ភ្នំពេញៈ ក្រុមមន្ត្រី​ក្រសួង​ការងារ ​បណ្ដុះបណ្ដាល និង​វិជ្ជាជីវៈ​ និងក្រុម​សហជីព ​បាន​និងកំពុង​ដឹកនាំ​ប្រតិភូ​ចូលរួម​សន្និសីទ​អន្តរ​ជាតិ​ខាង​ការងារ​លើក​ទី១០៨ ស្តីពី​«ការងារ​សម្រាប់​អនាគត​ភ្លឺស្វាង»​ ដែល​រៀបចំ​ដោយ​អង្គការ​ពលកម្ម​អន្តរជាតិ ​(ILO)​ នៅ​ទី​ស្នាក់​ការ​កណ្តាល​ក្នុង​ទីក្រុង​ហ្សឺ​ណែវ ​ប្រទេស​ ស្វ៊ីស ​ដែល​ប្រព្រឹត្ត​ទៅ​នាថ្ងៃទី ១០-២១​ ខែ មិថុនា​ នេះ​ ខណៈ​ក្រុម​សហ​ជីព​បារម្ភ​សេរី​ភាព​សហជីព​មាន​ហានិភ័យ​ខ្ពស់។

កិច្ចប្រជុំ​កំពូល​នេះ ​មាន​អ្នកចូលរួម​ជាង ៥ ពាន់​នាក់ ​មកពី​ ១៩២ ប្រទេស​ ដែលជា​សមាជិក​នៃ​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ​នៃ​អង្គការ​ពលកម្ម​អន្តរជាតិ។ ក្នុង​កិច្ចប្រជុំ​ ​ក៏មាន​វត្តមាន​ប្រធា​នា​​ធិបតី ​និង​នាយករដ្ឋមន្ត្រី​ ជាង ៣៧ ​ប្រទេស និង​រដ្ឋមន្ត្រី​ទទួលបន្ទុក​ខាង​ការងារ​ជាង ១៩២ ប្រទេស​ និង​មាន​តំណាង​កម្មករ ​និង​និយោជក​ក៏បាន​មក​ចូលរួម​ដែរ។

ចំពោះ​ក្រុមមន្ត្រី​សហជីព​ពី​ប្រ​ទេស​កម្ពុជា ​រួមមាន​សហជីព​ដែល​គាំទ្រ​រដ្ឋាភិបាល និង​សហជីព​ឯករាជ្យ មាន​ស​មា​ស​ភាព​ជិត ​១០ រូប​ ដូចជា ​លោក ​រ៉ុង ឈុន ​លោក ​វន់ ពៅ​ លោក ​អាត់ ធន់ ​លោក ​ជួន មុំ​ថុល​ និង​មន្ត្រី​សហជីព​អម​ដំណើរ​មួយ​ចំនួន​ទៀត។

លោក​ អាត់ ធន់ ​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ និង​សហការី​ផ្សេង​ទៀត​ដែលចូលរួម​បាន​ថ្លែងថា ​កិច្ចប្រជុំ​បានសម្រេច​លើកយក​បញ្ហា​ពី​គណៈកម្មការ​ចំនួន ៣​ សំខាន់ៗ ​រួមមាន​គណៈកម្មការ​ស្តង់​ដារ​ការ​ងារ​ (Committee on Application of Standard) ​គណៈកម្មការ​អំពើ​ហិង្សា ​និង​ការ បៀតបៀន​កន្លែង​ការងារ​ (Violence and Harassment in the World of Work) និង​គណៈកម្មការ​ពិភពលោក​(Committee of the World) ​យក​មក​ពិភាក្សា​ក្នុង​អង្គប្រជុំ​នោះ។

លោក រ៉ុង ឈុន ​ប្រធាន​សហភាព​សហជីព​កម្ពុ​ជា ដែល​បាន​ចូលរួម​សន្និសីទ​នេះ​ដែរ ​ត្រូវបាន​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ដកស្រង់​សម្ដីលោក​ថា ​សម្រាប់​ប្រទេស​ កម្ពុជា​ ផ្តោត​សំខាន់​ទៅលើ​លក្ខ​ខណ្ឌ​ការងារ​ ដែល​ក្នុងនោះ​ មាន​កិច្ចសន្យា​ការងារ​រយៈពេល​វែង ​និង​រយៈពេល​ខ្លី និង​បញ្ហា​ប្រាក់​ឈ្នួល​របស់​កម្មករ​និយោជិត។

លោក​បន្តថា ​កិច្ចសន្យា​ការងារ​រយៈ​ពេល​ខ្លី ​គឺជា​បញ្ហា​ដ៏​ចម្រូងចម្រាស​ក្នុងការ​ចរចា ​រវាង​ក្រុម​សហជីព​ជាមួយ​​ពួក​និយោ​ជក ព្រោះ​ច្បាប់​ការងារ​របស់​កម្ពុជា​មិន​ទាន់​មាន​ភាព​ប្រសើរ​នៅ​ឡើយ។

លោក​ថា​៖ «ចំពោះ​សេរីភាព​សហជីព​ និង​ស្ថានភាព​ការងារ​របស់​កម្មករ​និយោជិត ​គឺ​កម្ពុជា​នៅមាន​ហា​និភ័យ​ខ្ពស់​ ស្របពេល​ស្ថានភាព​នយោបាយ​ខ្មែរ ​ស្ថិតក្នុង​ស្ថានភាព​ស្រពេចស្រពិល ​និង​ការធ្លាក់ចុះ​នៃ​លទ្ធិប្រជា​ធិបតេយ្យ ​ដែល​ធ្វើ​ឲ្យ​រង​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ពី​សហភាព​អឺរ៉ុប ក្នុង​រឿង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA និង​ពី​សហរដ្ឋ​អាមេ​រិ​កក្នុង​រឿង​ប្រព័ន្ធ GSP»។

លោក​អុិត សំហេង​ រដ្ឋមន្ត្រី​ក្រសួង​ការងារ​ បណ្ដុះបណ្ដាល ​និង​វិជ្ជាជីវៈ ​និង​លោក​ហេង សួរ ​អ្នកនាំពាក្យ​ក្រសួង​ ក៏បាន​ដឹកនាំ​ប្រតិភូ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ​ដែរ។ តាម​ហ្វេស​ប៊ុក​ក្រសួង​ការងារ​បង្ហាញ​ថា ​លោក​អុិត សំហេង ​រដ្ឋមន្ត្រី​ក្រសួង​ការងារ ​ បាន​ពិភាក្សា​ការងារ​ជាមួយ​លោក​ស្រី Tomoko NISHIMOTO ​ជំនួយការ​អគ្គនា​យក និង​ជា​នាយិកា​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​អង្គការ ILO នៅ​ទីស្នាក់ការ​កណ្តាល​អង្គកា​រ ILO ទីក្រុង​ហ្សឺណែវ ​ប្រទេស​ស្វ៊ីស។

លោក​បានលើកឡើង​ពី​ស្ថាន​ភាព​ទូទៅ​អំពី​វឌ្ឍនភាព​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​ជីវៈ ​និង​ការពង្រឹង​សុខដុម​នីយ​កម្ម​ក្នុង​ទំនាក់ទំនង​វិជ្ជា​ជី​វៈ ដែល​​រដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​កន្លង​មក​ ទទួលបាន​ជោគជ័យ ​និង​ការគាំទ្រ​ពី​គ្រប់​មជ្ឈដ្ឋាន​ជា​បន្តបន្ទាប់ ​ហើយ​កម្ពុជា​នឹង​បន្ត​កិច្ចសហការ​ជិតស្និទ្ធ​ជាមួយ​អង្គការ ​ILO ក្នុង​ការបន្ត​បេសកកម្ម​របស់​​ ILO ក្នុង​បរិបទ​ថ្មី​បន្ថែម​ទៀត​ ដើម្បី​សម្រេច​បាន​នូវ​ផែនទី​បង្ហាញ​ផ្លូវ​របស់ ILO និង​ផែនការ​សកម្មភាព​រប​ស់​កម្ពុជា ​ប្រកប​ដោយ​ប្រសិទ្ធភាព។

លោក​ស្រី Tomoko NISHIMOTO ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចប្រឹងប្រែង​របស់​កម្ពុជា​ ក្នុងការ​ពង្រឹង​សុខដុម​នីយកម្ម​ក្នុង​ទំនាក់ទំនង​វិជ្ជា​ជី​វៈ និង​កោតសរសើរ​ចំពោះ​ការរៀបចំ​ខួប​របស់ ILO នៅ​កម្ពុជា​បាន​ល្អ​ប្រសើរ។ ILO ​នឹង​បន្ត​កិច្ច​សហការ​ជាមួយ​កម្ពុជា​ទៀត ​ដើម្បី​បង្ហាញ​សា​ធារណជន​បាន​ដឹង​ពី​ភាព​វិជ្ជមាន៕​