ភ្នំពេញៈ មន្ត្រីរដ្ឋាភិបាលបានបញ្ជាក់ថា នៅមិនទាន់ទទួលបានរបាយការណ៍ពីការសម្រេចជាផ្លូវការរបស់សហភាពអឺរ៉ុបជុំវិញការដក ឬមិនដកប្រព័ន្ធអនុគ្រោះពន្ធ EBA នៅឡើយទេ ខណៈដែលមានរបាយការណ៍មួយអះអាងថា សហភាពអឺរ៉ុបបានសម្រេចមិនដកទាំងស្រុងនូវប្រព័ន្ធអនុគ្រោះពន្ធ EBA នោះទេ ប៉ុន្តែបានសម្រេចដកលើមុខទំនិញមួយចំនួនដែលនាំចេញពីប្រទេសកម្ពុជា។
កាលពីថ្ងៃទី ៥ ខែកុម្ភៈ លោក Danilo Oscar Lancini សមាជិកសភាសហភាពអឺរ៉ុប និងជាសមាជិកគណៈកម្មាធិការសភាពាណិជ្ជកម្មអន្តរជាតិបានដាក់របាយការណ៍មួយចូលទៅក្នុងវេបសាយរបស់សភាសហភាពអឺរ៉ុបដោយបានបញ្ជាក់ថា គណៈកម្មការបានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA លើមុខទំនិញមួយចំនួនរបស់កម្ពុជា ប៉ុន្តែមិនបានបញ្ជាក់ថា មានមុខទំនិញអ្វីខ្លះនោះឡើយ។
របាយការណ៍នោះ «គូសបញ្ជាក់ថា បន្ទាប់ពីការពិចារណានូវលទ្ធផលដែលទទួលបាននៅក្នុងអំឡុងពេលស៊ើបអង្កេតមួយ គណៈកម្មការតាមរយៈសកម្មភាពដែលបានផ្ទេរសិទ្ធិមួយបានសម្រេចដក EBA លើទំនិញមួយចំនួនរបស់ប្រទេសកម្ពុជានេះគឺជាការព្រួយបារម្ភយ៉ាងពិសេស។ ពាក់ព័ន្ធនឹងបញ្ហានេះ អង្ករមិនត្រូវបានដាក់បញ្ចូលក្នុងបញ្ជីផលិតផលទាំងនោះទេ»។ របាយការណ៍មានចំនួន ៧ ទំព័រ ប៉ុន្តែនិយាយលម្អិតអំពីសេចក្ដីសន្និដ្ឋានជុំវិញសេចក្ដីសម្រេចនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុបជាមួយប្រទេសវៀតណាម។
តាមគម្រោងការប្រកាសដក ឬមិនដកប្រព័ន្ធអនុគ្រោះពន្ធ «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA)» ពីប្រទេសកម្ពុជា ដោយសហភាពអឺរ៉ុបគឺនឹងចេញផ្សាយជាផ្លូវការនៅថ្ងៃពុធទី ១២ ខែកុម្ភៈ ស្អែក បន្ទាប់ពីសហភាពអឺរ៉ុបបានចាប់ផ្ដើមនីតិវិធីដកតាំងពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៩។ ស្ថាប័នអន្តរជាតិដែលបណ្តុំទៅដោយប្រទេសចំនួន ២៨ នេះបានលើកឡើងថា លទ្ធផលនៃការដក ឬមិនដក EBA គឺអាស្រ័យទៅលើស្ថានភាពប្រសើរឡើងនៃការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
កាលពីថ្ងៃម្សិលមិញលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល និងលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍ថា មិនទាន់បានឃើញរបាយការណ៍ផ្លូវការណាមួយពីសហភាពអឺរ៉ុបជុំវិញការសម្រេចជាផ្លូវការចុងក្រោយនៃការដក ឬមិនដកប្រព័ន្ធអនុគ្រោះពន្ធ EBA នៅឡើយទេ។
លោកទាំង ២ បានបញ្ជាក់យ៉ាងខ្លីបែបនេះដោយមិនធ្វើអត្ថាធិប្បាយអ្វីឡើយ ខណៈដែលលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក៏បញ្ជាក់ដូចគ្នាដែរថា លោកក៏មិនទាន់ឃើញរបាយការណ៍ផ្លូវការពីសហភាពអឺរ៉ុបនៅឡើយដែរ។ ទោះយ៉ាងណា លោក ហេង សួរ បានបញ្ជាក់ថា រដ្ឋាភិបាលបានត្រៀមវិធានការមួយចំនួនហើយដើម្បីបន្តជំរុញសេដ្ឋកិច្ចរបស់កម្ពុជា ប៉ុន្តែលោកបដិសេធបកស្រាយបន្ថែមលើវិធានការទាំងនោះ។
លោកថ្លែងថា៖ «យើងមិនបានដឹងនោះទេ។ ប៉ុន្តែទោះជា EU សម្រេចយ៉ាងដូចម្តេចក៏កម្ពុជាបានត្រៀមបត់បែន និងដាក់ចេញនូវវិធានការសម្រាប់បន្តជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួនរួចហើយដែរ»។
លោក ហេង សួរ ទើបបានលើកឡើងថ្មីៗនេះថានៅក្នុងអំឡុងខែមីនាខាងមុខ រោងចក្រកាត់ដេរសម្លៀកបំពាក់មួយចំនួននៅកម្ពុជានឹងអាចត្រូវផ្អាកដំណើរការហើយព្យួរការងារកម្មករមួយចំនួន ប៉ុន្តែលោកអះអាងថានោះមិនមែនដោយសាររឿង EBA នោះទេ។
លោកបញ្ជាក់ថា ការផ្អាកដំណើរការរោងចក្រហើយព្យួរការងារកម្មករនេះគឺដោយសារខ្វះក្រណាត់ដែលជាវត្ថុធាតុដើម ដែលមិនបានបញ្ជូនមកពីរោងចក្រនៅក្នុងប្រទេសចិន បន្ទាប់ពីរោងចក្រក្នុងប្រទេសនេះបានបិទទ្វារតាំងពីមុនបុណ្យចូលឆ្នាំចិន ហើយមិនទាន់ដឹងថា ពេលណាដំណើរការវិញ ដោយសារតែផ្ទុះវីរុសកូរ៉ូណាថ្មី។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (ស៊ីខៅឌូ) បានលើកឡើងថា តាមព័ត៌មានដែលលោកទទួលបានគឺប្រព័ន្ធអនុគ្រោះពន្ធលើមុខទំនិញសំខាន់ៗរបស់កម្ពុជានឹងត្រូវដកជាបណ្ដោះអាសន្ន ឬដកជាភាគរយ ប៉ុន្តែលោកថាថ្វីដ្បិតការសម្រេចផ្លូវការនឹងត្រូវធ្វើឡើងនៅថ្ងៃទី ១២ កុម្ភៈស្អែកនេះក្ដី គឺខាងសហភាពអឺរ៉ុបនឹងអាចទុកពេលបន្ថែមទៀត ដើម្បីឱ្យរដ្ឋាភិបាលកម្ពុជាពិចារណា។
លោកបន្តថា សហភាពអឺរ៉ុបគឺជាអ្នកនាំចូលដ៏សំខាន់នូវផលិតផលពីវិស័យកាត់ដេររបស់កម្ពុជា ហើយវិស័យនេះប្រាកដជារងផលប៉ះពាល់យ៉ាងពិតប្រាកដ ប្រសិនបើមានការសម្រេចដក EBA ពីសហភាពអឺរ៉ុបមែននោះ។ លោកបន្ថែមថា ការនាំចេញវិស័យកាត់ដេររបស់កម្ពុជាទៅកាន់សហភាពអឺរ៉ុប ដែលមានតម្លៃជិត ១០ ពាន់លានដុល្លារកាលពីឆ្នាំមុនគឺក្នុងនោះកម្ពុជា ទទួលបានតែប្រហែល ៤ ពាន់លានដុល្លារប៉ុណ្ណោះតាមរយៈកម្លាំងពលកម្ម និងការរួចពន្ធ ខណៈទឹកប្រាក់ដែលសេសសល់គឺបានទៅលើភាគីចិនដែលជាអ្នកបញ្ជូនវត្ថុធាតុដើមមកដេរនៅកម្ពុជាសម្រាប់នាំចេញ។
លោកថា៖ «នៅពេលយើងជួបជាមួយសមាគមនិយោជក ឬអ្នកបញ្ជាទិញគឺគេចាំមើលលើសេចក្ដីសម្រេចនេះ តើគេដក ឬមិនដក (EBA) គេចាំមើលសេចក្ដីសម្រេចហ្នឹងសិន ហើយចាំធ្វើផែនការវិនិយោគរបស់គេបន្តទៀត។ រោងចក្រភាគច្រើនគឺចាំមើលការសម្រេចហ្នឹង ហើយចំពោះរោងចក្រដែលនៅតែបន្តប្រឈមនឹងការដក EBA គឺមានតិចតួចប្រហែល ១០%»។
ចំណែកអ្នកវិភាគសេដ្ឋកិច្ចលោក ហុង វណ្ណៈ មើលឃើញថា រដ្ឋាភិបាលហាក់បានត្រៀមវិធានការមួយចំនួនធំសម្រាប់បំពេញបន្ថែមនូវប្រភពថវិកាបាត់បង់ ប្រសិនបើមានការដក EBA។ លោកបន្តថា កន្លងមករដ្ឋាភិបាលចាប់ផ្ដើមធ្វើកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈតាមរយៈការប្រមូលពន្ធជាដើម ការរឹតបន្តឹងការចាយវាយខ្ជះខ្ជាយនៅតាមស្ថាប័នរដ្ឋសាធារណៈ ការបង្កើតសេវាដើម្បីស្វែងរកថវិកាដូចជាការលក់ស្លាកលេខរថយន្តពិសេសផ្ទាល់ខ្លួន និងការប្រកាសចាប់ផ្ដើមដំណើរការរ៉ែប្រេង នៅពេលខាងមុខ ដើម្បីស្វែងរកចំណូលបន្ថែមជាដើម។
លោកថា៖ «ចំណុចមួយទៀតប្រសិនក្រសួងទេសចរណ៍មានការរៀបចំសេវាល្អ យើងអាចទាក់ទាញភ្ញៀវទេសចរបានបន្ថែមអ៊ីចឹងថវិកាយើងមិនថមថយរហូតស្ដារមិនកើតទេ អាហ្នឹងខ្ញុំគិតថា វាអាចទប់ទល់សភាពការណ៍ នៅពេលបាត់បង់ EBA»។ លោកបន្ថែមថា ការបាត់បង់ EBA អាចធ្វើឱ្យរោងចក្រមួយចំនួនត្រូវបិទទ្វារ និងធ្វើឱ្យកម្មករត្រូវបាត់បង់ការងារ ប៉ុន្តែលោកថាទំហំនៃការប៉ះពាល់ដោយសារ EBA នេះប៉ុន្មាន គឺរង់ចាំមើលស្ថានភាពជាក់ស្ដែងនៅពេលខាងមុខ។
ភ្នំពេញប៉ុស្ដិ៍មិនអាចទាក់ទងលោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានទេកាលពីថ្ងៃម្សិលមិញ។ តំណាងស្ថានទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាក៏មិនអាចទាក់ទងសុំអធិប្បាយបានដែរ៕
វីដេអូ៖