កណ្ដាលៈ មន្រ្តីនគរបាលច្រកក្អមសំណក្នុងស្រុកលើកដែកខេត្តកណ្ដាល ៣ នាក់ និងអ្នកពាក់ព័ន្ធម្នាក់ ត្រូវបានឃាត់ខ្លួនដោយសារជាប់សង្ស័យដាក់ថ្នាំក្នុងស្រាធ្វើឲ្យនារីខារ៉ាអូខេយីហោ «ម៉ីម៉ី» ម្នាក់ស្លាប់ និង ៣ នាក់ទៀតពុលធ្ងន់ធ្ងរកាលពីរាត្រីថ្ងៃទី ១៦ មិថុនា។
លោក រឿន ណារ៉ា ស្នងការរងនគរបាលខេត្តកណ្តាលបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ករណីមន្រ្តីនគរបាលច្រកក្អមសំណដែលសង្ស័យពាក់ព័ន្ធការដាក់ថ្នាំធ្វើឲ្យនារីខារ៉ាអូខេម្នាក់ស្លាប់នោះ សមត្ថកិច្ចជំនាញកំពុងបើកការស៊ើបអង្កេតបន្ថែម ដែលព័ត៌មានជុំវិញបញ្ហានេះលោកមិនទាន់អាចបញ្ជាក់ប្រាប់បានទេ។
លោកថា៖ «រឿងនេះខ្ញុំមិនទាន់អាចផ្តល់ព័ត៌មានជូនបានទេព្រោះសមត្ថកិច្ចកំពុងតែស្រាវជ្រាវបន្តទៀត»។
ដោយឡែកលោក អាំ ធូ អធិការស្រុកលើកដែកបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញដែរថា បន្ទាប់មានសេចក្តីរាយការណ៍ពីករណីនេះ សមត្ថកិច្ចរបស់លោកបានចុះពិនិត្យដល់កន្លែងកើតហេតុ ហើយបានឃើញមាននារីរងគ្រោះម្នាក់ស្លាប់ និង ៣ នាក់ មានអាការពុលខ្លាំង ហើយក៏បានស្រាវជ្រាវភ្លាមៗទើបឈានទៅឃាត់ខ្លួន ៤ នាក់ មកសាកសួរក្នុងនោះមានមន្រ្តីនគរបាលច្រកក្អមសំណ ៣ នាក់ផងដែរ។
លោកប្រាប់ថា ហេតុដែលនាំឲ្យកើតមានរឿងនេះ ដោយមុនដំបូងក្រុមជនសង្ស័យបាននាំគ្នាទៅហូបស្រាបៀរនៅហាងឈ្មោះ «ម៉ីម៉ី» និងបានហៅនារីបម្រើសេវាមកច្រៀង ខណៈក្រុមជនសង្ស័យមានថ្នាំប្រភេទម្សៅពណ៌ស ១ កញ្ចប់តូចដាក់ក្នុងស្រាឲ្យជនរងគ្រោះផឹក រីឯថ្នាំផ្សេងទៀតដែលពួកគេដាក់ក្នុងទឹកសុទ្ធធ្វើឲ្យមានបញ្ហាដែរនោះ សមត្ថកិច្ចមិនទាន់បានដឹងទេ។
លោកថា៖ «យើងកំពុងតែធ្វើកោសល្យវិច័យនៅគ្រប់កន្លែងកើតហេតុហើយព័ត៌មានពីបញ្ហានេះក៏នៅមិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយដែរ។ចំពោះវត្ថុតាងអ្វីៗទាល់តែសមត្ថកិច្ចធ្វើកោសល្យវិច័យសិនទើបដឹង»។
យ៉ាងណាក្ដី បើយោងតាមកំណត់ហេតុរបស់នគរបាលបង្ហាញថា ហេតុការណ៍នេះកើតឡើងនៅហាងខារ៉ាអូខេយីហោ ម៉ីម៉ី កាលពីយប់ថ្ងៃទី ១៦ មិថុនា ដោយមន្រ្តីនគរបាលសង្ស័យបាននាំគ្នាទៅផឹកស៊ីក្នុងហាងខាងលើដោយមាននារីកំដរ ៤ នាក់ផង។
ជនសង្ស័យបានឲ្យនារីទាំងនោះផឹកស្រាបៀរដែលសង្ស័យមានលាយជាមួយថ្នាំពណ៌សបណ្តាលឲ្យពុលស្លាប់ម្នាក់និង ៣ នាក់ទៀតពុលធ្ងន់ធ្ងរ រីឯជនសង្ស័យក៏ត្រូវបានឃាត់ខ្លួនភ្លាមៗផងដែរ។
តាមកំណត់ហេតុបង្ហាញថា ជនដែលត្រូវឃាត់ខ្លួនរួមមានទី ១-ឈ្មោះ ទឹម វឌ្ឍនៈ ភេទប្រុស អាយុ ៣៩ ឆ្នាំ ទី២-ឈ្មោះ ចន្រ្តា វណ្ណៈ ភេទប្រុសអាយុ ៣៥ ឆ្នាំ ទី៣-ឈ្មោះ កែវ វឌ្ឍនៈពូន ភេទប្រុស អាយុ ២៧ ឆ្នាំ ពួកគេជាមន្រ្តីនគរបាលច្រកក្អមសំណ និងទី៤-ឈ្មោះ វ៉ាន់ ជីវ័ន្ត ភេទប្រុស អាយុ ២៩ ឆ្នាំ ជាកម្មករ។ រីឯឈ្មោះ វណ្ណា ភេទប្រុស អាយុ ២៩ ឆ្នាំ ជាអ្នករត់តាក់ស៊ី (គេចខ្លួន)។
ចំណែកនារីរងគ្រោះរួមមាន ឈ្មោះ អុិច ចន្នី អាយុ ១៩ ឆ្នាំ ជាបុគ្គលិកខារ៉ាអូខេនៅហាងម៉ីម៉ី (ស្លាប់) ។ ទី២ ឈ្មោះ សន ស្រីនាង ភេទស្រី អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកខារ៉ាអូខេម៉ីម៉ី ទី៣-ឈ្មោះ រ៉ា សំណាង ភេទស្រី អាយុ ២១ ឆ្នាំ និងទី៤-ឈ្មោះ ជា សម្ផស្ស ភេទស្រី អាយុ ១៨ ឆ្នាំ ពួកគេជាបុគ្គលិកខារ៉ាអូខេម៉ីម៉ី។
ទាក់ទងនឹងបញ្ហានេះដែរ កាលពីម្សិលមិញ សមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថស្រុកលើកដែកដោយមានការសម្របសម្រួលពីលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាលក៏បានចុះទៅឆែកឆេរទីតាំងខារ៉ាអូខេយីហោ «ម៉ីម៉ី» នេះផងដែរ ដោយបានដកហូតវត្ថុតាងមួយចំនួន ដែលក្នុងនោះ រួមមាន ថ្នាំម្សៅពណ៌សស្រអាប់ ១ កញ្ចប់តូច ដបទឹកដែលមានបន្សល់ទឹកថ្នាំពណ៌លឿង និងសម្បកកញ្ចប់កៅអៀក មានរូបខ្លាពណ៌លឿងចំនួន ១ ផងដែរ៕