ភ្នំពេញៈ មន្ត្រី​ជាន់ខ្ពស់​នៃ​សភាជាតិ និង​មន្ត្រី​គណបក្ស​កាន់អំណាច​កាលពី​ម្សិលមិញ​បាន​ប្រតិកម្ម​ខ្លាំងៗ​ចំពោះ​ការអះអាង​ថា អតីត​មេបក្ស​ប្រឆាំង​លោក​ សម រង្ស៊ី ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​មហាសន្និបាត​សហភាព​អន្តរ​សភា​ (IPU) នៅក្នុង​ប្រទេស​ស្វ៊ីស​នា​សប្ដាហ៍​នេះ​ដោយ​ចាត់ទុក​ថា​គឺជា​ការ​ «​បំពាន​លើ​ឯករាជ្យ និង​អធិបតេយ្យភាព​ជាតិ​កម្ពុជា​» ​ហើយ​ព្រមាន​ថា គណៈប្រតិភូ​កម្ពុជា​នឹង​ធ្វើការ​តវ៉ា​ភ្លាម​បើ​លោក រង្ស៊ី បង្ហាញ​ខ្លួន​។

សរសេរ​នៅលើ​បណ្ដាញ​សង្គម​តេឡេក្រាម​ពី​ម្សិលមិញ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ សុខ ឥសាន បញ្ជាក់​ថា​៖ «​រហូត​មក​ដល់​ពេល​នេះ​ទណ្ឌិត​ សម រង្ស៊ី គ្មាន​តួនាទី​អ្វី​ដ៏តិចតួច​ក្នុង​ការ​មាន​មុខ​ចូលប្រជុំ​នៅ​លើ​វេទិកា​នានា​ជា​ថ្នាក់​អន្តរជាតិ​ទេ ពីព្រោះ​ទណ្ឌិត​ សម រង្ស៊ី មិនមែន​ជា​តំណាង​ប្រជាជន​កម្ពុជា​ឡើយ​។ ទណ្ឌិត​​ សម រង្ស៊ី គ្រាន់តែ​ជា​ជន​ក្បត់​ជាតិខ្មែរ និង​ជា​ជនពនេចរ​គ្មាន​ស្រុកទេស​ និង​ជា​អាយ៉ង​ដាច់​ថ្លៃ​របស់​ពួកបរទេស​ចក្រពត្តិភាព​និយម​អន្តរជាតិ​តែ​ប៉ុណ្ណោះ​»​។

លោក​ថា​បក្ស​ប្រជាជន​កម្ពុជា​សូម​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ការតវ៉ា​ដ៏ម៉ឺងម៉ាត់​របស់​គណៈប្រតិភូ​សភា​កម្ពុជា​ដែល​បាន​ទៅ​ចូលរួម​ប្រជុំ​ជា​ផ្លូវការ​ក្នុង​អង្គប្រជុំ IPU ក្នុង​នាម​ជា​តំណាង​ស្របច្បាប់​របស់​ប្រជាជន​កម្ពុជា ហើយ​សូម​ថ្កោលទោស​យ៉ាង​ដាច់​អហង្ការ​ចំពោះ​អាកប្បកិរិយា​ល្មើសច្បាប់​របស់​ជន​លម្អៀង​ខាង​នយោបាយ និង​មនោគមន៍វិជ្ជា​អន្តរជាតិ​។

លោក​សង្កត់​ធ្ងន់​ថា​៖ «​ដូច្នេះ​ការដែល​មាន​អ្នក​អនុញ្ញាត​ឲ្យ​ទណ្ឌិត​ សម រង្ស៊ី ​ចូល​ប្រជុំ​នៅក្នុង​វេទិកា IPU គឺជា​ការរំលោភ​សិទ្ធិ​ប្រជាធិបតេយ្យ​របស់​ប្រជាជន​កម្ពុជា និង​គឺជា​ការបំពាន​លើ​ឯករាជ្យ​ និង​អធិបតេយ្យភាព​ជាតិ​កម្ពុជា​យ៉ាង​ងងើល​ព្រម​ទាំង​រំលោភ​ច្បាប់​អន្តរជាតិ​ដែល​ប្រធាន​ប្រជុំ IPU ត្រូវ​ទទួល​ខុសត្រូវ​ទាំងស្រុង​លើ​តួនាទី​លម្អៀង​នយោបាយ​របស់​ខ្លួន​ដោយ​គ្មាន​ការ​ខ្មាសអៀន​»​។

ជាមួយ​គ្នា​នេះ​លោក​ ឡេង ប៉េងឡុង អ្នក​នាំពាក្យ​រដ្ឋសភា​កម្ពុជា​ថ្លែង​ពី​ម្សិលមិញ​ថា​លោក​នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ពី​វត្តមាន​របស់​លោក​ សម រង្ស៊ី ដែល​ត្រូវ​គេ​អះអាង​ថា​នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​ថា​ប្រតិភូ​កម្ពុជា​នឹង​ធ្វើការ​តវ៉ា​ភ្លាម បើ​មាន​វត្តមាន​លោក​ សម រង្ស៊ី នៅក្នុង​កិច្ចប្រជុំ​នោះ​។

លោក​ថា​៖ «​យើង​ធ្វើការ​នៅក្នុង IPU​។ IPU មាន​លក្ខន្តិកៈ ហើយ​គេ​ធ្វើការ​ទៅ​តាម​លក្ខន្តិកៈ​នោះ​។ បើ​គេ​ធ្វើ​ខុស​លក្ខន្តិកៈ យើង​នឹង​តវ៉ា​។ គណៈប្រតិភូ​នឹង​តវ៉ា​ត្រង់ៗ​នៅ​នឹង​កន្លែង​តែ​ម្ដង ព្រោះ​យើង​មាន​គណៈប្រតិភូ​នៅ​ទីនោះ​តែម្ដង​។ យើង​មាន​សិទ្ធិ​តវ៉ា​»​។

លោក​បន្ថែម​ថា​៖ «​លោក​ សម រង្ស៊ី ជា​ប្រធាន​ចលនា​សង្គ្រោះជាតិ​ជា​ចលនា​ឧទ្ទាម​ដែល​ចង់​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា បើ IPU ទទួល​យក​ចលនា​ឧទ្ទាម​នេះ​ធ្វើ​ជា​ចលនា​ផ្លូវការ យើង​មិន​អាច​ទទួល​យក​បាន​ទេ​»​។

ប៉ុន្តែ​លោក​ សម រង្ស៊ី ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ចលនា​សង្គ្រោះជាតិ​ផង​ដែរ​នោះ បាន​ប្រាប់​វិទ្យុ​អន្តរជាតិ​មួយ​ថា​លោក​នឹង​ប្រាប់​ថ្នាក់ដឹកនាំ​សភា​របស់ IPU ពី​ស្ថានការណ៍​ប្រទេស​កម្ពុជា​ដោយ​សិទ្ធិ​របស់​តំណាងរាស្ត្រ​កម្ពុជា​ «​ត្រូវ​បាន​រំលោភ​» ដោយ​រដ្ឋអំណាច​ក្រុង​ភ្នំពេញ​ដែល​តំណាង​ដោយ​ «​រដ្ឋសភា​ក្លែងក្លាយ និង​រដ្ឋាភិបាល​មិន​ស្របច្បាប់​» ខណៈ​អតីត​មន្ត្រី​បក្សប្រឆាំង​ក៏​ថ្លែង​ដែរ​ថា វត្តមាន​របស់​លោក​ សម រង្ស៊ី មិន​មាន​អ្វី​ខុសឆ្គង​ទេ​។

មហាសន្និបាត​សហភាព​អន្តរសភា IPU លើក​ទី​ ១៣៩ ធ្វើ​ឡើង​ចាប់ពី​ថ្ងៃទី​ ១៤-១៨ ខែ​តុលា​នាទី​ក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស ក្រោម​ប្រធានបទ​ «​ភាព​ជា​ថ្នាក់ដឹកនាំ​សភា​ក្នុង​ការ​ជំរុញ​សន្តិភាព និង​ការអភិវឌ្ឍ​ក្នុង​យុគសម័យ​នៃ​នវានុវត្តន៍ និង​ការផ្លាស់ប្តូរ​តាម​បែប​បច្ចេកវិទ្យា​»​។

គណៈប្រតិភូ​កម្ពុជា​ដឹកនាំ​ដោយ​អនុប្រធាន​ទី​ ២ នៃ​រដ្ឋសភា​គឺ​លោកស្រី ឃួន សុដារី កំពុង​មាន​វត្តមាន​នៅ​ទីនោះ​ស្រាប់​។

លោក​ ឈាង វុន ដែល​ជា​សមាជិក​គណៈប្រតិភូ​សភា​កម្ពុជា​បាន​បង្ហោះ​វីដេអូ​មួយ​ពី​បន្ទប់​ប្រជុំ​របស់​សហភាព​អន្តរសភា IPU អម​ដោយសារ​ដៀមដាម​ទំនង​សំដៅ​ដល់​អតីត​បក្សប្រឆាំង​ដោយ​អះអាង​ថា មាន​តែ​តំណាងរាស្ត្រ​អាណត្តិ​ទី​ ៦ ​ទេ​ដែល​ត្រូវ​បាន​ទទួល​ការអញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ​សន្និបាត​ប្រចាំ​ឆ្នាំ​របស់​ IPU​។

លោក​សរសេរ​ថា​៖ «​គ្មាន​អ្នក​ដែល​មិនមែន​ជា​អ្នក​តំណាងរាស្ត្រ​ដែល​គ្មាន​ការអញ្ជើញ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​សាលប្រជុំ​សន្និបាត​នេះ​ទេ​។ សូម​ជួយ​ពិនិត្យ​ផង ជួយ​រក​ក្នុង​វីដេអូ​នេះ​ផង ក្រែង​ឃើញ​អ្នក​ដែល​មិន​គួរ​ឃើញ​។ អ្នក​ដែល​មិន​គួរ​ឃើញ អាច​ដើរ​ក្រៅ​សាលប្រជុំ​»​។

លោក​ សម រង្ស៊ី មិន​បាន​ឆ្លើយ​នឹង​សំណើសុំ​ការធ្វើ​អត្ថាធិប្បាយ​ទេ ពី​ម្សិលមិញ​ប៉ុន្តែ​លោក​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក និង​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា​ លោក​កំពុង​មាន​វត្តមាន​នៅ​ទីក្រុង​ហ្សឺណែវ​ដើម្បី​ជួប​មេដឹកនាំ​សភា​របស់ IPU ជា​សារ​ដូច​គ្នា​នឹង​អ្វី​ដែល​លោក​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា​ «​ដើម្បី​បង្ហាញ​ប្រាប់​គេ​ពី​ស្ថានការណ៍​ប្រទេស​កម្ពុជា និង​ប្រាប់​គេ​ពី​ករណី​តំណាងរាស្ត្រ​កម្ពុជា​ដែល​សិទ្ធិ​របស់​ពួកគេ​ត្រូវ​បាន​រំលោភ ដោយ​រដ្ឋអំណាច​ក្រុង​ភ្នំពេញ​ដែល​ពេល​នេះ​តំណាង​ដោយ​រដ្ឋសភា​ក្លែងក្លាយ និង​រដ្ឋាភិបាល​មិន​ស្រប​ច្បាប់​»​។

លោក​ អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ថ្លែង​ពី​ម្សិលមិញ​ថា ការអនុញ្ញាត​ឲ្យ​លោក​​ សម រង្ស៊ី ចូលរួម​ក្នុង​កិច្ចប្រជុំ​របស់​សហភាព​អន្តរសភា IPU មិនមែន​ជា​រឿង​ខុស​ឆ្គង​អ្វី​ទេ​។

លោក​លើក​ឡើង​ថា​៖ «​ទី​ ១ វា​ជា​សិទ្ធិ​អំណាច​របស់​គេ​ទី​ ២ ដោយសារ​លោក​ សម រង្ស៊ី ក្ដី អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ក្ដី​ធ្លាប់​បាន​ប្ដឹង​ទៅ IPU ដើម្បី​សុំ​អន្តរាគមន៍​ក្នុង​ការ​ដែល​រដ្ឋាភិបាល​ប្ដឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ IPU នេះ​បាន​ស្នើឲ្យ​រដ្ឋាភិបាល​កម្ពុជា​តាំងពី​ខែ​កុម្ភៈ ឆ្នាំ​ ២០១៧ ដោយ​ថា​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើង​វិញ ដូច្នេះ​គេ​អនុញ្ញាត​ឲ្យ​ចូលរួម​មិន​ខុស​ទេ គេ​ចង់​ឮ​ថា​តើ​ភាគី​មួយ​ដែល​ប្ដឹង​នោះ គេ​មិន​សុខចិត្ត​រឿង​អី​ខ្លះ​»​។

ការព្យាយាម​ទំនាក់ទំនង​ទៅកាន់​សហភាព​អន្តរសភា​ IPU នៅ​ទីក្រុង​ហ្សឺណែវ​តាមរយៈ​សារ​អេឡិចត្រូនិក ដើម្បី​សុំ​ការបញ្ជាក់​មិន​ទទួល​បាន​ការឆ្លើយតប​ទេ​កាលពី​ម្សិលមិញ​៕