សៀមរាបៈ មន្ត្រី​ជំនាញ​បាន​លើក​ឡើង​ថា​ ក្នុងរយៈ​ពេល​​ ២៣​ សប្ដាហ៍​ក្នុង​ឆ្នាំ​នេះ​ អ្នក​​ជំងឺ​គ្រុន​ឈាមដែ​ល​មក​ព្យាបាល​​តាម​មន្ទីរពេទ្យ​ទាំង​អស់​ក្នុង​ខេត្ត​សៀម​រាប​គឺ​មាន​ជាង​ ៦ ពាន់​នាក់​ រីឯអ្នកស្លាប់​មាន ៨​ នាក់​ ដែល​តួ​លេខ​នេះ​បង្ហាញ​ពី​ការ​កើន​ឡើង​ ៦ ​ដង បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​ដែល​ពុំ​មាន​អ្នក​ស្លាប់។

លោក​ ប៊ូ​ សារិន ​ប្រធាន​កម្ម​វិធី​ប្រ​យុទ្ធ​នឹង​ជំងឺ​គ្រុន​ឈាម​នៃ​មន្ទីរ​សុខាភិ​បាល​ខេត្ត​សៀម​រាប​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពីម្សិល​មិញ​ថា​ នៅ​ខេត្ត​សៀម​រាប​តំបន់​ដែល​មាន​ការ​ផ្ទុះ​ជំងឺ​គ្រុនឈាម​ខ្លាំង​ជាង​គេគឺ​នៅ​សង្កាត់​ស្ល​ក្រាម ​សង្កាត់​គោក​ចក ​សង្កាត់​សាលា​កំរើក​ និង​សង្កាត់​នគរធំ នៃ​ក្រុង​សៀមរាប។

លោក​បន្ត​ថា ចាប់តាំ​ងពី​ថ្ងៃទី ​១៩​ ខែ មិថុនា ​មន្ត្រី​សុខា​ភិ​បាល​បាន​ចាប់​ផ្ដើម​បាញ់​​ថ្នាំ​កម្ចាត់​សត្វ​មូស​នៅ​តាម​សាលា​រៀន ផ្សា​រ និង​តាម​ដងផ្លូវ​សា​ធារ​ណៈ​ក្នុង​សង្កាត់​ទាំងនោះដោ​យបា​ន​ប្រើ​ប្រាស់​ទឹក​ថ្នាំ​បាញ់​អស់​ប្រ​ហែល​ ១ រ​យ​លីត្រ​ ហើយ​ក្នុង​ចំណោម ៤ រ​យ​លីត្រ ​ដែល​ក្រ​សួង​សុខា​ភិ​បាល​បាន​ផ្ដល់​ទៅ​ឱ្យ​ខេត្ត​នេះ។

លោក​ថា៖​ «សម្រាប់​ឆ្នាំ​នេះ​ ទឹក​ថ្នាំ​ប៉ុណ្ណឹង​ គឺ​គ្រប់​គ្រាន់​ហើយ​ ព្រោះ​យើង​បាញ់​ទើប​នឹង​អស់​ ១០០ ​លីត្រ​ទេ ​ប៉ុន្តែ​ប្រេង​ម៉ា​ស៊ូត​ដែល​បាញ់​លាយ​ជា​មួយ​ទឹក​ថ្នាំ​នេះ​គឺ​អស់ច្រើន។​ ចំណែក​ថ្នាំ​អា​បែ​ត​ដែល​យើង​ទទួលបា​ន​ពី​ក្រសួង ​២០​ តោន ​យើង​បាន​បែង​ចែក​អស់​ហើយ​ អត់​មាន​សល់​ទៀត​ទេ»។

លោក​បន្ត​ថា ក្នុង​ចំណោម​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុនឈាម​ទាំង​ ៨ ​នាក់​ក្នុង​រយៈ​ពេល ​២៣ ស​ប្ដាហ៍​នេះ ​គឺ​សុទ្ធ​តែជា​កុមារ​ដែល​មាន​អាយុ​ចាប់​ពី​ ៤​ ឆ្នាំ​ ទៅ​ដល់​ ១៤ ​ឆ្នាំ។ ​រីឯ​អ្នក​ឈឺ​ដែល​មក​ព្យា​បាល​គ្រុន​ឈាម​ក្នុង​ខេត្ត​មាន​ជាង​ ៦ ០​០០​ នាក់​ក្នុង​នោះ​មាន​ព​លរដ្ឋ​ក្នុង​ខេត្ត​សៀម​រាប​ ២ ៦​០០​ នាក់​ ហើយ​ក្រៅ​ពី​នេះ គឺជា​ពលរដ្ឋ​មក​ពី​ជុំវិញ​ខេត្ត​សៀម​រាប ដូច​ជា​ មក​ពី​ខេត្ត​កំពង់ធំ​ជាដើម។

លោក​ថា៖ ​«ក្នុង​ចំណោម​អ្នក​ស្លាប់​ហ្នឹង​គឺ​ដោយ​សារ​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​យឺតយ៉ាវ​ពេក»។

កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ​ភ្នំពេញ​ប៉ុស្ដិ៍​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​ការ​វិវត្ត​ចុង​ក្រោយ​នៃ​ជំងឺ​គ្រុន​ឈាម​នៅ​ទូទាំង​ប្រទេស​ពី​លោក​វេជ្ជ​បណ្ឌិត ហ៊ុល​ រ៉េ​កុល ប្រធាន​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់ ​ប៉ារ៉ា​ស៊ីត​សាស្ដ្រ ​និង​បា​ណកសាស្ដ្របាន​ទេ ដោយ​សារ​ទូរ​ស័ព្ទ​​លោក​មិន​មាន​អ្នក​ទទួល។

ជា​មួយ​គ្នា​នេះ ​លោក​ស្រី ឱ វណ្ណឌី​ន មន្ត្រី​នាំ​ពាក្យ​ក្រសួង​សុខាភិ​បាល​ក៏​ពុំ​បាន​លើក​ទូរស័ព្ទ​ដែរ ​ស្រប​ពេល​លេខ​ទូរស័ព្ទ​លោក​វេជ្ជ​បណ្ឌិត ​លាង​ឫទ្ធា​ ប្រ​ធាន​កម្ម​វិធី​ជាតិ​ប្រយុ​ទ្ធ​នឹង​ជំងឺ​គ្រុន​ឈាម​ពុំ​អាច​ទាក់ទង​បាន។

ទោះ​ជា​យ៉ាង​ណា​ កាល​ពី​ថ្ងៃទី ​១៦​ ខែ មិថុនា​ កន្លង​ទៅ​នេះ​លោក​វេជ្ជ​ បណ្ឌិត លាង ឫទ្ធា ធ្លាប់​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​ក្នុង​រយៈ​ពេល​ ២០ សប្ដាហ៍​ឆ្នាំនេះ ​អ្នក​ឈឺ​ដោយ​សារ​ជំងឺ​គ្រុនឈាម​មាន​ជាង​ ១ ​ម៉ឺន ​២ ពាន់​នាក់ ​និង​ស្លាប់​ ២១​ នាក់ដែល​តួលេខ​នេះ​កើនឡើ​ង​ប្រហែល​ ៣ ដ​ង បើ​ប្រៀប​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ ២០១៨។

បើ​តាម​លោក​វេជ្ជ​បណ្ឌិត លាង ​ឫទ្ធា អ្នក​ស្លាប់​ទាំង ​២១ ​នាក់ គឺ​ដោយ​សារ​មិន​បាន​ទៅ​ទទួល​សេវា​ព្យា​បាល​ពី​មន្ទីរ​ពេទ្យ​រដ្ឋ​ ហើយ​បាន​ទៅ​ព្យា​បាល​មិន​ត្រឹម​ត្រូវ​ជា​មួយ​គ្រូ​ពេទ្យ​តាម​គ្លីនិ​ក​តូចៗ​ ដែល​គ្មាន​ជំនាញ​ពិត​ប្រាកដ។​

កាល​ពី​ថ្ងៃ​ម្សិល​មិញ​ លោក​ស្រី កែវ សុខ​ពិសី អភិ​បាល​រង​រាជធា​នី​ភ្នំពេ​ញ និង​លោក ងី មាន​ហេង ប្រធាន​មន្ទីរ​សុខា​ភិបា​ល​រាជ​ធានី​ភ្នំពេ​ញ ​បាន​ចុះ​ធ្វើ​យុទ្ធនា​​ការដាក់​ថ្នាំ​អា​បែ​ត​នៅក្នុង​ពាង​ឬ​អាង​ទឹក​ដើម្បី​សម្លាប់​ដង្កូ​វទឹក និង​អប់រំ​ពលរដ្ឋ​ដើម្បី​លុប​បំបាត់​ជម្រក​សត្វ​មូស​ខ្លា ក្នុង​រាជ​ធានី​ភ្នំ​ពេញ​។ នេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ។

ទន្ទឹម​នឹង​នេះ​ មន្ទីរ​សុខាភិ​បាល​រាជ​ធានី​ភ្នំ​ពេញ​ ក៏បាន​អំពាវ​នាវ​ឱ្យ​លុប​បាត់​ជម្រក​សត្វ​មូស​ខ្លា​ដែល​មាន​តាម​ទឹក​ដក់​ក្នុង​សម្បក​កង់​ឡាន ​កង់​ម៉ូតូ​ សម្បក​កំប៉ុង ឬ​វត្ថុ​ដែល​អាច​ដក់​ទឹក​បាន​ផ្សេង​ទៀត​ជាដើម។

ដោយ​ឡែ​ក ​កា​លពី​ថ្ងៃទី ​២​១​ មិថុនា ក្រ​សួង​អប់រំ​យុវជន​និង​កីឡា​ក៏​បានណែនាំ​ឱ្យ​ប្រធាន​មន្ទីរ​អប់រំគ្រប់​ខេត្ត​ក្រុង​ទាំងអស់​ ត្រូវ​​ផ្សព្វផ្សាយ​​អំពី​វិធី​ការពារ​ខ្លួន​កុំឱ្យ​មូស​ខ្លា​ខាំទៅ​ដល់​​សិស្សានុ​សិស្ស​ផងដែរ ​ដូចជា​ ការ​ស្លៀក​សម្លៀកបំ​ពាក់​អាវ​ដៃ​វែង​ ខោ​ជើងវែ​ង កុំ​លេង​នៅ​កន្លែង​ងងឹត ​ឬ​ក្បែរ​ព្រៃនិង​បើកទ្វា​រនិង​ប​ង្អូ​ច​ផ្ទះ​ឱ្យ​ពន្លឺ​ថ្ងៃចូល​គ្រប់​គ្រាន់​ជា​ដើមស្រ​បពេ​ល​ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា ​ឆ្នាំ​​ ២០១៩​ នេះ គឺជាឆ្នាំ​ផ្ទុះឡើង​ជំងឺ​គ្រុន​ឈាម​ខ្លាំង​បំផុត​ដែល​តែង​កើត​ឡើង​ក្នុង​រយៈពេល​ ៦ ទៅ ៧ ឆ្នាំ​ម្ដង៕