ភ្នំពេញៈ មន្ត្រីសង្ឈជាន់ខ្ពស់ចំនួន ៣ ព្រះអង្គនៃគណៈមហានិកាយត្រូវបានប្រកាសតែងតាំងគោរមងារកិត្តិយសជា «សម្ដេច» បន្ថែមលើមុខងារបច្ចុប្បន្ន ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងកោតសរសើរពីគុណសម្បត្តិរបស់ព្រះសង្ឃនៅក្នុងវិស័យព្រះពុទ្ធសាសនា។
សម្តេចព្រះកិត្តិយសទាំង ៣ អង្គដែលត្រូវបានប្រកាសតែងតាំង និងស្រោចស្រពព្រះសុគន្ធវារីនៅព្រឹកថ្ងៃទី ២៤ ខែឧសភាដែលត្រូវបានធ្វើឡើង នៅវត្តបទុមវតីក្នុងរាជធានីភ្នំពេញដែលមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង ព្រះអនុគណក្នុងរាជធានីភ្នំពេញ និងគ្រប់ខេត្តព្រមទាំងមន្ត្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាលពិសេសលោកនាយករដ្ឋមន្ត្រី និងភរិយារបស់លោកគឺលោកស្រី ប៊ុន រ៉ានី។
មន្ត្រីសង្ឃដែលត្រូវបានតែងតាំងរួមមាន ព្រះតេជគុណ ជា សំអាង ព្រះមេគណខេត្តកណ្តាលត្រូវតែងតាំងជា «សម្តេចព្រះឧត្តមមុនី ជា សំអាង»។ ព្រះតេជគុណ ឃឹម សន ព្រះមេគណរាជធានីភ្នំពេញត្រូវទទួលគោរមងារជា «សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន» ខណៈព្រះតេជគុណ រ័ត្ន សារឿន ព្រះអនុគណខណ្ឌសែនសុខទទួលបានគោរមងារជា «សម្តេចព្រះសក្យមុនី រ័ត្ន សារឿន»។
នៅក្នុងពិធីនោះលោក ហ៊ុន សែន បានថ្លែងកោតសរសើរចំពោះព្រះសង្ឃទាំង ៣ អង្គដែលត្រូវបានទទួលព្រះគោរមងារជា «សម្តេច» នាពេលនេះដោយសារការខិតខំប្រឹងប្រែងរបស់ព្រះអង្គក្នុងសកម្មភាពព្រះពុទ្ធសាសនាកន្លងមក។
លោកថ្លែងថា៖ «នេះក៏បានសង្កេតឃើញពីតួនាទីរបស់ព្រះអង្គ...ព្រះអង្គបានបំពេញតួនាទីដ៏ល្អប្រសើរក្នុងវិស័យព្រះពុទ្ធសាសនាដែលសមរម្យដើម្បីថ្វាយ តាមរយៈសំណើសុំព្រះរាជក្រឹត្យសម្រាប់តែងតាំងជាសម្ដេច។ នេះរឿងសំខាន់ទាក់ទិននឹងគុណសម្បត្តិដែលត្រូវផ្តល់តួនាទីសម្រាប់គោរមងារជាសម្ដេច»។
លោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាថ្លែងក្នុងពិធីកាលពីម្សិលមិញថា មកទល់បច្ចុប្បន្ននេះនៅទូទាំងប្រទេសមានវត្តសរុបទាំងអស់ចំនួន ៤៩២៥ វត្ត និងមានព្រះសង្ឃសរុបចំនួន ៦៦០៥៦ អង្គក្នុងនោះគណមហានិកាយមានវត្ត ៤៧០០ វត្តមានព្រះសង្ឃ ៦២១៥៦ អង្គ គណធម្មយុត្តិកនិកាយមានវត្ត ២២៥ វត្តមានព្រះអង្គ ៣៩០០ អង្គ។
លោកថា៖ «ក្រោយពីរស់រានមានជីវិតឡើងវិញក្នុងដំណាក់កាលតែមួយគឺនៅថ្ងៃ ៧ មករាឆ្នាំ ១៩៧៩ តាមរយៈការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេច [ហ៊ុន សែន] នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានខិតខំយកកម្លាំងកាយ កម្លាំងចិត្តប្រាជ្ញា ស្មារតីក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ជាពិសេសធ្វើឲ្យសាសនាទាំងអស់នៅកម្ពុជាមានការបោះជំហានទៅមុខជាលំដាប់ក្នុងនោះវិស័យព្រះពុទ្ធសាសនាមានការវិវត្តរីកចម្រើនគួរឲ្យកត់សម្គាល់»។
កាលពីខែធ្នូឆ្នាំមុនក្នុងពិធីមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី ២៦ សម្ដេចព្រះសង្ឃរាជ ទេព វង្ស បានអំពាវនាវឲ្យព្រះសង្ឃនៅទូទាំងប្រទេស ចូលរួមបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាបន្ទាប់ពីព្រះអង្គធ្លាប់បានអំពាវនាវកាលពីមុនការបោះឆ្នោតឆ្នាំ ២០១៣ កុំឲ្យព្រះសង្ឃទៅបោះឆ្នោត ឬចូលរួមក្នុងសកម្មភាពការបោះឆ្នោតដោយជំរុញឲ្យរដ្ឋាភិបាលដាក់ការហាមឃាត់ និងចង់ឲ្យមានច្បាប់ហាមព្រះសង្ឃទៅបោះឆ្នោត។
ព្រះតេជគុណ បូរ បេត សមាជិកជាន់ខ្ពស់នៃបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមដែលសកម្មក្នុងការជួយការងារសង្គម និងបរិស្ថានមានសង្ឃដីកាថា បច្ចុប្បន្នសីលធម៌សង្គមបានធ្លាក់ចុះហើយព្រះសង្ឃ គួរតែចូលរួមចំណែកអប់រំប្រជាពលរដ្ឋដើម្បីស្តារសីលធម៌សង្គមដែលកំពុងធ្លាក់ចុះនេះ។
ព្រះអង្គមានថេរដីកាថា៖ «ព្រះសង្ឃយើងត្រូវតែនាំគ្នាចូលរួមអប់រំសង្គម ព្រោះអីសង្គមមួយនេះដូចបច្ចុប្បន្នមើលទៅគឺធ្លាក់ចុះសីលធម៌ ធ្លាក់ចុះទាំងការឲ្យតម្លៃគ្នាជាមនុស្សខ្សោយមែនទែន។ ...គួរតែនាំគ្នាលើកនូវគុណតម្លៃព្រះពុទ្ធសាសនា ជាពិសេសអប់រំប្រជាជនឲ្យគាត់ចូលរួមក្នុងការការពារព្រៃឈើការពារធនធានធម្មជាតិ វប្បធម៌ ប្រពៃណីសង្គមជាតិយើងនេះឲ្យបានប្រសើរ»។
ព្រះអង្គក៏បានលើកឡើងដែរថាបុគ្គលដែលស្និទ្ធនឹងគណបក្សកាន់អំណាចតែងតែទទួលបាននូវតំណែងមុខងារ។ «យើងដឹងស្រាប់ហើយ យើងឃើញថាឲ្យតែព្រះសង្ឃណាដែលកៀកជាមួយនឹងរដ្ឋាភិបាល...សេពគប់រដ្ឋាភិបាលបានតួនាទីបានឋានៈបានបុណ្យស័ក្តិមានឡាន មានអីជិះ តែដូចក្រុមអាត្មា អ្នកតស៊ូបញ្ចេញមតិ តស៊ូការពារព្រៃឈើ...ក្រុមអាត្មាអត់ឃើញមានអីទេ មានតែគេឲ្យទោស»៕