ព្រះសីហនុៈ កាល​ពី​យប់​ថ្ងៃទី ​២២ ​ខែ​ មេសា គេ​បាន​ប្រទះ​ឃើញ​គំនរ​សំរាម​ដ៏​ធំ​មួយ​នៅ​តាម​ចិញ្ចើម​ផ្លូវ​កៅស៊ូ​ ១ ខ្សែក្នុង​ភូមិ ​២ សង្កាត់ ២ ក្រុង​ព្រះ​សីហនុ​ ខេត្ត​ព្រះ​សីហនុ​ ត្រូវបាន​ភ្លើង​ឆេះ ជា​ឧប្បតិ្ត​ហេតុ​ដែល​មន្ត្រី​អះ​អាង​ថា​ មាន​គេ​លួច​ដុត​ រីឯ​ក្រុម​ហ៊ុន​ប្រ​មូល​សំរាម​វិញ​បញ្ជាក់​ថា​ ការ​ឆេះ​នេះ​គឺ​មិន​មែន​បណ្ដា​លមក​ពី​ភាព​យឺតយ៉ាវ​ក្នុង​ការ​ចុះ​ប្រមូល​សំរាម​ឡើយ។

លោក សាមុត សុធា​រិ​ទ្ធ ប្រធាន​មន្ទីរបរិស្ថាន​ខេត្ត​ព្រះ​សីហនុ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិល​មិញ​ថា ការដុត​សំរាម​លើ​ចិញ្ចើម​ផ្លូវ​គឺជា​សកម្ម​ភាព​ខុស​ច្បាប់​ ហើយ​អាជ្ញា​ធរ​កំពុង​តាមរក​ជន​ប្រព្រឹត្ត​នោះ​ដើម្បី​យក​មក​អប់រំ​ និង​ផាក​ពិន័យ​ដោយ​លោក​បានចាត់ទុក​ការដុត​សំរាម​បែប​នេះ​ថា​ អាច​ធ្វើ​ឱ្យ​ខូច​ខាត​ផ្លូវ​ថ្នល់ និង​អាច​រាល​ដាល​អណ្ដាត​ភ្លើង​ឆេះ​ដល់​ផ្ទះ​ពលរដ្ឋ។

លោក​ថា៖​ «ប្រសិន​បើ​ក្រុមហ៊ុន​មាន​ការ​យឺត​យ៉ាវ យើង​ទាក់​ទង​មក​អាជ្ញា​ធរ​នៅតាម​មូល​ដ្ឋាន​មកប្រសិន​បើ​មាន​ការ​យឺត​យ៉ាវ​ដោយ​ប្រការ​ណា​មួយ​។ កាល​ណា​គាត់​ដុត​អ៊ីចឹង! វាមាន​បញ្ហា​ខូច​ទាំង​ផ្លូវ​ថ្នល់ និង​អាច​រាល​ដាល​ខ្យល់​បក់​មក​ចូល​ផ្ទះ​សំបែង​របស់​ប្រជា​ពលរដ្ឋ។ ឥឡូវ​យើង​កំពុង​សហ​ការ​ឱ្យ​អាជ្ញា​ធរ​ចុះទៅ​អប់រំ​ប្រជាពល​រដ្ឋ និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់»។

ចំណែក​លោក ហេង ប៉េង​ហាក់ តំ​ណាង​ក្រុម​ហ៊ុន​ប្រមូល​សំរាម​ KSWM ក្នុង​ក្រុង​ព្រះ​សីហនុ​បាន​លើក​ឡើង ដែរ​ថា​ ក្នុង​អំឡុង​បុណ្យ​ចូលឆ្នាំ​ខ្មែរ សកម្មភាព​ចុះ​ប្រមូល​សំរាម​​ក្នុង​ក្រុង​ព្រះសីហនុ​មិន​បាន​ផ្អាក​ឡើយ។

លោកថាមាន​បុគ្គលិក​ខ្លះ​បន្ត​យក​គ្រឿង​ចក្រ​ចុះ​ទៅ​ប្រមូល​សំរាម ប៉ុន្តែ​បានធ្វើ​តែ​តាម​ដង​ផ្លូ​វសំខាន់ៗ​មួយ​ចំនួន​ប៉ុណ្ណោះ ហើយ​លុះដល់​ថ្ងៃទី​ ១៧ ​ខែ ​មេសា​ ដែល​ជា​ថ្ងៃចូ​លធ្វើ​​ការ​ងារ​វិញ​គឺក្រុម​បុគ្គលិក​ និង​គ្រឿង​ចក្រ​សម្រាប់​ចូក​សំរាម​បាន​ចុះ​ទៅ​ប្រមូល​សំរាម​នៅ​តាម​ដង​ផ្លូវ​ទាំង​អស់​ដូច​សព្វ​ដង ​ទាំង​ទី​តាំង​ដែល​មាន​ការ​ដុត​នោះ​ផង​។ លោក​ ប៉េង​ ហាក់ បាន​អះ​អាង​ថា​ សំរាម​ដែល​គេ​ដុត​នោះ​មិន​មែន​ដោយសារ​ធុំ​ក្លិន​ស្អុយ​ឡើយ ​តែជា​សំរាម​ថ្មី​ដែល​គេ​ទើប​យក​មក​បោះ​ចោល​ហើយ​អាច​មាន​អ្នក​រពឹស​ដៃ​ទៅ​ដុត​វា។

លោក​ថា៖​ «គ្រឿង​ចក្រ​ខ្ញុំ​ ៣ ​គ្រឿង ​នៅ​ក្រុង​ព្រះសី​ហនុ គឺ​ដើរ​ចូក​ជា​ប្រចាំរហូត​មក​ដល់​ថ្ងៃនេះ ​ខ្ញុំ​ទិញ​ ២ គ្រឿង​មក​ទៀត​ សម្រាប់​ចូក​សំរាម​ជំនួស​កម្លាំង​ពលក​ម្ម Stand by ចាំ អ៊ីចឹង! ក្រោយ​ពី​ចូលឆ្នាំ​ ១ ថ្ងៃ ​២ ​ថ្ងៃ ​អាច​ស្ទះ​ មិន​មែន​មាន​ន័យ​ថា​ មិន​ស្ទះ​ទេ ប៉ុន្តែ​ក្រុម​ហ៊ុន​បាន​ព្យា​យាម​ដោះ​ស្រាយ​ទាន់​ពេល​ហើយ​ ព្រោះ​មក​ទល់​ថ្ងៃ​នេះ នៅ​ភ្នំពេញ​មាន​កន្លែង​ខ្លះ​មិន​ទាន់​ដោះស្រាយ​ចេញ​ផង»។

ការ​លើក​ឡើង​នេះ ​បន្ទាប់​ពី​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​បាន​ចុះ​ផ្សាយ​ថា​កាលពី​យប់​ថ្ងៃទី​ ២២ ​​ខែ មេសា​ ឆ្នាំ ២០១៩​ មាន​ករណី​ភ្លើង​ឆេះ​គំនរ​សំរាម​លើ​ចិញ្ចើម​ផ្លូវ​​ជិត​ពហុ​ព្យា​បាល សេ​តេ ឬ​នៅ​ក្បែរ​សា​លាប​ឋម​សិក្សា​ជា​ស៊ីម ​ក្នុង​ក្រុង​ព្រះសីហនុ។

សារព័​ត៌មាន​នេះ​បន្តថា «ភ្លើង​ដែល​ឆេះ​ខាង​លើ​នេះ​ទំនង​ជា​អាច​ឆេះ​ដល់​ខ្សែ​ភ្លើង​ ខូច​ផ្លូវ​ថ្នល់​កៅ​ស៊ូ ​ព្រោះ​គំនរសំរាម​ដែល​ឆេះ​នេះនៅ​លើ​ថ្នល់​កៅ​ស៊ូ​ ប្រសិន​បើ​អាជ្ញា​ធរ​មិន​មក​ពន្លត់​ឱ្យ​បាន​ទាន់»។

ជុំវិញ​បញ្ហា​នេះ ​លោក ​អុី សុខ​ឡេង ​អភិ​បាល​ក្រុង​ព្រះសី​ហនុ​បាន​ថ្លែងថា លោក​ពុំទាន់​ទទួល​ដំណឹង​អំពី​ករណី​ដុត​សំរាម​លើ​ដង​ផ្លូវ​នេះ​ទេ។

លោក​ថា៖​ «វា​មិន​មែន​ជា​ទូទៅ​ទេ ហើយ​រឿង​អ៊ីចឹងៗ មិន​មែន​ជា​រឿង​ថ្មី សម្រាប់​ប្រទេស​យើង​ទេ ប្រជា​ពលរដ្ឋ​យើង​ជា​ទូទៅ​នៅ​ជន​បទ​ខ្លះ​ ប្រមូល​ស្លឹក​ឈើ​ស្លឹក​អី​ដុត​ដូច​តែ​គ្នា​ហ្នឹង។ សរុប​ខ្លី​មកមិន​មានអី​អាក្រក់​ពេក​ពាក់ព័ន្ធ​នឹង​សំរាម ​យើង​បាន​ប្រមូល​រៀងរាល់ថ្ងៃ​ហ្នឹង ពេលខ្លះ​ពេល​ចូល​ឆ្នាំ​ឬ​ក្រោយ​ចូល​ឆ្នាំ ១-២ ថ្ងៃ​ហ្នឹង ខ្វះ​បុគ្គលិក​ទៅ​ អាច​ថា​សំរាម​ហ្នឹង​ប្រមូល​ពុំ​ទាន់ ប៉ុន្តែ​ក្រោយ​ពី​ចូលឆ្នាំ​រួច អ្វីៗទៅ​ជា​ប្រក្រតី​វិញ​ហើយ»។

លោក​ សុខ ​សុខុម​ ប្រធាន​អង្គ​ការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា​ប្រចាំ​ខេត្ត​ព្រះ​សីហនុ​ កាល​ពី​ម្សិល​មិញសុំ​មិន​បក​ស្រាយ​ជុំវិញ​បញ្ហា​សំរាម​នៅក្នុ​ង​ក្រុង​ព្រះសីហនុ​នេះ៕