ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់កម្ពុជាចាត់ទុកការចល័តកម្លាំងប្រដាប់អាវុធ ការហ្វឹកហ្វឺនតាមបណ្តោយព្រំដែន និងវិធានការរបស់អាជ្ញាធរអាកាសចរណ៍ស៊ីវិលជុំវិញគម្រោងវិលត្រឡប់របស់មេដឹកនាំអតីតគណបក្សប្រឆាំង រួមទាំង លោក សម រង្ស៊ី នាថ្ងៃទី ៩ វិច្ឆិកានោះថាជាវិធានការដើម្បីការពារសន្តិសុខ និងស្ថិរភាពសង្គម។
មន្ត្រីនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ថ្លែងបែបនេះបន្ទាប់ពីអតីតគណបក្សសង្គ្រោះជាតិនៅថ្ងៃទី ២ ខែវិច្ឆិកា បានថ្កោលទោស និងចោទរដ្ឋាភិបាលថាកំពុងប្រើប្រាស់កម្លាំងប្រដាប់អាវុធរួមទាំង អាជ្ញាធរអាកាសចរណ៍ស៊ីវិលផង ដើម្បីរារាំង និងទប់ស្កាត់ការធ្វើមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី នាថ្ងៃទី ៩ ខែវិច្ឆិកា។ ប៉ុន្តែក្រុមប្រឆាំងអះអាងថា ទោះបីមានការគំរាមកំហែង ការរារាំងទប់ស្កាត់តាមគ្រប់មធ្យោបាយយ៉ាងណាក៏ដោយ ក៏លោក សម រង្ស៊ី និងថ្នាក់ដឹកនាំនៅតែប្រកាន់ជំហរវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី ៩ វិច្ឆិកា ដដែល។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលថ្លែងពីម្សិលមិញថាជាកាតព្វកិច្ចសមត្ថកិច្ចត្រូវការពារអ្នកដំណើរ និងស្ថិរភាព សន្តិសុខនៅប្រទេសកម្ពុជា។ លោកបញ្ជាក់ថា៖ «កងកម្លាំងប្រដាប់អាវុធទាំង ៣ គឺមានកាតព្វកិច្ចដែលមានចែងដោយច្បាប់ និងរដ្ឋធម្មនុញ្ញគឺរក្សាសណ្តាប់ធ្នាប់សាធារណៈ និងការពារនិរន្តរភាពការងាររដ្ឋ។ កងកម្លាំងប្រដាប់អាវុធមិនអនុញ្ញាតឲ្យកម្លាំងណាមួយមកធ្វើរដ្ឋប្រហារទៅលើរាជរដ្ឋាភិបាល ដែលកើតចេញពីឆន្ទៈប្រជាពលរដ្ឋនោះទេ»។
លោកបន្ថែមថា៖ «ដូច្នេះកងកម្លាំងប្រដាប់អាវុធមានភារកិច្ចបង្ក្រាប ឬកម្ទេច ដោយពុំមានលក្ខខណ្ឌណាមួយ។ ដូច្នេះការចល័តកងទ័ពគឺជាកាតព្វកិច្ចរបស់កងកម្លាំងប្រដាប់អាវុធក្នុងការការពារសណ្តាប់ធា្នប់សាធារណៈ និងនីត្យានុកូលភាពរបស់រដ្ឋាភិបាលដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់របស់កងកម្លាំងប្រដាប់អាវុធ»។
ពាក់ព័ន្ធទៅនឹងការលើកឡើងរបស់អាកាសចរស៊ីវិលកម្ពុជាដែលបានហាមក្រុមហ៊ុនហោះហើរដឹកលោក សម រង្ស៊ី និងបក្ខពួកចូលកម្ពុជាលោក ផៃ ស៊ីផាន បានបញ្ជាក់ថា៖ «តាមខ្ញុំដឹងគេអត់មានហាមទេគ្រាន់តែគេជូនដំណឹងថា ជននោះគឺជាជនក្បត់ជាតិ និងរៀបចំរដ្ឋប្រហារ។ និយាយឱ្យចំរាជរដ្ឋាភិបាលគ្មានសិទ្ធិទៅត្រួតត្រាទៅលើវិស័យឯកជនទេ ក៏ប៉ុន្តែរាជរដ្ឋាភិបាលមានសិទ្ធិ និងកាតព្វកិច្ចថាជនណាដែលអាជ្ញាធរកំពុងតាមរកចាប់»។
លោក ផៃ ស៊ីផាន បញ្ជាក់ថារដ្ឋាភិបាលផ្តោតអាទិភាពលើការរក្សាសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ។ ក្រុមប្រឆាំងរៀបចំសកម្មភាពធ្វើរដ្ឋប្រហារដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់។
លោកថា៖ «ហើយវាជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល។ រីឯការចាប់ខ្លួននាំខ្លួនហ្នឹងគឺជាកាតព្វកិច្ចដែលយើងទទួលបានពីស្ថាប័នតុលាការដែលបង្គាប់ឲ្យយើងនាំខ្លួនទណ្ឌិត សម រង្ស៊ី ហ្នឹងយកទៅតុលាការ»។
លោកបន្តថា រដ្ឋាភិបាលនឹងមិនអនុញ្ញាតជាដាច់ខាតនូវទង្វើណាដែលចង់ធ្វើការផ្តួលរំលំឱ្យកើតមានឡើយហើយថាអាជ្ញាធរបង្ក្រាបចលនាទាំងនោះ។ លោកអះអាងថា «មិនមានន័យថារដ្ឋាភិបាលខ្លាច សម រង្ស៊ី នោះទេតែរាជរដ្ឋាភិបាលមានកាតកិច្ចការពារសណ្តាប់ធ្នាប់សាធារណៈ ហើយយើងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីធ្វើការឆ្លើយតប។ ដូច្នេះពុំមានការរារាំង ឬបង្កឧបសគ្គសម្រាប់ការវិលត្រឡប់របស់លោក សម រង្ស៊ី នោះទេ»។
លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុកអាកាសចរណ៍ស៊ីវិលបានអះអាងថា ការវិលមកកាន់ប្រទេសកម្ពុជារបស់លោក សម រង្ស៊ី នៅថ្ងៃទី ៩ វិច្ឆិកានេះ គឺមកដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ដូច្នេះលោកមិនអនុញ្ញាតឱ្យក្រុមហ៊ុនហោះហើរណាមួយដឹកលោក សម រង្ស៊ី មកកម្ពុជាទេ។ បើក្រុមហ៊ុនហោះហើរ ឬអ្នកបើកយន្តហោះដែលហ៊ានដឹកលោក សម រង្ស៊ី មកនោះនឹងត្រូវមានទោសពីបទរួមគំនិតក្បត់ជាមួយលោក សម រង្ស៊ី។ នេះបើយោងតាមការស្រង់សម្តីដោយទូរទស្សន៍បាយ័នកាលពីថ្ងៃទី ៣១ ខែតុលា។
លោកបានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ «យើងរៀបចំធ្វើឲ្យបានមុនថ្ងៃ ៩ ដែលជាថ្ងៃទណ្ឌិត សម រង្ស៊ី ចង់វិលត្រឡប់មកប្រទេសកម្ពុជាវិញ។ អ៊ីចឹងតាមផ្លូវអាកាសនេះ យើងបានរៀបចំក្រុមការងារ សុទ្ធតែជាអ្នកជំនាញ និងបច្ចេកទេសសំខាន់។ យើងបានត្រៀមលក្ខណៈរួចស្រេច ហើយទោះបីជា (គាត់) មកច្រកណា ក៏យើងបានដឹងជាមុនដែរជាពិសេសយើងបានសហការខ្លាំងជាមួយនាយកដ្ឋានដឹកជញ្ជូនផ្លូវអាកាសដែលបានព័ត៌មានពីអ៊ែរឡាញទាំងអស់ និងព្រលានយន្តហោះទាំង ៣ ហើយក៏យើងមានប្រព័ន្ធត្រួតពិនិត្យអេឡិចត្រូនិក គ្រាន់តែគាត់ check-in ហើយរៀបឡើងយន្តហោះ យើងដឹងភ្លាម»។
ក៏ប៉ុន្តែអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជាលោក ជា អូន ថ្លែងបដិសេធថាខាងអាកាសចរណ៍ស៊ីវិលកម្ពុជាពុំបានបញ្ជាទៅក្រុមហ៊ុនអាកាសចរណ៍ចំនួន ៤៧ មិនឱ្យយន្ដហោះទាំងនោះដឹកលោក សម រង្ស៊ី នោះទេ។ គ្រាន់តែជូនដំណឹងឲ្យក្រុមហ៊ុនដឹងជាមុនថាការមកកម្ពុជាវិញរបស់លោក សម រង្ស៊ី គឺមកធ្វើរដ្ឋប្រហារ ដូច្នេះក្រុមហ៊ុនយន្តហោះដឹងហើយគាត់នឹងមិនហ៊ានដឹកពួកគេចុះចតនោះទេ។
លោក ជា អូន បញ្ជាក់ថា៖ «យើងគ្រាន់តែស្នើថា គាត់មិនមែនជនក្បត់ជាតិ ដែលមានត្រឹមតែមានសាលក្រមពីតុលាការនោះទេ។ គាត់មកក្នុងគោលដៅធ្វើរដ្ឋប្រហារនៅពេលដែលក្រុមហ៊ុនអាកាសចរណ៍ដឹងថា ជនហ្នឹងមកបង្កឲ្យប្រជាជនបះបោរធ្វើរដ្ឋប្រហារប្រឆាំងរាជរដ្ឋាភិបាលគាត់មិនហ៊ានដឹកទេ។ ទោះជាយើងមិនប្រាប់គេ ក៏គេមិនហ៊ានដឹកដែរ។ វាមិនមែនជារឿងគំរាមអីទេ។ យើងគ្រាន់តែជូនដំណឹងឲ្យគាត់យល់ ហើយបើគាត់ដឹក គាត់នឹងខុស»។
កាលពីថ្ងៃទី ១ ខែវិច្ឆិកាកម្លាំងដែលរួមមាន កងទ័ព កងរាជអាវុធហត្ថ និងនគរបាលដែលសុទ្ធតែបំពាក់ទៅដោយអាវុធគ្រប់ដៃ និងគ្រប់ធុនត្រូវបានបញ្ជាឲ្យធ្វើការចល័តពង្រាយ ហ្វឹកហ្វឺន និងត្រៀមជើងការនៅតាមបណ្តោយព្រំដែនដែលមានខេត្តបាត់ដំបង និងបន្ទាយមានជ័យ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ប្រាប់ភ្នំពេញ-ប៉ុស្តិ៍ ថា ការហ្វឹកហ្វឺន និងការពង្រាយកងកម្លាំងដែលរួមមាន កងទ័ព កងរាជអាវុធហត្ថ និងនគរបាលនៅតាមបណ្តោយព្រំដែនគឺជាការត្រៀមចាប់ខ្លួនលោក សម រង្ស៊ី យកទៅដាក់គុក ហើយរាល់វិធានការរបស់កងកម្លាំងសមត្ថកិច្ចគឺធ្វើទៅតាមច្បាប់។
លោកបញ្ចាក់ថា៖ «យើងរង់ចាំតែសំពងក្បាល ហើយចាប់ដាក់គុកមេៗវា។ យើងមិនមានអីត្រូវឆ្លើយតបទេ។ យើងមានតែអនុវត្តច្បាប់ តែប៉ុណ្ណឹង។ យើងស្វាគមន៍នៅពេលដែល (សម រង្ស៊ី) មកយើងនឹងចាប់»។
លោកបន្តថាទោះក្នុងតម្លៃណាក៏ដោយសមត្ថកិច្ចនឹងធ្វើការចាប់មេខ្លោងដែលមានបំណងធ្វើរដ្ឋប្រហារ។ រដ្ឋាភិបាលត្រូវតែការពារសុខ សន្តិភាព និងការអភិវឌ្ឍដែលប្រទេសកម្ពុជាកំពុងតែមាននាពេលបច្ចុប្បន្ននេះហើយមិនចង់ឲ្យប្រទេសធ្លាក់ទៅក្នុងកលយុគដូចប្រទេស ស៊ីរី និងលីប៊ីនោះឡើយ។
អតីតមន្ត្រីជាន់ខ្ពស់នៃអតីតបក្សសង្គ្រោះជាតិលោក អ៊ូ ច័ន្ទរ័ត្ន ថ្លែងថាវិធានការរបស់រដ្ឋាភិបាលគឺដើម្បីរារាំងគ្រប់មធ្យោបាយ និងគ្រប់រូបភាពមិនឲ្យលោក សម រង្ស៊ី និងថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិវិលត្រឡប់មកមាតុភូមិវិញតាមការគ្រោងទុក។
លោកបញ្ជាក់ថា៖ «ខ្ញុំនៅតែមើលឃើញថា លោក សម រង្ស៊ី មិនមានលទ្ធភាពចូលមកក្នុងប្រទេសវិញទេហើយវិធានការរបស់រាជរដ្ឋាភិបាលជាការឆ្លើយតបលើសពីអ្វីដែលអាចកើតឡើងបើសិនជារាជរដ្ឋាភិបាលចង់ចាប់លោកប្រធាន សម រង្ស៊ី មែន លោកមិនចាំបាច់ប្រកាសឲ្យអាកាសចរណ៍ មិនដឹកលោក ទុកឲ្យគាត់ចូលមកទទួលទោស។ តាមមើលទៅនេះជាចេតនារបស់រាជរដ្ឋាភិបាលមិនចង់ចាប់លោកប្រធានលោក សម រង្ស៊ី ដូចដែលយើងបានឃើញការដាក់កម្លាំងទ័ព និងការចល័តទ័ព»។
លោកបន្ថែមថា រាជរដ្ឋាភិបាល និងគណបក្សប្រឆាំងបាននិងកំពុងតែរុញច្រានស្ថានភាពរនយោបាយឲ្យធ្លាក់ទៅក្នុងវិបត្តិកាន់តែធ្ងន់ធ្ងរទៅៗដែលនឹងមិនចំណេញដល់ប្រទេសកម្ពុជា។ ភាគីទាំង ២ គួរតែព្យាយាមកាត់បន្ថយភាពតានតឹងតាមរយៈការចរចាដោយសន្តិវិធី។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយថ្លែងថា វិធានការប្រឆាំងលោក សម រង្សី មិនសមាមាត្រគ្នាទេដោយសារតែមានកងកម្លាំងសន្តិសុខទាំងមូលកំពុងត្រូវបានពង្រាយ ដើម្បីចាត់ការលោក សម រង្សី។ លោកលើកឡើងថារាជរដ្ឋាភិបាលហាក់ព្យាយាមរារាំងលោក សម រង្ស៊ី មិនឲ្យវិលត្រឡប់មកប្រទេសកម្ពុជាវិញ។
លោកបន្ថែមថា៖ «មន្ត្រីអនុវត្តច្បាប់មួយក្តាប់តូចអាចចាប់ខ្លួនលោក សម រង្សី យ៉ាងងាយស្រួល នៅពេលលោក រង្ស៊ី ត្រឡប់មកវិញ។ តុលាការបានចេញដីកាកោះហៅលោក សម រង្សី ឲ្យបង្ហាញខ្លួននៅតុលាការ ដើម្បីប្រឈមមុខនឹងការចោទប្រកាន់លើរូបលោក។ ទោះបីយ៉ាងនេះក្តី អាជ្ញាធរអាកាសចរស៊ីវិលបានរារាំងក្រុមហ៊ុនអាកាសចរណ៍មិនឲ្យដឹកលោក សម រង្សី មកកាន់ (ស្រុកកំណើត) របស់គាត់វិញ។ ទាំងនេះចម្លែកបន្តិច ហើយចោទជាសំណួរថា តើរដ្ឋាភិបាលចង់ចាប់រូបលោក សម រង្ស៊ី ឬរារាំងលោកមិនឲ្យវិលត្រឡប់មកស្រុកកំណើតវិញ»។
សេចក្តីប្រកាសរបស់អតីតគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា៖ «ការរារាំង និងការទប់ស្កាត់ដំណើរមាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិពីសំណាក់របបក្រុងភ្នំពេញនាពេលនេះគឺជាទង្វើរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើមាត្រា ៣១ មាត្រា ៣៣ និងមាត្រា ៤០ នៃរដ្ឋធម្មនុញ្ញប្រទេសកម្ពុជា។ ការធ្វើមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនាថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ គឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយបញ្ហាជាតិដែលកំពុងប្រឈមយ៉ាងធ្ងន់ធ្ងរនាពេលបច្ចុប្បន្ននេះ ដោយរួមការសង្គ្រោះជីវភាពប្រជាពលរដ្ឋខ្មែរ ការពារប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប និង GSP ពីសហរដ្ឋអាមេរិក»៕
វីដេអូ៖