ស្ទឹងត្រែងៈ ក្រុម​ការងារ​ខេត្ត​ស្ទឹងត្រែង​បាន​ចុះ​ស្រាវជ្រាវ​បទល្មើស​ព្រៃឈើ និង​ការប្រមូល​ឈើ​នៅ​បាត​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ ២ បន្ទាប់ពី​ក្រសួង​​មហាផ្ទៃ​បាន​បញ្ជា​ឲ្យ​ខេត្ត​ចាត់​វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ឲ្យ​បាន​ទាន់ពេល​។ នេះ​បើ​តាម​មន្ត្រី​អ្នក​នាំពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង​កាលពី​ម្សិលមិញ​។

កាលពី​ថ្ងៃ​ ២៣ កញ្ញា លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​បញ្ជា​ឲ្យ​ខេត្ត​រតនគិរី ខេត្ត​មណ្ឌលគិរី​ និង​ស្ទឹងត្រែង​ចាត់​វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ឲ្យ​បាន​ទាន់​ពេល​​ បន្ទាប់ពី​​ក្រសួង​ទទួល​បាន​ព័ត៌មាន​ពី​ប្រតិភូ​សហភាព​អឺរ៉ុប ស្ដីពី​ «​បទល្មើស​ជា​ប្រព័ន្ធ​៖ ​ប្រទេស​វៀតណាម​បាន​បន្ត​នាំ​ចូល​ឈើ​ហុប​ខុសច្បាប់​ពី​កម្ពុជា​» ដែល​ទីភ្នាក់ងារ​ស៊ើបអង្កេត​បរិស្ថាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​ ៣១ ឧសភា ឆ្នាំ​នេះ​ទាក់ទង​នឹង​ការកាប់​ឈើ​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​នៅ​ខេត្ត​ទាំង​ ៣ ​ខាង​លើ​ជាពិសេស​នៅ​ចំណុច​ឧទ្យានជាតិ​វរជ័យ និង​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រិច ព្រម​ទាំង​នៅ​ម្តុំ​ព្រៃ​​ធម្មជាតិ​ខាង​ជើង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ ២​។

លោក ម៉ែន គង់ អ្នកនាំពាក្យ​​ខេត្ត​ស្ទឹងត្រែង​បាន​បញ្ជាក់​ថា​៖ «​យើង​អាច​នឹង​បញ្ជូន​របាយការណ៍​លទ្ធផល​នៃ​ការអនុវត្ត​របស់​ក្រសួង​ផង​ក៏ដូចជា​ផែនការ​របស់​គណៈបញ្ជាការ​ឯកភាព​អភិបាល​ខេត្ត​ផង​។ យើង​នឹង​បញ្ជូន​តាម​ដំណាក់កាល​នីមួយៗ​ទៅ​រហូត​»​។

លោក​ថា​៖ «​ក្រុមការងារ​បាន​ចុះ​ទៅ​ហើយ​យើង​រង់ចាំ​គាត់​ធ្វើ​​របាយការណ៍​ជូន​គណៈ​បញ្ជាការ​ឯកភាព​ត្រួតពិនិត្យ​»​។

បើ​តាម​លោក ម៉ែន គង់ ក្រុម​ការងារ​ថ្នាក់​ខេត្ត​បាន​ចាត់​វិធានការ​ជា​បន្តបន្ទាប់​តាម​លិខិត​របស់​ក្រសួង​មហាផ្ទៃ ហើយ​អាជ្ញាធរ​ខេត្ត​បាន​បង្ក្រាប​បទល្មើស​ព្រៃឈើ​បាន​មួយ​ចំនួន​ធំ​។

លោក ស ខេង បាន​រិះគន់​ច្បាប់​ព្រៃឈើ និង​ស្តីបន្ទោស​មន្ត្រី​ចំពោះ​ការ​បណ្តោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ និង​ការប្រើ​លេស​សម្អាត​បាត​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ ២ ​ទៅ​បំផ្លាញ​​ព្រៃឈើ បន្ទាប់ពី​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន បញ្ជា​ឲ្យ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ចុះ​ពិនិត្យ​ករណី​ដឹកឈើ​ក្នុង​តំបន់​ទំនប់​វារីអគ្គិសនីសេសាន​ក្រោម​ ២ ​ខណៈ​មាន​ការដឹកជញ្ជូន​ឈើ​មិន​ចេះ​ឈប់​។

កាលពី​ម្សិលម្ង៉ៃ លោក អ៊ូច ឡេង សកម្មជន​ការពារ​បរិស្ថាន​ថ្លែង​ថា មន្ត្រី​ខ្លះ​បាន​ប្រយោជន៍​ពី​អ្នក​រកស៊ី​ឈើ​ធំៗ​ដោយ​បាន​បើក​ភ្លើង​ខៀវ​ឱ្យមាន​បទល្មើស ខណៈ​អ្នក​រកស៊ី​ភាគច្រើន​គឺជា​អ្នក​មាន​អំណាច និង​មាន​លុយ​ ឬ​មាន​អ្នកធំ​នៅ​ពីក្រោយ​ធ្វើឲ្យ​ការបង្ក្រាប​ពុំ​មាន​ប្រសិទ្ធភាព​៕