ស្វាយរៀងៈ អាជ្ញាធរ​ខេត្ត​ស្វាយរៀង​បាន​បញ្ជា​ឲ្យ​ម្ចាស់​ផ្សារ​ប្រសូតិ​កាយ​យក​អាច​ដី​ចេញ​វិញ បន្ទាប់ពី​មាន​ករណី​ចាក់​លុប​ប្រឡាយ​របស់​រដ្ឋ​មួយ​នៅ​ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង និង​ឲ្យ​រក្សា​ទ្រង់ទ្រាយ​ដូចដើម​វិញ​។

ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ ៩ ខែ​ធ្នូ លោក ហែម ពិសិដ្ឋ អភិបាលរង​ខេត្ត​ស្វាយរៀង​បាន​ឲ្យ​ឈ្មោះ ជា សុខា ម្ចាស់​ផ្សារ​ប្រសូតិ​ដែល​បាន​ធ្វើ​ផ្សារ​ចាក់ដី​រំលោភ​ចូល​​ដី​ប្រឡាយ​លុប​វិញ​។

លោក ហែម ពិសិដ្ឋ បាន​ថ្លែង​ថា​ឲ្យ​តែ​អភិវឌ្ឍ​តែងតែ​មាន​ការប៉ះពាល់​ខ្លះ​ហើយ ប៉ុន្ដែ​ចំណុច​អវិជ្ជមាន​ទាំងឡាយ​លោក​ចង់​ឲ្យ​មាន​ការ​សហការ​គ្នា​ទាំង​អាជ្ញាធរ​ដែនដី វិស័យ​ឯកជន និង​ពលរដ្ឋ​។

លោក​បាន​បន្ត​ថា​៖ «​យើង​ឃើញ​បញ្ហា​គឺ​ការចាក់ដី​ធ្វើ​ផ្សារ​រំលោភ​យក​ដី​ប្រឡាយ​... នេះ​គឺជា​រឿង​មួយ​ទេ នៅ​សល់​រាប់រយ​រឿង​ទៀត ដែល​យើង​ត្រូវ​ដោះ​។ អ៊ីចឹង ខ្ញុំ​យល់​ឃើញ​ថា​សកម្មភាព​នេះ​មាន​ការ​ផុសផុល​ណាស់​ចំពោះ​ការ​លើក​យក​ពី​បញ្ហា​រំលោភ​ដី​បឹង ដីព្រៃ ដីប្រឡាយ​នេះ​»​។

លោក​ថា​៖ «​ចំពោះ​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ​បន្ទាប់​នេះ​គឺ​ចាំ​មើល​ថា​ដី​គាត់​មាន​ត្រឹម​ណា​ដែល​​ជា​កម្មសិទ្ធិ​របស់​គាត់​ដែល​គាត់​កាន់កាប់​ខាងក្រោយ​នឹង​ខ្ញុំ​អត់​និយាយ​ផ្ទៃដី​តួ​ផ្សារ​ទេ ពីព្រោះ​តួផ្សារ​ជា​ដី​រដ្ឋ​ទៅ​ហើយ​»​។

លោក កែវ សុភ័ណ្ឌ អធិការ​ស្រុក​ស្វាយទាប​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ដី​ដែល​ម្ចាស់​ផ្សារ​បាន​ចាក់ដី​រំលោភ​ចូល​ប្រឡាយ​នោះ​មាន​ប្រមាណ​ ២០ ​ម៉ែត្រការ៉េ ប៉ុន្ដែ​បន្ទាប់ពី​មាន​ការ​បញ្ជា​ពី​អាជ្ញាធរ​ម្ចាស់​ផ្សារ​កំពុង​ដាក់​គ្រឿងចក្រ​ដើម្បី​កាយ​ដី​ដែល​បាន​ចាក់​រំលោភ​នោះ​ចេញ​វិញ​។

លោក​បន្ដ​ថា​៖ «...​ក្រោយពី​ធ្វើ​សន្និសីទ​សារព័ត៌មាន​លោក​អភិបាលរង​បាន​បញ្ជា​ហើយ​ឲ្យ​ម្ចាស់​ផ្សារ​នោះ​កាយ​ដី​ចេញ​វិញ​ឲ្យ​អស់​...» ។

កាលពី​ម្សិលមិញ​លោក ជា សុខា ម្ចាស់​ផ្សារ​ប្រសូតិ​មិន​អាច​ទាក់ទង​សុំ​ការបំភ្លឺ​ជុំវិញ​ករណី​នេះ​បាន​ទេ​៕