បន្ទាយមានជ័យៈ មន្ត្រី​កងរាជ​អាវុធហត្ថ​ខេត្ដ​បន្ទាយមានជ័យ​ចំនួន​ ២ ​រូប​ដែល​ត្រូវបាន​រកឃើញ​ថា បាន​ប្រើ​អំពើហិង្សា​ធ្វើ​ទារុណកម្ម វាយដំ លើ​ប្រជាពលរដ្ឋ​ជា​សកម្មជន​ដីធ្លី​ចំនួន​ ៥ ​នាក់​ រហូត​ដល់​បណ្ដាលឱ្យ​ពលរដ្ឋ​ម្នាក់​ស្លាប់​ត្រូវ​បាន​តុលាកា​ខេត្ដ​បន្ទាយមានជ័យ​សម្រេច​ចោទប្រកាន់​ពី​បទហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស និង​បញ្ជូនទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​កាលពី​ម្សិលមិញ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អ្នក​នាំពាក្យ​សាលាដំបូង​ខេត្ដ​បន្ទាយមានជ័យ​កាលពី​ម្សិលមិញ​បាន​ឱ្យដឹងថា ឈ្មោះ នូវ នឿន ភេទ​ប្រុស អាយុ​ ៦២ ​ឆ្នាំ​, ឈ្មោះ ហ៊ឹម គិរី ភេទ​ប្រុស អាយុ​ ៤៥ ​ឆ្នាំ, ​ឈ្មោះ យិប ម៉ក់ ភេទ​ប្រុស អាយុ​ ៦១ ​ឆ្នាំ, ឈ្មោះ អាន រួន ភេទ​ប្រុស អាយុ ៥៩ ​ឆ្នាំ និង​ឈ្មោះ​ ទុយ ស្រស់ ភេទ​ប្រុស អាយុ ៣៤ ​ឆ្នាំ​ ត្រូវ​បាន​សមត្ថកិច្ច​កងរាជ​អាវុធហត្ថ​ខេត្ដ​បន្ទាយមានជ័យ​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​ ២៨ ខែ​ធ្នូ ឆ្នាំ ២០១៩ ពាក់ព័ន្ធ​ករណី​រំលោភ​កាន់កាប់​ដី​របស់​ឯកជន និង​ដី​របស់​រដ្ឋ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បន្តថា បន្ទាប់ពី​បាន​ទទួល​ព័ត៌មាន​ថា ឈ្មោះ ទុយ ស្រស់ បាន​ទទួល​មរណភាព​កាលពី​ថ្ងៃទី​ ១ ខែ មករា ឆ្នាំ​ ២០២០ ដោយមាន​ការប្ដឹង​ចោទប្រកាន់​ថា សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ដ​បន្ទាយមានជ័យ​បាន​ប្រើ​អំពើហិង្សា និង​ធ្វើ​ទារុណកម្ម​បណ្ដាល​ឱ្យ​ស្លាប់​អយ្យការ​អម​សាលាដំបូង​ខេត្ដ​បន្ទាយមានជ័យ​បាន​បើក​ការស៊ើប​អង្កេត​ដោយ​យក​ចិត្ដ​ទុកដាក់​ជា​បន្ដបន្ទាប់​។

នៅ​ថ្ងៃទី​ ១៣ ខែ​ មករា ឆ្នាំ​ ២០២០ គណៈកម្មការ​ចំពោះ​កិច្ច​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​បើក​ការ​ស៊ើបសួរ​អង្កេត និង​ស្រាវជ្រាវ​ជា​លទ្ធផល​រកឃើញថា​៖ «​នាយទាហាន​នៃ​កងរាជអាវុធហត្ថ​ចំនួន ២ នាក់ ឈ្មោះ ស ប៊ុនសឿង ជា​មេបញ្ជាការរង​កងរាជ​អាវុធហត្ថ​ខេត្ដ​បន្ទាយមានជ័យ និង​ឈ្មោះ ឆយ រដ្ឋនា ជា​ជំនួយការ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កងរាជ​អាវុធហត្ថ​ខេត្ដ​បន្ទាយមានជ័យ​បាន​ប្រើ​អំពើហិង្សា​ដោយ​វាយ​ជនសង្ស័យ​ពិតប្រាកដ​មែន​»​។

សាលាដំបូង​ខេត្ដ​បន្ទាយមានជ័យ​បញ្ជាក់ថា នៅ​ល្ងាច​ថ្ងៃទី​ ១៨ ខែ មករា ឆ្នាំ​ ២០២០ មន្ដ្រីនគរបាល​យុត្ដិធម៌​នៃ​គណៈកម្មការ​ចំពោះ​កិច្ចកងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​កសាង​សំណុំរឿង និង​បញ្ជូន​នាយ​កងរាជអាវុធហត្ថ​ទាំង​ ២ ​នាក់​មក​អយ្យការ​អម​សាលាដំបូង​ខេត្ដ​បន្ទាយមានជ័យ​។

នៅ​ថ្ងៃទី​ ១៩ ខែ​ មករា ឆ្នាំ​ ២០២០ ​អយ្យការ​អម​សាលាដំបូង​ខេត្ដ​បន្ទាយមានជ័យ​បាន​សម្រេច​ចោទប្រកាន់​ឈ្មោះ ស ប៊ុនសឿង និង​ឈ្មោះ ឆយ រដ្ឋនា​ពី​បទហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ដោយសារ​មរណភាព​នៃ​ជនរងគ្រោះ តាម​បញ្ញត្ថិ​នៃ​មាត្រា​ ២១៨ និង​មាត្រា ២២៤ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

សាលាដំបូង​ខេត្ដ​បន្ទាយមានជ័យ​បញ្ជាក់ថា​៖ «​នៅ​ថ្ងៃទី ១៩ ដដែល​ក្រោយពី​បាន​សួរចម្លើយ​ជន​ត្រូវ​ចោទ និង​ពិនិត្យ​សំណុំរឿង​រួចមក​ ចៅក្រម​ស៊ើបសួរ​បានសម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ទាំង​ ២ ​ជា​បណ្ដោះអាសន្ន​បញ្ជូន​ទៅ​ពន្ធនាគារ​ខេត្ដ​បន្ទាយមានជ័យ ដើម្បី​ចាត់ការ​បន្ដ​តាមច្បាប់​»​។

កងរាជ​អាវុធហត្ថ​លើ​ផ្ទៃប្រទេស​កាលពី​ម្សិលមិញ​ក៏​បានចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ដែរ ជុំវិញ​លទ្ធផល​នៃ​ការធ្វើ​អធិការកិច្ច​របស់​គណៈកម្មការ​ចំពោះ​កិច្ច​ដោយ​បញ្ជាក់ថា នាយទាហាន​នៃ​កងរាជ​អាវុធហត្ថ​ខេត្ដ​បន្ទាយមានជ័យ ចំនួន ២ ​នាក់​បាន​ប្រើ​អំពើហិង្សា​ដោយ​វាយ​មកលើ​ពលរដ្ឋ​ទាំង ៥ ​នាក់​ខាងលើ​ពិតប្រាកដ​មែន​។

លោក អេង ហ៊ី អ្នកនាំពាក្យ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ថា​៖ «​ចំពោះ​ក្រុមការងារ​គណៈកម្មការ​ចំពោះ​កិច្ច​របស់​យើង បើ​ថា​ចប់​ក៏​មិនទាន់​ថា​ចប់ នេះ​គ្រាន់​តែ​ជា​ជំហាន​របស់​ក្រុមការងារ​របស់​យើង​ហើយ​ធ្វើ​របាយការណ៍​ជូន​ទៅ​ឯកឧត្ដម​មេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដើម្បី​ធ្វើការ​ប្រជុំ​គណៈកម្មការ​ចំពោះ​កិច្ច​»​។

លោក នូវ នឿន ជនរងគ្រោះ​ម្នាក់​ក្នុង​ចំណោម ៥ ​នាក់​ដែល​ទទួលរង​ការវាយ​ធ្វើ​ទារុណកម្ម​បាន​សាទរ​ចំពោះ​ការចាប់​ឃាត់ខ្លួន​មន្ត្រី​អាវុធហត្ថ​ទាំង​ ២ ​រូបនេះ​។ លោក​ចាត់ទុក​ថា នេះ​បង្ហាញ​ពី​ការ​អនុវត្ដ​ការងារ​ប្រកប​ដោយ​យុត្ដិធម៌​ដល់​ជនរងគ្រោះ​ដែល​បាន​ស្លាប់ និង​រូបលោក​ផ្ទាល់ ប៉ុន្ដែ​លោក​សូម​សំណូមពរ​ឱ្យ​ធ្វើការ​ស្រាវជ្រាវ​ចាប់​ខ្លួន​ជនពាក់ព័ន្ធ​ដែលជា​អ្នកបញ្ជា​លើ​រឿងនេះ​បន្ថែមទៀត​។

លោក​ថ្លែងថា​៖ «​ការឃាត់ខ្លួន​ជនដៃដល់​នេះ​គឺជា​ការបង្ហាញ​ភាពយុត្ដិធម៌​ច្បាស់លាស់​នៃ​យុត្ដិធម៌​សង្គម​សម្រាប់​ខ្ញុំ ដែល​រាជរដ្ឋាភិបាល​បាន​គិតគូរ​ដិតដល់​យក​ចិត្ដ​ទុកដាក់​ដោយ​បាន​ចាប់​ឃាត់ខ្លួន​ជនដៃដល់​យក​អំណាច​មក​ប្រើ​អំពើហិង្សា​លើ​ប្រជាពលរដ្ឋ​បែបនេះ​។ ប៉ុន្ដែ​ពួកខ្ញុំ​ស្នើឱ្យ​តាម​ស្រាវជ្រាវ​វែកមុខ​អ្នកបញ្ជា​ពីក្រោយ​ថែមទៀត ព្រោះ​កងកម្លាំង​អាវុធហត្ថ​ពួកគាត់​មក​ប្រព្រឹត្ដ​សុទ្ធតែ​មាន​បញ្ជា​ពី​ថ្នាក់ដឹកនាំ​ចៅហ្វាយ​ខេត្ដ និង​ម្ចាស់​អចលនទ្រព្យ​»​។

លោក ស៊ុម ចាន់គា ​មន្ដ្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក​ប្រចាំ​ខេត្ដ​បន្ទាយមានជ័យ​លើក​ឡើង​ថា ការស្រាវជ្រាវ​រកមុខ​ជនដៃដល់​ធ្វើ​ទារុណកម្ម​ដោយ​ឃាត់​ខ្លួន​ត្រឹម​កងកម្លាំង​កងរាជ​អាវុធហត្ថ​ខេត្ដ​នេះ​មិនទាន់​គ្រប់គ្រាន់​ទេ ព្រោះ​អំពើ​ធ្វើ​ទារុណកម្ម​នេះ​គឺជា​រឿង​ធ្ងន់ធ្ងរ​ខ្លាំង​រហូត​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​។

លោក​ថ្លែង​បន្ត​ថា​៖ «​ជន​ដែល​ប្រព្រឹត្ដ​បទល្មើស​នេះ​គឺជា​ការប្រព្រឹត្ដ​ជា​ក្រុម​មកលើ​ជនរងគ្រោះ​ក្នុង​នោះ​មាន​អ្នក​បញ្ជា​មាន​អ្នក​ប្រព្រឹត្ដ និង​អ្នកផ្សំគំនិត​ត្រូវតែ​ស្រាវជ្រាវ​បើក​ការស៊ើបអង្កេត​ឱ្យ​ទូលំទូលាយ​រក​អ្នកពាក់ព័ន្ធ​នៃ​បទល្មើស​នេះ​ឱ្យអស់​ដើម្បី​កុំឱ្យ​ជនល្មើស​ប្រព្រឹត្ដ​អំពើ​បែបនេះ​នៅ​ថ្ងៃ​ក្រោយ​ទៀត និង​ដើម្បី​ស្វែងរក​យុត្ដិធម៌​ពេញលេញ​ដល់​ជនរងគ្រោះ​»៕