ភ្នំពេញៈ មន្ត្រីសុខាភិបាលកាលពីម្សិលមិញបានបង្ហាញពីគម្រោង បង្កើនវគ្គបណ្តុះបណ្តាលអនាម័យចំណីអាហារដល់ម្ចាស់អាហារដ្ឋានឱ្យបាន ២ ដងក្នុង ១ ខែ ចាប់ពីខែនេះទៅ ខណៈការយល់ដឹងពីអនាម័យនៅមានកម្រិតដែលអាចធ្វើឲ្យអ្នកបរិភោគកើតជំងឺផ្សេងៗដោយសារការទទួលទានអាហារមិនបានត្រឹមត្រូវ។
លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា មន្ទីររបស់លោកគឺជាគ្រូឧទ្ទេស ហើយសហការជាមួយយុវជនសេដ្ឋកិច្ចដែលអាចកៀរគរអ្នកផ្តល់សេវាចំណីអាហារមកចូលរៀនដើម្បីយល់ដឹងអំពីអនាម័យចំណីអាហារ។ ផ្តើមពីការយល់ដឹងនេះទើបម្ចាស់អាហារដ្ឋានអាចអនុវត្តគោលការណ៍អនាម័យចំណីអាហារបានត្រឹមត្រូវ។
លោក មានហេង បានបញ្ជាក់ថា៖ «ក៏ប៉ុន្តែយើងខិតខំថាចង់ធ្វើម៉េចឱ្យបាន ១ ខែ ២ វគ្គ ប៉ុន្តែការដាក់ផែនការ ដាក់ផែនការហើយ ប៉ុន្តែការអនុវត្ត ជួនកាលវាអត់គ្រប់ដែរ»។
បើតាមលោក មានហេង គិតពីដើមឆ្នាំ ២០១៩ នេះ មកត្រឹមខែកក្កដា ខាងមន្ទីររបស់លោកបើកបាន ២ វគ្គមកហើយដោយ វគ្គទី១ ធ្វើឡើងកាលពីខែមិថុនា និង ១ វគ្គទៀតធ្វើនៅខែកក្កដា ប៉ុន្មានថ្ងៃមុននេះ។
លោកបានបន្តថាក្នុងវគ្គទី ២ កាលពីថ្ងៃទី ១៣ កក្កដា មន្ត្រីបានបណ្តុះបណ្តាលដល់ម្ចាស់អាហារដ្ឋានពីចំណេះដឹងមូលដ្ឋានដែលជាគោលការណ៍គ្រឹះនៃអនាម័យចំណីអាហារល្អដើម្បីរក្សាឱ្យមានសុវត្ថិភាពក្នុងនោះក៏មានបន្ថែមអនាម័យដៃនិងខ្លួនប្រាណដែល «ជារឿងសំខាន់» ផងដែរ។
នៅក្នុងវគ្គទី២ នេះដែរ លោក ងី មានហេង បានប្រាប់ថា មន្ត្រីមន្ទីររបស់លោកក៏បានបញ្ជ្រាបដល់ម្ចាស់អាហារដ្ឋានឱ្យយល់ដឹងបន្ថែមទៀតអំពីផលវិបាកនៃការទទួលទានអាហារដែលមានសារជាតិគីមីហាមឃាត់ដែលធ្វើឱ្យប៉ះពាល់សុខភាព។
លោកថា៖ «ពលរដ្ឋគាត់អត់ទាន់យល់។ គាត់ហូបអត់បានត្រឹមត្រូវ។ អ៊ីចឹងខ្ញុំក៏បញ្ជ្រាបអំពីអាហារមាន ៣ ប្រភេទ ដើម្បីឱ្យគាត់យល់។ អ្នកលក់ដូរហ្នឹងត្រូវគិតដែរ មិនត្រូវលក់តែអាហារណាដែលមានតែ ១ ប្រភេទទេ។ កាលណាអាហារ ១ ប្រភេទអាចធ្វើឱ្យអ្នកបរិភោគហ្នឹង គាត់លើស [កម្រិត] ទៅវាមានបញ្ហា»។
លោក ងី មានហេង បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៨ មន្ទីររបស់លោកបានបើកវគ្គបណ្តុះបណ្តាលចំនួន ៥០ វគ្គមកហើយ ដោយមានម្ចាស់អាហារដ្ឋានចូលរួមជិត ២ ០០០ នាក់ ដែលក្នុង ១ វគ្គៗមានពី ៥០ ទៅ ៧០ នាក់។
លោកបានបន្ថែមថា ក្នុង ១ ឆ្នាំម្តង មន្ទីរសុខាភិបាលក៏ដូចជា រដ្ឋបាលរាជធានីខេត្តតែងឲ្យម្ចាស់ភោជនីយដ្ឋានមកសុំលិខិតបញ្ជាក់អនាម័យចំណីអាហារម្ដង។ ក្នុងពេលសុំលិខិតនេះមន្ត្រីជំនាញតែងចុះពិនិត្យចំណីអាហារផ្ទាល់ ហើយពេលរកឃើញចំណុចខ្វះខាតបានអប់រំឱ្យកែលម្អ។
លោកថា៖ «គាត់សន្យាជាមួយមន្ត្រីសុខាភិបាល មន្ត្រីរដ្ឋបាលរាជធានីដែរ។ យើងធ្វើតាមការងារ របៀបគេហៅថា អប់រំណែនាំ។ យើងមិនមែនថា ទេ ធ្វើអី ខុសដៃយកដៃ ខុសជើងយកជើងនោះទេ។ យើងបានធ្វើអ៊ីចឹងរហូត»។
ប៉ុន្តែលោកថា ក្នុងករណីមិនអនុវត្តតាមការណែនាំពីមន្ត្រីជំនាញ ៣ ដង អាហារដ្ឋាននោះនឹងត្រូវផ្អាកអាជីវកម្មមួយរយៈ រហូតដល់កែប្រែមុខរបរឱ្យប្រសើរឡើងសិន។
លោក កេតុ ច័ន្ទតូ អ្នកឯកទេសផ្នែកអប់រំអង្គការផ្លែនអន្តរជាតិកម្ពុជា បានថ្លែងថា អនាម័យ និងរបៀបគ្រប់គ្រងចំណីអាហារសម្រាប់ភោជនីយដ្ឋានធំៗស្តង់ដា មានភាពល្អច្រើនប៉ុន្តែសម្រាប់អាហារដ្ឋានតូចៗនៅមានកម្រិតនៅឡើយ។
លោកថា៖ «ពេលខ្លះគាត់ហាក់ដូចជាគិតឃើញថា ការយកចំណេញហ្នឹងច្រើន មិនបានគិតពីសុខភាពរបស់អ្នក ហូប។ មួយទៀតក៏យើងទទួលស្គាល់ដែរថា អ្នកហូបរបស់យើងហ្នឹង ទាក់ទងនឹងអនាម័យហ្នឹង ប្រជាជនយើង ពលរដ្ឋយើងហាក់ដូចជានៅមិនទាន់បានចេះអនាម័យជាសាធារណៈហ្នឹង (ឱ្យបាន) ច្រើន»។
បើតាមលោក ច័ន្ទតូ ការ ត្រួតពិនិត្យអនាម័យចំណីអាហារពីក្រសួងសុខាភិបាលក៏នៅមានកម្រិតនៅឡើយដែរ ដែលនេះប្រហែលជាក្រសួងមិនមានបុគ្គលិកគ្រប់គ្រាន់ បើទោះបីជាមានការផ្សព្វផ្សាយការយល់ដឹងតាមទូរទស្សន៍ និងផ្ទាំងប៉ាណូជាដើមក្នុងការអនាម័យទីក្រុងស្អាតក៏ដោយ។
លោកបានបញ្ជាក់ថា៖ «ជួនកាល គាត់ធ្វើដែរ ប៉ុន្តែ ១ ឆ្នាំម្តង អ៊ីចឹងទៅឬក៏ភ្លេចភ្លាំងអ៊ីចឹងទៅ។ ឬមួយក៏ថា អាចថា បុគ្គលិកមានចំនួនមិនច្រើនអ៊ីចឹងទៅ។ អ៊ីចឹងទៅ ក៏វាអាចថា ពិបាកដែរសម្រាប់ក្រសួងឬក៏មន្ទីរ។ ប្រឹងហើយ ប៉ុន្តែនៅមានកម្រិតនៅឡើយ»៕