ភ្នំពេញៈ អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​បានបញ្ជាក់​កាលពី​ម្សិលមិញ​ថា រហូត​មកទល់​ពេលនេះ​នៅ​កម្ពុជា​​មិនទាន់​មាន​ករណី​សង្ស័យ​ណាមួយ​ទាក់ទង​នឹង​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​​ដូចដែល​កំពុង​ផ្ទុះឡើង​នៅ​ក្រុង​វូហាន​ប្រទេស​ចិន​ទេ ប៉ុន្តែ​ក្រសួង​ជំរុញ​ឲ្យ​ពលរដ្ឋ និង​ក្រុម​អ្នកជំនាញ​ប្រុង​ប្រយ័ត្ន និង​ពង្រឹង​ការតាមដាន​បន្ថែម​​ទៀត​ជុំវិញ​ករណីនេះ​។

កាលពី​ថ្មីៗ​នេះ​អង្គការ​សុខភាព​ពិភពលោក និង​អង្គការ​ធ្វើការ​បញ្ហា​សុខភាព​មួយចំនួន​បានបង្ហាញ​ក្តីបារម្ភ​ជុំវិញ​ការរកឃើញ​វីរុស​ប្រភេទ​ថ្មី​ដែល​កំពុង​កើត​លើ​ជនជាតិ​ចិន​ជិត​ ៦០ ​នាក់ ​ក្នុងនោះ​មាន ៧ ​នាក់ ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ស្ថិត​ក្នុង​ទីក្រុង​វូហាន ខេត្ត​ហ៊ុយបេសាធារណរដ្ឋ​ប្រជាមានិត​ចិន​ដែល​ត្រូវបាន​រកឃើញ​តាំងពី​ខែធ្នូ ឆ្នាំមុន ។

វីរុស​ប្រភេទ​ថ្មី​នេះ​មាន​ឈ្មោះ novel coronaviruses ដោយ​អ្នកជំនាញ​មិនទាន់​ប្រាកដ​ទេ​ថា វីរុស​នេះ​មាន​ប្រភពពី​ណា​ទេ តែ​ពី​លទ្ធផល​នៅ​មន្ទីរពិសោធន៍​បាន​បញ្ជាក់ថា ជំងឺ​នេះ​មិនមែន​ជា​ជំងឺ SARS ឬ​ជំងឺផ្តាសាយបក្សី ឬ​ជំងឺ​ផ្តាសាយ​បង្កដោយ​វីរុស​អាដេណូ​ (adenovirus) ​ឬ​ជំងឺ​ MERS​ ឬ​ក៏​ជំងឺ​ផ្លូវដង្ហើម​ដទៃទៀត​នោះឡើយ​។ ​នេះ​បើតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​កាលពី​ថ្ងៃ​សុក្រ​។

សេចក្តី​ជូន​ព័ត៌មាន​ដដែល​បាន​បញ្ជាក់ថា​៖ «​ការធ្វើអង្កេត​អេពីដេមីសាស្ត្រ​បាន​បង្ហាញថា អ្នកជំងឺ​ខ្លះ​ជា​ឈ្មួញកណ្តាល ឬ​ជា​អ្នកលក់​ផ្ទាល់​ (​ម្ចាស់​ផ្ទាល់​) ឬ​អ្នក​បម្រើសេវា​ផ្ទាល់​នៅ​ផ្សារលក់​គ្រឿង​សមុទ្រ​ហូណាន​ដែលជា​ទីផ្សារ​លក់​គ្រឿង​សមុទ្រ​បោះ​ដុំ​ដ៏ធំ​ជាង​គេ​ក្នុង​ខេត្ត​នេះ​ដែល​មាន​តូប​លក់​គ្រឿងសមុទ្រ​ជាង​ ៦០០ ​តូប និង​មាន​អ្នកបម្រើ​ការងារ​ចំនួន​ ១ ៥០០ ​នាក់​ មាន​សត្វព្រៃ​ក៏ត្រូវ​បានដាក់​លក់​នៅ​ផ្នែក​ខ្លះ​នៃ​ទីផ្សារ​នេះដែរ​»​។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា មក​ទល់ពេល​នេះ​មិន​ទាន់​មាន​ករណី​សង្ស័យ​ណាមួយ​បាន​កើត​ឡើង​នៅ​កម្ពុជា​នោះ​ទេ ហើយ​ក្រសួង​កំពុង​យកចិត្ត​ទុកដាក់​តាមដាន​ករណី​នេះ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​។ លោកស្រី​ថ្លែង​ថា បច្ចុប្បន្ន​អ្នកជំនាញការ​ក៏​នៅតែ​មិនទាន់​រកឃើញ​ប្រភព​នៃ​ការឆ្លង​ក៏ដូចជា​របៀប​នៃ​ការចម្លង​ផងដែរ​។

លោកស្រី​បញ្ជាក់ថា​៖ «​ប្រភេទ​ជំងឺ​នេះ​ក៏​មិន​ទាន់​រកឃើញ​អ្វីដែល​បញ្ជាក់ថា ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​នោះដែរ ព្រោះតែ​បុគ្គលិក​សុខាភិបាល​ដែល​នៅ​ថែទាំ​អ្នកជំងឺ​នៅ​ប្រទេស​ចិន​នោះ​មិន​មាន​ការចម្លង​។ ពេលនេះ​កំពុង​​ជំរុញ​ឲ្យ​ក្រុម​ការងារ​តាមដាន​បន្តទៀត​ដែល​មកទល់​ពេល​នេះ​មិន​ទាន់​មាន​ករណី​អ្វី​ដែល​យើង​សង្ស័យ ហើយ​ក៏​មិនទាន់​មាន​ជំងឺ​ប្រភេទ​នេះ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​ដែរ​។ ខ្ញុំ​សុំ​បញ្ជាក់​គេ​មិនទាន់​បញ្ជាក់​ពី​ប្រភព​នៃ​ការឆ្លង និង​ចម្លង​ពីអ្វី​ទេ​?»​។

ទោះជា​យ៉ាងណា​ក្រសួង​សុខាភិបាល​បាន​អះអាង​ថា ក្រសួង​បាន​ដាក់​ម៉ាស៊ីន​ស្គេន​កម្ដៅ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្រុង​ព្រះសីហនុ និង​សៀមរាប និង​ស្រាវជ្រាវ​រក​ករណី​សង្ស័យ​ដោយ​ក្រុម​ចត្តាឡីស័ក​នៅតាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​។

ក្នុងនោះ​ក្រសួង​សុខាភិបាល​ក៏​បាន​ត្រៀម​បន្ទប់​ដាក់​អ្នកជំងឺ​ឲ្យ​នៅ​ដាច់​ដោយឡែក និង​បាន​ជូនដំណឹង​ដល់​មន្ទីរពេទ្យ​ជាតិ និង​មន្ទីរ​សុខាភិបាល​ទាំង​ ២៥ ​រាជធានី-ខេត្ត​ឲ្យ​ត្រៀមលក្ខណៈ​ជាស្រេច​ក្នុង​ការឆ្លើយតប និង​ផ្តល់​អន្តរាគមន៍​ជាបន្ទាន់ ប្រសិន​បើ​មាន​ករណី​សង្ស័យ​ពី​ជំងឺ​ផ្លូវដង្ហើម​ស្រួចស្រាល់​ធ្ងន់ធ្ងរ​។ នេះ​បើតាម​ការអះអាង​ពី​លោកស្រី ឱ វណ្ណឌីន ។

លោក សន សារុំ ប្រធាន​ផ្នែក​សេវាកម្ម​ផ្ទៃដី​នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ក្រោយ​ទទួល​បាន​នូវ​ព័ត៌មាន​នេះ​ខាង​អាកាសយានដ្ឋាន​បាន​បន្ត​តាមដាន​ដោយ​ប្រុងប្រយ័ត្ន​ជុំវិញ​ការចម្លង​នៃ​ជំងឺ​នេះ​។ ប៉ុន្តែ​លោក​ថា មកទល់​ពេល​នេះ​មិនមាន​ភ្ញៀវទេសចរ​ជាតិ​សាសន៍​ណា​មាន​សញ្ញាណ​សង្ស័យថា​មាន​ជំងឺ​នេះ​ទេ​។

លោក​បញ្ជាក់ថា​៖ «​យើង​មិនទាន់​មាន​ករណី​សង្ស័យ​អ្វី​ទេ​។ តាមពិត​យើង​យកចិត្ត​ទុកដាក់​យូរហើយ គ្រាន់តែ​យើង​មាន​វិធានការ​បន្ថែមទៀត ត្រូវ​ពិនិត្យ​អ្នកធ្វើដំណើរ​ដែល​ក្នុង​ ១ ​ថ្ងៃៗ​មាន​ចន្លោះ​ពី ៣០០០ ទៅ ៣៥០០ ​នាក់​ដោយ​មាន​ការជូន​ដំណឹង និង​ផ្សព្វផ្សាយ នៅពេល​ទទួល​បាន​ព័ត៌មាន​ទាំងនេះ​»​។

កាលពី​ថ្ងៃទី​ ៣១ ខែ​ធ្នូ ឆ្នាំ​មុន​នៅ​ទីក្រុង​វូហាន ខេត្ត​ហ៊ុយបេ ប្រទេស​ចិន​មាន​អ្នកជំងឺ​ពី​ ២ ទៅ​ ៣ ​នាក់​បាន​លេចចេញ​រោគសញ្ញា​ក្តៅខ្លួន និង​មាន​អាការ​ហត់ លុះ​ថត​កាំរស្មី​អ៊ិច​បង្ហាញថា ពួកគេ​មាន​ដំបៅ​សួត​សងខាង​។

ក្រោយ​រកឃើញ​នេះ​អង្គការ​សុខភាព​ពិភពលោក​បាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​កាលពី​សប្តាហ៍​មុន​ថា «​ពេលនេះ​អ្នកជំនាញ​កំពុងតែ​ប្រមូល​ព័ត៌មាន​អេពីដេមីសាស្ត្រ និង​មន្ទីរពិសោធន៍​បន្ថែមទៀត​ដើម្បី​កំណត់​រក​អត្តសញ្ញាណ​នៃ​វីរុស​»​។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​កាលពី​ថ្ងៃ​ស្រុក​បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​នៅពេល​ធ្វើ​ដំណើរ​ទៅ​ ឬ​វិលត្រឡប់​មកពី​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​ដោយ​ត្រូវ​ចេះ​ថែរក្សា​សុខភាព​ផ្ទាល់​ខ្លួន​តាម​វិធានការ​សាមញ្ញៗ​មួយចំនួន​។

លោក​បាន​បញ្ជាក់ថា​៖ «​ចៀសវាង​ប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​អ្នកមាន​ជំងឺ​ផ្លូវដង្ហើម​ស្រួចស្រាល់​ត្រូវ​លាងដៃ​ឲ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ ចៀសវាង​ប៉ះពាល់​ជិតស្និទ្ធ​ ឬ​ទៅ​ទីផ្សារ​លក់​គ្រឿង​សមុទ្រ​ហូណាន ឬ​ទីផ្សារ ឬ​កសិដ្ឋាន​ដែលមាន​សត្វ​រស់​ ឬ​សត្វព្រៃ​ ឬ​កន្លែង​ដែល​គេ​ដឹងថា មាន​វីរុស​កំពុង​ចរាចរណ៍ និង​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ការអនុវត្ត​អនាម័យ​ស្អាត និង​សុវត្ថិភាព​ម្ហូបអាហារ​ល្អ ដូចជា​ពិសា​អាហារ​ដែល​ចម្អិន​ឆ្អិន​ល្អ​ជាដើម​»៕

វីដេអូ៖