ភ្នំពេញៈ មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានស្នើដល់ភាគីកម្មករនិយោជិតសណ្ឋាគារ ដឺ ហ្គ្រេដឌ្យូក ភ្នំពេញ (The Great Duke Phnom Penh) ឲ្យរក្សាភាពស្ងៀមស្ងាត់ ដើម្បីរង់ចាំដំណោះស្រាយដែលកើតចេញពីការចរចាដោយសន្តិវិធី ខណៈភាគីក្រុមហ៊ុនប្រកាសជំហរក្នុងការទូទាត់ប្រាក់សម្រាប់ការរំលាយកិច្ចសន្យាការងារដល់បុគ្គលិក ស្របតាមច្បាប់ជាធរមាន ដោយស្នើសុំបង់ប្រាក់ជា ៣ ដំណាក់កាលស្មើៗគ្នាចាប់ពីខែកុម្ភៈដល់ខែមេសា ឆ្នាំ ២០២០។
បុគ្គលិកសណ្ឋាគារប្រមាណជា ១០០ នាក់ បានប្រមូលផ្តុំតវ៉ាជាបន្តបន្ទាប់តាំងពីថ្ងៃចន្ទ និងនៅថ្ងៃអង្គារម្សិលមិញដោយលើកបដានៅមុខសណ្ឋាគារ ដើម្បីទាមទារឲ្យអាជ្ញាធរមានសមត្ថកិច្ចជួយរកដំណោះស្រាយដល់ពួកគាត់ ដោយអះអាងថា ភាគីក្រុមហ៊ុនមិនបានគោរពទៅតាមច្បាប់ក្នុងការទូទាត់សំណងជូនពួកគាត់ បន្ទាប់ពីបានប្រកាសបិទទ្វារកាលពីអំឡុងខែធ្នូ។
ក្នុងអំឡុងការតវ៉ានេះកាលពីថ្ងៃចន្ទ ក្រសួងការងារក៏បានកោះហៅតំណាងភាគីទាំងសងខាង ដើម្បីធ្វើការចរចាដោយក្នុងនោះលោក ទេស រុក្ខាផល អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញានៃក្រសួងការងារបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា តាមរយៈការចរចានេះភាគីទាំងសងខាង សុទ្ធតែប្រកាន់ជំហរក្នុងការអនុវត្តទៅតាមច្បាប់។
ខណៈដែលវិវាទស្ថិតក្នុងដំណាក់កាលនៃការចរចា លោកស្នើឲ្យបុគ្គលិកសណ្ឋាគារទាំងអស់គួរតែរក្សាភាពស្ងៀមស្ងាត់សិនដើម្បីរង់ចាំដំណោះស្រាយនៃការចរចា ព្រោះបើបុគ្គលិកទាំងអស់បន្តធ្វើបាតុកម្មនោះ គឺជាទង្វើប្រព្រឹត្តផ្ទុយនឹងច្បាប់ហើយ។
លោកបានបញ្ជាក់ថា៖ «ការតវ៉ារបស់គាត់ (ថ្ងៃចន្ទ) មិនត្រឹមត្រូវតាមច្បាប់ទេព្រោះគាត់ទើបតែដាក់ពាក្យមក សុំច្បាប់ភ្លាមមិនទាន់ទទួលបានការអនុញ្ញាតផង គាត់ធ្វើការតវ៉ា។ បើគាត់ (បុគ្គលិក) ប្រកាសធ្វើការតវ៉ាទៀតបើសកម្មភាពក្លាយទៅជាបាតុកម្ម គឺខុសច្បាប់ហើយ។ ដូច្នេះយើងសុំឲ្យមានការដោះស្រាយតាមផ្លូវច្បាប់ យើងនឹងបន្តផ្សះផ្សាបើសិនជាជំហរមើលទៅរឹងដាក់គ្នា យើងនឹងបញ្ជូនទៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ដើម្បីដោះស្រាយបន្តទៀត»។
សណ្ឋាគារ ដឺ ហ្គ្រេដឌ្យូក ភ្នំពេញ ដែលមានឈ្មោះដើមថាសណ្ឋាគារអាំងទែកុងទីណង់តាល់ (InterContinental) បានចាប់បើកដំណើរការអាជីវកម្មតាំងពីឆ្នាំ ១៩៩៦ ហើយមានក្រុមហ៊ុន Regency Company Limited ជាម្ចាស់កម្មសិទ្ធិ។ សណ្ឋាគារនេះបានប្រកាសបិទប្រតិបត្តិការអាជីវកម្មក្រោមហេតុផលបណ្តាលមកពីមូលហេតុសេដ្ឋកិច្ចដែលធ្វើឲ្យក្រុមហ៊ុនទទួលការខាតបង់ប្រាក់ចំណូលជាច្រើនឆ្នាំបន្តបន្ទាប់គ្នា។ ក្រុមហ៊ុនបានប្រគល់សិទ្ធិឲ្យការិយាល័យមេធាវី (HBS) ជាតំណាង និងចូលរួមដោះស្រាយការទូទាត់អត្ថប្រយោជន៍នានាជូនកម្មករ និងដំណើរការនៃការបិទសណ្ឋាគារទៅតាមផ្លូវច្បាប់ជាធរមាន។
តាមការទាមទាររបស់កម្មករមានចំនួន ៤ ចំណុចមានដូចជា ទាមទារសំណងអតីតភាពការងារមុនឆ្នាំ ២០១៩ ការទាមទារសំណងជំងឺចិត្ត ការទាមទារឲ្យផ្តល់នូវប្រាក់ជូនដំណឹង និងស្នើសុំឲ្យផ្តល់ប្រាក់ឈប់សម្រាកប្រចាំឆ្នាំដែលនៅសេសសល់។
តាមមាត្រា ៩១ ថ្មីនៃច្បាប់ស្តីពីការងារបានចែងយ៉ាងច្បាស់ថា ការរំលាយកិច្ចសន្យាការងារតាមឆន្ទៈផ្ទាល់នៃភាគីណាមួយដោយគ្មានហេតុផលត្រឹមត្រូវ នោះអាចបើកសិទ្ធិឲ្យភាគីម្ខាងទៀតទាមទារសងសោហ៊ុយជំងឺចិត្តបាន។ មាត្រា ៩៤ នៃច្បាប់ដដែលក៏បានចែងថា ប្រាក់ជំងឺចិត្តក្នុងករណីផ្តាច់កិច្ចសន្យាការងារដោយគ្មានហេតុផលត្រឹមត្រូវត្រូវសម្រេចដោយតុលាការមានសមត្ថកិច្ច។
មេធាវីក្រុមហ៊ុនមេធាវីអេចប៊ីអេស (HBSLaw) ដែលតំណាងឲ្យនិយោជកបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ភាគីក្រុមហ៊ុនមានជំហរផ្តល់ជូនកម្មករទាំងអស់នូវប្រាក់សម្រាប់ការរំលាយកិច្ចសន្យាការងារ និងអត្ថប្រយោជន៍ទាំងអស់ជូនកម្មករនិយោជិតទៅតាមច្បាប់ជាធរមាន។
ក៏ប៉ុន្តែមេធាវីបានអះអាងថា ការបិទសហគ្រាសដោយមូលហេតុសេដ្ឋកិច្ចដែលធ្វើឲ្យក្រុមហ៊ុនខាតបង់ប្រាក់ចំណូលច្រើន និងមិនអាចបន្តអាជីវកម្មបាន គឺជាមូលហេតុត្រឹមត្រូវដែលមានចែងក្នុងមាត្រា ៩០ ថ្មី ៩១ ថ្មី និង ៩៤ ថ្មីនៃច្បាប់ស្តីពីការងារ។ ក្នុងករណីនេះនិយោជកមិនគួរត្រូវមានកាតព្វកិច្ចត្រូវបង់ប្រាក់សំណងជំងឺចិត្តជូនកម្មករនិយោជិតដូចដែលពួកគេបានទាមទារនេះទេ ហើយបើកម្មករនិយោជិតនៅតែបន្តទាមទារសំណងនេះ មានតែតុលាការមានសមត្ថកិច្ចទេ ដែលត្រូវសម្រេចថា តើនិយោជកត្រូវបង់តាមការទាមទាររបស់កម្មករនិយោជិតដែរឬទេ?។
ការចរចារកដំណោះស្រាយការទាមទារកន្លងមកភាគីក្រុមហ៊ុនបានចូលរួមជានិច្ច ដោយមិនមានការគេចវេះទេដោយធ្វើយ៉ាងណាឲ្យការដោះស្រាយក្នុងករណីនេះប្រព្រឹត្តទៅដោយរលូន គ្រាន់តែការជជែកគ្នាមិនត្រូវគ្នាលើការទាមទារសំណងជំងឺចិត្តរៀបគណនាប្រាក់អតីតភាព ការបង់ប្រាក់ជួសការជូនដំណឹងមុន និងកម្មវិធីបង់ប្រាក់តែប៉ុណ្ណោះ។
លោកមេធាវីយល់ស្របតាមការលើកឡើងរបស់លោក ទេស រុក្ខាផល ចំពោះនីតិវិធីដែលត្រូវដោះស្រាយវិវាទនេះ។ ការធ្វើកូដកម្ម ឬបាតុកម្មណាមួយដោយកម្មករនិយោជិតមុនពេលដែលវិវាទត្រូវបានដោះស្រាយតាមនីតិវិធីច្បាប់ជាពិសេសក្រុមប្រឹក្សាអាជ្ញាកណ្តាលការងារ គឺជាអំពើខុសច្បាប់ដែលវាអាចធ្វើឲ្យមានការភ្ញាក់ផ្អើលដល់សាធារណជនប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈហើយវាមិនបានផលវិជ្ជមានដល់ការដោះស្រាយវិវាទនោះទេ។ លោកស្នើឲ្យកម្មករនិយោជិតទាំងអស់រក្សាភាពស្ងប់ស្ងាត់ សហការជាមួយនិយោជក និងបន្តអនុវត្តសិទ្ធិរបស់ខ្លួនឲ្យបានត្រឹមត្រូវតាមច្បាប់ជាធរមាន ចៀសវាងការបង្កឲ្យមានការខូចខាតណាមួយ និងប៉ះពាល់ដល់សិទ្ធិរបស់ភាគីនិយោជក។
លោក ជា ចាន់ម៉ន បុគ្គលិកសណ្ឋាគារដែលបន្តការតវ៉ាបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃអង្គារថា កម្មករទាំងអស់នៅតែប្រកាន់ជំហរតវ៉ារបស់ខ្លួន បើមិនទទួលបានដំណោះស្រាយដូចអ្វីដែលខ្លួនទាមទារ។ លោកចាត់ទុកថាការដែលក្រុមហ៊ុនបដិសេធមិនផ្តល់ជូនកម្មករតាមការទាមទារ គ្រាន់តែជាលេសប៉ុណ្ណោះ។ «យើងនៅតែប្រកាន់ជំហរក្នុងការតវ៉ា និងការចរចា បើក្រសួងធ្វើការកោះហៅយើង យើងនឹងចូលរួម ព្រោះក្រសួងការងារដូចជាម៉ែ ជាឪយើង យើងត្រូវតែគោរពតាម។ ប៉ុន្តែយើងសុំឲ្យពួកគេទូទាត់ឲ្យបានត្រឹមត្រូវមកឲ្យពួកយើង ដូចខ្ញុំធ្វើការនៅក្នុងសណ្ឋាគារនេះយូរឆ្នាំហើយ ហើយនេះក៏មានអាយុច្រើនដែរ ដែលខ្ញុំមិនអាចទៅស្វែងរកការងារនៅកន្លែងថ្មីបានទេ»៕