ភ្នំពេញៈ មន្ត្រី​សមា​គម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ និង​មន្ត្រី​ក្រសួង​ការងារ​រំពឹង​ថា​ នឹង​មាន​លទ្ធផល​វិជ្ជ​មាន​ក្រោយ​ពេល​ប្រតិ​ភូ​ពី​សហភាព​អឺរ៉ុប​បញ្ចប់​បេសកកម្ម​ស្វែង​រក​ការពិត​នៅ​កម្ពុជា​រយៈពេល ៧ ថ្ងៃ​កន្លង​មក។​

​មន្ត្រី​ពី​គណៈ​កម្មការ​អឺរ៉ុ​ប និង​មន្ត្រី​ទទួល​បន្ទុក​កិច្ច​ការ​អន្តរជាតិ​បាន​បញ្ចប់​បេស​ក​កម្ម​ស្វែងរក​ការពិត​​របស់​ខ្លួន​នៅ​​កម្ពុជា​​បន្ទាប់​ពី​បាន​បំពេញ​ទស្សន​កិច្ច​​ពី​ថ្ងៃទី​ ៣ ដល់​ទី​ ១០ ខែ ​មិថុនា​។ ​ទស្ស​នកិច្ច​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​ត្រួត​ពិនិត្យ​ និង​វាយ​តម្លៃ​​​ដែល​នឹង​ប្រព្រឹត្ត​​ឡើង​រហូត​ដល់​ពាក់​កណ្ដាល​ខែ​សីហា​ ដែល​ជា​នីតិ​វិធី​មុន​ឈាន​ដល់​ការសម្រេច​ថា​ តើ​ត្រូវ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ ពី​កម្ពុជា​ឬ​អត់?។​

បើ​តាម​ការ​ប្រកាស​ព័ត៌​មាន​ បន្ទាប់​ពី​បិទ​ការ​ត្រួត​ពិនិត្យ​វាយ​តម្លៃ​នេះ ​សហ​ភាព​អឺរ៉ុប​នឹង​សរសេរ​របាយ​ការណ៍​អំពី​ការ​រក​ឃើញ ​និង​ធ្វើ​សេច​ក្តី​សន្និ​ដ្ឋាន ហើយ​ថា​ កម្ពុជា​មាន​ពេល ​១ ​ខែ ​ដើ​ម្បី​ឆ្លើយ​តប​ទៅ​នឹង​របាយ​ការណ៍​នេះ​។​ កាល​ពី​ថ្ងៃ​ទី​ ១២​ ខែ​ កុម្ភៈ​ សហ​ភាព​អឺរ៉ុប​បាន​ចាប់​ផ្ដើម​ជា​ផ្លូវ​ការ​នូវ​នីតិ​​វិធី​ផ្អាក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធពី​កម្ពុជា ដែល​អាច​ឈាន​ដល់​ការផ្អាក​ទាំង​ស្រុង​ ឬ​ដោយ​ផ្នែក​លើ​​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​សម្រាប់​ទំនិញ​កម្ពុ​ជា​ចូល​ទៅ​ទីផ្សារ​អឺរ៉ុប។​ ​

សហ​ភាព​អឺរ៉ុប​បាន​ថ្លែង​ថា ​នី​តិ​​វិធី​ផ្អាក​នេះ​ដោយ​សារ​តែ​មាន​ក្តី​បារម្ភ​អំពី​ការ​រំលោភ​សិទ្ធិ​​មនុស្ស​ និង​សិទ្ធិ​ការ​ងារ​ដូច​មាន​ចែង​ក្នុង​អនុសញ្ញា​នានា​ដែល​ពាក់​ព័ន្ធ​។​ សហ​ភាព​អឺរ៉ុប​ថា​ ដំណើរ​ការ​ត្រួត​ពិនិត្យ​ និង​វាយតម្លៃ​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ជួប​ជា​មួយ​មន្ត្រី​រដ្ឋាភិបាល ​អង្គ​ការ​អន្តរ​ជាតិ ​សហជីព​ការងារ​ អង្គការ​ធុរកិច្ច​ សង្គម​ស៊ីវិល​ និង​ស្ថាន​ទូត​ នៃ​ប្រទេស​សមា​ជិក​សហ​ភាព​អឺរ៉ុប និង​ប្រទេស​ផ្សេង​ទៀត។​ ​​​

សេច​ក្តី​ថ្លែង​ការណ៍​របស់​សហ​ភាព​អឺរ៉ុប​​បាន​សរសេរ​ថា​៖​ ​«​គោល​បំណង​របស់​សហភាព​អឺរ៉ុប​គឺ​ដោះ​ស្រាយ​ក្តី​បារម្ភ​រឿង​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ការ​ងារ​។​ ​សហភាព​អឺរ៉ុប​ប្ដេជ្ញា​ធ្វើ​ការ​ជាមួយ​អាជ្ញាធរ​កម្ពុជា​ដើម្បី​សម្រេ​ច​បាន​គោល​ដៅ​នេះ។ ​កម្ពុជា​ត្រូវ​តែ​បង្ហាញ​ការរីកចម្រើន​ពិត​ប្រា​កដ​ និង​អាច​ជឿ​ទុក​ចិត្ត​បាន​លើ​បញ្ហា​ដែល​ជា​ក្តី​បា​​រ​​ម្ភដើម្បី​បញ្ចៀ​​ស​ការ​ដក​ប្រព័ន្ធ​អនុ​គ្រោះ EBA»។​

​លោក កាំង​ ម៉ូនី​កា ​អគ្គ​លេខា​​​​​ធិការ​រង​សមា​គម​រោង​ចក្រ​កា​ត់​​​ដេរ​​នៅ​​កម្ពុជា​ ហៅ​កាត់​ថា​ GMAC​ បាន​ថ្លែង​ថា ​លោក​តែងតែ​មាន​អារម្មណ៍​វិជ្ជមាន​លើ​លទ្ធផល ​​(​នៃ​ការ​ត្រួត​ពិនិត្យ) ​ទៅ​លើ​​ឧស្សាហ​កម្ម​កាត់​ដេរ​ដោយសារ​តែ​អ្នក​ដែល​នៅ​ក្នុង​ឧស្សា​​ហ​កម្ម​នេះ​មាន​ភាព​ជឿ​ជាក់​​លើ​ការ​បំពេញ​ការងារ​​ក្នុង​ការ​​គោរព​សិទ្ធិ​ការងារ ​ដោយ​គោរព​ទៅ​តាម​ច្បាប់​ជាតិ​ ​បទ​ដ្ឋាន​ការ​ងារ​អន្តរ​ជាតិ ​និង​អនុ​សញ្ញា​ដែល​កម្ពុជា​បាន​អនុម័ត​ទទួល​យក។​

លោក​ថ្លែង​ថា​ GMAC​ សូម​អរគុណ​​ដែល​សហ​ភាព​អឺរ៉ុប​បង្ហាញ​ការ​កត់​សម្គាល់​ដោយ​បាន​លើក​ឡើង​ថា «បេស​ក​កម្ម​នេះ​ បាន​កត់​សម្គាល់​ឃើញ​ជំហាន​ដែល​បាន​រាយ​ការណ៍​ដោយ​កម្ពុជា​ឆ្ពោះ​ទៅ​រក​ការគោរព​ប្រកប​ដោយ​ការ​រីក​ចម្រើន​លើ​បទ​ដ្ឋាន​អន្តរ​ជាតិ​អំពី​សេរីភាព​នៃ​សមា​គម​ និង​ការចរចា​ជា​សមូ​ហភា​ព​ ក៏​ដូច​ជា​ការ​ដោះ​ស្រាយ​ជម្លោះ​ដី​ធ្លី​ជា​ច្រើន​ ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​សម្ប​ទាន​សេដ្ឋកិច្ច​ និង​សង្គមកិច្ច»។​

​លោក​ ​ហេង​ ​សួរ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​បាន​ថ្លែង​កាល​ពី​ម្សិល​មិញ​ថា ​ក្នុង​ជំនួប​ជា​មួយ​ភាគី​សហ​ភាព​អឺរ៉ុប​កាល​ពី​ថ្ងៃ​សុក្រ​មុន​ ក្រសួង​ការងារ​បាន​ប្រាប់​ទៅ​ក្រុម​ការងារ​សហភាព​អឺរ៉ុប​ ដែល​រួម​មាន​សក្ខីភាព និង​បច្ចុប្បន្ន​ភាព​ថ្មីៗ​ស្ថិតិ​នៃ​កា​រចុះ​បញ្ជី​សហជីព និង​ការ​អនុវត្ត​កាន់​តែ​រលូន​នៃ​នីតិ​វិធី​ចុះ​បញ្ជី ការ​ពង្រឹង​តួនាទី​សហ​ព័ន្ធ​សហជីព​ និង​សហ​ភាព​សហជីព​ក្នុង​ការ​ជួយ​ទៅ​ដល់​សហ​ជីព​មូលដ្ឋាន​ ការ​ដោះ​ស្រាយ​បណ្តឹង​ និង​សំណូម​ពរ​របស់​សហ​ជីព ក៏​ដូច​ជា​ការ​ផ្តល់​សេវា​ផ្នែក​ច្បាប់​ដល់​សហជីព ការរៀប​ចំ​លិខិត​បទ​ដ្ឋាន​បន្ថែម​ក្នុង​ការ​ចរចា​អនុសញ្ញា​រួម។​ ​

លើស​ពី​នេះ ​ក្រសួង​ការ​ងារ​ក៏​បាន​បង្ហាញ​ពី​​ការ​កសាង​លិខិត​បទដ្ឋាន​បន្ថែម​ និង​ចាត់​វិធាន​ការ​លើ​សកម្ម​ភាព​រើស​អើង​សហ​ជីព​ ការ​កំណត់​ថេរ​វេលា​ច្បាស់​លាស់​ក្នុង​ការ​ប្រើ​ប្រាស់​ប្រភេទ​កិច្ច​សន្យា​ការ​ងារ​ ការពិភាក្សា​ក្នុង​ក្រប​ខ័ណ្ឌ​យន្តការ​ត្រី​ភាគី​ក្នុង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពីសហ​ជីព​ ការ​ត្រៀម​អនុ​វត្ត​សាក​ល្បង​ក្នុង​ការ​រុញ​សំណុំ​រឿង​វិវាទ​ការងារ​បុគ្គល​ដែល​ពាក់​ព័ន្ធ​នឹង​សិទ្ធិ​ទៅ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ចាប់​ពី​ឆ្នាំ ២០២០។​ ​​

លោកបាន​ថ្លែង​​ថា​៖ ​«​សិទ្ធិ​ការងារ​ និង​លក្ខ​ខណ្ឌ​ការងារ​គឺ​ត្រូវ​បាន​ធានា ​និង​គោរព​តាម​ស្តង់​ដា​អន្តរ​ជាតិ​តាំង​ពី​ដើម​រៀង​មក​»​។ ​

សហ​ភាព​អឺរ៉ុប​បាន​និយាយ​ថា​ កម្ពុជា​បាន​នាំ​ចូល​ទំនិញ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ក្នុង​កម្រិត​ ១៨% ​កាល​ពី​ឆ្នាំ ២០១៨ និង​ការ​នាំចេញពី​កម្ពុជា​ចូល​ទី​ផ្សារ​អឺរ៉ុប​មាន​ទឹក​ប្រាក់​ ៥,៣​ ពាន់​លាន​អឺរ៉ូ ដែល​ក្នុង​ចំនួន​នេះ​ ទំនិញ​ស្ថិត​ក្រោម​ប្រព័ន្ធ​ EBA មាន​ ៩៥ ​ភាគ​រយ។​ ​ក្នុង​ទំហំ​ទឹក​ប្រាក់​នេះ​ ​មាន​៤​ពាន់​លាន​អឺរ៉ូ​គឺ​ជា​ទំនិញ​ផ្នែក​សម្លៀក​បំពាក់​ និង​វាយនភណ្ឌ៕​