ភ្នំពេញៈ មន្ត្រី​គណៈកម្មាធិកា​រ​ប្រយុទ្ធ​ប្រ​ឆាំង​ផលិត​ផល​ក្លែង​ក្លាយ​បាន​​អះ​អាង​ថា​ គ​ណៈក​ម្មាធិការ​​នឹងធ្វើ​សន្និសីទ​កាសែត​ក្នុង​ពេល​ឆា​ប់ៗនេះដើ​ម្បី​បង្ហាញ​ពី​​ការ​រកឃើ​ញ​ និ​ង​ការ​ចុះ​បិទ​ទីតាំង​សិប្បកម្ម​ផលិត​ទឹកក្រូច​ក្លែង​ក្លាយ​ ១ ​កន្លែង​ នៅ​ខេត្ត​កំព​ង់​ធំ និង​ ១ កន្លែង​ទៀត​ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ពា​ក់​ព័ន្ធ​នឹ​ង​កា​រលួ​ច​​កែច្នៃ​ចម្រាញ់​ប្រេងឆា​គ្មាន​គុណភាព។

លោក លីវ សុ​ផា​ណា​រិ​ទ្ធ ប្រធាន​លេខា​ធិកា​រដ្ឋាន ​និង​ជា​អ្នក​នាំ​ពាក្យ​គណៈ​កម្មា​ធិកា​រ​ប្រយុទ្ធ​ប្រឆាំង​ផលិត​ផល​ក្លែង​ក្លាយ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ថ្ងៃ​អង្គារ​ថា ដោយ​សា​រតែ​ការ​ចុះ​បង្ក្រាប​ទីតាំង​ទាំង​ ២ ​នេះ​ភ្លាមៗ​ មិ​នមាន​កា​រស​ហ​ការ​ជា​មួយ​ម្ចាស់​ទីតាំ​ង ដូច្នេះ​សមត្ថកិច្ច​ជំនាញ​សម្រេច​ផ្អាក​ទីតាំង​ទាំងនេះ​​បណ្ដោះ​អាស​ន្ន​សិន​ដើម្បី​ស្រាវ​ជ្រាវ​បន្ថែម​ និង​រង់​ចាំ​ការ​ចូល​ខ្លួន​ និង​បង្ហាញ​ឯក​សារ​ពាក់​ព័ន្ធ​ពី​ម្ចាស់​អាជីវកម្ម។

ដោយ​សារ​ករណី​ទាំង​ ២ ​ទី​តាំង​នេះ​ជំនាញ​​កំពុងស៊ើ​ប​អង្កេត​ ព្រោះ​តែ​មាន​លក្ខណៈ​មិន​ប្រក្រតី​ជា​ច្រើន​នោះ លោក​ លីវ សុ​ផា​ណារិទ្ធ ​មិន​អាច​បញ្ជាក់​អ្វី​បាន​ច្រើន​ជាង​នេះ​ទេ ដោយ​​ថា ​ពេល​បិទ​បញ្ចប់​នឹង​បង្ហាញ​ក្នុង​ស​ន្និ​សីទ​កា​សែត តែ​លោ​កមិន​បា​នប​ញ្ជា​ក់ពីពេ​ល​ធ្វើសន្នីសីទឲ្យ​ច្បាស់​នោះ​ទេ។

លោក​ថា៖ «ដោយ​សារ​ការងារ​នេះ ជា​ការ​ងារ​ជំនាញ​ ដែល​ស្ថិត​ក្នុង​ដំណាក់​កាល​នៃ​ការ​ស៊ើប​ស្រាវ​ជ្រាវ​បន្ត​ ខ្ញុំ​មិន​ទាន់​និយាយ​សិន​ នៅ​ពេល​ខាង​យើង​បាន​លទ្ធ​ផល​ជា​ស្ថា​ពរ​ ខ្ញុំ​បង្ហាញ ព្រោះ​ការងារ​ដាក់​បន្ទុក​នេះ មាន​ច្រើន​មុខ​សញ្ញា មាន​ការ​សុំ​ច្បាប់​អាជី​វក​ម្ម ការ​ផុត​សុ​ពល​ភាព ឬ​ការ​សុំច្បា​ប់​អនុ​ញ្ញាត​មិន​គ្រប់​គ្រាន់ឬក៏​ផ្សេងៗ​ទៀត។ ​យើង​ក៏​ត្រូវ​ការ​ការ​បក​ស្រាយ​ពី​ម្ចាស់​សិប្ប​កម្ម​ផង​ដែរ​ ព្រោះ​ឲ្យ​សន្និ​ដ្ឋាន​ថា​ខុស​យ៉ាង​ណា​នោះមិន​ទាន់​អាច​កំណត់​បាន​ទេ»។

ជា​មួយ​គ្នា​នេះ​ លោក លីវ សុ​ផា​ណា​រិ​ទ្ធ ក៏​ប្រកាស​ឲ្យ​ម្ចាស់​សិប្ប​កម្ម​ និង​ទីតាំង​កែច្នៃ​ទាំង​ ២ នេះចូល​មក​បង្ហាញ​ខ្លួន និង​ដាក់​ឯក​សារ​ច្បាប់​ដើម្បី​ការ​ពារ​អាជី​វកម្ម​រប​ស់​ពួក​គេ​ផង​ដែរ​ ចៀស​វាង​មាន​ការ​ចាប់​បង្ខំ​ណា​មួយ ​ខណៈ​លោក​ថា​ ធាតុ​ផ្សំ​ និង​លក្ខ​ណៈ​ប​ច្ចេ​កទេស​របស់​សិប្បកម្ម​ទាំង​នេះ ​មិន​ប្រក្រតី។

កាល​ពី​ថ្ងៃ​ទី ១០ ខែ​ កក្កដា​ សម​ត្ថកិ​ច្ច​​ចម្រុះ​បាន​សម្រេ​ច​បិទ​ទីតាំង​សិប្ប​កម្ម​ផលិត​ទឹក​ក្រូច​ក្លែង​ក្លាយ​យីហោ លឹម ភ័​ណ្ឌ នៅ​ភូមិ​ព្រៃពន្លិច​ សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹង​សែន ខេត្ត​កំពង់ធំ​ជា​បណ្តោះ​អាស​ន្ន​ ដោយ​ផ្អាក​ការ​ផលិ​ត និង​ចែក​ចាយ បន្ទាប់​ពី​រក​ឃើញថា​ការ ផលិត​របស់​សិប្ប​កម្ម​នេះ​ខុស​ច្បាប់​និង​គ្មាន​អនា​ម័យ។ ប៉ុន្តែម្ចា​ស់​ទី​តាំង​ដែល​គេ​អះ​អាង​ថា​ឈ្មោះ​លឹម ភ័​ណ្ឌ​មាន​តួនាទី​ជា​អនុប្រធាន​សភាពាណិជ្ជ​កម្ម​ខេត្ត​កំពង់​ធំ និង​ខេត្ត​ព្រះវិ​ហារ​មិនទាន់​ត្រូវ​បាន​ឃាត់​ខ្លួន​នោះ​ទេ។

លោក​ អុិត សុធា ព្រះ​រាជ​អាជ្ញា​អម​សា​លា​ដំបូង​ខេត្ត​កំពង់​ធំដែល​រួមគ្នា​​ចុះបង្ក្រាប​ទីតាំង ១ កន្លែង​នេះ ​បានប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា តុលា​ការ​រង់​ចាំ​តែ​ការ​បញ្ជូន​សំណុំ​រឿង​មក​ដើម្បី​ចាត់​ការ​បន្ត​ប៉ុណ្ណោះ។ លោក​អះ​អាង​ថា នៅ​ពេល​មន្ត្រី​ជំនាញ​ពិត​ជា​រក​ឃើញ​ថា សិប្បកម្ម ​លឹម ភ័ណ្ឌ​នេះ ខុស​ច្បាប់​មែន​នោះ នឹង​មាន​វិធានការ​តាម​ផ្លូវ​តុលាការ។

លោក​បញ្ជាក់​ថា៖​ «ការងារ​កំពុង​ស៊ើប​អង្កេត​ ដូច្នេះ​មិនទា​ន់​បាន​​ប​ញ្ជូន​មក​ខាង​ស្ថាប័​ន​ខ្ញុំ​ទេ។ ដោយសារ​សំណុំរឿងនៅ​ដៃ​សមត្ថកិច្ចដែល​ខ្ញុំ​មិន​ដឹង​ថា​សមត្ថ​កិច្ច​គាត់​ធ្វើ​យ៉ាង​ម៉េច​មិន​ទាន់​ដឹង​ទេ ប៉ុន្តែ​បើ​មក​ដល់ដៃ​ខ្ញុំទើប​ខ្ញុំ​អាច​ជម្រាប​បាន»។

ចំណែក​ទីតាំង​កែច្នៃ​សំ​ណល់​ប្រេង​ឆា​នាំ​ចេញ​ ១ ​កន្លែង​ទៀត​ដែល​ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅទី​ ២​ ខណ្ឌ​ពោធិ៍​​សែន​ជ័យ រា​ជធានី​ភ្នំពេញ​ក៏​ត្រូវ​បាន​គណៈ​កម្មា​ធិការ​ប្រយុទ្ធ​ប្រឆាំ​ង​ផលិត​ផល​ក្លែង​ក្លាយ​រួម​នឹងអា​ជ្ញាធរ​ដែន​ដី​សម្រេច​ឱ្យ​ផ្អាក​ដំណើរ​ការ​បណ្តោះ​អាសន្ន​ផង​ដែរ កាល​ពី​ថ្ងៃទី​ ១២ ខែ​ កក្កដា ឆ្នាំ ២០១៩ បន្ទាប់​ពី​រក​ឃើញ​មាន​ភាព​មិន​ប្រក្រតី។​

លោក​ស្រី ស៊ន សាវឿន មេភូមិ​ថ្ម​គោល ក្នុង​សង្កាត់​ចោម​ចៅទី ២ ដែល​បាន​ចូល​រួម​ប្រតិ​បត្តិ​ការ​​បង្ក្រាប​ទីតាំង​កែច្នៃ​ប្រេង​ឆា​នេះ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃអ​ង្គារ​ថា ទី​តាំង​​នេះ​មិន​មាន​ឈ្មោះ​ច្បាស់​លាស់​ទេ ហើយ​ផលិត​ផល​ដែល​ផលិត​បាន​ត្រូវ​បាន​អះ​អាង​ថា ​សម្រាប់​នាំចេញ​ទៅ​ក្រៅ​ប្រទេស​ដែល​មាន​ម្ចាស់​ជា​ជនជាតិ​ចិន។

លោក​ស្រី​បន្ត​ថា ពេ​ល​ចុះ​បង្ក្រាប​នោះ​គឺ​មិន​មាន​វត្តមាន​ម្ចាស់​ទីតាំង​ទេ​ជា​ហេតុ​ធ្វើ​ឲ្យ​អាជ្ញា​ធរសម្រេច​បិទ​បណ្ដោះ​អាសន្ន​ដើម្បី​រង់ចាំ​ការ​ស្រាវ​ជ្រាវ និង​ពិនិត្យ​លក្ខណៈ​ប​ច្ចក​ទេស​សិន មុន​នឹង​មាន​ចំណាត់ការ​បន្ត។

លោក​ស្រី​បញ្ជាក់​ថា៖ «សិប្ប​កម្មនេះគាត់​ដើរ​ទិញ​ប្រេងឆា​ពី​ពលរដ្ឋ​យើង​នៅ​តាម​​ហាង​ក្នុង​រាជ​ធានី​ភ្នំពេញ​យើង​ហ្នឹង ​១ ​ប៊ី​ដុង​ ២ ​ម៉ឺន​រៀ​ល រួច​ហើ​យ​គាត់​ចម្រោះ​ចូល​ក្នុង​ម៉ាស៊ីន ​រួចដឹក​ចេញ​ទៅក្រៅ​ប្រ​ទេស​តែ​ម្តង​ ដែល​ពួកគេ​ថា​អត់​មាន​ចែកចាយ​ក្នុង​ប្រទេស​ទេ។ ប៉ុន្តែ​ចាំមើល​លទ្ធ​ផល​ស៊ើប​អង្កេត​សិន ព្រោះ​ក្រោយ​ផ្អាក​បណ្ដោះ​អាសន្ន​ជំនាញ​​កំពុង​ស៊ើប»​។

ទន្ទឹម​នឹង​​កា​រប​ង្ក្រាប​ទីតាំង​សិប្បក​ម្ម និង​អាជី​វកម្ម​កែ​ច្នៃផ​លិត​ផល​ក្លែង​ក្លាយ​ខុ​ស​ប​ច្ចក​ទេស​ជា​បន្ត​បន្ទាប់​នេះ​កាល​ពី​ថ្ងៃចន្ទ​ កម្លាំង​ជំនាញ​នៃ​នាយក​ដ្ឋាន​នគរ​បាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​សហ​ការ​ជា​មួយ​​អាជ្ញាធររាជ​ធានី​ភ្នំពេញក៏​បាន​ដកហូ​ត​បា​រី​ម៉ាក​ GOLD SEAL សរុបប្រ​មាណ​ ១២៩​ កេស ​និង​សម្ភារ​​បម្រើ​ឲ្យ​ការ​ផ្សាយ​ពាណិ​ជ្ជក​ម្ម​​បារី​ចំនួ​ន​ ៦ មុខ​ផ​ងដែ​រ បន្ទា​ប់ពី​រក​ឃើ​ញថា​ខុស​ច្បាប់​នៅ​ទី​តាំង​ឃ្លាំង​ស្តុក​បារី ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ ២ ខណ្ឌ​បឹង​កេង​កង រាជ​ធានី​ភ្នំពេញ។ នេះ​បើ​តាម​គេហ​ទំព័រ​នាយក​ដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច។

របាយ​ការណ៍​នោះ​បញ្ជាក់​ថា៖ «បន្ទាប់ពី​បាន​ត្រួត​ពិនិត្យ​ចប់​សព្វ​គ្រប់ លោក សេង គីម​ឡាក់ ព្រះ​រាជអា​ជ្ញារង បាន​សម្រេច​ឲ្យ​សមត្ថកិច្ច​​ដក​ហូត​វត្ថុ​តាង​ទាំង​អស់​ខាង​លើដោ​យ​​រក្សា​ទុកជា​បណ្តោះ​អាសន្ន​នៅ​ក្នុង​បន្ទប់​ឃ្លាំង​ដាក់​សម្ភារ​នៅក្នុង​ទីតាំង​ដដែលបិ​ទ​ប្លុំ​បេ​ដើម្បី​ធ្វើការ​ពិនិត្យ​ស្រាវជ្រាវ​បន្ត​ទៀត​ដោយ​ដាក់​ឲ្យស្ថិ​តក្រោ​ម​​ការ​ទទួ​លខុ​ស​ត្រូវ​របស់​តំណាង​ម្ចាស់​ទីតាំ​ងរង់​ចាំ​ការសម្រេច​ពី​ស្ថាប័ន​តុលា​ការ​ព្រម​​ទាំង​តម្រូវ​ឲ្យ​ឈ្មោះ ឈុ​ន រ​ត្ថា ភេទ​ប្រុស អាយុ​ ៣៤​ ឆ្នាំ ​ចូល​ខ្លួន​ទៅ​បំភ្លឺ នៅ​នា​យក​ដ្ឋាន​នគរ​បាល​ប្រ​ឆាំង​បទល្មើស​សេដ្ឋ​កិច្ច ដើម្បី​បន្ត​នីតិវិធី»៕