ភ្នំពេញៈ ​មន្រ្ដី​ឧទ្យា​នុរក្ស​ខេត្ដ​កោះកុង​ ៣៤​ នាក់ បាន​ស្បថ​ចូល​កាន់​តំណែង​ជាឆ្មាំ​ការ​ពារ​ធម្ម​ជាតិ​ កាល​ពី​សប្ដាហ៍​មុន ខណៈ​ក្រសួង​បរិស្ថាន​មាន​មន្រ្ដី​ឧទ្យា​នុរក្ស​សរុប​ចំនួន ១ ២២០ ​នាក់​ កំពុង​បំពេញ​ការងារ​ក្នុង​តំបន់​ការងារ​ និង​អភិ​រក្ស​នានានៅ​ទូទាំង​ប្រទេស។

លោក ​នេត្រ​ ភក្ត្រា ​រដ្ឋ​លេខា​ធិការ ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​បាន​ថ្លែង​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ​ថា ក្រសួង​បរិស្ថាន​មាន​មន្ត្រី​ឧទ្យានុ​រក្ស​សរុប​ចំនួន​ ១ ២២០​ នាក់​ ដែល​បាន​និង​កំពុង​បំពេញ​ការងារ​ក្នុង​នាម​ជា​ឆ្មាំ​ធម្ម​ជាតិ​ នៅ​ក្នុង​តំបន់​ការពារ​ និង​អភិ​រក្ស​ទំហំ​ ៧,៥ លាន​ហិកតា ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រសួង​បរិស្ថាន។​

​លោក​បាន​ថ្លែង​ថា​៖ «មន្ត្រី​ឧទ្យា​នុរក្ស​ទាំង​អស់​ជា​មន្ត្រី​នគរ​បាល​យុត្តិ​ធម៌​ ដែល​មាន​តួនា​ទី​ក្នុង​ការ​អនុ​វត្ត​ច្បាប់​ក្រោម​ដែន​សមត្ថ​កិច្ច​របស់​ខ្លួន​អំឡុង​ពេល​ចុះ​ល្បាត​ នៅ​តាម​តំបន់​ការ​ពារ​ធម្ម​ជាតិ​អាច​ចាប់ខ្លួន​ជន​ល្មើស​ និង​អនុ​វត្ត​នីតិ​វិធី​ច្បាប់​ផ្សេងៗ»។​

លោក ​ភក្ត្រា ​បាន​ឲ្យ​ដឹង​ទៀត​ថា​ ដើម្បី​ក្លាយ​ខ្លួន​ជា​មន្ត្រីន​គរបាល​យុត្តិធ​ម៌​ មន្ត្រី​ឧទ្យា​នុរក្ស​ទាំង​អស់​ត្រូវ​ធ្វើ​ពិធី​សម្បថ​ នៅ​ចំពោះ​មុខ​តុលា​ការ​ជា​មុន​សិន ។​ ទន្ទឹម​នឹង​នេះ ​មន្ត្រី​ឧទ្យា​នុរក្ស​ក្រសួង​បរិស្ថាន​ក៏បាន​ឆ្លង​កាត់​នូវ​ការ​ហ្វឹក​ហាត់​អំពី​វិធី​សាស្ត្រ​ល្បាត​ និង​ការ​ប្រើប្រាស់​អាវុធ​ ដើម្បី​ការពារ​ធន​ធាន​ធម្ម​ជាតិ​ឱ្យ​មាន​ប្រសិទ្ធភាព​ផងដែរ។​

​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍សប្ដាហ៍​មុន​ មន្រ្ដី​ឧទ្យា​នុរក្ស​ ៣៤ ​នាក់ ​បាន​សច្ចា​នៅ​ចំពោះមុខ​ប្រធាន​​សាលាដំបូង ​ព្រះ​រាជ​អាជ្ញា ​និង​មេធា​វីនៃ​​សាល​សាលា​ដំបូង​ខេត្ត​កោះ​កុង​ ដើម្បី​ទទួល​សិទ្ធិ​​ក្លាយ​​ជាភ្នា​ក់ងារ​មន្ត្រី​យុត្តិ​ធម៌​ ការពារ​ធនធាន​ធម្ម​ជាតិ ​និង​បង្ក្រាប​បទ​ល្មើស​ធន​ធាន​ធម្មជាតិ​ដែល​កើត​មាន​ក្នុង​តំបន់​ដែន​ការពារ​បរិ​ស្ថាន​ខេត្ដ​កោះ​កុង​ ​ឱ្យ​មាន​ប្រសិទ្ធភាព​ល្អ​ប្រសើរ។

លោក ​ម៉ន​ ផល្លា ​ប្រធាន​មន្ទីរ​បរិ​ស្ថាន​ខេត្ត​កោះកុង ​បាន​ប្រាប់​ថា បើ​​រាប់​ទាំង​មន្រ្ដី​​ឧ​ទ្យា​នុ​រ​ក្ស​ទើប​ស្បថ​ចូល​កាន់​តំណែង​នេះ ​សរុប​មន្រ្ដី​ឧទ្យា​នុក្ស​ខេត្ដ​កោះ​កុង ​មាន​ចំនួន​​ ១១៣​ នាក់​ ដែល​កំពុង​ធ្វើ​ការងារ​ការពារ​ធន​ធាន​ធម្ម​ជាតិ​កាល​ពី​សប្ដា​ហ៍​មុ​ន​។​ ​ការ​ស្បថ​ចូល​កាន់​តួនាទី​ចុង​ក្រោយ​នេះ ​ដើម្បី​ឱ្យ​មន្រ្ដី​ឧទ្យា​នុរក្ស​អាច​មាន​​សិទ្ធិ​ជា​មន្ត្រី​នគរ​បាល​ផង​ និង​ជា​ភ្នាក់ងារ​យុត្តិធម៌​ ក្នុង​គោល​បំណង​ពង្រឹង​សមត្ថ​ភាព​បង្ក្រាប និង​ការពារ​អភិរក្ស​ធន​ធាន​ធម្ម​ជាតិ​ ក្នុង​តំបន់​ដែន​ការពារ​បរិស្ថាន​នីមួយៗ។

ទាក់​ទង​នឹង​ការ​អនុវត្ដ​នីតិ​វិធី​របស់​មន្រ្ដី​ឧទ្យា​នុរក្ស​ក្នុង​ខេត្ដ​កោះ​កុង​ លោក​ ផល្លា ​បាន​អះអាង​ថា មន្រ្ដី​ឧទ្យា​នុរក្ស​ក្នុង​ខេត្ដ​របស់​លោក​ មិន​ដែល​មាន​អ្នក​អនុវត្ដ​ល្មើស​ឬ​ខុស​ពីតួនាទី​​ខ្លួន​នោះ​ទេ។

លោ​ក​ ថេង ​សាវឿន​ ប្រធាន​សម្ព័ន្ធ​សហ​គមន៍​កសិ​ករ​កម្ពុជា​ (CCFC)​ ដែល​បាន​ធ្វើ​ការ​ងារ​លើ​​បញ្ហា​ដីធ្លី​ក្នុង​ខេត្ដ​កោះ​កុង​ដែរ​នោះ​ បាន​មើល​ឃើញ​ថា ​មន្រ្ដី​ឧទ្យា​នុរក្ស​បាន​អនុវត្ដ​តួនាទី​របស់​ខ្លួន​ភាគ​ច្រើន​បាន​​តែ​ចំពោះ​ប្រជា​ពល​រដ្ឋ​តូច​តាច​ ក៏​ប៉ុន្ដែ​ចំពោះ​ការ​ឃាត់​ក្រុម​ហ៊ុន​ ឬ​ក៏អ្នក​មាន ឬ​ឧក​ញ៉ា ​មន្រ្ដី​ឧទ្យា​នុក្ស​ មិន​អាច​ហាម​ឃាត់​ដោយ​​ប្រសិទ្ធភាព​ទេ។

​លោក​បាន​លើក​ឧទារណ៍​ថា​៖ «​ជាក់​ស្ដែង​ករណី​ការ​កាប់​បំផ្លាញព្រៃ​​ឈើ​ នៅ​ក្នុងតំបន់​ឧទ្យាន​ជាតិ​រាម​ក្នុង​ខេត្ដ​ព្រះ​សីហនុ​ យើង​ឃើញ​មាន​ក​ម្លាំង​បរិស្ថាន​ច្រើន ​ក៏​ប៉ុន្ដែ​ហេតុ​អី​ក៏តំបន់​នោះ​ ត្រូវ​រង​ការ​កាប់​បំផ្លាញ​ព្រៃយ៉ាង​ទូលំ​ទូលាយ ​ហើយ​ការ​កាប់​បំផ្លាញ​នោះ ក៏​មិន​មែន​ធ្វើ​ឡើង​ដោយ​ស្ងាត់ៗ​ទៅ​ទៀត​គឺ​ធ្វើ​ឡើង​ដោយ​គ្រឿងចក្រ និង​មនុស្ស​ជា​ច្រើន​ចូល​ទៅ​កាប់​ទន្រ្ទាន»។​

​លោក​ សាវឿន​ បាន​ស្នើ​ថា​ មន្រ្ដី​ឧទ្យានុរក្ស​ដែល​ធ្វើ​​ស្បថ​ចូល​កាន់​តួនាទី​នេះ ​ត្រូវ​បំពេញ​ការងារ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ ហើយ​ត្រូវ​តែ​ហ៊ាន​មាន​ចំណាត់​ការ និង​ហ៊ាន​អនុ​វត្ដ​ទៅ​លើ​ជន​ល្មើស​ទាំង​អស់​ ដោយ​ស្មើភាពគ្នា​ មិន​ខ្លាច​ញញើត​បុគ្គល​ដែល​មាន​ខ្នង​បង្អែក​ ឬ​មាន​អំណាច​នោះ​ទេ។​

លោ​ក មាន ព្រហ្ម​មុនី ​មន្រ្តី​សម្រប​សម្រួល​ផ្នែក​សិទ្ធិ​មនុស្ស​សមា​គមអាដ​ហុក (ADHOC)​ ប្រចាំ​ខេត្ត​កោះ​កុង​ មិន​អាច​សុំ​ការ​បក​ស្រាយ​ជុំវិញ​ករណី​នេះ​បាន​ទេ​កាល​ពីម្សិល​មិញ​ ដោយ​ទូរស័ព្ទ​ចូល​ តែ​មិន​មាន​អ្នក​ទទួល៕