ភ្នំពេញ: ​ អ្នក​នាំពាក្យ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប) ​លោក​ ហង្ស​ ពុទ្ធា​ បាន​អះ​អាង​កាល​ពី​ម្សិលមិញ​ថា​ ប្រសិន​បើ​អតីត​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​បាត់​ដំបង​ ៣ ​នាក់​ មិនព្រម​បង់​ពិន័យ​តាម​ការ​បង្គាប់​របស់ គ.ជ.ប ពាក់​ព័ន្ធ​នឹង​យុទ្ធនាការ​​ម្រាម​ដៃ​ស្អាត​ទ នោះ​ នឹង​ត្រូវ​ប្រឈម​វិធានការ​ច្បាប់​ ប៉ុន្តែ​ពួកគេ​ថា​នឹង​បង់​ តែ​កំពុង​នៅ​ខ្វះ​ប្រាក់​ត្រូវ​ការ​អ្នក​ជួយ​ឧបត្ថម្ភ​។

តាម​លិខិត​បង្គាប់​ឲ្យ​បង់​ប្រាក់​ពិន័យ​របស់ គ.ជ.ប ចុះ​ថ្ងៃ​ទី ១១ ខែ​ធ្នូ ឆ្នាំ ២០១៨ បាន​បង្ហាញ​ថា៖​ «គ.ជ.ប សូម​បង្គាប់​មក​ឈ្មោះ ជា ជីវ រស់នៅ​ភូមិ​ជំ​នីក ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្ត​បាត់​ដំបង ឲ្យ​ចូល​ខ្លូន​មក​បង់ប្រាក់​ពិន័យ ដោយ​ស្ម័គ្រចិត្ត​ ១០ លាន​រៀល​នៅ​លេខា​ធិការដ្ឋាន​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​បាត់ដំបង​ឬ​នៅ​ទីស្ដី​ការ គ.ជ.ប (ការិយាល័យ​ទទួល​ពាក្យ​បណ្ដឹង​និង​ស៊ើប​អង្កេត​ជាន់​ទី ១)ក្នុង​រយៈ​ពេល​ ៣០​ ថ្ងៃ​យ៉ាង​យូរ បន្ទាប់​ពី​ថ្ងៃ​បាន​ទទួល​លិខិត​បង្គាប់​នេះ។ រីឯ​ ២ ​នាក់​ទៀត​ ក៏​មាន​លិខិត​បង្គាប់​ស្រដៀង​គ្នា​ផង​ដែរ។

លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ គ.ជ.ប បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា គ.ជ.ប បាន​ជូន​លិខិត​បង់​ប្រាក់​ពិន័យ​រួច​ហើយ ដើម្បី​ឲ្យ​ពួក​គាត់​អាច​បង់​ប្រាក់​តាម​កាល​កំណត់​និង​តាម​ការ​សម្រេច​របស់​ថ្នាក់​លើ​ដែល​ជា​ការ​អនុវត្ត​ច្បាប់។​ នេះ​មិន​មែន​ជា​ការ​ដាក់​គំនាប ឬ​ពាក់ព័ន្ធ​នឹង​នយោបាយ​ទេ។

លោក​បញ្ជាក់​ថា៖​ «វា​មិន​ពាក់ព័ន្ធ​នឹង​នយោបាយ​អ្វី​ទេ តែ​នេះ​ជា​ការ​អនុវត្ត​ច្បាប់។ ប្រសិន​បើ​គាត់​បាន​មក​បង់​ប្រាក់​ពិន័យ​​តាម​កាល​កំណត់​នោះ គឺ​នឹង​មិន​មាន​អ្វី​កើត​ឡើង​ទេ ប៉ុន្ដែ​បើ​គាត់​មិន​អាច​គោរព​តាម​ពេលវេលា​ឬ​ការ​សម្រេច​នេះ គ.ជ.ប នឹង​មាន​វិធាន​ការ​តាម​ច្បាប់​ហើយ»។

យ៉ាង​ណា​ក្ដី លោក ​ពុទ្ធា ​មិន​បាន​បញ្ជាក់​លម្អិត​ពី​វិធាន​ការ​ច្បាប់​ថា​ យ៉ាង​ម៉េច​នោះ​ទេ​។ ប៉ុន្តែ​បើ​តាម​លិខិត​ (គ.ជ.ប) ថា ​ក្នុង​ករណី​មិន​បង់​ប្រាក់​ពិន័យ​ដោយ​ស្ម័គ្រ​ចិត្ត​តាម​កាល​កំណត់​នេះ​ គ.ជ.ប នឹង​អនុវត្ត​ការ​ទារ​ប្រាក់​ពិន័យ​តាម​មាត្រា​ ១៦៦​ នៃ​ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ​។

លោក ជា ជីវ អតីត​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​បាត់ដំបង​ដែល​រង​ការ​បង្គាប់​ឲ្យ​​បង់​ប្រាក់​ពិន័យ​ចំនួន​ ១០ លាន​រៀល​ បាន​ថ្លែង​ថា លោក និង​សហការី​ ២ ​នាក់​ផ្សេង​ទៀត​បាន​ទទួល​លិខិត​ពី គ.ជ.ប​ ហើយ ​ដោយ​ពួក​លោក​គ្រោង​នឹង​បង់​តាម​ការ​សម្រេច​នេះ ប៉ុន្តែ​លោក​ថា ​មិន​ទាន់​មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​បង់​ពិន័យ​​ទេ ដោយ​អំពាវ​នាវ​ឲ្យ​ជន​រួម​ជាតិ​ដែល​ស្រឡាញ់​សិទ្ធិ​សេរី​ភាព និង​ប្រជា​ធិបតេយ្យ​ជួយ​ឧបត្ថម្ភ​តាម​លទ្ធភាព​។

លោក​បន្ត​ថា​ ការ​សម្រេច​របស់ គ.ជ.ប នេះ គឺ​បាន​ផ្អែក​ទៅ​លើ​ព្រឹត្តិ​ការណ៍​នយោបាយ​និង​ប្រកប​ដោយ​អយុត្តិធម៌ ហើយ​ គ.ជ.ប មិន​មាន​អំណះ​អំណាង​ទៅ​លើ​ផ្លូវ​ច្បាប់​ឬ​ភ័ស្ដុ​តាង​ជាក់​ស្ដែង​អ្វី​ឲ្យ​ប្រាកដ​ទេ ដោយ​គ្រាន់​តែ​រូប​ថត​មួយ​សន្លឹក​និយាយ​ពី​សិទ្ធិ​សេរី​ភាព​បញ្ចេញ​មតិ​ដោយ​​​ថា​បើ​គ្មាន​បក្ស​ដែល​ពួក​លោក​ពេញ​ចិត្ត​ពួក​លោក​នឹង​មិន​ទៅ​បោះ​ឆ្នោត​ទេ។

លោក ជា ជីវ បាន​បញ្ជាក់​ថា៖ «ទោះ​យ៉ាង​ណា​ក៏​ដោយ សង្គម​យើង​ពិបាក​ខ្លាំង​ណាស់ សម្រាប់​អ្នក​ហ៊ាន​បញ្ចេញ​មតិ​ពិត​រិះគន់​ក្នុង​ន័យ​ស្ថាបនា...ជាក់​ស្ដែង​ដូច​ជា​ពេល​នេះ​ ទោះ​ពួក​ខ្ញុំ​គ្មាន​លទ្ធ​ភាព​មាន​លុយ​បង់​ពិន័យ​ក៏​ពួក​ខ្ញុំ​ត្រូវ​តែ​បង្ខំ​ចិត្ត​ទៅ​រក​លុយ​មក​បង់​តាម​កាល​កំណត់​ដែរ»។

លោក សម គ​ន្ធា​មី នាយក​ប្រតិបត្តិ​នៃ​អង្គការ​ និចហ្វិក ​កាល​ពី​ម្សិលមិញ​យល់​ឃើញ​ថា បើ​តាម​ការ​ពិនិត្យ និង​អង្កេត​លើ​អង្គហេតុ​ដូចជា​មិន​មាន​អ្វី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​ការ​បោះឆ្នោត​ទេ ហើយ​សកម្មភាព​នេះ​ក៏​ជា​ការ​សម្ដែង​មតិ ប៉ុន្ដែ​គ.ជ.ប បែរ​ជា​ពិន័យ​ឲ្យ​ពួក​គាត់​បង់ប្រាក់ ប៉ុន្តែ​លោក​ថា គ្រាន់​តែ​ហៅ​មក​អប់រំ ណែនាំ និង​ធ្វើ​កិច្ច​សន្យា​បញ្ឈប់​សកម្មភាព​ឬ​ជា​ការ​ព្រមាន​ជា​​លាយ​លក្ខណ៍​អក្សរ​ជា​ការ​ស្រេច។

លោក​បញ្ជាក់​ថា៖ «បើ​តាម​ខ្ញុំ​មើល​ទៅ អ្នក​ដែល​ជាប់​ចោទ​ហ្នឹង ដូច​ជា ​មិន​សូវ​ជា​មាន​លុយ​ច្រើន​អី​ទេ អ្នក​ខ្លះ​ឮ​ថា យក​ប្លង់​ផ្ទះ​ទៅ​ដាក់​បញ្ចាំ​នៅ​ធនាគារ​ទៀត ហើយ​អ្នក​ខ្លះ​ទៀត​ហ្នឹង​ទៅ​ខ្ចី​បុល​គេ​។ ខ្ញុំ​គិត​ថា បើ​គួរ​លើកលែង​ទោស​ លើកលែង​​ឲ្យ​គ្នា​ទៅ ព្រោះ​សុទ្ធ​តែ​អ្នក​ក្រ​ទេ»។

គួរ​រំ​ឭក​ថា អតីត​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ ៥ ​នាក់ រួម​មាន​ ឈ្មោះ ថោង សារឿន, គ្រុយ គឹម​​សាំង, ពៅ តាំង, ម៉ាង ឈុន និង​ ឈ្មោះ ជា ជីវ ត្រូវ​បាន PEC ខេត្ត​បាត់ដំបង​សម្រេច​ផាក​ពិន័យ​ម្នាក់​ៗ ១០ លាន​រៀល​ ក្នុង​រឿង​លើក​ម្រាម​ដៃ​ស្អាត ហើយ (គ.ជ.ប) តម្កល់​ការ​សម្រេច​នេះ ប៉ុន្តែ​ឈ្មោះ ថោង សារឿន និង គ្រុយ គឹម​​សាំង ត្រូវ​បាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​បន្ថយ​ពិន័យ​មក​នៅ​ ៥ លាន​រៀល​ម្នាក់ រី​ឯ​ ឈ្មោះ ពៅ តាំង និង ម៉ាង ឈុន ត្រូវ​បាន​លើក​លែង​ការ​ផាក ពិន័យ​ ខណៈ​ឈ្មោះ ជា ជីវ ដែល​ស្ថិត​ក្នុង​បញ្ជី​បម្រាម​ធ្វើ​នយោបាយ​ ៥ ឆ្នាំ​ក្នុង​ចំណោម​ ១១៨ រូប​ផង​នោះ ​នៅ​រក្សា​ការ​ផាក​ពិន័យ​ចំនួន ១០ លាន​រៀល​ដដែល៕