ភ្នំពេញៈ មន្ត្រី​មកពី​ក្រសួង​ជា​ច្រើន​បាន​បដិ​សេធ​នឹង​អត្ថបទ​មួយ​ដែល​ភ្នំពេញ​ ​ប៉ុស្តិ៍​ បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ​ដែល​ថា ​អាល្លឺ​ម៉ង់​បាន​ព្យួរ​ទិដ្ឋាការ​អនុ​គ្រោះ​ចំពោះ​ដំណើរ​ជាឯក​ជន​​ដល់​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​ បើ​ទោះ​ជា​ឯកសារ​ចេញ​ពី​រដ្ឋ​សភា​អាល្លឺ​ម៉ង់​បាន​បញ្ជាក់​ច្បាស់​អំពី​ចំណាត់​ការ​នេះ​ក្តី​។

ឯក​សារ​នោះ​លម្អិត​អំពី​ការ​ឆ្លើយ​តប​​នឹង​សំណួរ​ពី​ប្រទេស​កម្ពុជា​ដោយ​បាន​បញ្ជាក់​ថា ​រដ្ឋាភិ​បាល​អាល្លឺ​ម៉ង់​ បាន​សម្រេច​ព្យួរ​ការ​ផ្តល់​ទិដ្ឋា​ការនេះ «រួម​ទាំង​លោក​នា​យក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ និង​គ្រួសារ​របស់​លោក​មន្ត្រី​យោធា​ជាន់​ខ្ពស់​ និង ​ប្រធាន​តុលាកា​រ​កំពូល​របស់​ក​ម្ពុ​ជា​»​។

ប៉ុន្តែ​នៅ​ក្នុង​សន្និ​សីទ​កាសែត​កាល​ពី​ថ្ងៃអង្គារ​ រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​លោក​ ស ខេង ​បាន​ថ្លែង​ថា​ ការចុះ​ផ្សាយ​ដែល​ថា​អាល្លឺ​ម៉ង់​ហាម​មន្ត្រី​កម្ពុជា​មិន​ឲ្យ​ចូល​ទៅ​អា​ល្លឺ​ម៉ង់​​​ គឺ​មិន​ពិត​ទេ​។

លោក​ថា៖ «ខ្ញុំ​ទទួល​បាន​ព័ត៌​មាន​ចុង​ក្រោយ​ថារឿង​វា​មិន​​ពិត​ទេ ​មិន​មែន​រដ្ឋាភិ​បាល​អាល្លឺ​ម៉ង់​ជា​អ្នក​ចេញ​ទេ ​អ៊ីចឹង​ហើយ​យើង​នឹង​ស្រាវ​ជ្រាវ​បន្ត​ទៀត​»។

អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​លោក​ ខៀវ​ សុភ័គ​ បាន​បង្ហោះ​សារ​ក្នុង​​ក្រុម (Group Chat) កាលពី​អង្គារ​ ជា​ផ្នែក​មួយ​នៃ​អ៊ីមែល​ដែល​ត្រូវ​បាន​គេ​សន្ម​តថា ​ជា​របស់​លោក Gunther Mull ​ជានា​យក​​គ្រប់​គ្រង​ក្រុម​ហ៊ុន De​rmalog របស់​អាល្លឺ​ម៉ង់​។

សម្រង់​ចេញ​អ៊ី​មែល​នោះ​ថា៖​«បន្ទាប់ពី​បាន​ទាក់​ទង​អាជ្ញា​ធរ​ពាក់​ព័ន្ធ​នៅ​អាល្លឺ​ម៉ង់​ពួកគេ​បាន​បញ្ជាក់​ថា​ អត្ថ​បទ​នោះ​ត្រូវបាន​បង្កើត​ឡើង​ដោយ​​បក្ស​ប្រឆាំង​តែ​ប៉ុណ្ណោះ​ ហើយ​អត្ថ​ន័យ​នៃ​អត្ថ​បទ​នោះ​គឺ​មិន​សម​ហេតុ​ផល​និង​មិន​ពិត​ប្រាកដ​ទេ»។ បង្ហោះ​ជា​ភា​សា​ខ្មែរ​ លោក​សុភ័គ​ បាន​បញ្ជា​ក់​ថា​៖«ខ្ញុំ​អាច​និយាយ​បាន​ថា​បច្ចុប្បន្ន​នេះ១០០​ភាគ​រយ​មន្ត្រី​រាជ​ការ​កម្ពុជា​ទាំង​អស់​ត្រូវបាន​ស្វាគ​មន៍​ដោយ​​ប្រទេស​អាល្លឺ​ម៉ង់»។

សម្រង់​អ៊ី​មែល​​នោះបន្ថែម​ថា៖«ខ្ញុំ​អាច​និយាយ​បាន​ថា​អត្ថ​បទ​នោះ ​គឺ​មិន​ពិត​ទេ​ ហើយ​វា​ហាក់​ដូច​ត្រូវ​បាន​ប្រឌិត​ឡើង​ដោយ​គណ​បក្ស​ប្រឆាំង​»។

នៅ​ពេល​ទាក់​ទង​កាល​ពី​ថ្ងៃ​អង្គារបុ​គ្គលិក​ម្នាក់​នៃ​ក្រុម​ហ៊ុន Dermalog បាន​ថ្លែង​ថា​ លោក Mull កំពុង​ជាប់​រវល់​ប្រជុំ​។ បើ​តាម​ការ​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក លោក Mull ពី​មុន​ធ្លាប់​ធ្វើការ​ជាមួយ​គណៈ​កម្មា​ធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត។​

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរ​ទេស​កម្ពុជា​លោក​ ជុំ​ សុន្ទរី​ ក៏បាន​ច្រាន​ចោល​រឿង​នេះ​តាម​រយៈ​សារ​ព័ត៌​មាន Fresh News ​ផង​ដែរ។ ប៉ុន្តែ​ពេល​ផ្ដល់បទ​សម្ភាស​មួយ​ជា​មួយ​កាសែត ​ភ្នំពេញ​ ប៉ុស្តិ៍​ កាល​ពី​ថ្ងៃ​អង្គារ​ លោក​មិន​បាន​​ជំទាស់​ដោយ​ផ្ទាល់​នឹង​ភាព​ត្រឹម​ត្រូវ​នៃ​របាយ​ការណ៍​នេះ​ទេ​ដោយ​លោក​គ្រាន់តែ​ថា ​អ្នក​សារ​ព័ត៌​មាន​គួរ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជាង​នេះ​។

ប៉ុន្តែ​លោក​ Frithjof Schmidt ដែល​បាន​ដឹកនាំ​ការ​ធ្វើ​សេច​ក្តីព្រាង​របស់​សភា​អាល្លឺ​ម៉ង់កាលពី​ថ្ងៃអង្គារ​បានបញ្ជាក់​អំពី​ភាពត្រឹមត្រូវ​នៃ​ឯកសារ​និង​វិធាន​កា​រដែល​ត្រូវ​បាន​ធ្វើឡើង​នោះ។

លោក​ថ្លែង​ថា៖ «រដ្ឋាភិ​បាល​សហ​ព័ន្ធរ​បស់​[អាល្លឺ​ម៉ង់]​ បាន​បញ្ជាក់​នៅក្នុង​ការ​ឆ្លើយតប​ទៅ​បក្ស​នយោ​បាយ​របស់ខ្ញុំ​ថា​ ខ្លួន​បាន​លុប​ចោល​ការផ្តល់​ទិដ្ឋាការ​អនុគ្រោះ​សម្រាប់​សមា​ជិក​រដ្ឋា​ភិ​បាល​​​កម្ពុជា​» ។

លោក​បន្តថា៖ «ជំនួស​ឱ្យ​ការ​បដិសេធ​ថា​ មាន​ប្រតិក​ម្ម​ពី​អាល្លឺ​ម៉ង់​ចំពោះ​ការ​រឹត​ត្បឹ​ត​សិទ្ធិសេរីភាព​ ល​ទ្ធិ​ប្រជា​ធិប​តេយ្យ​ នៅ​កម្ពុជា​នោះ រ​ដ្ឋាភិ​បាល​កម្ពុជា ​គួរ​ផ្តោត​លើ​មូល​ហេតុ​នៃ​ប្រតិ​កម្ម​នេះ។ រដ្ឋាភិ​បាល​សហ​ព័ន្ធ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ការរុះរើ​លទ្ធិ​ប្រជា​ធិបតេយ្យ ​និង​ការរំលោភ​សិ​ទិ្ធ​មនុស្ស​នៅ​​កម្ពុជា​នឹងមិន​អាច​បន្ត​ដោយ​គ្មាន​ផល​វិបាក​ឡើយ…»។

ស្ថាន​ទូត​អាល្លឺ​ម៉ង់​នៅ​ទីក្រុង​ភ្នំពេញ​បាន​បង្វែរ​សំណួរ​ទៅ​ក្រសួង​ការ​បរទេស​អាល្លឺ​ម៉ង់ដែល​មិនឆ្លើយ​តប​នឹង​សំណើ​សុំ​អត្ថា​ធិប្បាយ​បាន​ទេ៕ NS