មណ្ឌលគិរីៈ ព្រះរាជ​អាជ្ញា​នៃ​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី​ លោក ហៀង សុភក្ត្រ​ ពី​ម្សិលមិញ ​បាន​បញ្ជា​ឲ្យ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ចំនួន ​៣ នាក់​ ចូលខ្លួន​បំភ្លឺ​នៅ​បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​ខេត្ត​មណ្ឌលគិរី​ឲ្យ​បាន​មុន​ថ្ងៃ​ទី ២៤ ​សីហា ​ជុំវិញ​ករណី​បទ​ល្មើស​ព្រៃឈើ​ ខណៈ​មន្ត្រី​ចុះ​ស្រាវជ្រាវ​ដល់ទី​តាំង​ក្រុមហ៊ុន​ វិជ្ជរី ​និង​ក្រុមហ៊ុន ​ណៃ​ណា ​ផ្ទាល់​នៅ​ស្រុក​កោះញែក ​មិន​ទាន់​បង្ហាញ​លទ្ធផល។

តាម​ដីកា​ចំនួន​ ៣ សន្លឹក​ ដាច់​ដោយឡែក​ពីគ្នា​របស់​លោក​ ហៀង សុភក្ត្រ ​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី ​ចុះ​ថ្ងៃទី ១៧ ​កក្កដា​ ទី១ បាន​បញ្ជា​ឲ្យ​ឈ្មោះ​ ហ៊ុន វណ្ណេ ​អាយុ ៥០ ឆ្នាំ ​ជា​នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​រ​យ៉​ មាន​លំនៅ​ក្នុងភូមិ​ស្មៅ​ខ្ចី ឃុំ​ត្រពាំង​សាប ​ស្រុក​បាទី ​ខេត្ត​តាកែវ។ ទី២ ​ឈ្មោះ​ លឿង ភិរុណ​ អាយុ ៥៥ ឆ្នាំ ​ជា​នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រែ​សង្គម​ណង​ឃី​លឹក ​មាន​លំនៅ​ក្នុងភូមិ​ដំណាំ​កិន ​ឃុំ​​មៀន ​ស្រុក​ព្រៃឈរ​ ខេត្ត​កំពង់​ចាម ​និង​ទី៣ ​ឈ្មោះ ​គង់ វិរៈ​ អាយុ ៤៦ ឆ្នាំ ​ជា​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​កោះ​ញែក ​មាន​លំនៅ​ក្នុងភូមិ​ទ្រា​ សង្កាត់​ស្ទឹង​មានជ័យ ​ខណ្ឌ​មានជ័យ ​រាជ​​ធានី​ភ្នំពេញ។ មន្ត្រី​ទាំង ៣ ​តម្រូវ​ឲ្យ​ចូល​បង្ហាញ​ខ្លួន​បំភ្លឺ​នៅ​បញ្ជា​ការដ្ឋាន​កងរាជ​អាវុធ​ហត្ថ​ខេត្ត​មណ្ឌល​គិរី​ឲ្យ​បាន​មុន​ថ្ងៃទី ២៤ ​ខែ​ សីហា ​ឆ្នាំ ២០១៩។

ដីកា​បញ្ជាក់ថា​៖ «ការចូល​ខ្លួន​នេះ​ ដើម្បី​សាកសួរ​ជុំវិញ​ករណី​មួយចំនួន​មានដូចជា ​ផ្តល់​ការ​អនុញ្ញាត​ផ្ទុយ​នឹង​បទប្បញ្ញត្តិ​នៃ​ច្បាប់ ​អនុគ្រោះ​ចំពោះ​បទល្មើស​ព្រៃឈើ ​មិន​រាយការណ៍ ​ឬ​មិន​បានដាក់​ពាក្យបណ្តឹង​ចំពោះ​បទ​ល្មើស​ព្រៃឈើ​ថ្នាក់​ទី ១ ​ដែល​បានកើត​ក្នុង​រង្វង់​សមត្ថកិច្ច​របស់​ខ្លួន​ទាន់​ពេលវេលា។ ធ្វេស​ប្រ​ហែស​ដោយ​ចេតនា​ក្នុងការ​បំ​ពេញ​ភារកិច្ច ​ឬ​ផ្តល់​ព័ត៌មាន​ក្លែងក្លាយ​បន្លំ​ជា​លាយ​លក្ខណ៍​អក្សរ​ដែល​ជា​មូលហេតុ​បង្ក​ឲ្យ​កើតមាន​បទល្មើស​ព្រៃឈើ​ថ្នាក់ទី ១»។

លោក អេង ហ៊ី ​អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ ​ដើម្បី​ទប់ស្កាត់ ​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ ​ពី​ម្សិលមិញ​ថា ​កម្លាំង​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ ​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ​បាន​ចុះទៅ​ដល់​ទី​តាំង​ក្រុមហ៊ុន​ចំនួន​ ២ ផ្សេង​គ្នា​ គឺ​ក្រុមហ៊ុន វិ​ជ្ជ​រី និង​ក្រុមហ៊ុន ​ណៃណា ​នៅ​ក្នុង​ឃុំ​រយ៉ ស្រុក​កោះញែក។

លោក​ អេង ហ៊ី ​បញ្ជាក់ថា​៖ «ខ្ញុំ​អត់​ទាន់​បានទទួល​លទ្ធផល​យ៉ាង​ណាទេ​ ព្រោះ​ពួកគាត់​កំពុង​នៅ​ក្នុង​ព្រៃ​នៅឡើយ ​ដោ​យ​រង់ចាំ​កម្លាំង​ជំនាញ​បញ្ចប់​ប្រតិបត្តិ​ការ​របស់​ខ្លួន​ជាមុនសិន។ ​យើង​កំពុងធ្វើការ​ងារ​ហ្នឹង​នៅតាម​បណ្ដាខេត្ត​ផ្សេងៗ​ទៀត​ជា​បន្ត​បន្ទាប់​រហូត»។

លោក​ ហេង ស្រស់ ​សកម្មជន​ការពារ​ព្រៃឈើ​​ខេត្ត​មណ្ឌលគិរី ​ថ្លែងថា ​ក្រុមហ៊ុន វិ​ជ្ជ​រី (ម្ចាស់​ជន​ជាតិ​ចិន) ​និង​ក្រុម​ហ៊ុន​ ណៃ​ណា ​(ម្ចាស់​ជនជាតិខ្មែរ) ​ទាំង ២ នេះ​បានទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល ​ដោយ​នាំគ្នា​កាប់​ឈើ​នៅ​ក្នុង​បរិ​វេណ​ដី​សម្បទាន ​និង​ក្រៅ​តំបន់​ដែនដី​របស់​ខ្លួន។ ក្នុងនោះ​ពួកគេ​បាន​ប្រមូល​ទិញ​ឈើ​ពី​ពលរដ្ឋ​មូលដ្ឋាន ​និង​កាប់​ជញ្ជូន​ឈើ​ពី​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រិច ​និង​ស្រែ​ពក ​បន្ទាប់មក​ពួកគេ​ចាប់ផ្ដើម​កាត់​ ឬ​ច្រៀក​ជាបន្ទះ​ក្ដារ​​និង​កែច្នៃ​តាម​តម្រូវ​ការ​ពួកគេ​ ហើយ​នាំ​ចេញ​ទៅ​លក់​នៅ​វៀតណាម។

លោក​ថា ​នៅស្រុក​កោះ​ញែក ​មាន​ក្រុមហ៊ុន​ចំនួន ៦​ ​កំពុងមាន​សកម្ម​ភាព​លើ​អាជីវកម្ម​កាប់​បំផ្លាញ​ព្រៃឈើ​យ៉ាង​សកម្ម។ ក្នុងនោះ ​ក្រុមហ៊ុន​ថាច់​វូដ ​(ខេ​ម​បូ​ឌា) ក្រុមហ៊ុន​យ៉ាន​ចាវ (ខេ​ម​បូ​ឌា) ក្រុមហ៊ុន ​វិជ្ជ​រី ​ក្រុមហ៊ុន ​ណៃ​ណា និង​ក្រុមហ៊ុន ​លឹម រ៉ូយ៉ាល់ ​ហើយ​អាច​នៅមាន​ក្រុមហ៊ុន​ផ្សេងៗ​ទៀត ​ប៉ុន្ដែ​លោក​មិន​បាន​ចាំ​ឈ្មោះ​អស់។

លោក​បញ្ជាក់ថា​៖ «យើង​ដឹង​ស្រាប់​ហើយ​ថា​ មុនពេល​គណៈ​កម្មការ​ជាតិ​ចុះមក​នេះ ​គឺ​ខាង​ម្ចាស់​ក្រុមហ៊ុន​ទាំងអស់​ហ្នឹង គាត់​ដឹង​ខ្លួន​មុន​រយៈពេល​៣ថ្ងៃ​រួចហើយ​ ក្នុងអំឡុង​ពេល ៣ ថ្ងៃ​ហ្នឹង ​គឺ​គាត់​បានរៀបចំ​ខ្លួន​យ៉ាង​ស្អាត​​បាត​អស់​ហើយ​ គឺ​បើ​សមត្ថ​កិច្ច​ចុះ​ដល់​ក្រុមហ៊ុន​គាត់ ​គឺ​ឃើញ​ឈើ​តិចតួច​ទេ ​ហើយ​មើលទៅ​ក៏​គ្មានអ្វី​ប្លែក​ដែរ ​ព្រោះ​គេ​រៀបចំ​ទុកដាក់​អស់​ហើយ។ អ៊ីចឹង​សមត្ថកិច្ច​ទៅ ក៏​សរសេរ​តែ​របាយការណ៍​ហើយក៏​មកវិញ​ទៅ អត់​មាន​អ្វី​ចម្លែក​ទេ»។

លោក​ សុង ឃាង ​ប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់ ​និង​នេសាទ​ខេត្ត​មណ្ឌល​គិរី ពី​ម្សិលមិញ ​មិន​អាច​ទាក់​ទង​សុំ​ការ​បញ្ជាក់​ជុំវិញ​រឿងនេះ​បាន​ទេ។ ឯលោក​ហាន សុភក្ដិ ​អនុប្រធាន​មន្ទីរ​អះអាង​ថា​៖ «ខ្ញុំ​ដឹង​រឿង​មិន​សូវ​ច្បាស់​ទេ ខ្ញុំ​អត់​ហ៊ាន​និយាយ​រឿង​ហ្នឹង​ទេ សូម​អធ្យាស្រ័យ​ផង»។

លោក​ កែវ អូ​ម៉ាលី​ស្ស ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ប្រ​ធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង​កសិ​កម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ​ កាលពី​ម្សិលមិញ ក៏​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​ជុំវិញ​ករណី​នេះ​បាន​ដែរ។

តាម​របាយការណ៍​រប​ស់​កង​រាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បង្ហាញ​លើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ​ម្សិលមិញ​ថា រយៈ​ពេល​ប៉ុន្មាន​ថ្ងៃនេះ កម្លាំង​គណៈ​កម្ម​ការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្រ្កាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​​បញ្ចេញ​ប្រតិបត្តិការ​ជា​ទ្រង់​ទ្រាយ​ធំ បង្ក្រាប​នៅតាម​ខេត្ត​ជាប់​ព្រំដែន​រួមមាន ខេត្ត​មណ្ឌល​គិរី ខេត្ត​រតនគិរី ​ខេត្ត​ក្រចេះ​ និង​ខេត្ត​ស្ទឹង​ត្រែង​ រហូត​មានការ​ចាប់ខ្លួន​មនុស្ស​ជាច្រើន​នាក់ ​ព្រមទាំង​មាន​ដីកា​កំពុង​តាម​ចាប់​អ្នក​ពាក់ព័ន្ធ ​និង​រឹបអូស​រថយន្ត​ជា​ច្រើន​គ្រឿង​ដុត​បំផ្លាញ​ចោល​ទៀតផង។

គួរ​រំឭកថា ​ រហូតមក​ដល់​ពេ​ល​នេះ​ មាន​មនុ​ស្សទាំង​ជន​ជាតិ​ខ្មែរ និង​ចិន ​ចំនួន ១១ នាក់​បន្ថែម​ទៀត ​ ត្រូវ​បាន​សម​ត្ថកិ​ច្ច​តាម​ចាប់ខ្លួន និង​ត្រូវ​តុលាការ​បញ្ជា​ឲ្យ​ចូល​ខ្លួន​បំភ្លឺ​ជុំវិញ​ករណី​បទល្មើស​ព្រៃឈើ​ពាក់ព័ន្ធ​ជាមួយ​ឧកញ៉ា ​ស៊ឹង សំ​អុល​ ដែល​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​រួច​ហើយ​ ខណៈ​ដែល​ជន​ជាតិ​វៀតណាម ២ នាក់ ​និង​ខ្មែរ ​៣ នាក់ ​ក្នុង​បទ​ល្មើស​ព្រៃឈើ​មួ​យ​ផ្សេង​ទៀត ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ និង​បញ្ជូ​ន​ទៅ​ឃុំខ្លួ​ន កាល​ពី​ថ្ងៃទី ១៥ ខែ​កក្កដា៕