ភ្នំពេញ: ​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ពី​ម្សិលមិញ​បាន​ឃាត់ខ្លួន​មន្ត្រីនគរបាល​ម្នាក់​ឈ្មោះ​ គង់ សុភាព មាន​តួនាទី​ជា​នាយរង ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី បន្ទាប់ពី​បាន​បាញ់​កាំភ្លើង​ជិត​ ១០ ​គ្រាប់ ​នៅ​យប់​ថ្ងៃទី ២៩ ខែ​មីនា ​ក្នុង​សង្កាត់​ស្រះចក​ដែល​ធ្វើឲ្យ​ស្ត្រី​ម្នាក់​ភ័យ​ស្លន់ស្លោ​រហូត​ដល់​សន្លប់​។

លោក ស ថេត ស្នងការ​រាជធានី​មិនទាន់​អាច​ទាក់ទង​សុំការ​បញ្ជាក់​បន្ថែម​ជុំវិញ​ករណីនេះ​បានទេ​ដោយ​ទូរស័ព្ទ​របស់លោក​គ្មាន​អ្នកទទួល​។ ប៉ុន្តែ​បើតាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ដោយ​អនុវត្ត​តាម​បទបញ្ជា និង​ការណែនាំ​ពី​លោកនាយ​ឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​សមត្ថកិច្ច​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ចាប់ខ្លួន​បុរស​ម្នាក់​ឈ្មោះ គង់ សុភាព អាយុ ៤២ ​ឆ្នាំ (​មិន​បញ្ជាក់​ពី​តួនាទី និង​មូលហេតុ​) ដែល​បង្ក​ការបាញ់បោះ​កាលពី​យប់​ថ្ងៃទី ២៩ ខែ​មីនា​នៅ​វេលា​ម៉ោង ២២: ១០ ​នាទី​នៅ​ម្តុំ​អតីត​បឹងកក់ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។

លោក កាន់ វណ្ណៈ នាយប៉ុស្ដិ៍​រដ្ឋបាល​សង្កាត់​ស្រះចក​បាន​ថ្លែង​ពី​ម្សិលមិញ​ថា មាន​ករណី មនុស្ស​មិន​ស្គាល់​អត្តសញ្ញាណ​មួយក្រុម​ជិះ​រថយន្ត​ ២ ​គ្រឿង បាន​ធ្វើ​សកម្មភាព​បាញ់​ជិត​ ១០ ​គ្រាប់​ ហើយ​សមត្ថកិច្ច​ជំនាញ​កំពុង​បន្តធ្វើ​ការស៊ើបអង្កេត​រក​ជន​នោះ​។ លោក​បញ្ជាក់ថា​៖ «​យើង​នៅ​មិនទាន់​បាន​រកឃើញ​អត្តសញ្ញាណ​ជន​ដែល​បាន​បាញ់បោះ​សេរី​នេះ​ទេ ហើយ​ក៏​មិនបាន​ទាន់​ដឹង​ពី​មូលហេតុ​ដែល​នាំឲ្យ​ជន​ទាំងអស់​នោះ​ទៅ​បាញ់បោះ​នៅ​ទីកន្លែង​នោះដែរ​»​។

បើ​តាម​លោក​ វណ្ណៈ ការបាញ់បោះ​នេះ​មិនបាន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​ទេ ដោយ​គ្រាន់តែ​ធ្វើឲ្យ​ស្ដ្រី​ម្នាក់​ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​ដួលសន្លប់​ដោយសារ​តែ​ភ័យ​តក់ស្លុត នៅពេល​ឮស្នូរ​សំឡេង​កាំភ្លើង​ដែល​ជនល្មើស​បាន​បាញ់​។

លោក ទៀង ច័ន្ទសារ អធិការ​ខណ្ឌដូនពេញ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ករណី​នេះ​។ មន្ត្រីនគរបាល​ម្នាក់​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ សុំ​មិន​បញ្ចេញ​ឈ្មោះ​ថ្លែង​ពី​ម្សិលមិញ​ថា​៖ «​ខ្ញុំ​ទទួលដំណឹង​នេះដែរ ប៉ុន្ដែ​ខ្ញុំ​អត់​បាន​ធ្វើការ​លើ​សំណុំរឿងនេះ​ទេ បើ​អ៊ីចឹង​សួរ​ទៅ​មន្ត្រីនគរបាល​ជំនាញ​ខ្ញុំ​ទៅ ខ្ញុំ​អត់​ដឹង​រឿងនេះ​ច្បាស់​ទេ​»​។

មន្ត្រីនគរបាល​ជាន់ខ្ពស់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ត្រូវបាន​សារព័ត៌មាន Fresh News ដកស្រង់​សម្ដី​មក​ចុះផ្សាយ​ពី​ម្សិលមិញ​ថា ជនដៃដល់​មាន​ឈ្មោះ​ គង់ សុភាព អាយុ​ ៤២ ​ឆ្នាំ​ពាក់​ស័ក្តិ​ ៤ ​កន្លះ (​វរសេនីយ៍ទោ​) មាន​តួនាទី​ជា​នាយរង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។

Fresh News បន្តថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​ជនសង្ស័យ និង​បក្ខពួក​ ១ ​ក្រុម​មាន​គ្នា​ជិត ១០ ​នាក់ ជិះ​រថយន្ត​ ២ ​គ្រឿង ១ ​គ្រឿង​ម៉ាក Lexus RX 330 ពណ៌​ស និង​ ១ ​គ្រឿង​ទៀត​ម៉ាក Camry ពណ៌​ស មិន​ចាំ​ស្លាក​លេខ​ទាំង​ ២​។ ពួកគេ​បាន​ចុះ​ពី​រថយន្ត​ដើរ​សំដៅទៅ​ទីតាំង​កើតហេតុ​ដែល​មាន​ប្រជាពលរដ្ឋ​កំពុង​អង្គុយ​ជុំគ្នា ភ្លាមៗ​នោះ​ស្រាប់តែ​ជនដៃដល់​បាន​ទាញ​កាំភ្លើង​បាញ់​សំដៅ​ទៅលើ​អាកាស និង​បាញ់រះ​ទៅ​កន្លែង​ផ្សេងៗ​ទៀត​ដែល​គ្មាន​មនុស្ស​ប្រមាណ​ជិត ១០ ​គ្រាប់​ផ្ទួនៗ​គ្នា​។

ការបាញ់​នេះ​បាន​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ភិតភ័យ​ធ្វើឲ្យ​ស្ត្រី​ម្នាក់​បាន​ដួលសន្លប់ ហើយ​ភ្លាមៗ ជនដៃដល់​បាន​ដើរមក​សួរ​ជនរងគ្រោះ​ថា​ (​ងាប់​នៅ​?) រួច​ក៏​នាំគ្នា​ឡើង​ជិះ​រថយន្ត​គេច​ខ្លួន​ចេញ​ពី​កន្លែងកើតហេតុ​បាត់​។ ប្រភព​បន្ថែមថា ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​ចុះមក​ដល់​ទីតាំង​កន្លែង​កើតហេតុ​បាន​ត្រឹម​តែ​ប្រមូល​សម្បក​គ្រាប់កាំភ្លើង​រួច​ធ្វើការ​សាកសួរ​អ្នក​ដែល​ឃើញ​ហេតុការណ៍​ដើម្បី​កំណត់​មុខសញ្ញា​ជនដៃដល់​៕