ភ្នំពេញៈ អគ្គិភ័យ​ដែល​បាន​ឆាបឆេះ​ធ្វើឲ្យ​ខូចខាត​ទាំង​ស្រុង​អគារ​ចំនួន​ ២ ​កម្ពស់​ ៦ ​ជាន់ និង ៤ ​ជាន់​នៃ​សិប្បកម្ម​ផលិត​ពូក​ដ៏ធំ​មួយ​ស្ថិតនៅ​សង្កាត់​បឹងទំពុន​ទី​ ១ ខណ្ឌ​មានជ័យ​កាលពី​រសៀល​ថ្ងៃទី​ ២៣ ខែ​សីហា ដែល​ទំហំ​នៃ​ការខូចខាត​អាចមាន​ទឹកប្រាក់​ដល់​ជាង​ ៣ ​លាន​ដុល្លារ​គឺ​បណ្តាល​មកពី​ការទុស្សេ​ខ្សែភ្លើង​។ ​នេះ​បើតាម​ក្រុមមន្ត្រី​បាន​ថ្លែង​កាលពី​ម្សិលមិញ​។

លោក គន់ គីម ទេសរដ្ឋមន្ដ្រី និង​ជា​អនុប្រធាន​ទី ១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្ដរាយ​ដែល​បាន​ដឹកនាំ​បញ្ជា​ផ្ទាល់​ក្នុងការ​ពន្លត់​អគ្គិភ័យ និង​វាយកម្ទេច​សំណង់​អគារ​សិប្បកម្ម​ផលិត​ពូក​នេះ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា សមត្ថកិច្ច​បាន​គ្រប់គ្រង​អគ្គិភ័យ​បាន​ទាំងស្រុង និង​មិន​បណ្ដាល​ឲ្យ​មាន​ការឆាបឆេះ​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​រស់​នៅក្បែរ​នោះ​ឡើយ និង​កំពុង​បន្ដ​វាយកម្ទេច​អគារ​ដែល​រង​ការ​ខូចខាត​ទាំងស្រុង​ដោយ​អគ្គិភ័យ​ដើម្បី​បញ្ចៀស​ការបាក់​រលំ​។

លោក​ថ្លែងថា​៖ «​ថ្ងៃនេះ (​ថ្ងៃអាទិត្យ​) យើង​បញ្ចប់​ការវាយកម្ទេច​ និង​ប្រមូល​សំណង់​អគារ​ដែល​ភ្លើង​ឆេះ​រលំ​ (​អគារ​កម្ពស់ ៤ ជាន់ និង​រោង​ផលិត​) រួចហើយ​យើង​នឹង​ឲ្យ​វាយ​កម្ទេច​អគារ​កម្ពស់​ ៦ ​ជាន់​។ អគ្គិភ័យ​នេះ​មិន​បាន​បណ្ដាល​បង្ក​គ្រោះថ្នាក់ ឬ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​នេះ​ទេ​។ យើង​អាច​គ្រប់គ្រង​បាន​គ្រាន់តែ​សំណង់​អគារ​សិប្បកម្ម​នេះ​គឺ​ត្រូវ​ភ្លើង​ឆេះ​បណ្ដាល​ខូចខាត​ទាំងស្រុង​»​។

លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ក៏បាន​ថ្លែង​កាលពី​ម្សិលមិញ​ដែរ​ថា​អាជ្ញាធរ​មាន​ការសោកស្ដាយ​ដោយ​មិន​បាន​ជួយសង្គ្រោះ​មិន​ឲ្យ​មាន​ការខាតបង់​ពី​ការឆាបឆេះ​ទ្រព្យសម្បត្ដិ​ពលរដ្ឋ​រងគ្រោះ​ដោយ​អគ្គិភ័យ​នេះ​។ ប៉ុន្ដែ​លទ្ធផល​ល្អ​ដែល​មិន​បង្ក​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត និង​ផ្ទះ​ពលរដ្ឋ​ជិតខាង​នៅក្បែរ​កន្លែង​ដែល​ឆាបឆេះ​នេះ​។

សមត្ថកិច្ច​កំពុង​ខំប្រឹង​បាញ់​ទឹក​ពន្លត់​អគ្គិភ័យ​ដែល​ឆាបឆេះ​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

លោក​ថ្លែង​ថា​៖ «​លទ្ធផល​ផ្លូវការ​ចំពោះ​ផលប៉ះបាល់​យើង​មិនទាន់​ដឹង​ទេ​។ ប៉ុន្ដែ​ចំនួន​ផលប៉ះពាល់​ប្រហាក់ប្រហែល​ខ្ទង់​ជាង ៣ លាន​ដុល្លារ​នេះឯង​។ ប៉ុន្ដែ​លទ្ធផល​ដែល​យើង​ធ្វើបាន​គឺ​បង្ការ​មិន​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​ដទៃ និង​មិនឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ប្រជាពលរដ្ឋ​»​។

លោក ស៊ុយ សេរិទ្ធ អភិបាលរង​រាជធានី​ភ្នំពេញ​ដែល​កំពុង​ប្រតិបត្ដិការ​នៅ​កន្លែង​អគ្គិភ័យ​នេះ​កាលពី​ម្សិលមិញ​បាន​ថ្លែង​ថា រហូត​មក​ដល់​ថ្ងៃអាទិត្យ​ម្សិលមិញ​សមត្ថកិច្ច​កំពុង​បន្ដ​ប្រើ​គ្រឿងចក្រ​ធំៗ​ក្នុង​ការកាយ និង​វាយកម្ទេច​សំណង់​ដែល​​បាន​រលំ​ចេញ​ និង​បន្ដ​រំលំ​អគារ​កម្ពស់​ ៦ ​ជាន់​ចប់​រួចរាល់​ទើប​ផុត​ការបារម្ភ​។

លោក​ថ្លែងថា​៖ «​យើង​ប្រើ​គ្រឿងចក្រ​ធំ​ចំនួន​ ៤ ​ឲ្យ​បន្ត​ធ្វើ​ការងារ​បច្ចេកទេស ដើម្បី​ធ្វើ​យ៉ាងម៉េច​កាយ​អគារ​ដែល​បាន​ឆេះ​ឲ្យ​ស្រុត​ដល់​ដី​បាន​យើង​អស់​ការព្រួយបារម្ភ​។ ល្ងាច​នេះ (​ថ្ងៃអាទិត្យ​ម្សិលមិញ​) យើង​ប្រើ​គ្រឿងចក្រ​នេះ ដើម្បី​កាយ​សំណង់​នេះ​ចេញ​ឲ្យ​អស់ ដើម្បី​យក​ផ្លូវ​ចូល​ទៅ​វាយកម្ទេច​អគារ​កម្ពស់​ ៦ ​ជាន់​ដែល​បាន​ប្រេះស្រាំ​ខូចខាត​ដោយ​កាត់​ម្ដង​ ១ ​ជាន់ៗ​ក្នុង​ការបញ្ចៀស​ការប៉ះពាល់​ដល់ផ្ទះ​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​»​។

លោក​បន្ថែម​ថា​ក្នុង​ប្រតិបត្ដិការ​ពន្លត់​អគ្គិភ័យ​នេះ​កម្លាំង​ចម្រុះ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្ដរាយ​សរុប​ប្រមាណ​ជាង ២០០ ​នាក់​រួម​នឹង​រថយន្ដ​ពន្លត់​អគ្គិភ័យ​ចំនួន​ ៤៥ ​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ២៦១ ​ឡាន​។

លោក សេរិទ្ធ បាន​ថ្លែង​ថា​៖ «​យើង​រំពឹង​ថា​ក្រោយ​ការ​ពន្លត់​បាន​ជោគជ័យ​ការងារ​វាយកម្ទេច​សំណង់ និង​យក​កាកសំណល់​ដែល​ឆេះ​នេះ​ចេញ​រហូត​ដល់​ថ្ងៃ​ចន្ទ​ទើប​អាច​ចប់​រួចរាល់​»​។

គួរ​បញ្ជាក់​ថា​រហូត​មក​ដល់​ថ្ងៃទី​ ២៥ ខែ​សីហា ម្សិលមិញ​អាជ្ញាធរ​ និង​សមត្ថកិច្ច​បាន​និង​កំពុង​បន្ដ​ប្រតិបត្តិការ​ឈូសឆាយ​សម្អាត គំនរ​អគារ​រោងចក្រ​ដែល​រង​ការខូចខាត​ដោយសារ​ភ្លើង​ឆេះ ដើម្បី​ត្រៀម​កម្ទេច​អគារ​កម្ពស់ ៦ ​ជាន់​បន្ដទៀត​នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ ដែល​អគារ​នេះ​មាន​សភាព​ប្រេះស្រាំ​យ៉ាង​ដំណំ​អាចឈាន​ដល់​ការបាក់​រលំ​បើ​មិន​វាយ​កម្ទេចចោល​ទេនោះ​។

របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​បាន​ឲ្យ​ដឹងថា អគារ​ដែល​ត្រូវ​ភ្លើង​ឆេះ​នេះ​មាន​ម្ចាស់​ឈ្មោះ កាន់ ចន្ថា ភេទ​ប្រុស​អាយុ​ ៦៣ ឆ្នាំ​ហើយ​ការឆាបឆេះ​នេះ​គឺ​បណ្តាល​មកពី​ឆ្លង​ចរន្តអគ្គិសនី​។

ភ្នំពេញ​ប៉ុស្ដិ៍​មិន​អាច​សុំ​ការបកស្រាយ​បន្ថែម​ពី​ម្ចាស់​សិប្បកម្ម​ផលិត​ពូក​នេះ ឈ្មោះ កាន់ ចន្ថា បាន​ទេ​កាលពី​ម្សិលមិញ ខណៈ​ចុះ​ទៅ​ដល់​ទីតាំង​ជាក់ស្ដែង ដោយ​លោក​ប្រាប់​យ៉ាង​ខ្លី​ថា​គ្មាន​អ្វី​ត្រូវ​និយាយ​ទេ​៕

វីដេអូ៖