ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ មួយចំនួន និងមេធាវីការពារលោក កឹម សុខា សម្តែងការមិនពេញចិត្តចំពោះសេចក្តីថ្លែងការណ៍របស់អនុប្រធាន ២ រូបនៃអតីតគណបក្សប្រឆាំងមួយនេះ ដោយលើកឡើងថា ការតែងតាំងលោក សម រង្ស៊ី ធ្វើជាប្រធានស្តីទីបានរំលោភលក្ខន្តិកៈ អាចធ្វើឲ្យបែកបាក់ផ្ទៃក្នុង ធ្វើឲ្យក្បាលម៉ាស៊ីនជាប់គាំង និងជាការប្រមាថដល់ឆន្ទៈ មនសិការរបស់លោក កឹម សុខា។
ការថ្លែងបែបនេះ ធ្វើឡើង បន្ទាប់ពីសេចក្តីថ្លែងការណ៍ដែលចុះហត្ថលេខាដោយលោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី ១៨ ខែ ធ្នូ ដែលបានបញ្ជាក់ថា លោក សម រង្សី ត្រូវបានតែងតាំងជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដើម្បីចៀសវាងមិនឲ្យក្បាលម៉ាស៊ីនគណបក្សសង្គ្រោះជាតិមានការជាប់គាំងក្រោយពី គណបក្សត្រូវបានរំលាយ ដោយរដ្ឋាភិបាលកម្ពុជា ហើយបានអះអាងថា មន្ត្រី និងសកម្មជនគណបក្សភាគច្រើនបានជ្រើសរើសលោក សម រង្ស៊ី ធ្វើជាប្រធានដោយសារតែលោកមានលក្ខណៈដែលធ្វើឲ្យគេទទួលស្គាល់ជាថ្នាក់ដឹកនាំគណបក្សដោយផ្អែកលើប្រវត្តិសាស្ត្រ និងប្រជាប្រិយភាព។
សេចក្តីថ្លែងការណ៍បន្តថា ដើម្បីធានាឲ្យគណបក្សសង្គ្រោះជាតិមានថ្នាក់ដឹកនាំដ៏ខ្លាំងមួយ ដែលអាចតស៊ូប្រកបដោយ ប្រសិទ្ធភាពក្នុងការទាមទារឲ្យដោះលែងលោកប្រធាន កឹម សុខា និងការរក្សាសេចក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរដែល ចង់បានការផ្លាស់ប្តូរដោយវិជ្ជមាន និងមិនអាចបណ្តាលឲ្យគណបក្សនៅជាប់គាំងបែបនេះ ត្រូវតែផ្តួចផ្តើមគំនិត ធ្វើឲ្យគណបក្សដំណើរការទៅមុខ។
សេចក្តីថ្លែងការណ៍ក៏បានសម្តែងការសោកស្តាយដែលគណៈកម្មាធិការអចិន្រៃ្តយ៍មិនអាចកោះប្រជុំបានដោយសារតែមានសមាជិកនៅប្រទេស កម្ពុជា រស់នៅក្នុងការភ័យខ្លាច ហើយអ្នកខ្លះត្រូវលាក់ខ្លួន ដូច្នេះហើយលក្ខន្តិកៈគណបក្សមិនអាចយកមកអនុវត្តបានទេ ហើយថា អនុប្រធានទី ៣ គណបក្សសង្គ្រោះជាតិ លោក ប៉ុល ហំម ដែលសព្វថ្ងៃរស់នៅប្រទេស កម្ពុជា មិនអាចបញ្ចេញយោបល់របស់លោកជាសាធាណៈបានទេ។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖ «លោក សម រង្ស៊ី នឹងបំពេញតួនាទីជាប្រធានស្តីទីនេះក្នុងរយៈពេលបណ្តោះអាសន្ន (រួចផុតពីភាពអាសន្ន) រហូតដល់ថ្ងៃដែលលោកប្រធាន កឹម សុខា ទទួលបានសេរីភាពពេញលេញវិញ ហើយអាចសម្តែងមតិរបស់លោកជាសាធារណៈដោយខ្លួនឯង។ ក្នុងកាលៈទេសៈបច្ចុប្បន្នដើម្បីធ្វើឲ្យគណបក្សសង្គ្រោះជាតិ មានក្បាលម៉ាស៊ីនមួយច្បាស់លាស់ និងរឹងមាំដែលអាចសម្រេចគោលដៅរបស់គណបក្សគឺការធ្វើឲ្យលទ្ធិប្រជាធិបតេយ្យរស់ឡើងវិញ នៅកម្ពុជា»។
លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ លើកឡើងថា ការតែងតាំងលោក សម រង្ស៊ី ធ្វើជាប្រធានស្តីទី នេះបានធ្វើឲ្យប៉ះទង្គិចគ្នា និងខ្វែងគំនិតគ្នារវាងថ្នាក់ដឹកនាំបក្សដែលមានទំនោរទៅរកលោក កឹម សុខា និងលោក សម រង្ស៊ី ហើយថាប្រសិនបើជម្លោះផ្ទៃក្នុងនៅតែបន្តទៀត ធ្វើឲ្យគណបក្សពិបាកនឹងចៀសរួចពីការបែកបាក់គ្នា។
លោកបញ្ជាក់ថា៖ «ប្រសិនបើនៅតែបន្តដូច្នេះទៀត វាពិបាកនឹងចៀសរួចណាស់ [ពីការបែកបាក់]។ បើសិនធ្វើឲ្យបញ្ហាផ្ទៃក្នុងមានម្តងហើយម្តងទៀត អាហ្នឹងការបែកបាក់ វាអាចកើតមានហើយ។ អ្នកនយោបាយអាចទ្រាំនឹងបញ្ហាបែបនេះម្តងហើយៗតែបើញឹកញាប់ពេកជួនកាលទ្រាំលែងបាន ហើយប្រជាពលរដ្ឋក៏លោកធុញទ្រាន់បញ្ហាបែបនេះដែរ»។
លោក អ៊ូ ច័ន្ទរ័ត្ន បានសម្តែងការសោកស្តាយ ចំពោះសេចក្តីថ្លែងការណ៍ ដែលបានលើកឡើងថា សមាជិកនៅប្រទេស កម្ពុជា រស់នៅក្នុងការភ័យខ្លាច ហើយអ្នកខ្លះត្រូវលាក់ខ្លួនដោយសារថាការលើកឡើងនេះអាចជាការប្រមាថដល់ការខិតខំ និងលះបង់តស៊ូ របស់សមាជិកអតីតគណបក្សសង្គ្រោះជាតិនៅក្នុងប្រទេស។
លោក គង់ គាំ អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងមួយនេះ ថ្លែងថា ការតែងតាំងលោក សម រង្ស៊ី ធ្វើជាប្រធានស្តីទីបានរំលោភលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងដោយពុំមានការឯកភាពគ្នាដែលធ្វើឲ្យលោកសម រង្ស៊ី មិនអាចធ្វើជាប្រធានស្តីទីបានទេហើយថាការតែងតាំងនេះនឹងធ្វើឲ្យក្បាលម៉ាស៊ីនសង្គ្រោះជាតិជាប់គាំង។
លោកបញ្ជាក់ថា៖ «គេមានគោលការណ៍ព្រមព្រៀងគ្នាដែលមុនធ្វើការសម្រេចត្រូវតែមានការយល់ព្រមទាំងសងខាង ហើយនៅពេលដែលគ្មានការយល់ព្រមទាំង ២ នាក់ដូច្នេះការសម្រេចនោះគឺមិនត្រឹមត្រូវ។ ក្បាលម៉ាស៊ីន គណបក្សសង្គ្រោះជាតិនឹងជាប់គាំង និងស្ថានការណ៍នឹងកាន់តែអាក្រក់ដោយសារតែលោកសម រង្ស៊ី តែងតែបង្កការលំបាកដល់រដ្ឋាភិបាល»។
លោក ចាន់ ចេន មេធាវីរបស់ លោក កឹម សុខា ថ្លែងតាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី ១៧ ខែធ្នូនេះថា ការលើកឡើងរបស់លោក សម រង្ស៊ី ដែលថាមតិយោបល់ទាំងអស់របស់ខ្មែរ ក្នុងប្រទេសសុទ្ធតែមិនយកជាការបាន ព្រោះស្ថិតក្រោមគំនាប និងបញ្ជារបស់លោក ហ៊ុន សែន គឺជាលេសដើម្បីបោកប្រាស់អ្នកគាំទ្រខ្លួននៅក្រៅប្រទេសឲ្យគាំទ្រឲ្យខ្លួនធ្វើបក្សប្រហារ ដើម្បីបានអំណាច ហើយទង្វើនេះគឺជាការប្រមាថដល់ ឆន្ទៈមនសិការរបស់លោក កឹម សុខា។
លោកបញ្ជាក់ថា៖ «ជាការប្រមាថយ៉ាងធ្ងន់ធ្ងរ ចំពោះភាពអង់អាចក្លាហាន ការលះបង់ និងឧត្តមគតិអ្នកដែលតស៊ូ នៅក្នុងសមរភូមិនយោបាយក្នុងប្រទេស ដូចជា លោកប្រធាន កឹម សុខា ក៏ដូចជា អ្នកវិភាគនយោបាយឯករាជ្យ មេធាវី និងជាពិសេសសកម្មជន CNRP នៅក្នុងប្រទេស»។
ការខ្វែងគំនិតគ្នារវាងថ្នាក់ដឹកនាំបក្សដែលមានទំនោរទៅរកលោក កឹម សុខា និងលោក សម រង្ស៊ី នេះបានផ្ទុះឡើងនៅពេលដែលលោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ (CNRM) ត្រូវបានអនុម័តដោយសន្និសីទនៃអតីតគណបក្សសង្គ្រោះជាតិ នៅក្រៅប្រទេសសម្រេចជ្រើសរើសលោកជា «ប្រធានស្ដីទី» គណបក្សរហូតដល់លោក កឹម សុខា ដែលកំពុងស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការលើសំណុំរឿងចោទប្រកាន់ពីបទ «ក្បត់ជាតិ» មានសេរីភាពពេញលេញឡើងវិញ៕