ភ្នំពេញៈ មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​បាន​ជំរុញ​ឲ្យ​ក្រុម​អ្នក​ដែល​ចូលរួម​គាំទ្រ​ផែនការ​វិលត្រឡប់​របស់​លោក សម រង្ស៊ី ចូល​សារភាព ឬ​ត្រូវ​ប្រកាស​បដិសេធ​ចូលរួម​ផែនការ​ «​រដ្ឋប្រហារ​» ខណៈ​ដែល​មន្ត្រី​ទាំងនេះ​បាន​ចង្អុលបង្ហាញ​ថា អ្នក​ដែល​ស្ថិត​ក្នុង​រចនាសម្ព័ន្ធ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​គ្រប់​លំដាប់ថ្នាក់ គឺជា​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ផែនការ​ «​រដ្ឋប្រហារ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​»​។

លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​នៅក្នុង​កម្មវិធី វោហារ​ឆ្នើម ប្រកួតប្រជែង និយាយ​ភាសា​អង់គ្លេស វគ្គ​ផ្ដាច់ព្រ័ត្រ​កាលពី​ថ្ងៃទី​ ១២ ខែ​តុលា​ឆ្នាំ​ ២០១៩ ​នៅ​ខេត្ត​ព្រៃវែង​ថា ជម្រើស​ដែល​ល្អ​សម្រាប់​ក្រុម​អ្នកគាំទ្រ​ការវិលត្រឡប់​របស់​លោក សម រង្ស៊ី គឺ​មាន​តែ​ចេញមក​ប្រកាស​អំពី​ការមិន​ចូលរួម​ក្នុង​ផែនការ​របស់​លោក សម រង្ស៊ី ​នៅ​ថ្ងៃទី​ ៩ ខែ​វិច្ឆិកា​។

លោក​បញ្ជាក់ថា​៖ «​ក្នុងឋានៈ​យើង​ការពារ​សុខសន្ដិភាព ​ស្ថិរភាព ការពារ​រដ្ឋាភិបាល កើត​ចេញ​ពី​ការបោះឆ្នោត តែ​ពួក​អស់លោក​នាំគ្នា​ទៅ​គាំទ្រ បំផ្លាញ​សុខសន្ដិភាព ផ្ដួលរំលំ​រដ្ឋាភិបាល​កើត​ចេញ​ពី​ការបោះឆ្នោត បង្ក​អស្ថិរភាព រាំងស្ទះ​ដល់​ការអភិវឌ្ឍ​ឲ្យ​ធ្វើ​យ៉ាង​​ម៉េច​ឥឡូវនេះ​? វា​អត់​មាន​ជម្រើស​ក្រៅពី​ហ្នឹង​ទេ ហើយ​ជម្រើស​ដែល​ល្អ​គឺ​ពួកគាត់​មិន​ចូលរួម បដិសេធ​មិន​ចូលរួម អាហ្នឹង​គឺជា​ការល្អ​បំផុត ពីព្រោះ​នៅក្នុង​គ្នា​គាត់​ហ្នឹង​ក៏​មាន​អ្នក​ដែល​បាន​បដិសេធ​ជាច្រើន​នាក់​រួច​មក​ហើយ​»​។

បើតាម​លោក ស ខេង ការអំពាវនាវ​របស់​លោក សម រង្ស៊ី ឲ្យ​ប្រជាជន​ប្រមូលផ្តុំ​ងើប​តស៊ូ​ដើម្បី​ «​ផ្ដួលរំលំ​រដ្ឋាភិបាល​ និង​ឲ្យ​កងទ័ព​ប្រឆាំង​រដ្ឋាភិបាល ការប្រមាថ​ព្រះមហាក្រត្យ និង​ទាមទារ​ឲ្យ​ព្រះមហាក្សត្រ​ដាក់រាជ្យ​»​ថា​ជា​ទង្វើ​បំបែកបំបាក់​ជាតិ​ធ្វើឲ្យ​មាន​អស្ថិរភាព និង​អសន្តិសុខ​ដែល​ដើរ​ហួស​ពី​បន្ទាត់​ក្រហម​ដែល​រាជរដ្ឋាភិបាល និង​សមត្ថកិច្ច​ត្រូវតែ​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ចំពោះ​អ្នក​ដែល​ពាក់ព័ន្ធ​។

លោក​បន្តថា​៖ «​បាន​ជា​គាត់ (​សម រង្ស៊ី​) ​ចាំបាច់​ត្រូវ​ប្រកាស​ដោយសារ​តែ​គាត់​មាន​ផែនការ​ហើយ​ផែនការ​របស់​គាត់​ស្អី​? ផែនការ​របស់គាត់ គឺ​គាត់​ចង់​យក​ឱកាស​ដែល​គាត់​ចូល​ស្រុក​នេះ​ដើម្បី​នឹង​ប្រមូល​កម្លាំង​ដែល​គាំទ្រ​គាត់ តស៊ូ​ដើម្បី​ផ្ដួលរំលំ​រដ្ឋាភិបាល​ដែល​កើតចេញ​ពី​ការបោះឆ្នោត​។ សម រង្ស៊ី មក​នេះ​មិនមែន​មក​ល្អ​ទេ គឺ​នាំ​សង្គ្រាម​មក​ដែល​ឥឡូវ​យើង​កំពុង​នឹង​អបអរ​បុណ្យអុំទូក បុណ្យ​ឯករាជ្យ គាត់​មក​បំបែកបំបាក់ បង្កបញ្ហា​មិនឱ្យ​ប្រជាជន​សប្បាយ​ទៅវិញ​តើ​មាន​ន័យ​ថា​យ៉ាងម៉េច​? អាហ្នឹង​យើង​មិន​ចេះតែ​និយាយ​អត់​ហេតុ​អត់​ផល​ទេ​»​។

លោក ស ខេង ក៏បាន​អំពាវនាវ​ដល់​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ជួយ​ធ្វើការ​ទប់ស្កាត់ ការប៉ុនប៉ង​ណាមួយ​ដែល​ចង់​ផ្តួលរំលំ បំផ្លាញ​សុខសន្តិភាព​ស្ថិរភាព និង​ការអភិវឌ្ឍ ហើយ​កុំ​ឲ្យ​ធ្វើការ​គំរាមកំហែង​ចោទប្រកាន់ បំភ័យ ឬ​លាប​ពណ៌​ចំពោះ​អ្នក​ដែល​មិនបាន​ពាក់ព័ន្ធ​នឹង​ផែនការ​របស់​លោក សម រង្ស៊ី ហើយ​ត្រូវ​ព្យាយាម​អប់រំ និង​ពន្យល់​ពួកគេ​ឲ្យ​យល់​អំពី​ផែនការ​រដ្ឋប្រហារ​របស់​លោក សម រង្ស៊ី​។

ជាមួយ​គ្នា​នេះ​លោក គឹម សន្ដិភាព អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា អ្នក​ដែល​ទទួល​ផែនការ​រដ្ឋប្រហារ ដោយសារ​តែ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​អចិន្រៃ្តយ៍​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃទី​ ១៥ ខែ​កញ្ញា​កន្លង​ទៅ​ហើយ​ថា​អ្នក​ដែល​ចង់​រួច​ផុតពី​ការទទួល​ខុសត្រូវ​ផ្លូវច្បាប់​ចំពោះ​បទឧក្រិដ្ឋ​មួយ​នេះ​ត្រូវ​មក​សារភាព​ពី​ទោសកំហុស​របស់​ខ្លួន​នៅ​ចំពោះមុខ​សមត្ថកិច្ច​។

លោក​បញ្ជាក់ថា​៖ «​ហេតុដូចនេះ ចង់​ ឬ​មិន​ចង់ អ្នក​ដែល​ស្ថិត​ក្នុង​រចនាសម្ព័ន្ធ​នៃ​អតីតគណបក្ស​សង្គ្រោះ​ជាតិ​គ្រប់​លំដាប់ថ្នាក់​គឺជា​អ្នក​ដែល​ពាក់ព័ន្ធ​ក្នុង​ផែនការ​រដ្ឋប្រហារ​រំលំ រាជរដ្ឋាភិបាល​ស្របច្បាប់ និង​របបរាជានិយម​ដែល​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ មាន​តួនាទី​អនុវត្ត​រាល់​វិធានការ​ច្បាប់​លើ​ជន​ទាំងនេះ​»​។

លោក​បន្តថា​៖ «​ហេតុនេះ​ដើម្បី​បាន​រួច​ផុតពី​ការទទួល​ខុសត្រូវ​ផ្លូវច្បាប់​លើ​បទឧក្រិដ្ឋ​នេះ សូម​ភ្ញាក់ខ្លួន​ចេញ​មក​សារភាព​ជាមួយ​សមត្ថកិច្ច​ជាបន្ទាន់ នោះ​អ្នកនឹង​បាន​រួច​ផុត​ពី​ទោសទណ្ឌ​នេះ​»​។

ស្ដ្រី​ឈ្មោះ ប៉ែន មុំ អ្នកគាំទ្រ​ការវិលត្រឡប់​របស់​លោក​ សម រង្ស៊ី នៅ​ខេត្តកំពត​ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​ ១២ ខែ​តុលា​នៅ​រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ​ការរួម​គំនិត​ក្បត់ជាតិ​តាម​ផែនការ​របស់​លោក សម រង្ស៊ី​។

បើ​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​តំណាង​អយ្យការ​សាលាដំបូង​ខេត្តកំពត​កាលពី​ថ្ងៃទី ៩ ខែ​តុលា​បាន​បញ្ជាក់ថា​៖ «​ពាក់ព័ន្ធ​លើ​ករណី​រួមគំនិត​ក្បត់​ដែល​បាន​ប្រើ​គណនី Facebook ឈ្មោះ សំបូរ មុំ សរសេរ​ស្ទើរ​រាល់ថ្ងៃ ចាប់តាំងពី​ក្រោយ​គណបក្ស​សង្គ្រោះជាតិ​ត្រូវបាន​តុលាការ​កំពូល​សម្រេច​រំលាយ​តាំងពី​ខែ​វិច្ឆិកា​ឆ្នាំ​ ២០១៧ រហូត​ដល់​បច្ចុប្បន្ន​ប្រឆាំង​គោលនយោបាយ​ស្រប​ច្បាប់​កៀរគរ​បំផុស​ឲ្យ​មហាជន​ចូលរួម​ក្នុង​ផែនការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​»​។

កាលពី​ថ្ងៃទី​ ១១ ខែ​តុលា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លោក ម៉ន ផល្លា ប្រធាន​ប្រតិបត្តិ អតីតគណបក្ស​សង្គ្រោះ​ជាតិ រាជធានី​ភ្នំពេញ​ពីបទ «​រួមគំនិត​ក្បត់​» ក្នុង​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​តាម​គំនិត​របស់​ «​ឧក្រិដ្ឋជន សម រង្ស៊ី​»​។

បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា​៖ «​ដោយយោង​តាម​ចម្លើយ​សារភាព​របស់​ជន​ត្រូវ​ចោទ​ឈ្មោះ ទិត្យ សុផាត ភេទ​ស្រី និង​ជន​ត្រូវ​ចោទ​ឈ្មោះ សេង សុខន ភេទ​ស្រី​នៅ​ចំពោះ​​មុខ​ចៅក្រម​ស៊ើបសួរ ជន​ត្រូវ​ចោទ​ទាំង​ ២ បាន​សារភាព​ថា​ឈ្មោះ ម៉ន ផល្លា ភេទ​ប្រុស អាយុ​ ៤៤ ឆ្នាំ គឺជា​មេខ្លោង​នៅ​ពីក្រោយ​ការឃោសនា ញុះញង់ និង​បញ្ចុះបញ្ចូល​ឲ្យ​ជន​ត្រូវ​ចោទ​ទាំង​ ២ ​នាក់​ដើរ​បំផុសបំផុល​ប្រជាពលរដ្ឋ​ឲ្យ​ងើប​បះបោរ ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ដែល​ជា​អំពើ​ខុសច្បាប់​ធ្ងន់ធ្ងរ ក្រោម​ឧបាយកល​ជា​ផែនការ​នៃ​ការវិល​ត្រឡប់មក​កម្ពុជា​វិញ​របស់​ឧក្រិដ្ឋជន សម រង្ស៊ី​»​។

លោក រស់ គឹមសៀង ដែលជា​អ្នកគាំទ្រ​ការវិលត្រឡប់​របស់​លោក សម រង្ស៊ី ម្នាក់​ត្រូវ​តុលាការ​សម្រេច​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្នកាល​ពី​ថ្ងៃ​ទី​ ១១ ខែ​តុលា​បន្ទាប់ពី​លោក​បាន​សារភាព​កំហុស​​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ​អំពី​ផែនការ​ធ្វើ​រដ្ឋប្រហារ​របស់​លោក​ សម រង្ស៊ី​។

លោក គឹមសៀង បាន​ថ្លែងថា​៖ «​ខ្ញុំ​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សកម្មជន និង​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​ទូទាំង​ប្រទេស​កម្ពុជា ជាពិសេស​មិត្ត​ដែល​ធ្លាប់​ធ្វើការ​ជាមួយ​ខ្ញុំ​កន្លងមក ហើយ​ស្គាល់ ជាពិសេស​កម្លាំង​យុវជន​សូម​បងប្អូន​ទាំងអស់ កុំ​ស្តាប់​តាម​ការ​បំផុសបំផុល អំពាវនាវ​របស់​លោក សម រង្ស៊ី កាលណា​សមត្ថកិច្ច​ចាប់ខ្លួន​ដូចជា រូបខ្ញុំ អស់​លោក​ប្រាកដ​ជា​មាន​សេចក្តី​វេទនា​ជាក់​ជា​មិន​ខាន​»​។

លោក នី សុខា ប្រធាន​ផ្នែក​ស៊ើបអង្កេត សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា រាជរដ្ឋាភិបាល មិនគួរ​ប្រើប្រាស់​ប្រព័ន្ធ​ច្បាប់​កម្ពុជា ដើម្បី​គាបសង្កត់​ទៅលើ​អ្នកគាំទ្រ ការវិលត្រឡប់​របស់​លោក សម រង្ស៊ី នោះទេ​ពីព្រោះ​ការធ្វើ​ដូច្នេះ​មិន​អាច​ដោះស្រាយ​បញ្ហា​បានឡើយ​។

លោក​បញ្ជាក់​ថា​៖ «​រឿងនេះ គឺជា​រឿង​នយោបាយ​ជា​ជាង​ការអនុវត្ត​ច្បាប់ ដោយសារ​តែ​ការចាប់ខ្លួន​ជា​បន្តបន្ទាប់​នេះ​កើតមាន​ឡើង​ចាប់​តាំងពី​រាជរដ្ឋាភិបាល​បាន​រំលាយ គណបក្ស​សង្គ្រោះ​ជាតិ និង​បាន​ចាប់​មេដឹកនាំ ព្យួរ​សិទ្ធិ​ធ្វើ​នយោបាយ​របស់​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​... ដូច្នេះ​អ្នក​ដែល​មិន​សុខចិត្ត​មាន​ការតវ៉ា​។ អ្នកនយោបាយ​គួរ​តែ​កុំ​ប្រើប្រាស់​ប្រព័ន្ធ​ច្បាប់​ដោះស្រាយ​បញ្ហានយោបាយ​ដែល​ធ្វើឲ្យ​វា​កាន់តែ​លំបាក​ក្នុង​ការដោះស្រាយ​»​។

យ៉ាងណាក្តី​លោក ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា អង្គការ​សង្គម​ស៊ីវិល​​មួយ​ចំនួន តែងតែ​ធ្វើការ​រិះគន់​ទៅលើ​រាជរដ្ឋាភិបាល ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​។

លោក​បាន​បញ្ជាក់ថា​៖ «​សង្គម​ស៊ីវិល​មួយចំនួន​សុទ្ធតែ​មាន​និន្នាការ​ប្រឆាំង ហើយ​សុទ្ធតែ​មានចិត្ត​លម្អៀង និង​កេងចំណេញ​។ សំខាន់ យើង​មើល​ស្ថានភាព​ជាក់ស្តែង​ទាំងអស់​។ សង្គម​ស៊ីវិល​តែមួយ​ក្តាប់​តូច​ទេ​»​។

លោក​ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា​ចាប់តាំងពី​មាន​ការប្រកាស​ធ្វើ​រដ្ឋប្រហារ​របស់​លោក​ សម រង្ស៊ី សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នកគាំទ្រ​ផែនការ​រដ្ឋប្រហារ​​របស់​លោក សម រង្ស៊ី ចំនួន ៤០ ​នាក់ និង​មាន​អ្នកគាំទ្រ​ផែនការ​រដ្ឋប្រហារ​របស់​លោក​ សម រង្ស៊ី​ ៣ ​នាក់​បាន​ចូល​សារភាព​៕