្នក​នាំពាក្យ​រដ្ឋសភា​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ចោទ​ថា មន្ត្រី​មួយ​ចំនួន​នៅក្នុង​គណៈកម្មការ​សិទ្ធិមនុស្ស IPU ជា​ពួក​ «​ជ្រុលនិយម​» ហើយ​មិន​ស្តាប់​ការបកស្រាយ​របស់​គណៈប្រតិភូ​កម្ពុជា ប៉ុន្តែ​មន្ត្រី​​ជាន់ខ្ពស់​អតីត​គណបក្ស​ប្រឆាំង​ថា​ចំណាត់ការ​របស់ IPU ជា​រឿង​​ «​ត្រឹមត្រូវ​»​។

ប្រតិកម្ម​របស់​មន្ត្រី IPU ត្រូវ​បាន​ធ្វើឡើង បន្ទាប់ពី​ការិយាល័យ​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​កាលពី​សប្ដាហ៍​មុន បាន​ព្រមាន​ជា​សាធារណៈ​ពី​ការរក្សា​សិទ្ធិ​ពេញលេញ​ក្នុង​ការដក​បេក្ខភាព​របស់​ខ្លួន​ពី​ស្ថាប័ន​នេះ​បើ​នៅ​តែ​មាន​ការ​ «​ជ្រៀតជ្រែក​ធ្ងន់ធ្ងរ​» ​លើ​ដែន​អធិបតេយ្យ និង​ផលប្រយោជន៍​កម្ពុជា​ដូច​ប្រជាជាតិ​អធិបតេយ្យ​មួយ​ចំនួន​ដែល​បាន​ដកខ្លួន​ចេញ​ពី​អង្គការ​អន្តរជាតិ​មួយ​ចំនួន​ដែល​គេ​យល់​ថា ប្រឆាំង​ឈ្លានពាន​លើ​ដែន​អធិបតេយ្យ និង​ផលប្រយោជន៍​របស់​គេ​នោះ​។ ​

បន្ថែម​លើ​នេះ​បន្ទាប់ពី​គណៈកម្មការ​សិទ្ធិ​មនុស្ស​នៃ IPU បាន​ចេញ​សេចក្ដី​សម្រេច​មួយ​កាលពី​ថ្ងៃ​ទី​ ១៨ ខែ​តុលា កម្រាស់ ៤ ​ទំព័រ និង​មាន ១២ ​ចំណុច​ដែល​បាន​ជំរុញ​ជាថ្មី​ឲ្យ​អាជ្ញាធរ​កម្ពុជា​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ​ក្នុង​នោះ​ក៏​ទាមទារ​ឲ្យ​ដោះលែង​លោក​ កឹម សុខា អតីត ប្រធាន​អតីត​គណបក្ស​ប្រឆាំង​ជាបន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ និង​ទាមទារ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ដំណើរការ​ឡើង​វិញ​ផង​ដែរ​ដែល​ធ្វើ​ឲ្យ​គណៈប្រតិភូ​សភា​កម្ពុជា​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ «​បដិសេធ​ទាំងស្រុង​» ​ចំពោះ​សេចក្ដី​សម្រេច​នេះ និង​ចោទ​ថា IPU បាន​លាប​ពណ៌​ប្រទេស​កម្ពុជា​ឲ្យ​ខ្មៅ​ងងឹត​តាមរយៈ​ការចេញ​នូវ​សេចក្ដី​សម្រេច​ដែល​មាន​លក្ខណៈ​លម្អៀង​។

ឆ្លើយតប​នឹង​បញ្ហា​នេះ​លោក Thomas Fitzsimons នាយក​ទទួល​បន្ទុក​ផ្នែក​ទំនាក់ទំនង​នៃ​សហភាព​អន្តរសភា IPU បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាមរយៈ​សារ​អេឡិចត្រូនិក​មួយ​កាលពី​យប់​ថ្ងៃ​អង្គារ​ថា IPU ស្វែងរក​ការការពារ​សុចរិតភាព​របស់​សភា និង​ដើម្បី​ធានា​ថា​សមាជិក​សភា​អាច​បំពេញ​តួនាទី​របស់​ខ្លួន នៅក្នុង​របៀប​មួយ​ដែល «​មិន​មាន​ការរំខាន​»​។

លោក​បន្ត​ថា​៖ «​គណៈកម្មាធិការ​សិទ្ធិមនុស្ស​នៃ​សហភាព​អន្តរសភា​កំពុង​តាមដាន​យ៉ាង​សកម្ម​នូវ​ករណី​របស់​សមាជិក​សភា​ដែល​មាន​ប្រមាណ ៥០០ ករណី​នៅ​ជុំវិញ​ពិភពលោក​ដែល​សិទ្ធិ​របស់​ពួកគេ​ត្រូវ​បាន​រំលោភបំពាន​ក្នុង​នោះ​រួម​បញ្ជូល​ទាំង​សមាជិក​សភា​របស់​កម្ពុជា​ផង​ដែរ​»​។

លោក Thomas ក៏​បាន​ពន្យល់​ដែរ​ថា សេចក្ដី​សម្រេច​ដែល​ធ្វើ​ឡើង​ដោយ​ស្ថាប័ន​អន្តរជាតិ ដែល​មាន​សមាជិក​ជាង ១៧០ ​ប្រទេស​នៅ​លើ​ពិភពលោក​មួយ​នេះ​មិន​គួរ​ត្រូវ​បាន​យក​មក​បកស្រាយ​ថា​ជា​ការ​ «​ជ្រៀតជ្រែក​» ​បញ្ហា​ផ្ទៃក្នុង​ឡើយ​។

លោក​បាន​សង្កត់​ធ្ងន់​ថា​៖ «​ការងារ​របស់​សហភាព​អន្តរសភា (IPU) ​មិន​គួរ​ត្រូវ​បាន​បកស្រាយ​ថា​ជា​ការ​ជ្រៀតជ្រែក​ទៅក្នុង​ដំណើរការ​តុលាការ​របស់​ប្រទេស​ទាំង​នោះ​ទេ​។ យើង​គ្រាន់តែ​ស្នើ​ឲ្យ​អំណាច​តុលាការ ឬ​អាជ្ញាធរ​សភា​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​ស្រប​តាម​នីតិវិធី និង​លើក​កម្ពស់​សិទ្ធិ​របស់​សមាជិក​សភា​ប៉ុណ្ណោះ​»​។

ប៉ុន្តែ​លោក ឡេង ប៉េងឡុង អ្នក​នាំពាក្យ​រដ្ឋ​សភា​កម្ពុជា​ថ្លែង​ថា​កន្លង​មក IPU ស្ដាប់​ការរាយការណ៍​ពី​អតីត​គណក្ស​ប្រឆាំង បើ​ទោះ​ជា​គណៈប្រតិភូ​កម្ពុជា​ពន្យល់​យ៉ាង​ម៉េច​ក៏​គេ​មិន​ស្ដាប់​ដែរ​។

លោក​ថា​​ បច្ចុប្បន្ន​គណបក្ស​សង្គ្រោះ​ជាតិ បាន​រលាយ​បាត់​ទៅ​ហើយ ហើយ​សមាជិក​ជាន់ខ្ពស់​របស់​អតីត​គណបក្ស​ប្រឆាំង​ក៏​លែង​មាន​តួនាទី​ជា​តំណាងរាស្ត្រ​តទៅ​ទៀត​ដែរ​។

លោក​ថ្លែង​ថា​៖ «IPU ក៏​បាន​ទទួល​ស្គាល់​សភា​យើង​ដែល​អញ្ជើញ​សភា​យើង​ទៅ​ចូលរួម​ជា​ផ្លូវការ​ទៅ​ហើយ រឿង​អ្វី​គាត់​នៅ​ការពារ​ពួក​ហ្នឹង​ទៀត​...​។ គេ​ធ្វើ​ជ្រុល​លើស​សមត្ថកិច្ច​របស់​ខ្លួន ទើប​យើង​មិន​អាច​ទទួល​យក​បាន​ទេ ការងារ​ហ្នឹង​»​។

លោក​ក៏​បាន​ចោទ​មន្ត្រី​នៅក្នុង​គណៈកម្មការ​សិទ្ធិមនុស្ស​របស់ IPU ថា​ជា​ «​ពួក​ជ្រុលនិយម​» ​ដែល​តែងតែ​គាំទ្រ​ «​ខ្មោច​» ​ដែល​សំដៅ​ដល់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​សភា​កម្ពុជា​មិន​អាច​ទទួល​យក​បាន​ដាច់​ខាត​។

លោក​បន្ថែម​ថា​៖ «​យើង​តែងតែ​ពន្យល់​ការងារ​នេះ យើង​ពន្យល់​ច្រើន​ដង​ហើយ គេ​នៅ​តែ​មិន​ស្ដាប់​។ អ៊ីចឹង​បាន​សេចក្ដី​ថា​គេ ទី​ ១ គឺ​មាន​ការលម្អៀង កាន់ជើង អ្នក​ដែល​គេ​គាំទ្រ ទី​ ២ គឺ​មាន​ពួក​ជ្រុលនិយម​ដែល​ចេះ​តែ​គាំទ្រ​ពួក​អតីត​បក្ស​ប្រឆាំង​នៅ​ទី​នោះ​»​។

លោក​ថា​បើ​មាន​ការ​រំលោភ​ដែល​ប៉ះពាល់​ដល់​ដែន​អធិបតេយ្យភាព​កម្ពុជា​បន្ត​ទៀត​នោះ​កម្ពុជា​នឹង​ចាត់​វិធានការ ប៉ុន្តែ​លោក​មិន​អាច​បញ្ជាក់​ច្បាស់លាស់​ថា ជា​វិធានការ​អ្វី​នៅ​ឡើយ​ទេ​។

លោក​សង្កត់​ធ្ងន់​ថា​៖ «​យើង​មិន​អាច​ទទួល​យក​បាន​ទេ ចំពោះ​អ្វី​ក៏ដោយ​ដែល​ប៉ះពាល់​ដល់​អធិបតេយ្យភាព បូរណភាព​ដែនដី យើង​មិន​អាច​ទទួល​យក​បាន​ទេ អាហ្នឹង​ជា​គោលការណ៍​ដែល​ប្រទេស​កម្ពុជា​យើង​ប្រកាន់​យក​»​។

ប៉ុន្តែ​លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​ប្រឆាំង​បាន​គាំទ្រ​ការពន្យល់​របស់ IPU ដោយ​លោក​ថ្លែង​ថា​ជា​រឿង​ «​ត្រឹមត្រូវ​» ដែល​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​អ្វី​ដល់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ឬ​ជ្រៀតជ្រែក​អ្វី​ដល់​បញ្ហា​ផ្ទៃក្នុង​របស់​កម្ពុជា​នោះ​ឡើយ​ដោយ​ពួកគេ​ចង់​ឲ្យ​កម្ពុជា​ធ្វើ​កិច្ចការ​ដែល​ត្រឹមត្រូវ​ក្នុង​ការគោរព​សិទ្ធិ​អ្នក​តំណាងរាស្ត្រ​។

លោក​ថ្លែង​ថា​៖ «​បើ​សិន​ជា​សភា​បច្ចុប្បន្ន​ដែល​ជា​សភា​​ឯកបក្ស​នេះ និង​តុលាការ​ពិនិត្យ​ឡើង​វិញ​នូវ​អ្វី​ដែល​បាន​រំលោភបំពាន​ទៅ​លើ​សិទ្ធិ​អ្នក​តំណាងរាស្ត្រ​...​ការដកហូត​អភ័យ​ឯកសិទ្ធិ ការដកហូត​តំណែង​តំណាងរាស្ត្រ រួមទាំង​តំណែង​មន្ត្រី ឃុំ សង្កាត់ ស្រុក​/​ក្រុង​ផង​ដែរ​។ អ្វី​ដែល​គេ​ធ្វើ​សេចក្ដី​ថ្លែងការណ៍​នេះ​ត្រឹមត្រូវ​ហើយ​ខ្ញុំ​គាំទ្រ​»​។

ទោះ​យ៉ាង​ណា​លោក​ ផៃ ស៊ីផាន ​អ្នក​នាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ថ្លែង​កាលពី​ដើម​សប្ដាហ៍​នេះ​ថា កម្ពុជា​នឹង «​គ្មាន​ការផ្លាស់ប្ដូរ​ជំហរ​» ណា​មួយ​របស់​ខ្លួន​ឡើយ ហើយ​ការចាត់​វិធានការ​លើ​បក្ស​ប្រឆាំង​ក៏​ធ្វើ​ឡើង​ស្រប​តាម​អង្គហេតុ និង​អង្គច្បាប់​ដែរ​។

លោក​ ផៃ ស៊ីផាន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​អាស្រ័យ​ដោយ​ការរំលាយ​គណបក្ស​សង្គ្រោះជាតិ​គឺ​មិន​មាន​វិបត្តិ​នយោបាយ​ទេ​គឺ​ធ្វើ​ទៅ​តាម​អង្គហេតុ និង​អង្គច្បាប់​សម្រេច​ដោយ​តុលាការ​។ រាល់​ការលើក​ឡើង ឬ​គំនាប​ណា​មួយ​ដែល​ឲ្យ​កម្ពុជា លុប ឬ​រំលោភ ឬ​រំលាយ​នូវ​សាលដីកា​របស់​តុលាការ​កំពូល យើង​មិន​អាច​ធ្វើ​បាន​នោះ​ទេ ពីព្រោះ​យើង​យល់​ឃើញ​ថា​កម្ពុជា​កំពុង​ស្ថិត​នៅក្នុង​សភាព​ពង្រឹង​នីតិរដ្ឋ​»៕