កំពតៈ សមា​ជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះនិង​ផ្ដល់​យោបល់​និង​ជា​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក លោក​ សុខ​សុវណ្ណ វឌ្ឍនា​សាប៊ុង​ គ្រោង​ចុះ​ស៊ើប​អង្កេត​នៅ​សប្ដាហ៍​នេះ បន្ទាប់​ពី​មាន​ក្រុមហ៊ុន ១ បាន​ផ្សព្វផ្សាយ​ពី​ការ​លក់​ដី​ដែល​បោះ​បង្គោល​រំលោភ​យក​សមុទ្រ ១ កន្លែង​​នៅ​ខេត្ត​កំពត ខណៈ​អភិបាល​ខេត្ដ​នេះ​ក៏​បាន​បញ្ជា​ឲ្យ​មន្រ្ដី​ចុះ​ស្រាវជ្រាវ​ដល់​ទីកន្លែង​ជាក់ស្ដែង។

សមា​ជិក​ឧត្តម​ក្រុម​ប្រឹក្សា​រូប​នេះ​បាន​សម្ដែង​ការ​ងឿង​ឆ្ងល់ក្រោយ​ពេល​​ឃើញ​ក្រុម​ហ៊ុន​អចលន​ទ្រព្យ​ ១ បាន​​ផ្សព្វផ្សាយពី​ការ​លក់​ដី​ដែល​បាន​បោះ​​បង្គោល​ដល់​ក្នុង​ទឹក​សមុទ្រ​ឲ្យ​អតិថិ​ជន​ដោយ​បញ្ជាក់​ថា ​មាន​ប្លង់​កម្ម​សិទ្ធិ​ (ប្លង់​រឹង) ផង​នោះ។ លោក​បាន​​ស្នើឱ្យ​អាជ្ញាធរខេត្ដ​ឆ្លើយបំភ្លឺ បើ​មិន​ដូច្នេះ​ក្នុង​សប្ដាហ៍នេះ​​នឹង​ចុះទៅ​ស៊ើប​អង្កេត​ដោយ​ផ្ទាល់។

លោក​បាន​បញ្ជាក់​​ពីម្សិល​មិញ​ថា៖ «រឿង​អី​បាន​ជាទៅបោះ​បង្គោល​ចូល​សមុទ្រ​ហើយ​អាជ្ញា​ធរ​មិន​ដឹង​មិន​ឮ។​ កុំ​បន្ទោស​ប្រជា​ជន​ថា​មាន​ការ​ភ្ញាក់​ផ្អើល​ សូម្បី​តែ​ខ្ញុំ​ជា​មន្រ្ដី​របស់​រដ្ឋ​ក៏មាន​ការ​ភ្ញាក់​ផ្អើល​ដែរ ព្រោះ​សមុទ្រ​គេ​ទៅ​បោះ​បង្គោល​ចូល​អ៊ីចឹង​តើ​គេ​ធ្វើ​អី? មុន​នឹង​មាន​គម្រោង​អ្វី​ ១​ អាជ្ញា​ធរ​ត្រូវ​ប្រ​កាស​ថា​ បាន​គម្រោង​វិនិយោគ​មួយណា»។

លោក ​សា​ប៊ុង បាន​ចោទ​សួរ​ទៅ​អាជ្ញាធរ​ខេត្ដ​ថា តើ​ការ​បោះ​បង្គោល​ដល់​ក្នុង​សមុទ្រ​នេះឈរ​លើ​ប្លង់​កម្មសិទ្ធិ​ប្លង់​រឹង ឬ​ប្លង់​រាវ?

បើ​ប្លង់​រឹង​ជា​ប្លង់​រឹង​ត្រឹម​លើ​ដីឬ​លាត​សន្ធឹង​ដល់​ក្នុង​សមុទ្រ?​ លោក​បញ្ជាក់​ថា​ សមុទ្រ​បឹង​បួ ​ព្រៃភ្នំ ទន្លេ ជា​កម្មសិទ្ធិ​របស់​រដ្ឋ។

លោក​បាន​បញ្ជាក់​ថា​៖​ «នេះ​ជាភាព​ទុច្ចរិត​របស់​ឈ្មួញហើយ​បើ​ធ្វេស​ប្រហែស​ក៏ធ្វេស​ប្រហែស​ដោយ​មន្រ្ដី​ថ្នាក់​ក្រោម​​ជាតិ​ហ្នឹង​បន្លំ​ដែរ​។ យើង​ប្រហែល​ជា​៣​ថ្ងៃ​ទៀត​ចប់​ថ្ងៃ​សម្រាក​ ព្រោះ​ថ្ងៃ​សម្រាក​យើង​សុំ​បែប​បទ​ចុះទៅ​អត់​ទាន់​ប្រហែល​ថ្ងៃ​ ២៤-២៥ នេះ (ខែ​នេះ) យើង​ចុះ​ទៅ»។

បើ​តាម​លោក សាប៊ុង រូបភាព​បោះ​បង្គោល​ចូល​សមុទ្រ​នេះ​ជា​ការ​​ផ្សព្វ​ផ្សាយ​លក់​អចលន​ទ្រព្យ​ដោយ​ក្រុម​ហ៊ុន​លក់​អចលន​ទ្រព្យ​មួយ​ឈ្មោះ​ថា Blue Star Kampot Real Estate ដែល​ក្រុមហ៊ុន​បាន​​អះអាង​ថា​ មាន​ប្លង់រឹង។

លោក​ថា​៖ «ក្រុម​ហ៊ុន​នេះ​លក្ខណៈ​ក្រុម​ហ៊ុន​អចល​ន​ទ្រព្យ​ឯក​ជន​បាន​ផ្សាយ​លក់​អច​លនទ្រព្យ​តាម​រូប​ភាព​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​ជា​សា​ធារ​ណៈ​តែ​ម្ដង​ដោយ​អះ​អាង​ថា​មាន​ប្លង់​រឹង​ ទើប​យើង​មាន​ការ​ភ្ញាក់ផ្អើល​បែប​នេះ»។

លោក​បាន​បញ្ជាក់​ថា អ្នក​វិនិ​យោគ​អាចវិ​និយោ​គ​ក្នុង​សមុទ្រ​បាន​លុះ​ត្រាទ​ទួលបា​នសិ​ទ្ធិ អនុប្បយោគឬ​សម្បទាន​ពីរដ្ឋ​ស្ថិត​ក្នុង​លក្ខខណ្ឌ​មួយចំនួន។

ទាក់​ទង​នឹង​ករណី​នេះ​ ភ្នំពេញ​ប៉ុស្ដិ៍​មិន​ទាន់​អាច​សុំ​ការអត្ថា​ធិប្បាយពី​ ​លោក​ ជាវ​ តាយ​ អភិបាល​ខេត្ដ​កំពត​បាន​នៅឡើយ​ទេ​កាល​ពី​ម្សិល​មិញដោយ​សារ​ទូរស័ព្ទ​លោក​មិនមាន​អ្នក​ទទួល។

​ប៉ុន្តែ​លោក​បាន​ប្រាប់​បណ្ដាញ​ព័ត៌មា​ន Fresh News ថា​ លោក​បាន​បញ្ជា​ឱ្យ​មន្ដ្រី​ចុះ​​ស្រាវជ្រាវ​ការ​បោះ​បង្គោល​ចូល​សមុទ្រ​នេះ​​ជា​បន្ទាន់​ ដោយ​លោក​អះអាង​ថា ករណី​នេះ​លោក​បាន​ទទួល​ព័ត៌​មាន​និ​ងរូបភា​ព​ពីមន្ត្រី​បរិស្ថាន​ ប៉ុន្ដែ​មិន​ទាន់ដឹ​ងថា នៅ​ចំណុ​ចទីតាំង​ណា​ឱ្យ​ពិត​ប្រាកដ​នោះ​ទេ។​

​លោក​​អភិ​បាល​ខេត្ត​បាន​បញ្ជាក់​ថា៖​ «បើសិន​រក​ឃើញ​និង​ស្រាវ​ជ្រាវ​ទៅ​ពិត​ជា​ខុស​ច្បាប់​មែន​នោះ​នឹង​​ឲ្យ​ដក​បង្គោលនោះ​ចេញ​ជា​បន្ទាន់ ពីព្រោះ​គ្មាន​បុគ្គល​ណា​មាន​សិទ្ធិ​ទៅ​បោះ​បង្គោល​វាតទី​នៅ​ក្នុង​ទឹក​សមុទ្រ​នោះ​ឡើយ»។

យ៉ាង​ណា​ក្ដី លោក កែវ សុជាតិ ប្រធាន​ក្រុម​ហ៊ុន​ BLUE STAR REAL ESTATECo.,Ltd ដែល​បាន​ផ្សព្វ​ផ្សាយ​ពីការ​លក់​អចលនទ្រព្យ​និង​លក់​ដី​ដែល​បាន​បោះ​បង្គោល​ចូល​សមុទ្រនេះបា​ន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពី​ម្សិលមិញ​ថា ​ទីតាំង​ដី​ខាង​លើ​មាន​ទំហំ​ជាង​ ១ ហិក​តា​ ស្ថិត​នៅ​សង្កាត់​ត្រើយ​កោះ ក្រុង​-ខេត្ត កំពត តែ​មិនមែន​ជា​របស់​ក្រុមហ៊ុន​ទេ​ គឺ​មាន​ម្ចាស់​ផ្សេង។

លោក​ សុជាតិ បាន​អះ​អាង​ថា ​ម្ចាស់​ដី​មាន​ប្លង់​ដី​ត្រឹម​ត្រូវ ប៉ុន្ដែ​ក្រោយ​មាន​ផ្ទុះ​ព័ត៌​មាន​រិះគន់​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ច្រើន​ពេក លោក​បាន​សុំ​ម្ចាស់​ផ្អាក​ការ​លក់​ដី​នេះ​ហើយ។

លោក​បញ្ជាក់​ថា​៖ «យើង​ឈប់​ផ្សព្វ​ផ្សាយ​ឱ្យ​គាត់ ​(ម្ចាស់​ដី​) ហើយបាន​ជូន​ដំណឹង​ឱ្យ​គាត់​រួច​រាល់​អស់​ហើយ។ ម្ចាស់​ដី​ថាគាត់​មាន​ប្លង់​ត្រឹម​ត្រូវ ប៉ុន្ដែ​ឃើញ​ព័ត៌​មាន​ផ្សព្វ​ផ្សាយ​ច្រើន អ៊ីចឹង​ទើប​យើង​ប្រាប់​​គាត់​ឱ្យ​ផ្អាក​ផ្សព្វផ្សាយ​លក់​សិន»។

បើ​តាម​លោក សុជាតិ ទី​តាំង​ដីខាង​លើ​ជា​តំបន់​ដីភក់​សមុទ្រ​ទទួល​រង​សម្ពាធ​ទឹក​ជោរ ​និង​នាច​នៅ​ពេល​ទឹក​សមុទ្រ​ជោរ​ឡើង ​មើល​ទៅ​ឃើញ​ផ្ទៃ​ទឹក​សមុទ្រ​ល្វឹង​ល្វើយ។

លោក​ សុខ​ សុខុម ប្រធាន​អង្គការ​ស្រាវ​ជ្រាវ​ជាតិ​កម្ពុជា (CNRO) ដែល​តែង​តាម​ឃ្លាំមើល​បញ្ហា​តា​មឆ្នេ​រស​មុទ្របា​ន​លើក​ឡើង​ថា ការ​អភិវឌ្ឍ​តាម​ខេត្ដ​ជាប់​សមុទ្រ​ លោក​នាយករដ្ឋ​មន្រ្ដី​ ហ៊ុន សែន ធ្លាប់​បាន​បញ្ជាក់​ច្បាស់​ហើយ​ថា​ កុំ​ឱ្យ​ចូល​ក្នុង​សមុទ្រ​ ប៉ុន្ដែ​បច្ចុប្បន្ន​បែរ​ជាមាន​សកម្ម​ភាព​​ខ្លះ​ចាក់​ដីលុប​សមុទ្រ​និង​ការ​បោះ​បង្គោល​ព្រ​ដី​ចូល​ក្នុង​សមុទ្រ​ជាដើម។

លោក​បា​ន​បន្ដ​ថា​៖ «សកម្មភាព​រំលោភ​ដី​របស់​រដ្ឋដោយ​ចាក់​ដីចូ​លសមុទ្រ​ថ្មីៗនេះកំពុង​កើត​ឡើង​តាម​បណ្ដា​ខេត្ដ​ជាប់​សមុទ្រ​មួយ​ចំនួន ដូចជា កំពត កោះកុង និង​ព្រះសីហនុ។ ដូច្នេះ​អាជ្ញាធរ​ខេត្ដ​គួរ​តែ​ពង្រឹង​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ និង​មើល​គម្រោង​អភិវឌ្ឍ​ន៍ឱ្យ​បាន​ច្បាស់លាស់​ ពីព្រោះ​បច្ចុប្បន្ន​នេះ​មាន​ការ​អភិវឌ្ឍ​ចូល​សមុទ្រ​ផង​ មាន​បុគ្គល​ទៅ​ចាក់​ដីលុប​យក​សមុទ្រ​ផង​ក៏មាន»៕