ភ្នំពេញៈ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការដ្ឋាននគរបាលជាតិបានអះអាងថាសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន) គឺដើម្បីការពារសន្តិសុខជាតិ ហើយក៏មានចែងពីការផ្ដន្ទាទោសផងដែរ ប៉ុន្តែមន្ត្រីសង្គមស៊ីវិលខ្លះយល់ថា អនុក្រឹត្យនឹងរឹតបន្តឹងសេរីភាពអ្នកសារព័ត៌មាន និងក្រុមប្រឆាំង។
ក្រសួងមហាផ្ទៃ កាលពីទី ១០ ខែ កក្កដា ឆ្នាំនេះ បានប្រជុំពិភាក្សាសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន) នៅក្រសួងមហាផ្ទៃ ដឹកនាំដោយ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
លោក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិបានថ្លែងថាសេចក្តីព្រាងអនុក្រឹត្យនេះ ធ្វើឡើងដើម្បីពង្រឹងសន្តិសុខជាតិ។
លោកថា៖ «ពីព្រោះតែ (ដ្រូន) នេះបានមកដល់ស្រុកខ្មែរយើងបានជាយើងចាប់ផ្តើមធ្វើ (សេចក្តីព្រាងអនុក្រឹត្យ) ។នៅពេលដែលមានគេប្រើប្រាស់ យើងក៏ចាប់ផ្តើមគ្រប់គ្រងយើងត្រូវដេញតាមសភាពការណ៍ហើយយើងត្រូវតែធ្វើដើម្បីសន្តិសុខជាតិ និងការពារព្រះរាជាណាចក្រកម្ពុជាយើងឲ្យមានសុខសន្តិភាព»។
បើតាមលោក ជា ពៅ សេចក្តីព្រាងអនុក្រឹត្យនេះ ក៏មានចែងអំពីការផ្ដន្ទាទោសផងដែរ តែលោកមិនបានបញ្ជាក់ពីពេលវេលាបញ្ចប់ការព្រាងនេះទេ។
លោកបានបញ្ជាក់ថា៖ «តែមានប៉ះពាល់ដល់សន្តិសុខជាតិហើយ ត្រូវតែមានទោសទណ្ឌហើយ កាលណាធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិត្រូវតែមានទោសទណ្ឌ»។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងកាលពីថ្ងៃចន្ទថា សេចក្តីព្រាងអនុក្រឹត្យនេះមានគោលបំណងរក្សាសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម។
លោកថា៖ «ការបង្ហោះដ្រូនបែបអនាធិបតេយ្យ វាអាចប៉ះពាល់ដល់សិទ្ធិសេរីភាព និងជីវិតឯកជនទី ២ វាអាចប៉ះពាល់ ការងារសណ្តាប់ធ្នាប់សាធារណៈ ដូច្នេះវាទាមទារឲ្យមានការគ្រប់គ្រងតាមបទប្បញ្ញត្តិច្បាស់លាស់»។
យ៉ាងណាក្ដី លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុកបានសម្តែងក្តីបារម្ភទាក់ទងនឹងអនុក្រឹត្យនេះដោយបានអះអាងថា អាចនឹងត្រូវប្រើប្រាស់ដើម្បីរឹតត្បិតសេរីភាពអ្នកសារព័ត៌មាន និងក្រុមដែលមានមតិផ្ទុយនឹងរាជរដ្ឋាភិបាល។
លោកថា៖ «ទីតាំងទាំងអស់ មិនមែនប៉ះពាល់សន្តិសុខជាតិគ្រប់ទីតាំងនោះទេ ហើយទីកន្លែងខ្លះអាចត្រូវអនុញ្ញាតឲ្យអ្នកសារព័ត៌មានអាចថត និងយកព័ត៌មាន។ កន្លងមកយើងឃើញថាកន្លែងមួយចំនួនដែលហាមឃាត់ បានធ្វើឲ្យប៉ះពាល់ដល់ការងាររបស់អ្នកសារព័ត៌មានអនុក្រឹត្យនោះគួរតែបង្កើតមកដើម្បីបម្រើសង្គមជាតិជាជាងដើម្បីរឹតបន្តឹងទៅលើក្រុមមួយ»។
លោកបានស្នើក្រសួងពាក់ព័ន្ធដាក់អនុក្រឹត្យនេះឲ្យប្រជាជន និងសង្គមស៊ីវិលចូលរួមផ្តល់យោបល់ឲ្យទូលាយ។ ក៏ប៉ុន្តែលោក ជិន ម៉ាលីន បានច្រានចោលការបារម្ភដែលថាអនុក្រឹត្យនេះអាចធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាព។
លោកបានបញ្ជាក់ថា៖ «សង្គមស៊ីវិលចេះតែបារម្ភបែបនេះ តែអាជ្ញាធរសាធារណៈ មានកាតព្វកិច្ចថែរក្សាសណ្តាប់ធ្នាប់សន្តិសុខសង្គម គឺត្រូវតែរៀបចំហើយ ហើយសេរីភាពក៏ត្រូវមានដែនកំណត់ដែរ»៕