ភ្នំពេញៈ កាលពីម្សិលមិញមន្ត្រីរដ្ឋាភិបាលកម្ពុជាបានរំឭកការធ្វើរដ្ឋប្រហារឡើងកាន់អំណាចរបស់លន់នល់ហើយបានប្រើឱកាសនោះដើម្បីស្តីបន្ទោសសហរដ្ឋអាមេរិកសាជាថ្មីម្តងទៀត ចំពោះរដ្ឋប្រហារនេះ។
កាលពីថ្ងៃអាទិត្យនាយកប្រតិបត្តិរបស់សារព័ត៌មាន Fresh News ដែលគាំទ្ររដ្ឋាភិបាលបានរិះគន់សហរដ្ឋអាមេរិកចំពោះអំពើប្រល័យពូជសាសន៍ក្នុងរបបខ្មែរក្រហម។
លោក ជា វុត្ថា បានសរសេរថា៖ «១៨ មីនា ឆ្នាំ ១៩៧០ គឺកាលពី ៤៨ ឆ្នាំមុន ការសម្រេចចិត្តនយោបាយរបស់សេនាប្រមុខ លន់ នល់ និងទ្រង់ ស៊ីសុវត្ថិ សិរីមតៈ ដែលមានការគាំទ្រចេញមុខយ៉ាងពេញទំហឹងពីសហរដ្ឋអាមេរិកក្នុងការធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ បានបង្កនូវវិនាសកម្មសព្វបែបយ៉ាងចំពោះជាតិ និងប្រជាជនកម្ពុជាក្នុងនោះរួមទាំងអំពើប្រល័យពូជសាសន៍របស់ខ្មែរក្រហម ប៉ុល ពត ប្រឆាំងនឹងជាតិ និងប្រជាជនកម្ពុជា»។
លោកបន្តថា៖ «ប៉ុន្តែជាតិ និងប្រជាជនកម្ពុជាត្រូវបានសង្គ្រោះ និងរំដោះឱ្យមានជីវិតរស់ឡើងវិញចាប់ពីថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩ ដោយគណបក្សប្រជាជនកម្ពុជា»។ ខណៈដែលលោក ជា វុត្ថា បានបដិសេធជាយូរមកហើយថាមិនបានទទួលការឧបត្ថម្ភពីរដ្ឋាភិបាលនោះទេ។
នៅឆ្នាំ ១៩៧០ លន់ នល់ បានកាន់កាប់ប្រទេសកម្ពុជាបន្ទាប់ពីរដ្ឋសភាបានបោះឆ្នោតបណ្ដេញ ព្រះមហាក្សត្រនរោត្តម សីហនុ ចេញពីអំណាចតាមរដ្ឋធម្មនុញ្ញ។ លោក លន់ នល់ ខ្លួនឯងផ្ទាល់ត្រូវបានផ្ដួលរំលំដោយពួកម៉ៅនិយមនៅ ៥ ឆ្នាំក្រោយ។
ការលើកឡើងរបស់លោក ជាវុត្ថា នេះត្រូវបានបន្ទរដោយលោក ហេង រតនា និងលោក ផៃស៊ីផាន ដែលជាអ្នកគាំទ្រគណបក្សកាន់អំណាចដោយពួកគេបានប្រើហ្វេសប៊ុកលើកឡើងអំពីថ្ងៃប្រវត្តិសាស្ត្រនេះ។
លោក រតនា ដែលជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ក៏បានអះអាងថាការធ្វើរដ្ឋប្រហារទម្លាក់សម្តេច ព្រះនរោត្តម សីហនុ ពីសំណាក់លោកសេនាប្រមុខ លន់ នល់ និងបក្ខពួកមួយចំនួនទៀតគឺជាដើមចមនាំឲ្យប្រទេសកម្ពុជាធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាមឈានដល់របបប្រល័យពូជសាសន៍ ប៉ុល ពត ហើយជាលទ្ធផលនៃសង្គ្រាមនេះបានសម្លាប់ប្រជាជនអស់ជាច្រើនលាននាក់។
អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានចែកចាយ (Share) អត្ថបទរួមនឹងរូបភាពរបស់ភាគីទី ៣ ដែលជាភ័ស្តុតាងហើយអត្ថបទនោះបានសរសេរថា រដ្ឋប្រហារទម្លាក់សម្ដេចនរោត្ដម សីហនុ បានរុញច្រានប្រទេសកម្ពុជាឲ្យចូលក្នុងសង្គ្រាមអាមេរិកនៅវៀតណាម។
បើទោះបីជាមានការអះអាងបែបនេះក្តីក៏ប្រវត្តិវិទូជាន់ខ្ពស់ម្នាក់លោក David Chandler បានចោទសួរអំពីសុពលភាពនៃព្រឹត្តិការណ៍នោះ។
លោកបានថ្លែងតាមអ៊ីមែលថា៖ «អ្នកប្រាជ្ញបានសិក្សាស្រាវជ្រាវអត់ឃើញថាមានការចូលរួមរបស់អាមេរិកនៅក្នុងរដ្ឋប្រហារដែលធ្វើឡើងដោយលោក លន់នល់ នោះទេ ប៉ុន្តែគឺធ្វើឡើងដោយរដ្ឋសភា»។
លោក Chandler បានបន្ថែមថាវត្តមានរបស់វៀតណាមខាងជើងនៅក្នុងប្រទេសកម្ពុជា និងសម្ព័ន្ធមិត្តផ្ទាល់របស់ព្រះមហាក្សត្រសីហនុជាមួយពួកខ្មែរក្រហមគឺជាកត្តាសំខាន់ជាងគេ ២ ក្នុងការរុញច្រានកម្ពុជាឲ្យធ្លាក់ចូលទៅក្នុងសង្គ្រាម។
ទោះជាយ៉ាងណាក៏ដោយលោក Chandler បាននិយាយថា តួនាទីរបស់អាមេរិកមិនសកម្មទាំងស្រុងទេដោយមហាអំណាចនេះបានស្វាគមន៍ការកើតឡើងរបប លន់ នល់ ហើយបានព្យាយាមប្រើប្រាស់វាដើម្បីផលប្រយោជន៍របស់ពួកគេ។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «លោក Nixon បានគិតអំពីហេតុផលដែលនាំឲ្យខ្ញុំយល់ថាកម្ពុជាគឺជាកូនសោគន្លឹះដើម្បីធ្វើសង្គ្រាមឲ្យឈ្នះនៅក្នុងសង្គ្រាមវៀតណាម»។
លោក អៀ សុផល សាស្ត្រាចារ្យផ្នែកកិច្ចការទូត និងកិច្ចការពិភពលោកនៅមហាវិទ្យាល័យ Occidental College បានថ្លែងថា ការធ្វើរដ្ឋប្រហាររបស់ លន់ នល់ គឺត្រូវបានធ្វើឡើងដោយកាំភ្លើងត្បាល់ គ្រាប់បែក និងរថក្រោះតិចតួចហើយមានអ្នកស្លាប់ក៏តិចតួចដែរ គឺតិចជាងពេលលោក ហ៊ុន សែន ចាប់យកអំណាចនៅក្នុងឆ្នាំ ១៩៩៧។
លោក សុផល បន្តថា៖ «សហរដ្ឋអាមេរិកដូចរដ្ឋប្រហារជាច្រើននៅកន្លែងផ្សេងទៀតដែរ គឺមិនបានជំទាស់នឹងរដ្ឋប្រហារទេ។ ប៉ុន្តែវាមិនមែនមានន័យថាពួកគេនៅពីក្រោយរដ្ឋប្រហារនោះទេ»។
លោក សុផល បន្ថែមថាពួកគេប្រហែលអាចដឹងរឿងនេះមុនប៉ុន្តែ «វាមិនមែនដូចការសម្របសម្រួលនោះទេ»។
លោកក៏បាននិយាយផងដែរថា វោហារសាស្ត្រទាំងនេះហាក់ដូចជាកំពុងព្យាយាមធ្វើឱ្យមានអារម្មណ៍ប្រឆាំងនឹងជនជាតិអាមេរិកនៅក្នុងឆ្នាំបោះឆ្នោតដ៏សំខាន់នេះ។
លោកបន្តថា៖ «ពួកគេកំពុងព្យាយាមធ្វើអ្វីៗគ្រាប់យ៉ាងសម្រាប់ការបោះឆ្នោតខែកក្កដាឆ្នាំ ២០១៨ នេះ»។
លោកថា៖ «ទីក្រុងភ្នំពេញគួរតែចងចាំថាមិនមានមិត្ត ឬសត្រូវណានៅជាអចិន្រៃ្តយ៍ទេ ប៉ុន្តែផលប្រយោជន៍គឺនៅជាអចិន្រៃ្តយ៍។ តើវាជាផលប្រយោជន៍អចិន្រៃ្តយ៍របស់ប្រទេសកម្ពុជាក្នុងការប្រឆាំងជនជាតិអាមេរិកឬ? ខ្ញុំមិនគិតដូច្នេះទេ»៕ NS