ព្រះសីហនុ: នៅ​ថ្ងៃទី​ ២២ ខែ​​ កក្កដា​ នេះ មន្ត្រី​ជំនាញ​នឹង​ចាប់ផ្ដើម​សាកសួរ​ម្ចាស់​ក្រុម​​​ហ៊ុ​ន​ ដែល​នាំ​កាកសំណល់​សំរាម​ប្លា​​ស្ទិ​ក​ទាំង ៨៣ កុងតឺន័រ មក​ដា​ក់​នៅ​កំពង់ផែ​អន្តរជាតិ​​ខេត្ត​ព្រះសីហនុ ដើម្បី​ឈាន​ទៅ​រក​​ការដាក់ពិន័យ និង​​ឲ្យ​ជញ្ជូន​សំរាម​ទាំង​នេះ​ត្រឡប់​​ទៅ​ប្រទេស​ដើម​វិញ។

លោក គុណ ញឹម ប្រតិភូ​រាជ​រដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គ​​នា​យក​នៃ​អគ្គនាយក​ដ្ឋាន​គយ និង​រដ្ឋាករ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា មន្ត្រី​ជំនាញ នឹង​សាកសួរ​ម្ចាស់​ក្រុមហ៊ុន​ខ្មែរ ​ដែ​ល​មាន​បុគ្គ​លិក​ជា​ជន​ជាតិចិន​ ដោ​យផ្ទាល់​មាត់អំពី​ការ​បាន​លួច​នាំចូល​កុងតឺន័រ​ទាំង ៨៣ ទូ ផ្ទុក​ដោយ​កាកសំណល់​សំរា​ម​ប្លា​ស្ទិ​ក​​នេះដើម្បី​ធ្វើការ​ស៊ើប​​អង្កេត​ស្រាវជ្រាវដោយ​លទ្ធផ​ល​​ច្បាស់ការគ្រោង​នឹង​បង្ហាញ​នៅ​​សប្តាហ៍​ក្រោយ។

លោក​បន្តថា៖ «យើង​នឹង​ធ្វើការ​ជាមួយ​ក្រុមហ៊ុន ដើម្បី​សាកសួរ​ផ្ទាល់មាត់ ក្នុងការ​ ស្រាវជ្រាវ​សួរ​បន្ថែមថា​ តើ​គាត់​ពិត​ជា​មាន​​បុគ្គលិក​ចិន​ធ្វើការ​មែនឬ​គាត់​មាន​ភាគហ៊ុន​ក្នុង​ហ្នឹ​ង​ដែរ។ អាហ្នឹង​គឺ​ស្ថិត​​​​ក្នុង​ដំណាក់​​ការ​ស្រាវជ្រាវ​នៅ​ឡើយ»។

លោក​បន្ថែមថា ការរក​ឃើញ​​​ថា សហរដ្ឋអាមេរិក និង​កា​​ណា​ដា ជា​ម្ចាស់​កាកសំណល់​ទាំងនេះ ដោយបាន​រកឃើញ​ឯក​សារ​ដឹកជញ្ជូន​តាម​រយៈ​កំព​ង់​ផែ​អន្តរជាតិ​ព្រះសីហនុ និង​ផ្ទៀ​ង​ផ្ទាត់​ជាមួយ​ឯកសារ​ដឹក​ជញ្ជូន​របស់​ក្រុមហ៊ុន និង​កំពង់​ផែ​​ដែល​ផ្ទុកទំនិញ​នាំ​ចេញមក​កម្ពុជា។ «យើង​មិនទាន់​អាច​បង្ហាញ​ឈ្មោះ​ក្រុមហ៊ុន​នេះ​បានទេ ព្រោះ​យើង​កំពុងធ្វើការ​ស្រា​វ​ជ្រាវ​ឲ្យ​បានច្បាស់លាស់​សិន ហើយ​សំរាម​ទាំងនេះ ពួក​​គេ​បាន​នាំចូល​មកជា​ដំណា​ក់​កាល​បន្តបន្ទាប់ ចាប់តាំងពី​ចុង​ឆ្នាំ ២០១៨ មក​ម្ល៉េះ»។

លោក គុណ ញឹម បន្ថែមថា ក្រុមការងារ​លោក​បាន​បើក​ទូ​​កុង​តឺន័រ​នោះ​ចេញមកក្រៅ ហើយ​បាន​​យក​ម៉ាស៊ីន​ទៅ​វាស់​រក​ជាតិ​ពុល​ដោយ​រកឃើញថា សំរាម​នោះ​ មិនមាន​ជាតិ​វិទ្យុសកម្ម​ទេ ប៉ុន្ដែ​មាន​ក្លិន​សាយភាយ​ចេញពី​គំនរ​សំរា​ម​​នេះ ហើយ​មន្ត្រី​ជំនាញ​ក្រសួង​បរិស្ថានក៏បាន​យក​សំណាក​សំរាម​ទាំងនេះ​ទៅ​ពិសោធ​ហើយ ប៉ុន្ដែ​នៅ​មិនទាន់​ដឹង​ពី​លទ្ធផល​ទេ ហើយ​នៅ​សប្ដាហ៍​ក្រោយ​នឹង​ដឹង​ហើយ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ បាន​ថ្លែងថា រហូតមកដល់​ពេលនេះ លោក​នៅ​មិន​ទាន់មាន​អ្វី​ជា​ព័ត៌មាន​បន្ថែមទៀត​នៅឡើយ​ទេ ដោយសារ​តែ​​សមត្ថកិច្ច​ជំនាញ​កំពុង​បន្ត​ការ​ស្រាវ​ជ្រាវ​បន្ថែម​ទៀត។

លោកស្រី ជៀប សុធា​រី មន្ត្រី​សម្រប​​​​​​សម្រួល​ផ្នែក​សិទ្ធិមនុស្ស​ នៃ​សមាគម​ការពារ​សិទ្ធិមនុស្សអាដហុក ប្រចាំ​ខេត្ត​ព្រះ​សី​ហនុ បាន​ថ្លែងថា លោក​​​ស្រី​គាំទ្រ​ចំពោះ​ការស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​នេះ ប៉ុន្ដែ​សមត្ថកិច្ច​ត្រូវតែ​បង្ហាញ​អំ​ពី​លទ្ធ​ផល ដើម្បី​​កុំ​ឲ្យ​មហាជន​មាន​ការ​បារម្ភ​ពី​សុវត្ថិភាព។

លោកស្រី​បញ្ជាក់ថា៖ «ពល​រដ្ឋ​ចេះតែ​នាំគ្នា​គិតថា ខ្លាច​មានការ​ប្រព្រឹត្ត​អំពើ​​ពុករលួយ ដែល​ដោះស្រាយ​មិន​តម្លាភាពហើយ​បណ្ដាល​ឲ្យ​សំរាម​នោះ​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ»។

លោកស្រី Jenn Gearey អ្នកនាំ​​ពាក្យ​ក្រសួងបរិស្ថាន និង​ប្រែប្រួល​អាកាសធាតុ​នៃ​ប្រទេស​កាណាដា បាន​ថ្លែង​តាម​សារ​អេ​ឡិច​ត្រូនិក​ថា រដ្ឋាភិបាល​កាណាដា បានដឹង​អំពី​ក្តីកង្វល់​ដែល​លើកឡើង​ដោយ​រដ្ឋា​​ភិបាល​កម្ពុជា ហើយក៏​បាន​ជួយ​តាម​​​រយៈ​ស្ថានទូត​កាណាដា​នៅ​ភ្នំពេញ ដើម្បី​ស្រាវជ្រាវ​រក​ព័ត៌មាន​លម្អិត​ជុំវិ​ញ​បញ្ហា​សំរាម​ប្លាស្ទិក​នេះ​ដែរ។

លោកស្រី​បញ្ជាក់ថា៖ «រដ្ឋាភិបាល​កាណាដាក៏បាន​ចំណាយ​លុយ ១០​០ លាន​ដុ​ល្លា​រ​ សម្រាប់​ជួយ​ដល់​ប្រទេស​ផ្សេងៗក្នុងការ​កែច្នៃ​សំរាម​ សម្រាប់​ប្រើប្រាស់​ឡើងវិញ​ ចៀសវាង​ការ​កប់​ក្នុង​ដី ចោល​ក្នុង​ស​មុ​ទ្រ ទន្លេ ឬ​បឹង​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន»។

គួរ​បញ្ជាក់​ថា កាលពី​រសៀល​ថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០១៩ ក្រសួង​បរិស្ថាន ​និង​អគ្គនាយក​ដ្ឋាន​គយ និង​រដ្ឋាករ​នៃ​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញ​វត្ថុ និង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​សម្រេច​គាស់​ទូ​កុងតឺន័រ ​ចំនួន​ ៨៣ ដែល​គេ​ដាក់​តម្រៀប​នៅ​ក្នុង​​កំពង់ផែ​ក្រុង​ព្រះ​សីហ​នុ ដើម្បី​ពិនិត្យ​ជាក់​ស្ដែងក៏​​រក​ឃើញ​មាន​ផ្ទុក​សុទ្ធ​តែ​សំរាម​ប្លាស្ទិក​​នេះ ដែល​មាន​ទម្ងន់​ប្រមាណ ១៦០០​ តោន៕