ភ្នំពេញៈ មន្ត្រីយោធាម្នាក់ដែលបានផ្ទុះអាវុធ បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋក្នុងភូមិថ្មី សង្កាត់-ខណ្ឌដង្កោកាលពីល្ងាចថ្ងៃចន្ទនោះត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញសម្រេចបញ្ជូនទៅអង្គភាពរបស់ខ្លួន បន្ទាប់ពីប្រធានអង្គភាពសាមីរបស់មន្ត្រីយោធារូបនោះបានស្នើសុំយកទៅធ្វើការអប់រំណែនាំ និងដាក់ពិន័យទៅតាមច្បាប់កងទ័ព។ នេះបើតាមលោក ម៉ៅ សាភឿន មេបញ្ជាការរងយោធភូមិភាគពិសេសកាលពីថ្ងៃអង្គារ។
លោក សាភឿន បានថ្លែងថា លោក ពៅ សារ៉ន អាយុ ៤៣ ឆ្នាំ ជាមន្ត្រីយោធានៅការិយាល័យព្រំដែននៃបញ្ជាការដ្ឋានយោធភូមិភាគពិសេសត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌដង្កោចាប់ឃាត់ខ្លួនកាលពីល្ងាចថ្ងៃចន្ទ បន្ទាប់ពីគាត់បានបាញ់អាវុធមួយគ្រាប់បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុងភូមិថ្មី សង្កាត់-ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកបញ្ជាក់ថា៖ «ដោយយល់ឃើញថា ករណីផ្ទុះអាវុធនោះពុំបង្កឲ្យមានជនរងគ្រោះ ឬគំរាមកំហែងដល់ពលរដ្ឋណាម្នាក់ក្នុងមូលដ្ឋានខាងលើនេះអង្គភាពយើងក៏បានស្នើសុំឲ្យខាងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនមន្ត្រីយោធាដែលល្មើសទៅនឹងបទបញ្ជា ក្រមសីលធម៌ និងវិន័យរបស់កងទ័ពខាងលើនេះមកកាន់អង្គភាពរបស់យើង ដើម្បីធ្វើការអប់រំ និងដាក់ពិន័យទៅតាមច្បាប់នៃកងកម្លាំង»។
លោក ស សុភ័ណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដង្កោបានប្រាប់ភ្នំពេញប៉ុស្តិ៍ថាក្រោយការឃាត់ខ្លួនលោក ពៅ សារ៉ន សមត្ថកិច្ចបានរឹបអូសអាវុធខ្លីម៉ាកឡុកមួយដើមមានគ្រាប់ចំនួន ១០ គ្រាប់ និងបានរកឃើញសំបកកាទូសចំនួន ១ គ្រាប់ នៅនឹងកន្លែងកើតហេតុដែលស្ថិតក្នុងបរិវេណមុខផ្ទះរបស់ជនសង្ស័យ។ ប៉ុន្តែនៅក្នុងហេតុការណ៍នោះពុំបានបង្កឲ្យរងគ្រោះដល់អ្នកណាម្នាក់ឡើយ។
លោកថា៖ «នៅពេលឃាត់ខ្លួន ជនសង្ស័យស្ថិតក្នុងសភាពស្រវឹងស្រាហើយយើងបានសម្រេចបញ្ជូនគាត់រួមទាំងវត្ថុតាងទៅកាន់ការិយាល័យព្រហ្មទណ្ឌនៃបញ្ជាការរដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញភ្លាមៗតែម្ដង ដើម្បីចំណាត់ការបន្តតាមនីតិវិធីច្បាប់»។
ជុំវិញករណីនេះ លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសថ្លែងថា ជនសង្ស័យកំពុងស្ថិតក្រោមនីតិវិធីនៃការស៊ើបសួរចម្លើយពីក្រុមមន្ត្រីជំនាញ។ លោកបញ្ជាក់ថា៖ «ជាទូទៅនៅក្នុងដំណាក់កាលនីតិវិធីនៃការស៊ើបសួររបស់មន្ត្រីជំនាញ ខ្ញុំមិនអាចផ្ដល់សេចក្ដីលម្អិតបានទេ»។
បើតាមលោក សាភឿន អាវុធខ្លី ដែលលោក សារ៉ន បានប្រើប្រាស់នោះ គឺជាអាវុធរបស់អង្គភាពបានប្រគល់ឲ្យគាត់ប្រើប្រាស់ក្នុងពេលបំពេញប៉េសកកម្មការងារ។ ទោះជាបែបណាកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្រេចដកហូតអាវុធនោះទុកធ្វើជាវត្ថុតាងនៃបទល្មើស ព្រោះវាត្រូវបានលោក សារ៉ន ប្រើប្រាស់ខុសបទបញ្ជាបង្កឲ្យមានផលប៉ះពាល់ដល់សន្តិសុខសង្គម៕