ភ្នំពេញៈ មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា​ និង​រាជបណ្ឌិត្យ​សភា​បាន​ថ្លែង​ថា របាយការណ៍​ដែល​បាន​ចោទប្រកាន់​មកលើ​កម្ពុជា​ថា​មាន​ការ​កសាង​មូលដ្ឋាន​ទ័ព​ជើងទឹក​ចិន​នៅក្នុង​ខេត្ត​កោះកុង​គឺ​គ្រាន់តែ​ជា «​សង្គ្រាម​ចិត្តសាស្ត្រ​» តែ​ប៉ុណ្ណោះ ហើយ​ក៏​មិន​ចាំបាច់​មាន​ការ​ត្រួតពិនិត្យ​នៅ​ក្នុង​តំបន់​នោះ​ដែរ​។

កាលពី​ថ្ងៃ​សៅរ៍​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​រៀបចំ​កិច្ចពិភាក្សា​តុមូល​ស្តី​អំពី​ «​តើ​កម្ពុជា​ត្រូវការ​វត្តមាន​កងទ័ព​បរទេស​ដែរ​ឬ​ទេ​?»​។

មន្ត្រី​មកពី​ក្រសួង​ការពារជាតិ ក្រសួង​យុត្តិធម៌​ និង​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ផ្តល់​ការយល់​ឃើញ​របស់​ពួកគេ​។

ប្រធានបទ​នេះ​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​ បន្ទាប់ពី​អនុប្រធានាធិបតី​អាមេរិក​លោក Mike Pence បាន​សរសេរ​លិខិត​ ១ ​ច្បាប់​មក​កាន់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដោយ​បាន​បង្ហាញ​អំពី​កង្វល់​ជុំវិញ​ព័ត៌មាន​លេច​ឮថា​មាន​ការសាងសង់​មូលដ្ឋានទ័ព​ជើងទឹក​របស់​ចិន​នៅក្នុង​ខេត្ត​កោះកុង​របស់​ប្រទេស​កម្ពុជា​។ ការសម្តែង​ក្តីបារម្ភ​នេះ​ត្រូវ​បាន​រាយការណ៍​ដោយសារ​ព័ត៌មាន Asia Times ដែល​មាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង​ហុងកុង​។

លោក​ សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​អះអាង​ថា លោក​បាន​ទៅ​កាន់​តំបន់​នោះ​កាលពី​ពេល​ថ្មីៗ​នេះ​ហើយ​លោក​មិន​បាន​រកឃើញ​ការសាងសង់​មូលដ្ឋាន​អ្វី​នោះ​ទេ​។ លោក​បន្ថែម​ថា​ប្រសិន​បើ​មាន​ការ​សាងសង់​មូលដ្ឋានទ័ព​ដូច​ការចោទប្រកាន់​មែន​នោះ សហរដ្ឋអាមេរិក​នឹង​មើល​ឃើញ​តាមរយៈ​ផ្កាយរណប​។

លោក​បញ្ជាក់​ថា​៖ «​ប៉ុន្តែ​អ្វី​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​គឺ​គ្រាន់​តែ​ជា​សង្គ្រាម​ចិត្តសាស្ត្រ​តែ​ប៉ុណ្ណោះ​។ សហរដ្ឋអាមេរិក​ដឹង​ពី​អ្វីៗ​ទាំងអស់​ដែល​លោក​ គីម ជុងអ៊ុន បាន​ផលិត​»​។ ការលើក​ឡើង​បែប​នេះ​គឺ​លោក​ចង់​សំដៅ​ទៅ​ដល់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​។

លោក​បញ្ជាក់​ថា​ការ​ព្រួយបារម្ភ​អំពី​មូលដ្ឋាន​ទ័ពជើងទឹករ​បស់​ចិន​បាន​លេច​ចេញ​ពី​ការសង្ស័យ​របស់​សហរដ្ឋ​អាមេរិក ខណៈ​ដែល​សហរដ្ឋអាមេរិក​ខ្លួនឯង​ផ្ទាល់​ធ្លាប់​មាន​កម្មវិធី​បែប​នេះ​ដូចជា Marshall Plan ជាដើម​។

លោក​ថ្លែង​ថា​៖ «​អ្នក​ធ្លាប់​ធ្វើ​អ្វី​មួយ​បែប​នេះ​។ នៅពេល​ដែល​ចិន​មក​វិនិយោគ​នៅក្នុង​កម្រិត​មួយ​ខ្ពស់ [​ក្នុង​ប្រទេស​កម្ពុជា​] អ្នក​គិត​ថា ពួកគេ​មក​ដាក់ [​មូលដ្ឋាន​]​។ សូម​មើល​ថា តើ​ពួកគេ​នឹង​ដាក់​មូលដ្ឋាន​នៅ​ទី​នេះ​ក៏​អត់​?»​។

ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​រូប​នេះ​បន្ថែម​ថា​កម្ពុជា​មិន​ត្រូវការ​មូលដ្ឋាន​យោធា​​បរទេស​ទេ ប៉ុន្តែ​យើង​ស្វាគមន៍​ការវិនិយោគ​។

នាយឧត្តមសេនីយ៍​ ឈុំ សុជាតិ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​បាន​ថ្លែងថា មិន​ចាំបាច់​ត្រួតពិនិត្យ​តំបន់​នោះ​ទេ ពីព្រោះ​វា​គ្មាន​អ្វី​នៅ​ទី​នោះ​ទេ​។

លោក​ សុជាតិ ថ្លែង​ថា​៖​ «​ខ្ញុំ​គិត​ថា​ទៅ​ពិនិត្យ​មើល​កន្លែង​នោះ ឬ​ក៏​មិន​ទៅ​គឺ​វា​គ្មាន​អ្វី​ខុស​គ្នា​ទេ​។ អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺថា តើ​ពួកគេ​ទទួល​យក​ការពិត​ឬ​ក៏​អត់​ចំពោះ​អ្នក​ដែល​និយាយ​អំពី​រឿង​នេះ​»​។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​លោក​ ផៃ ស៊ីផាន បាន​ថ្លែង​ថា​ប្រធានបទ​នេះ ត្រូវ​បាន​លើកឡើង​ដោយ​អ្នក​ផ្លុំ​កញ្ចែ​ដើម្បី​ធ្វើ​ឱ្យ​សាធារណជន​មាន​ការភ្ញាក់ផ្អើល​អំពី​ប្រទេស​កម្ពុជា​។ លោក​ថ្លែង​ថា​ការត្រួតពិនិត្យ​នៅ​តំបន់​នោះ គឺ​មិន​ចាំបាច់​ទេ​ពីព្រោះ «​ប្រទេស​កម្ពុជា​ជា​រដ្ឋ​ឯករាជ្យ​។ គ្មាន​នរណា​ម្នាក់​អាច​មក​ពិនិត្យ​បាន​ទេ​»​។

លោក​ ស៊ីផាន ​បញ្ជាក់​ថា​៖ «​នេះ​គ្រាន់​តែ​ជា​ការ​ព្រួយបារម្ភ​របស់​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ​។ យើង​នឹង​ឃើញ​អ្វី​ច្រើន​ទៀត​ចូល​មក​ ប៉ុន្តែ​កម្ពុជា​ត្រូវ​តែ​បង្រួបបង្រួម​កម្ពុជា​ត្រូវ​រក្សា​ជំហរ​របស់​ខ្លួន​លើ​គោលនយោបាយ​ការបរទេស​។ យើង​មិន​នៅ​តែ​ឯង​ទេ​។ យើង​ស្ថិត​នៅ​ក្នុង​ប្លុក​ [​អាស៊ាន​] ដែល​ខិតខំ​ថែរក្សា​ការការពារ​សន្តិសុខ​ជាតិ​រួម​គ្នា​»​។

លោក​ ស៊ីផាន បន្ថែម​ថា​ប្រទេស​កម្ពុជា​រក្សា​ជំហរ​របស់​ខ្លួន​លើ​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន​ និង​សហរដ្ឋអាមេរិក​។ លោក​ថ្លែង​ថា​៖ «​យើង​នៅ​តែ​មាន​ទំនាក់ទំនង​ស្មើ​គ្នា​ទាំង​ជាមួយ​ប្រទេស​ចិន និង​សហរដ្ឋអាមេរិក​មិន​ឱ្យ​មាន​ជម្លោះ​ជាមួយ​គ្នា​នោះ​ទេ​»​។

កាលពី​សប្តាហ៍​មុន​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ថ្លែង​ថា​លោក​បាន​ទទួល​លិខិត​មួយ​ច្បាប់​ពី​លោក Mike Pence អនុប្រធានាធិបតី​សហរដ្ឋអាមេរិក​ដែល​សម្តែង​ការព្រួយបារម្ភ​អំពី​មូលដ្ឋាន​ទ័ព​ជើងទឹក​នៅ​ក្នុង​ខេត្ត​កោះកុង ហើយ​បញ្ជាក់​ថា​លោក​នឹង​បញ្ជាក់​អំពី​កង្វល់​របស់​លោក Pence នេះ​។

នៅក្នុង​ជំនួប​នៃ​កិច្ចពិភាក្សា​លា​គ្នា​ជាមួយ​លោក William Heidt ឯកអគ្គរដ្ឋទូត​អាមេរិក​ដែល​ផុត​អាណត្តិ​កាលពី​ថ្ងៃ​អង្គារ​មុន​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ថ្លែង​ថា​លោក​បាន​សរសេរ​លិខិត​មួយ​ច្បាប់​ផ្ញើ​ទៅ​កាន់​លោក Pence រួច​ហើយ ដើម្បី​បញ្ជាក់​ថា​គ្មាន​មូលដ្ឋាន​យោធា​បរទេស​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ទេ​៕ NS