ព្រះសីហនុ: មន្ត្រីសាលាខេត្តព្រះសីហនុកាលពីម្សិលមិញបានទទួលស្គាល់ពីការខ្វះចន្លោះចំពោះបញ្ហាបង្ហូរទឹកកខ្វក់ ដែលចូលសមុទ្រដោយអះអាងថាទឹកនោះមានប្រភពខុសៗគ្នា និងថាអាជ្ញាធរកំពុងរៀបចំវិធានការបន្តចុះណែនាំម្ចាស់សំណង់ដែលបង្ហូរទឹកកង្វក់នេះបន្ថែមលើយន្តការដែលមានស្រាប់ ខណៈមានសកម្មជនបរិស្ថានរិះគន់ពីករណីនេះ។
លោក ឱ សារឿន អ្នកនាំពាក្យសាលាខេត្ដ និងជាប្រធានមន្ទីរព័ត៌មានខេត្តព្រះសីហនុបានថ្លែងថា ការគ្រប់គ្រងប្រព័ន្ធលូ និងទឹកស្អុយទាំងនោះពិតជាមានភាពខ្វះចន្លោះមែន ប៉ុន្ដែទឹកស្អុយដែលគេថា ហូរចូលសមុទ្រនោះគឺមិនមែនទឹកស្អុយចេញតែពីការដ្ឋានសំណង់ ឬសណ្ឋាគារមួយមុខទេ តែវាក៏មានភ្លៀងធម្មជាតិធ្លាក់មកលាយឡំនឹងទឹកស្អុយនេះផងដែរ។
លោកបានបញ្ជាក់ថា៖ «ទឹកស្អុយទាំងអស់ហ្នឹង វាមិនមែនកើតចេញពីសណ្ឋាគារ ឬការដ្ឋានសំណង់តែមួយផ្នែកទេ គឺវាមានភ្លៀងធម្មជាតិលាយគ្នាផង អីផងហ្នឹង គឺអាជ្ញាធរ និងមន្ត្រីជំនាញមិនទាន់គ្រប់គ្រងបានល្អទាំងស្រុង លើការងារដាក់អាងស្ដុកទឹកស្អុយ ឬក៏ធ្វើអាងចម្រោះទឹកហ្នឹងទេ ប៉ុន្ដែយ៉ាងណាក៏យើងបាននិងកំពុងមមាញឹកលើរឿងហ្នឹងហើយយើងឃើញថាទីតាំង ៧ កន្លែងដែលយើងរកឃើញថាវាត្រូវតែធ្វើវាបន្ទាន់មុនគេ»។
បើតាមលោក សារឿន ដោយសារកំណើនពលរដ្ឋមករស់នៅខេត្តព្រះសីហនុ បានធ្វើឲ្យមានកាកសំណល់ច្រើនជាងមុន។ ជាពិសេសគឺម្ចាស់ដីភាគច្រើនបានចាក់ដី លុបបឹង អូរ និង លូ ខណៈតម្លៃដីធ្លីក្នុងខេត្តឡើងខ្លាំងធ្វើឲ្យទឹកស្អុយច្រាល់ចូលសមុទ្រ។
យ៉ាងណាក្ដីសកម្មជនបរិស្ថាន និងជាអតីតបុគ្គលិកអង្គការមាតាធម្មជាតិ លោក ថុន រដ្ឋា បានរិះគន់ខ្លាំងៗ ខណៈមានករណីបង្ហូរទឹកកខ្វក់ចូលក្នុងសមុទ្រនៅតំបន់ឆ្នេរអូរឈើទាល ខេត្តព្រះសីហនុដែលធ្លាប់ត្រូវបានចាត់ទុកថាជាឆ្នេរស្អាតជាងគេក្នុងលោក។
ដោយបានបង្ហាញតាមរយៈវីដេអូឃ្លីបខ្លីមួយកាលពីម្សិលមិញលោក ថុន រដ្ឋា អះអាងថាមានបំពង់ទុយោចំនួន ២៩ ដែលគេដាក់បង្ហូរទឹកស្អុយ និងទឹកភ្លៀងចូលទឹកសមុទ្រនៅតំបន់អូរឈើទាល និងបានអះអាងពីការរកឃើញជាតិកខ្វក់ក្រោយពេលលោកយកទៅធ្វើពិសោធន៍។
លោកបញ្ជាក់ថា៖ «...ពេលនេះលទ្ធផលចេញមកហើយទឹកលូស្អុយទាំងនោះ ជាទឹកដែលហូរចេញពីបង្គន់ដោយផ្ទាល់ ហើយពិតជាមានផ្ទុកសារធាតុប៉ារ៉ាស៊ីត បាក់តេរី ដែលអាចបង្កជាជំងឺផ្សេងៗ»។
ក្រៅពីនោះលោក រដ្ឋា អះអាងថាមានសារធាតុផ្សេងទៀតរួមមាន Escherichia coli, Trichomonas intestinalis trophozoite និងសារធាតុអាម៉ូញាក់ដែលកើតចេញពីលាមក ឬទឹកនោម ហើយវាបានបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់អ្នកលែងទឹក ជាពិសេសមនុស្សចាស់ កុមារ និងស្ដ្រីមានផ្ទៃពោះ។
កាលពីថ្ងៃទី ៨ វិច្ឆិកា រាជរដ្ឋាភិបាលបានយល់ព្រមជាគោលការណ៍លើរបាយការណ៍ស្ដីពីលទ្ធផលនៃការចុះពិនិត្យ និងសិក្សាដើម្បីរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធទាក់ទងនឹងបញ្ហាអនាម័យនៅតាមតំបន់ឆ្នេររបស់ខេត្តព្រះសីហនុ។ នេះបើយោងតាមលិខិតដែលចុះហត្ថលេខាដោយលោក ឈិត សុខុន ដែលជារដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី។
តាមរបាយការណ៍នេះមានដូចជារៀបចំកែលម្អ និងពង្រីកបន្ថែមសមត្ថភាពស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងទីលានសម្ងួតភក់ក្រុងព្រះសីហនុនៅលើផ្ទៃដីទំហំ ១៦ ហិកតា ដើម្បីបង្កើនសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ពី ៥ ៧០០ ម៉ែត្រគុបក្នុង ១ ថ្ងៃឲ្យកើនដល់ ២៥ ០០០ ម៉ែត្រគុបក្នុង ១ ថ្ងៃដោយបំពាក់ប្រព័ន្ធម៉ាស៊ីនមេកានិចស្វ័យប្រវត្តិបន្ថែម។ ក្រសួងសាធារណការ និងដឹកជញ្ជូនទទួលធ្វើផែនការ និងអនុវត្តក្នុងរយៈពេលពី ៣ ទៅ ៥ ខែ។
បន្ថែមពីលើនេះគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា (ត.អ.ឆ.ក) ក្រសួងសាធារណការ និងដឹកជញ្ជូន និងអាជ្ញាធរខេត្តបានជូនដំណឹងថ្មីៗនេះស្ដីពីការរៀបចំស្ថានីយបូមបង្វែរទឹកកខ្វក់កុំឲ្យហូរចូលក្នុងសមុទ្រចំនួន ៤ ទីតាំងដែលមានឆ្នេរឯករាជ្យ អូរសម្អាត ឆ្នេរសុខា និងឆ្នេរអូរឈើទាល ដើម្បីបញ្ជូនទៅស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ដោយមិនឲ្យហូរចូលសមុទ្រវិញឡើយ។
សេចក្ដីជូនដំណឹងបន្តថាគ្រប់សណ្ឋាគារភោជនីយដ្ឋាន និងសំណង់ទាំងអស់ត្រូវរៀបចំឲ្យមានអាងប្រព្រឹត្តកម្មទឹកកខ្វក់មុននឹងបង្ហូរចូលទៅលូសាធារណៈ។ រាល់ការដ្ឋានសំណង់អគារគ្រប់ប្រភេទត្រូវធ្វើរបងហ៊ុមព័ទ្ធការដ្ឋានយ៉ាងតិច ២ ម៉ែត្រដោយរៀបចំជើងរបងអំពីបេតុងកម្ពស់យ៉ាងតិច ៨០ សង់ទីម៉ែត្រ ដើម្បីកុំឲ្យដីសំណល់រឹង និងរាវហៀរចេញពីការដ្ឋានទៅលើផ្លូវ ចិញ្ចើមផ្លូវ ដីចំណីឆ្នេរ ឆ្នេរសមុទ្រ ព្រែក អូរ បឹង និងទីសាធារណៈក្នងគោលដៅធានាសុវត្ថិភាពសណ្ដាប់ធ្នាប់ អនាម័យ សោភណភាព និងបរិស្ថាន។
លោក វ៉ាស៊ឹម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងកាលពីដើមខែមុនថា ក្រុមការងារដែលត្រូវធ្វើនៅខេត្តព្រះសីហនុត្រូវបានភាគីស្ថាប័នបែងចែកតាមតួនាទីរៀងៗខ្លួនរួចរាល់ហើយដោយកំពុងធ្វើការតាមតួនាទី។
លោកបញ្ជាក់ថា៖ «ការពិតយើងមានយន្តការស្រាប់អស់ហើយ ប៉ុន្ដែគ្រាន់ថា សេចក្ដីជូនដំណឹងហ្នឹងនឹងជួយពង្រឹងប្រសិទ្ធភាពការងារ ព្រោះយើងត្រូវធ្វើការជាអន្តរក្រសួង។ ជាក់ស្ដែងគឺខាងក្រសួងបរិស្ថានគេមានយន្តការ និងយុទ្ធសាស្ត្ររបស់គេ ក្រសួងសាធារណការ និងដឹកជញ្ជូនក៏មានស្រាប់ និងខាងខេត្តក៏គេមានយន្តការគេដែរ អ៊ីចឹងនេះគ្រាន់តែពង្រឹងប្រសិទ្ធភាពការងារទេ»៕