ភ្នំពេញ: មន្ត្រី​ក្រសួងបរិស្ថាន អាជ្ញាធរ​ និង​អ្នក​ស្រឡាញ់​ធនធាន​ធម្មជាតិ​ និង​បរិស្ថាន​ប្រមាណ ៥០០ ​នាក់​ បាន​ចូលរួម​កម្មវិធី​បោះតង់​កាល​ថ្ងៃទី​ ១៤-១៥ ​កុម្ភៈ​​​ នៅ​ដែនជម្រក​សត្វព្រៃ​ព្រៃឡង់​ក្នុង​ខេត្តកំពង់ធំ​ ដើម្បី​ការចូលរួម​ការពារ អភិរក្ស​ធនធាន​ធម្មជាតិ ជីវចម្រុះ និង​ប្រព័ន្ធ​អេកូឡូស៊ី​នៅ​កម្ពុជា​។

កម្មវិធី​នេះ​បាន​រៀបចំ​ឡើង​ដោយ​ក្រសួងបរិស្ថាន​ក្រោម​ប្រធានបទ «​ថ្ងៃ​នៃ​ក្តីស្រឡាញ់​៖ យើង​ស្រឡាញ់​បរិស្ថាន​ និង​ធនធាន​ធម្មជាតិ​» ​ឬ​ហៅថា Valentine’s Prey Lang ដើម្បី​បង្កើន​សេចក្តីស្រឡាញ់ និង​ការចូលរួម​ការពារ អភិរក្ស​ធនធាន​ធម្មជាតិ​ជាពិសេស​នៅ​តំបន់​ដែន​​ជម្រក​សត្វព្រៃ​ព្រៃឡង់​នេះ​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ថ្លែងថា កម្មវិធី​នោះ​មាន​ការបំបួស​ដើមឈើ​រាប់ពាន់​ដើម និង​ធ្វើ​បទបង្ហាញ​ផ្សព្វផ្សាយ​ពី​សក្តានុពល​​ធនធាន​ធម្មជាតិ ជីវចម្រុះ និង​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​តំបន់​ព្រៃឡង់ និង​ជំរុញ​ឲ្យ​មាន​ការចូលរួម​កាន់តែ​សកម្ម​ក្នុង​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​កម្ពុជា​។

លោក​បញ្ជាក់ថា​៖ «​នៅពេល​នេះ​កម្ពុជា​យើង​អាចធ្វើ​បាន​ហើយ និង​កំពុង​បោះ​ ១ ​ជំហាន​ទៀត​ក្នុង​ការធ្វើការ​គ្រប់គ្រង និង​អភិរក្ស​ធនធាន​ធម្មជាតិ​របស់​យើង​ឲ្យ​បាន​គង់វង្ស​សម្រាប់​មនុស្ស​រាប់​ជំនាន់​ទៅមុខទៀត​...»​។

លោក នេត្រ ភក្ត្រា បន្ថែម​ថា​ដើម្បី​ជួយ​ឲ្យ​ជីវភាព​ពលរដ្ឋ​មូលដ្ឋាន និង​គ្រួសារ​មន្ត្រី​ឧទ្យានុរក្ស​បាន​ធូរធារ ក្រសួង​បាន​ផ្ដួចផ្ដើម​រៀបចំ​បង្កើត​ឲ្យ​មាន​សហគមន៍​ក្នុង​តំបន់​ការពារ​ធម្មជាតិ ដើម្បី​ចែករំលែក​ការគ្រប់គ្រង និង​ការទទួល​ខុសត្រូវ​ជូន​ប្រជាសហគមន៍​មូលដ្ឋាន​លើ​ការគ្រប់គ្រង​តំបន់​ការពារ​​ធម្មជាតិ ក៏ដូចជា អនុញ្ញាត​ឲ្យ​ប្រជាសហគមន៍​មាន​សិទ្ធិ​ក្នុង​ការប្រើប្រាស់​ និង​អាស្រ័យ​ផល​ធនធាន​ធម្មជាតិ​ស្របតាម​ច្បាប់ និង​ចូលរួម​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​ឲ្យ​គង់វង្ស​។

លោក ហឿន សុភាព តំណាង​សហគមន៍​ការពារ​ព្រៃឡង់​ប្រចាំ​ខេត្ត​កំពង់ធំ​បាន​គាំទ្រ​សកម្មភាព​នេះ ខណៈ​សហគមន៍​របស់​លោក​ក៏​គ្រោង​បំបួស​ដើមឈើ​ក្នុង​តំបន់​ព្រៃឡង់​នៅ​ថ្ងៃទី ២២ ខែ​កុម្ភៈ​ ខាងមុខ​នេះដែរ​។ ប៉ុន្ដែ​លោក លី ស្រេង នាយក​ដែនជម្រក​សត្វព្រៃឡង់​ខេត្ត​កំពង់ធំ​បាន​ហាម​មិន​ឲ្យ​ចុះទៅ​មើល​ទីតាំង​សម្រាប់​ប្រារព្ធ​ពិធី ក៏ដូចជា​មិន​ឲ្យ​ចុះ​ល្បាត​ព្រៃ​ទេ ដោយ​ថា​ជា​បទបញ្ជា​ថ្នាក់លើ ហើយ​ថា​បើ​មិន​អនុវត្ត​តាម​ទេ មន្ត្រី​ជំនាញ​នឹង​ឃាត់ខ្លួន​។

លោក​ថា​៖ «​នៅ​ថ្ងៃទី​ ២២ ខែ​​កុម្ភៈ ពួក​ខ្ញុំ​ក៏​នាំគ្នា​រៀបចំ​កម្មវិធី​បំបួស​ដើមឈើ​ដែរ គឺ​គ្រោង​ធ្វើ​នៅ​កណ្ដាល​ព្រៃឡង់​តែម្ដង ប៉ុន្ដែ​មាន​មន្ត្រី​ម្នាក់​បាន​ហាម​ពួកខ្ញុំ​មិន​ឲ្យ​ចូលទៅ​មើល​ទីតាំង​​សម្រាប់​ប្រារព្ធ​ពិធី ហើយ​ថែមទាំង​ហាម​ចុះ​ល្បាត​ទៀតផង​»​។

លោក លី ស្រេង នាយក​ដែនជម្រក​សត្វព្រៃឡង់​ខេត្តកំពង់ធំ​ពី​ម្សិលមិញ​មិនទាន់​អាច​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ការចោទប្រកាន់​នេះ​បានទេ​។

លោក ហេង ស្រស់ សកម្មជន​ការពារ​ព្រៃឈើ និង​បរិស្ថាន​បាន​គាំទ្រ​សកម្មភាព​ក្នុង​ន័យ​ស្រឡាញ់​ព្រៃឈើ និង​បរិស្ថាន​ទាំងនេះ ប៉ុន្ដែ​លោក​ថា​ការផ្សព្វផ្សាយ និង​បង្ហាញ​សារ​អប់រំ​នេះ​មិនអាច​ទប់ស្កាត់​បទល្មើស​​ព្រៃឈើ​បានទេ លុះត្រា​តែ​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​បំផុត​។

លោក​បន្តថា អាជ្ញាធរ​ត្រូវ​តែ​តាមដាន​សកម្មភាព​ឈ្មួញ​មាន​ងារ​ជា​ឧកញ៉ា និង​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​ត្រូវបាន​គេ​សង្ស័យ​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​។ «​ខ្ញុំ​ចង់​ឲ្យ​ត្រួតពិនិត្យ​ក្រុមហ៊ុន​ដែល​កំពុងបើក​អាជីវកម្ម​ក្បែរៗ​​តំបន់​ព្រៃឡង់​ឡើងវិញ ព្រោះ​មាន​ក្រុមហ៊ុន​ខ្លះ​ឆ្លៀត​កាប់​ឈើ​​រួច​ដឹក​ចូលក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​របស់ខ្លួន​។ ​មន្ត្រី​អនុវត្ត​ច្បាប់​ត្រូវតែ​ចាត់វិធានការ​យ៉ាង​តឹងរ៉ឹង​ចំពោះ​ជនល្មើស​ដែល​ដឹកជញ្ជូន​​ និង​កាប់​ឈើ​តាមផ្លូវ​ច្បាប់​»​។

គួរ​បញ្ជាក់ថា ព្រៃឡង់​ត្រូវបាន​​រាជរដ្ឋាភិបាល​បង្កើត​ជា​ដែនជម្រក​សត្វ​នៅ​ឆ្នាំ​ ២០១៦ ឲ្យ​​ស្ថិតក្រោម​ការគ្រប់គ្រង​ពី​ក្រសួង​បរិស្ថាន​លើ​ផ្ទៃដី​ជាង​ ៤៣ ​ម៉ឺន​ហិកតា​ក្នុង​ភូមិសាស្ត្រ​ខេត្តស្ទឹងត្រែង ព្រះវិហារ កំពង់ធំ និង​ខេត្តក្រចេះ​។ ​កាលពី​ឆ្នាំមុន​​ក្រសួងបរិស្ថាន​បាន​ទទួល​ស្គាល់​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ចំនួន​ ១៩ ដែលមាន​សិទ្ធិ​ស្របច្បាប់​ក្នុង​ការចូលរួម​សកម្មភាព​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​នៅក្នុង​ដែនជម្រក​សត្វព្រៃ​ដ៏មាន​សារ:សំខាន់​នេះ​៕