ភ្នំពេញៈ ដោយ​បន្ទរ​តាម​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​ថា​ទស្សនកិច្ច​នៅ​អង្គការ​សហប្រជាជាតិ​ទទួល​បាន​ជោគជ័យ មន្ត្រី​ជាន់ខ្ពស់​បក្ស​​កាន់អំណាច​ក៏​បាន​វាយប្រហារ​អតីត​បក្សប្រឆាំង​វិញ​ដែល​បាន​​ធ្វើ​បាតុកម្ម​ប្រឆាំង​មេដឹកនាំ​របស់​ខ្លួន​ដោយ​ថា ការតវ៉ា​នេះ​ជា​បរាជ័យ​យ៉ាង​អាម៉ាស់ និង​ចាត់ទុក​ការ​តតាំង​មតិ​របស់​បរទេស​ជា​ការ​បង្កើត​ព័ត៌មាន និង​ឈ្លានពាន​អធិបតេយ្យភាព​របស់​កម្ពុជា​។

ប៉ុន្តែ​មន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​បក្សប្រឆាំង​ពី​ម្សិលមិញ​ចាត់ទុក​ការលើក​ឡើង​របស់​មន្ត្រី​រដ្ឋាភិបាល និង​គណបក្ស​កាន់​អំណាច​ដែល​និយាយ​ការពារ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ ហ៊ុន សែន ហើយ​បែរ​មក​វាយប្រហារ​បក្ស​ប្រឆាំង​វិញ​នោះ​ថា​ជា​រឿង​ «​គួរ​ឲ្យ​អស់​សំណើច​» ​និង​ថា ពលរដ្ឋ​កម្ពុជា និង​ប្រទេស​ជាតិ​ទៅវិញ​ទេ​ដែល​ទទួល​រង​បរាជ័យ​ពី​វិបត្តិ​នយោបាយ​ដែល​កំពុង​កើត​មាន​នៅ​កម្ពុជា​។

ទាំង​មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​បក្ស​កាន់​អំណាច​លោក​ សុខ ឥសាន និង​មន្ត្រី​នាំពាក្យ​រដ្ឋាភិបាល​លោក​ ផៃ ស៊ីផាន ចាត់ទុក​សកម្មភាព​ពលរដ្ឋ​ខ្មែរ និង​បរទេស​មួយ​ចំនួន​ដែល​ប្រឆាំង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន កាលពី​ថ្ងៃទី​ ២៨-៣០ កញ្ញា នៅ​បុរីញូវយ៉ក​ថា​ជា​ពួក​ប្រតិកិរិយា ចង់​បំផ្លាញ​កម្ពុជា និង​ជា​ការ​ឈ្លានពាន​អធិបតេយ្យភាព​របស់​កម្ពុជា​ដែល​មិន​អាច​ទទួល​យក​បាន​។

លោក​ សុខ ឥសាន ពី​ម្សិលមិញ​អះអាង​ថា​ការខិតខំ​ប្រឹងប្រែង​របស់​អតីត​បក្សប្រឆាំង ពិសេស​ការ​ប្រមូលផ្តុំ​ធ្វើ​បាតុកម្ម​លើ​ទឹកដី​អាមេរិក​នាពេល​ថ្មីៗ​នេះ គឺជា​ការទទួល​បរាជ័យ​យ៉ាង​អាម៉ាស់​បំផុត​។

លោក​សរសេរ​លើ​បណ្ដាញ​តេលេក្រាម​ថា​៖ «​មិន​ចង់​ឲ្យ​សម្តេច​តេជោ​ទៅ​ជាន់ដី​អាមេរិក តែ​សម្តេច​បាន​ដឹកនាំ​គណៈប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទៅ​ជាន់ដី​អាមេរិក​នៅ​ញូវយ៉ក​បាន​ដោយ​ជោគជ័យ​ជាធម្មតា​។ អាសន:​កម្ពុជា​នៅ​ អ.ស.ប ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​កាន់កាប់​ដដែល គ្មាន​ការរារាំង ឬ​ដក​ដូច​ពួក​អគតិ​ថា​នោះ​ឡើយ​»​។

ជាមួយ​គ្នា​នេះ​លោក​អះអាង​ថា​បញ្ហា​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​មិន​ត្រូវ​បាន​មហាសន្និបាត​ អ.ស.ប ចាប់​អារម្មណ៍​ទាល់តែ​សោះ​ដោយ​គ្មាន​ប្រទេស​ណា​ក្នុង​មហាសន្និបាត​លើក​យក​បញ្ហា​កម្ពុជា​មក​ពិភាក្សា​ទេ​។

លោក​ថា​៖ «​បណ្តា​ចំណុច​ខាង​លើ​បញ្ជាក់​ពី​បរាជ័យ​ដ៏ធ្ងន់ធ្ងរ​ និង​យ៉ាង​អាម៉ាស់​របស់​ពួក​ប្រឆាំង​ និង​ពួក​ប្រតិកិរិយា​ទាំង​ខ្មែរ និង​បរទេស​ដែល​តែងតែ​មាន​មហិច្ឆតា​ចង់​​បំផ្លាញ​កម្ពុជា​តាំងពី​យូរ​មក​»​។

បន្ថែម​លើ​នេះ​លោក ផៃ ស៊ីផាន បាន​ធ្វើ​សេចក្ដី​ថ្លែងការណ៍​មួយ​ឆ្លើយតប​ទៅ​នឹង​ការ​តតាំង​មតិ​របស់​បរទេស​ក៏​ដូចជា​ប្រជាពលរដ្ឋ​មាន​ដើម​កំណើត​ខ្មែរ​មួយ​ចំនួន​រស់នៅ​ឯនាយសមុទ្រ​។ លោក​ថា​រាជរដ្ឋាភិបាល​កម្ពុជា​កើត​ចេញ​ពី​ជម្រើស​នៃ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​តាមរយៈ​ការបោះឆ្នោត​។

លោក​ថ្លែង​ថា​៖ «​ក្រៅពី​កិច្ចសហការ គោរព​ផលប្រយោជន៍​គ្នា​ទៅវិញ​ទៅមក​រវាង​ប្រជាជាតិ និង​អង្គការ​បរទេស​ទាំងអស់​ក្នុង​ភាព​ជា​ដៃគូ​កម្ពុជា​រក្សា​សិទ្ធិ​គ្រប់​បែប​យ៉ាង​ដើម្បី​រក្សា​នូវ​ភាព​ជា​ម្ចាស់​ជោគវាសនា​របស់​ខ្លួន​។ អាស្រ័យ​ហេតុ​ដូចនេះ​ការ​តតាំង​មតិ​ទាំងនោះ​គ្មាន​អ្វី​ក្រៅពី​ការបង្កើត​ព្រឹត្តិការណ៍​ព័ត៌មាន និង​ការ​ឈ្លានពាន​អធិបតេយ្យភាព​របស់​កម្ពុជា​តែប៉ុណ្ណោះ​»​។

ប៉ុន្តែ​លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ការលើក​ឡើង​របស់​មន្ត្រី​រដ្ឋាភិបាល​ថា​ជា​រឿង ​«​គួរ​ឲ្យ​អស់សំណើច​»​។

លោក​ថា​ទាំង​រាជរដ្ឋាភិបាល​កម្ពុជា និង​អតីត​គណបក្ស​ប្រឆាំង​សុទ្ធ​តែ​ទទួល​បាន​ជោគជ័យ​ពី​ការខិតខំ​របស់​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ បន្ទាប់ពី​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ក្នុង​បុរីញូវយ៉ក​នាពេល​ថ្មីៗ​នេះ​។ ប៉ុន្តែ​លោក​ថា​ពលរដ្ឋ​កម្ពុជា និង​ប្រទេស​កម្ពុជា​គឺជា​អ្នក​បរាជ័យ​នៃ​លទ្ធផល​នៃ​ជម្លោះ​នយោបាយ​កម្ពុជា​។

លោក​ថ្លែង​ថា​៖ «​សម្រាប់​គណបក្ស​ទាំង​ ២ ​គឺ​ហាក់​ទទួល​ជោគជ័យ​រៀងៗ​ខ្លួន ខ្ញុំ​បាន​តាមដាន​មើល ប៉ុន្តែ​អ្នក​ដែល​បរាជ័យ​ពិតប្រាកដ​គឺ​ប្រជាជន​ខ្មែរ និង​ប្រទេស​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​ដែល​តែងតែ​មាន​អ្នក​ប្រឆាំង អ្នកគាំទ្រ​នៅ​ទីនោះ​ដែល​បាន​បង្ហាញ​ទៅ​សហគមន៍​អន្តរជាតិ​ថា ទី​ ១ យើង​មិន​មាន​ឯកភាព​ផ្ទៃក្នុង​ទេ ទី​ ២ ប្រទេស​ដទៃ​នៅ​តែ​ព្យាយាម​លួងលោម ជួយ​យើង​ដោយ​គេ​ដឹង​ច្បាស់​ថា​យើង​មាន​បញ្ហា​»​។

លោក​ថា​៖ «​បើ​ប្រទេស​យើង នៅ​តែ​ជួប​វិបត្តិ​នៅ​តែ​មាន​បញ្ហា​ដោយ​ប្រជាពលរដ្ឋ​មិន​ទទួល​បាន​ផលប្រយោជន៍​ពី​ជម្លោះ​នយោបាយ​នេះ​ទេ មាន​តែ​ទទួល​បាន​ការរងគ្រោះ​ទៅវិញ​ទាំង​នយោបាយ ទាំង​សេដ្ឋកិច្ច ទាំង​ការគោរព​សិទ្ធិមនុស្ស ដូច្នេះ​អ្នកបរាជ័យ គឺ​ប្រជាពលរដ្ឋ​ខ្មែរ​»​។

លោក​សង្កត់​ធ្ងន់​ថា​៖ «​យើង​ជា​ប្រទេស​ដែល​គេ​បាន​ជ្រោមជ្រែង​ឲ្យ​យើង​ដើរ​ក្នុង​គន្លង​ប្រជាធិបតេយ្យ​តាំងពី​ឆ្នាំ ១៩៩១ បន្ទាប់ពី​ការចុះហត្ថលេខា​លើ​សន្ធិសញ្ញា​ក្រុង​ប៉ារីស ហើយ​ឆ្នាំ​ ១៩៩៣ គេ​ដាក់​កងកម្លាំង UN ការពារ​ដើម្បី​រៀបចំ​ការបោះឆ្នោត​ឲ្យ​យើង​»​។

អ្នកវិភាគ​នយោបាយ​លោក​ មាស នី ថា​ទាំង​បក្ស​កាន់អំណាច​ និង​បក្ស​ប្រឆាំង​សុទ្ធ​តែ​ទទួល​ជោគជ័យ​ពី​បេសកកម្ម​របស់​ខ្លួន​ដើម្បី​ការពារ​ផលប្រយោជន៍​របស់​ពួកគេ​លើ​ទឹកដី​អាមេរិក​។

លោក​ថ្លែង​ថា​៖ «​ប៉ុន្តែ​អ្វី​ដែល​ខាត​នោះ​គឺ​មុខ​មាត់​ប្រទេស​ជាតិ​មួយ​នេះ​ដែល​បង្ហាញ​ថា​យើង​នៅ​តែ​បន្ត​បែកបាក់​គ្នា​។ មិន​ត្រឹមតែ​បែកបាក់​នៅ​ក្នុង​ស្រុក​ទេ​គឺ​បាន​បង្ហាញ​ដល់​អន្តរជាតិ​»៕