ភ្នំពេញៈ មន្ត្រីនគរបាលចរាចរណ៍ជាន់ខ្ពស់រាជធានីភ្នំពេញ ២ រូប ត្រូវបានក្រុមមន្ត្រីក្រោមឱវាទរបស់ខ្លួនទម្លាយប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុកតាមរយៈលិខិតអនាមិកមួយច្បាប់ថា បានយកលុយដាក់ខែពីក្រុមហ៊ុនរថយន្តដឹកជញូនធុនធ្ងន់មួយចំនួន ជាថ្នូរក្នុងការជួយអន្តរាគមន៍ ពេលមានករណីបង្ក្រាបចាប់ដោយមន្ត្រីជំនាញ ពេលរថយន្តទាំងនោះចូលក្នុងទីក្រុងខុសពេលវេលា ប៉ុន្តែមន្ត្រីនគរបាលជាន់ខ្ពស់ទាំង ២ នោះបានបដិសេធ។
លិខិតអនាមិកនោះ បានសរសេរថា លោក ចេវ ហាក់ ស្នងការរងរាជធានីភ្នំពេញទទួលបន្ទុកផែនចរាចរណ៍ផ្លូវគោក និងលោក សែម គុន្ធា ប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ត្រូវបានមន្ត្រីក្រោមឱវាទចោទប្រកាន់ថា បានទទួលប្រាក់ពី ៥០០ ដុល្លារទៅ ១ ០០០ ដុល្លារ ក្នុង ១ ខែៗ ពីក្រុមហ៊ុនរថយន្តដឹកជញ្ជូនធុនធ្ងន់មួយចំនួន ជាថ្នូរក្នុងការជួយអន្តរាគមន៍ដំណោះស្រាយពេលមានករណីបង្ក្រាបចាប់ពីក្រុមមន្ត្រីនគរបាលចរារណ៍ម្ដងៗ។
លិខិតនោះបានបញ្ជាក់ថា៖ «រថយន្តធំៗរបស់ក្រុមហ៊ុនដែលបានបង់លុយប្រចាំខែ ទៅឲ្យមេនគរបាលចរាចរណ៍ទាំង ២ នាក់ខាងលើនេះ មានបិទស្ទីកគ័រអក្សរ PN និង KT នៅលើកញ្ចក់រថយន្ត។ កន្លងមក មានការអន្តរាគមន៍ឲ្យដោះលែងរថយន្តធំៗដែលមានស្លាកសញ្ញាទាំងនេះភ្លាមៗ ក្រោយពីយើងខ្ញុំចាប់ឃាត់ក្នុងករណីបើកចូលក្នុងរាជធានីភ្នំពេញខុសពេលវេលា និងតម្រាយផ្លូវ»។
លោក ចេវ ហាក់ និងលោក សែម គន្ធា កាលពីថ្ងៃទី ១៤ កក្កដា ឆ្នាំ ២០១៩ បានបដិសេធចំពោះការចោទប្រកាន់ទាំងនេះ និងចាត់ទុករបាយការណ៍ព័ត៌មាននៅក្នុងលិខិតអនាមិកនោះថាជា «ព័ត៌មានមិនពិត» និងមានចេតនាញុះញង់បំបែកបំបាក់សាមគ្គីផ្ទៃក្នុងរបស់មន្ត្រីរាជការ។
លោកសែម គន្ធា បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៤ កក្កដា ថា ដើម្បីបញ្ចៀសភាពកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍ក្នុងរាជធានីភ្នំពេញ រថយន្តដឹកទំនិញធំៗត្រូវបានហាមឃាត់មិនឲ្យចូលក្រុងចាប់ពីម៉ោង ៦:០០ ព្រឹករហូតដល់ ៨:០០ យប់។ ជាមួយគ្នានេះ អាជ្ញាធររាជធានីភ្នំពេញ ក៏បានកំណត់តម្រាយផ្លូវមួយចំនួនផងដែរ សម្រាប់រថយន្តធំៗ ឆ្លងកាត់ក្នុងចន្លោះម៉ោងដែលត្រូវបានហាមឃាត់នេះ ប៉ុន្តែកន្លងមក មានអ្នកបើកបររថយន្តដឹកទំនិញមួយចំនួនបានបំពានទៅនឹងបម្រាមនេះ។
លោកបានបញ្ជាក់ថា៖ «កន្លងមក (ពីខែមករាដល់ខែឧសភា ឆ្នាំ ២០១៩) នេះ រថយន្តដឹកទំនិញធំៗដែលបានបំពានទៅនឹងបម្រាមនេះប្រមាណពី ៣ ០៤០ គ្រឿង ក្នុង ១ ថ្ងៃ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍យើងបង្ក្រាបចាប់ផាកពិន័យ»។
លោកបានបន្ថែមថា ពិសេសក្នុងរយៈពេល ២ ខែចុងក្រោយនេះ បទល្មើសរថយន្តធំៗចូលក្រុងគឺមាននៅសល់តែ ៣៤ ករណីប៉ុណ្ណោះ។
លោក គន្ធា ថ្លែងថា៖ «ទោះយ៉ាងណាក៏ដោយខ្ញុំមិនដឹងថា លិខិតអនាមិកដែលបានប្ដឹង ឬរាយការណ៍ទៅខាងប្រព័ន្ធផ្សព្វផ្សាយ ដោយចោទប្រកាន់យើងខ្ញុំជាថ្នាក់ដឹកនាំនោះ ធ្វើឡើងដោយក្រុមមន្ត្រីនគរបាលចរាចរណ៍យើងខ្ញុំ ឬមួយយ៉ាងណានោះទេ ប៉ុន្តែវាពិតជាមិនឆ្លុះបញ្ចាំងពីការពិតដែលយើងខ្ញុំកំពុងប្រឹងប្រែងអនុវត្តការងារនៅពេលនេះឡើយ។ ខ្ញុំយល់ថា វាជារបាយការណ៍មួយដែលមានលក្ខណៈញុះញង់បំបែកបំបាក់សាមគ្គីផ្ទៃក្នុងរបស់មន្ត្រីនគរបាលចរាចរណ៍យើងខ្ញុំ»។
លោក ចេវ ហាក់ ស្នងការរងរាជធានីភ្នំពេញ ទទួលបន្ទុកផែនចរាចរណ៍ផ្លូវគោក លើកឡើងស្រដៀងគ្នានេះប្រាប់ភ្នំពេញប៉ុស្តិ៍ថា កន្លងមកមានមន្ត្រីនគរបាលមួយចំនួនបានរងការបណ្ដេញចេញពីក្របខ័ណ្ឌជាមន្ត្រីនគរបាលចរាចរណ៍ផងដែរ នៅពេលថ្នាក់លើរកឃើញអំពីកំហុស ទទួលលុយពីប្រជាពលរដ្ឋដោយមិនចេញវិក្កយបត្រផាកពិន័យ។
លោក ចេវ ហាក់ បានថ្លែងឲ្យដឹងថា៖ «បើសិនជាពួកគេដឹងច្បាស់ថាយើងខ្ញុំជាថ្នាក់ដឹកនាំប្រព្រឹត្តល្មើសច្បាប់មែននោះ ពួកគេគួរតែប្ដឹងទៅសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីមានចំណាត់ការស្រាវជ្រាវតាមផ្លូវច្បាប់ទើបជាការប្រសើរ មិនគួរសរសេរលិខិតអនាមិកបរិហារបែបនេះឡើយ»។
លោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានឲ្យដឹងកាលពីម្សិលមិញថា ករណីការជួយអន្តរាគមន៍រវាងអាជ្ញាធរនិងអ្នកមានលុយជាថ្នូរ ដើម្បីឲ្យរួចផុតពីការចោទប្រកាន់តាមផ្លូវច្បាប់ណាមួយគឺជាវប្បធម៌មួយដែលកើតមាននៅក្នុងសង្គមខ្មែរជាយូរមកហើយដូច្នេះហើយទើបមានបណ្ដឹងអនាមិក។
លោក ពៅ ថ្លែងថា៖ «ខ្ញុំគិតថាស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលគប្បីបើកការស្រាវជ្រាវស្វែងរកការពិតនៅពេលមានបណ្ដឹងអនាមិកបែបនេះ ដែលកើតចេញពីមន្ត្រីក្រោមឱវាទ»៕