កំពង់ស្ពឺ: មន្ត្រី​សង្គម​ស៊ីវិល​ម្នាក់​​បាន​ចោទប្រកាន់​លោក​ឧត្តមសេនីយ៍ទោ ជា យោធិន ថា​បាន​ដាក់​ពាក្យ​ប្ដឹង​លោក និង​ពលរដ្ឋ​ ២ ​នាក់​ទៀត​ទៅ​តុលាការ​ខេត្ត​កំពង់ស្ពឺ​ដោយ​ពី​បទចោទ​បរិហារកេរ្តិ៍​សាធារណៈ និង​ប៉ុនប៉ង​មនុស្សឃាត​ជុំវិញ​ទំនាស់​ដីព្រៃ​ចម្ការ​ស្រល់​នៅ​ឧទ្យាន​ជាតិ​គិរីរម្យ​នៅ​ភូមិ​ថ្មី ឃុំ​ចំបក់​ស្រុក​ភ្នំស្រួច ប៉ុន្ដែ​លោក ជា យោធិន បាន​បដិសេធ​ពី​ការប្ដឹង​គ្នា​នេះ​។

លោក ជា ហ៊ាន ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ​ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ​ និង​ការពារ​សិទ្ធិពលរដ្ឋ​ (AC-NCIPO) ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ពលរដ្ឋ​ ២ ​គ្រួសារ​មាន​ទំនាស់​ជាមួយ​លោក ជា យោធិន ជា​ជំនួយការ​អគ្គស្នងការ​នគរបាល​ជាតិ​ទទួល​បន្ទុក​ផ្នែក​ភ័ស្ដភារ​ជុំវិញ​បញ្ហាដីធ្លី​ ១៥ ​ម៉ែត្រ​ x៧ ​ម៉ែត្រ​ក្នុង​ដែន​ព្រះរាជក្រឹត្យ​នៃ​ឧទ្យាន​ជាតិ​គិរីរម្យ​ដោយ​លោក ជា យោធិន បាន​ចោទ​ពលរដ្ឋ​ថា ទៅ​បោះបង្គោល​រំលោភ​យក​ដី​គាត់​។

លោក​បន្តថា បន្ទាប់មក​ពលរដ្ឋ​បានមក​ស្នើសុំ​ឲ្យ​លោក​ (​ជា​ហ៊ាន​) ​ជួយ​ស្រាវជ្រាវ និង​រក​ដំណោះស្រាយ ហើយ​លោក​បាន​ចុះទៅពិនិត្យ​ទីតាំង​ដី​ជាក់ស្ដែង​ក៏​ឃើញថា ដី​នោះ​ស្ថិតក្នុង​ដីចម្ការ​ស្រល់​នៃ​ឧទ្យាន​ជាតិ​គិរីរម្យ​ដែលមាន​ព្រះរាជក្រឹត្យ​ទុកជា​សម្បត្តិរដ្ឋ ប៉ុន្ដែ​ត្រូវបាន​លោក ជា យោធិន រំលោភ​កាន់កាប់​ជា​កម្មសិទ្ធិ​។

លោក ជា ហ៊ាន បញ្ជាក់ថា​៖ «​បន្ទាប់ពីនោះ​មកទៀត​ខ្ញុំ​ក៏បាន​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​ខ្ញុំ​ថា ខ្ញុំបាទ ជា ហ៊ាន នឹង​ចុះ​អង្កេត​ទីតាំង​ដី​នោះ​ម្ដងទៀត​ដែលជា​ដី​របស់​លោក ជា យោធិន រំលោភ​យក​ជា​កម្មសិទ្ធិ​។ អ៊ីចឹង​ទើប​បាន​ជា​លោក ជា យោធិន ប្ដឹង​ខ្ញុំ​ទៅ​តុលាការ​កាលពី​ថ្ងៃទី​ ២៥ ខែ​កុម្ភៈ ពី​បទ​បរិហារកេរ្ដិ៍​សាធារណៈ​។ ​ក្រៅពី​ប្ដឹង​ខ្ញុំ​នេះ​លោក ជា យោធិន បាន​ចាប់​ពលរដ្ឋ​ម្នាក់​ដាក់គុក​ចោទ​ពី​បទ​ប៉ុនប៉ង​មនុស្សឃាត ហើយ​ក៏​គ្រោង​ប្ដឹង​ពលរដ្ឋ​ម្នាក់ទៀត​ដែរ តែ​ខ្ញុំ​មិន​ទាន់​ដឹង​ចោទ​ពី​បទ​អ្វី​ទេ​»​។

លោក​បាន​បន្ថែមថា បន្ទាប់មក​លោក​បាន​ត្រៀម​ខ្លួន​ជាមួយ​មេធាវី​ដើម្បី​រង់ចាំ​ដីកា​តុលាការខេត្ត​កំពង់ស្ពឺ​ឲ្យ​ចូល​បំភ្លឺ ហើយ​ក៏​ជា​ឱកាស​លោក​សម្រាប់​ទម្លាយ​រឿង​ដែល​លោក ជា យោធិន បាន​រំលោភ​យក​ដី​រដ្ឋ​នៅ​តំបន់​ទឹកឈូ​ទី​ ២ ខេត្តកំពង់ស្ពឺ​ជាង​ ៧០០ ​ហិកតា​ក្រោម​រូបភាព​ទិញ​ពី​ពលរដ្ឋ​កាប់​រាន​ដីព្រៃ​របស់​រដ្ឋ និង​ដី​ ១ ​កន្លែង​ទៀត​នៅ​សាលាដូង​នៃ​ឧទ្យាន​ជាតិ​គិរីរម្យ​ខេត្តកំពង់ស្ពឺ​ដែល​ជា​ដីការពារ​ដោយ​ព្រះរាជក្រឹត្យ​។

លោក ជ័យ ហ៊ីម មេឃុំ​ចំបក់​បាន​ថ្លែងថា លោក​មិន​ពេញចិត្ត​ទង្វើ​របស់លោក ជា យោធិន ទេ​ចំពោះ​ការចាប់​ពលរដ្ឋ​ឈ្មោះ សឿង រុន ដាក់​ពន្ធនាគារ និង​គំរាម​មន្ត្រី​មូលដ្ឋាន​ដើម្បី​ចុះហត្ថលេខា​កាត់​ដី​តំបន់​ឧទ្យាន​ជាតិ​គិរីរម្យ​ឲ្យ​ទៅ​គាត់ និង​បន្ត​ប្ដឹង​ពលរដ្ឋ​ផ្សេងៗ​ទៀត​ទៅ​តុលាការ​។

លោក​បន្តថា ដី​ដែល​កំពុងមាន​ទំនាស់​នេះ​ជា​ដី​របស់​រដ្ឋ​ (​មិនមាន​ប័ណ្ណ​កម្មសិទ្ធិ​) ហើយ​ពលរដ្ឋ​អាស្រ័យ​ផល និង​ធ្លាប់​រស់នៅ​មូលដ្ឋាន​នេះ​តាំងពី​ដូនតា​របស់​គាត់​ម្ល៉េះ ប៉ុន្ដែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ស្រាប់តែ​លេច​ឈ្មោះ ជា យោធិន មក​អះអាង​ថា ជា​ដី​របស់​ក្មួយ​គាត់​ដោយ​បាន​ប្ដឹង និង​គំរាម​ពលរដ្ឋ​ឲ្យ​ចាកចេញ​ពី​ដី​នោះ​។

លោក​ថា​៖ «​លោក ជា យោធិន បាន​គំរាម​ខ្ញុំ​ឲ្យ​ចុះហត្ថលេខា​កាត់​ដី​ឧទ្យាន​ជាតិ​ឲ្យ​គាត់ គំរាម​ទាំង​ស្មៀន​ទៀត ហើយ​ខ្ញុំ​បាន​ឆ្លើយ​ប្រាប់​គាត់​ថា ទេ​! ខ្ញុំ​មិន​ហ៊ាន​ទេ ព្រោះ​ដី​តំបន់​នេះ​ជា​ដីការពារ​ដោយ​ព្រះរាជក្រឹត្យ និង​ជា​ដី​រដ្ឋ ខ្ញុំ​នៅទីនេះ​រាប់​សិប​ឆ្នាំ​មក​ហើយ ឃើញ​ដី​ទំនេរ​ច្រើន​ណាស់ តែ​ខ្ញុំ​មិនអាច​ប៉ះពាល់​ដី​នេះ​ទេ ហើយ​ខ្ញុំ​ក៏​មិន​អាច​កាត់​ចែក​បុគ្គល​ណា​ម្នាក់​ដែរ លុះត្រាតែ​មាន​ការសម្រេច​ពី​ថ្នាក់ដឹកនាំ​កំពូលៗ​បាន​ខ្ញុំ​ហ៊ាន​ចាត់ចែង​»​។

មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ថ្លែងថា លោក មិន​ហ៊ាន​បកស្រាយ​អ្វី​លម្អិត​ជុំវិញ​ករណី​នេះ​ទេ​ដោយ​គ្រាន់តែ​ដឹងថា ពលរដ្ឋ​ម្នាក់​ឈ្មោះ សឿង រុន ត្រូវ​បាន​គេ​ឃាត់​ខ្លួន ហើយ​សម្រេច​ឲ្យ​ជាប់ពន្ធនាគារ​ទាំង​អយុត្តិធម៌ ហើយ​ការចោទប្រកាន់​នេះ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ដែរ​។

លោក​បន្តថា ពលរដ្ឋ​ម្នាក់នេះ​លោក​ធ្លាប់​ស្គាល់​ជាច្រើន​ឆ្នាំ​មកហើយ​គាត់​មិន​ដែល​បង្ក​ទំនាស់​ជាមួយ​នរណា​ទេ​។

ដោយ​គាត់​បានរស់នៅ​ទីនេះ​តាំងពី​ដូនតា​មក​ម្ល៉េះ មិនដែល​ទៅ​រំលោភ​យក​ដី​រដ្ឋ ឬ​ដី​បុគ្គល​ណា​ទេ​។

លោក​ថា​៖ «​ខ្ញុំ​មិនអាច​បកស្រាយ​អ្វី​ច្រើន​ជុំវិញ​ទំនាស់​នេះ​ទេ តែ​យ៉ាងណា​ជួយ​រក​យុត្តិធម៌​ឲ្យ​គាត់​ផង ហើយ​​ពលរដ្ឋ​នៅ​តំបន់​នេះ​មិន​ពេញចិត្ត​បុគ្គល​ដូច​មន្ត្រី​ជាន់ខ្ពស់​រូបនេះ​ទេ​»​។

លោក ហន ពិសិដ្ឋ អភិបាលស្រុក​ភ្នំស្រួច​បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​មិនទាន់​បាន​ដឹង​ច្បាស់​ពី​ទីតាំង​ដី​កំពុងមាន​ទំនាស់​នោះទេ តែ​យ៉ាងណា​ដី​នេះ​ជា​ការគ្រប់គ្រង​ដោយ​ការិយាល័យ​ឧទ្យាន​ជាតិ​គីរីរម្យ ហើយ​ត្រូវ​បាន​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​បានចេញ​ដីកា​ដកហូត​ទាំងអស់​រួចរាល់​ហើយ​។

លោក​បញ្ជាក់ថា​៖ «​ទីតាំងនៅ​ទីនោះ​មាន​ភូមិ​ ២ គឺ​ភូមិ​ចម្ការ​តែ និង​ភូមិ​ថ្មី​ជា​ឧបសម្ព័ន្ធ​ចំណុះ​ឲ្យ​ឃុំ​ចំបក់​ (​ភូមិ​អត់​ទទួលស្គាល់​ផ្លូវការ​ទេ​) ចំណែក​បណ្តឹង​គាត់​ដែល​ប្ដឹង​គ្នា​នេះ គឺ​គាត់​អត់​ដាក់​មក​រដ្ឋបាល​ស្រុក​ភ្នំស្រួច​ទេ​គឺ​សំដៅទៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​តែម្តង​...»​។

យ៉ាងណាក្ដី​លោក ​ជា យោធិន ដែល​សុំ​មិន​បញ្ចេញ​ពី​តួនាទី​​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា លោក​មិនបាន​ប្ដឹង​ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​នោះ​ទេ ហើយ​ក៏​គ្មាន​ដី​នៅ​តំបន់​នោះដែរ ប៉ុន្ដែ​ដី​ដែលមាន​​ក្បាល​ជិត​ ៤០ ​ម៉ែត្រ​នេះ​ជា​ដី​ក្មួយ​ខាង​ប្រពន្ធ​លោក​ប៉ុណ្ណោះ​។

ដោយ​កាលពី​ពេល​ថ្មីៗ​នេះ​មាន​ពលរដ្ឋ​ ២ ​នាក់​ឈ្មោះ សឿង រុន និង​ ទិត្យ សំអុល បាន​ទៅ​បោះបង្គោល និង​សង់​ខ្ទម​នៅលើ​ដី​នោះ​។

លោក​បន្តថា ក្មួយ​របស់​លោក​បាន​ប្រាប់​ឲ្យ​ពួកគាត់​ចាកចេញ​ពី​ដី​នោះ ប៉ុន្ដែ​គាត់​មិន​ព្រម​ចេញ​ទេ ក្រោយ​មក​លោក​បាន​ទៅ​មើល​ទីតាំង​ដី​នោះ​ផ្ទាល់ ស្រាប់​តែ​ឈ្មោះ សឿង រុន ជិះ​ម៉ូតូ​ពី​ក្រោយ​រថយន្ត​លោក ហើយ​មក​បុក​រថយន្ត​លោក​ឲ្យ​ខូច​ទ្វារ​ម្ខាង រួច​យក​ម៉ូតូ​មក​បាំង​ផ្លូវលោក​ទៀតផង​។

លោក​បន្ថែមថា បន្ទាប់មក​​ទៀត​នៅ​ថ្ងៃទី​ ២៤ ខែ​កុម្ភៈ​ឈ្មោះ សឿង រុន បាន​ប្រើ​ហិង្សា​លើ​បុរស​ម្នាក់​ឈ្មោះ ប៊ូ សាំង ដែល​ជា​អ្នក​ចាំ​ដី​ឲ្យ​ក្មួយ​លោក​។ ក្រោយមក​ឈ្មោះ ប៊ូ សាំង បាន​ប្ដឹង​ទៅ​តុលាការ​ឃាត់ខ្លួន​តែម្ដង ប៉ុន្ដែ​រហូត​មក​ទល់​ពេលនេះ​លោក​ទទួលដំណឹង​ថា តុលាការ​បាន​ដោះលែង​ឈ្មោះ សឿង រុន នោះ​ឲ្យ​ត្រឡប់​មក​ផ្ទះ​វិញ​ហើយ​។

លោក ជា យោធិន បញ្ជាក់ថា​៖ «​ខ្ញុំ​មិន​បាន​ប្ដឹង​អ្វី​ពួកគាត់​ទេ ហើយ​ខ្ញុំ​ក៏​គ្មាន​ដី​នៅ​ទីនោះ​ដែរ ពួកគាត់​ចេះ​តែ​មួលបង្កាច់​ខ្ញុំ តែ​ខ្ញុំ​មិន​ដែល​ទៅ​ចាប់ដី​ ឬ​រំលោភ​យក​ដី​របស់​នរណា​ទេ​ខ្ញុំ​មាន​លុយ​ប៉ុនណា ខ្ញុំ​ចាយប៉ុណ្ណឹង ខ្ញុំ​មិន​ដែល​ទៅ​បៀតបៀន​នរណា​ទេ​»៕