ព្រះសីហនុៈ ​មន្ត្រី​គយ​ម្នាក់​បាន​ស្លាប់​ភ្លាមៗ រី​ឯ ​មេ​បញ្ជា​ការ​រង​កង​រាជ​អា​វុធ​ហត្ថ ​ស្រុក​ ព្រៃ​នប់​ ខេត្ត​ព្រះ​សីហនុ​ ម្នាក់​បាន​ស្លាប់​ ពេល​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាច​រណ៍រ​ថយន្តបុ​កគ្នា​នៅ​លើ​ផ្លូវ​ជាតិ​លេខ​ ៤ ​កាល​ពី​ថ្ងៃទី ២២ ខែឧសភានេះ ​ ​នៅ​ភូមិ​ត្រពាំង​គោ ឃុំ​ជើង​គោ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហនុ ​ខណៈ​ជន​រង​គ្រោះ​កំពុង​ដឹក​លុយ​មក​ដាក់​នៅ​រតនា​គារ​ជាតិ​។ នេះ​​បើ​តាម ​លោក ​អ៊ី សុខា ស្នង​ការរង​នគរ​បាល​ខេត្ត​ព្រះ​សី​ហនុ ​ទទួល​បន្ទុក​ផ្នែក​សណ្ដាប់​ធ្នាប់​សា​ធា​រណៈ​។

លោក អ៊ី​ សុខា បាន​បញ្ជាក់​នៅថ្ងៃទី ២២ ឧសភានេះថា គ្រោះ​ថ្នាក់​ចរាច​រណ៍​នេះ ​បាន​កើត​ឡើង​រវាងរ​ថយ​ន្ដ​ម៉ាក់​ដេ​វូ​ ពណ៌​បៃតង​ស្លាក​លេខ 3D-2056 បុក​ជាមួយ​រថ​យន្ដ Camry បា​ឡែ​ន ស្លាក​លេខ 2T-2534 ពណ៌​ទឹកប្រាក់ក្នុង​ទិស​ដៅ​បញ្ច្រាស​ទិស​គ្នា​បណ្ដាល​ឲ្យ​​មន្ត្រី​គយ​ប្រចាំ​ការ​នៅ​កំពង់​ផែ​កែវ​ផុស​ម្នាក់​ស្លាប់​និ​ង​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ព្រៃ​នប់​​ម្នាក់​ក៏​បាន​ស្លាប់​ផង​ដែរ​។

លោក​​បា​នឱ្យដឹង​ថា មន្ត្រី​គយ​​ដែល​ស្លាប់​នោះ​ ឈ្មោះ ញ៉ោ​ម នៅ រីឯម្នាក់ទៀតគឺលោក​អនុសេនីយ៍ឯក ឆេង សុខ​នី ជាមេបញ្ជាការរង​កងរាជអាវុធហត្ថ​ស្រុក​ព្រៃ​នប់​។

លោក​បានបន្ត​ថា នៅមុន​កើត​ហេតុ​មន្ត្រី​អាវុធហត្ថ​ បាន​បើករថយន្ត ​Camry ជូន​មន្ត្រី​គយយកលុយ​ទៅ​ដាក់ក្នុង​​​រតនា​គារ​ជាតិ​នៅ​រាជធានី​ភ្នំពេញ។ ប៉ុន្តែ​ មិនទាន់​ទៅដល់​គោលដៅផងក៏​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បុក​ជាមួយ​រថយន្ត​ធុន​ធំ​បណ្តាល​ឲ្យ​រថយន្ត Camry គាត់​ខូចខាត​ស្ទើរ​ទាំងស្រុង ហើយ​មន្ត្រី​គយបាន​​ស្លាប់​នៅនឹងកន្លែង ខណៈ​មន្ត្រី​អាវុធហត្ថ​ស្លាប់​ពេល​បញ្ជូនទៅសង្គ្រោះ​នៅ​គ្លីនិក លិ គឹម​ឌី វាល​រេញ។

លោក​បញ្ជាក់ថា៖«បើតាម​ខ្ញុំ​បាន​សួរ​ពលរដ្ឋ​នៅក្បែរ​ហ្នឹង គាត់​ថា ឡាន​មន្ត្រី​បើក​ក្នុង​ល្បឿន​លឿន វ៉ា​ឡាន​មួយទៀត តែ​វ៉ា​មិន​ដាច់ ក៏​ជ្រុល​ទៅបុក​ឡានធំ​មួយទៀត ដែល​ធ្វើ​ដំណើរ​ទៅខេត្ត​ព្រះសីហនុ បណ្ដាល​ឲ្យ​ធ្លាក់​ចេញពី​ផ្លូវ»។

តាម​របាយការណ៍​រប​ស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​បង្ហាញថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ស្រុក​ ព្រៃនប់​ មាន​អ្នកបើកបរនិង​មាន​អ្នករួមដំណើរ​ម្នាក់​ជា​​មន្ត្រី​គយ​ប្រចាំការ​នៅ​កំពង់ផែ​កែវផុស​មាន​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ ​ឆ្ពោះទៅ​ភ្នំពេញដោយដឹកលុយ។ លុះដល់​ចំណុច​ខាងលើ​ក៏បាន​បុក​នឹង​រថយន្ត​ធុន​ធំ១គ្រឿង។ ចំណែកអ្នកបើកបរ​រថយន្ត​ធុន​ធំ​រត់​គេចខ្លួនបាត់។

ក្រោយពេល​កើតហេតុសមត្ថកិច្ចបានយករ​រថយន្ត​ទាំង២​គ្រឿងទៅ​រក្សាទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ រីឯ​ ថវិកា​ត្រូវបាន​សមត្ថកិច្ច​ថែរក្សា និង​ការពារ​បាន​គ្រប់​ចំនួន​ទាំងអស់៕