បាត់ដំបងៈ មន្ត្រីជំនាញអះអាងថា ករណីហូរច្រោះបាក់ស្រុតខ្នងទំនប់ប្រព័ន្ធប្រឡាយមេមួយកន្លែងនៅភូមិស្វាយជាតិ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបងកាលពីថ្ងៃទី ១៧ សីហា គឺបណ្តាលមកពីការលួចជីកចោះប្រព័ន្ធប្រឡាយបេតុងមេដោយខុសច្បាប់ ដើម្បីបង្ហូរទឹកដាក់ស្រែរបស់ប្រជាកសិករនៅតំបន់នោះ។
លោក ហួត ច័ន្ទតារារិទ្ធ ប្រធានការិយាល័យរដ្ឋបាលនៃមន្ទីរធនធានទឹក និង ឧតុនិយម ខេត្តបាត់ដំបង ប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ១៨ សីហាថា ប្រព័ន្ធប្រឡាយ មេមួយខ្សែនោះបានស្ថាបនាឡើងស្របតាមស្ដង់ដាបច្ចេកទេស ដោយចាក់បេតុងយ៉ាងរឹងមាំ។ ព្រោះវាជាប្រព័ន្ធប្រឡាយមេដែលតភ្ជាប់ពីប្រព័ន្ធធារាសាស្ត្រនៃទំនប់កង្ហតសម្រាប់នាំទឹកទៅស្រោចស្រពដីស្រែប្រជាកសិករនៅផ្នែកខ្លះនៃស្រុកមោងឫស្សី គាស់ក្រឡ សង្កែ និងស្រុកបាណន់។ ប៉ុន្តែកន្លងមកមានប្រជាកសិករមួយចំនួនបានលួចជីកចោះទម្លុះប្រព័ន្ធប្រឡាយមេនេះយ៉ាងអនាធិបតេយ្យក្រោមលេសថា ដើម្បីនាំទឹកទៅស្រោចស្រពដីស្រែរបស់ពួកគេ។
លោក ច័ន្ទតារារិទ្ធ បញ្ជាក់ថា៖ «ការជីកចោះទម្លុះប្រព័ន្ធប្រឡាយមេដោយខុសច្បាប់របស់ប្រជាកសិករទាំងនោះបានបង្កឲ្យមានការខូចខាតនូវរចនាសម្ព័ន្ធនៃប្រឡាយមេរបស់យើងដូចជាករណីហូរច្រោះបាក់ស្រុតខ្នងទំនប់នៃប្រព័ន្ធប្រឡាយមេនៅចំណុចភូមិសាស្ត្រខាងលើជាដើម»។
លោកបន្តថាសកម្មភាពលួចជីកចោះទម្លុះទំនប់ប្រឡាយមេនេះ ធ្វើឡើងនៅពេលយប់ខណៈក្រុមល្បាតរបស់មន្ត្រីធនធានទឹកឈប់សម្រាកពីការងារ។ ករណីនេះភាគច្រើនកើតមាននៅក្នុងស្រុកសង្កែ ស្រុកគាស់ក្រឡ និង ស្រុកមោងឫស្សី។
យោងតាមរបាយការណ៍របស់មន្ទីរធនធានទឹកខេត្តបាត់ដំបងដែលភ្នំពេញប៉ុស្តិ៍ទទួលបានអំពើល្មើសនៃការជីកចោះប្រព័ន្ធប្រឡាយមេ ដើម្បីបង្ហូរទឹកដាក់ស្រែរបស់ប្រជាកសិករទាំងនោះនៅតែបន្តកើតមានយ៉ាងអនាធិបតេយ្យ បើទោះជាមានការហាមឃាត់ពីមន្ត្រីជំនាញក្ដី។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ មន្ត្រីជំនាញបានរកឃើញមានករណីជីកចោះទំនប់ប្រឡាយមេចំនួន ១៣ កន្លែងរួមមាននៅឃុំអធិបតីចំនួន ៦ កន្លែងនៅឃុំរាំងកេសីចំនួន ៦ កន្លែង និងមួយកន្លែងទៀតនៅឃុំកំពង់ព្រៀងនៃស្រុកសង្កែ។
របាយការណ៍ដដែលឱ្យដឹងថាការជីកចោះទំនប់ប្រឡាយមេយ៉ាងអនាធិបតេយ្យនេះភាគច្រើនបង្កឡើងដោយពួកនាយទុនមានដីស្រែចាប់ពី ២០ ហិកតាដល់ ៨០ ហិកតា។ ការជីកចោះនោះគឺមានទំហំចាប់ពី ០,២ ម៉ែត្រដល់ ០,៨ ម៉ែត្រ ហើយកន្លែងបានចោះដល់បាតប្រឡាយបង្កឲ្យមានទឹកហូរច្រោះបាក់ស្រុតខ្នងទំនប់។
របាយការណ៍នោះបានបញ្ជាក់ថា៖ «នៅសងខាងប្រឡាយសុទ្ធតែមានប្រឡាយរងសម្រាប់បង្វែរទឹកសម្រាប់ឲ្យប្រើទៅតាមបច្ចេកទេស តែអ្នកដែលមានដីស្រែធំៗមិនចង់ប្រើម៉ាស៊ីនបូមបន្តទេ។ ពួកគេបានចោះប្រឡាយដល់បាតបង្ហូរទឹកដាក់ស្រែតែម្តង។ ការជីកចោះនេះទៀតខាងមន្ទីរជំនាញយើងក៏បានជូនដំណឹងដល់ប្រជាជនឲ្យស្នើមកខាងមន្ទីរដើម្បីជួយធ្វើតាមលក្ខណៈបច្ចេកទេស តែពួកគេមិនបានអនុវត្តតាមសេចក្ដីណែនាំរបស់យើងនោះទេ។ បញ្ហានេះបើមិនមានវិធានការផ្លូវច្បាប់ទេគឺមិនអាចទប់ស្កាត់បានឡើយ»។
យ៉ាងណាក៏ដោយបញ្ហានេះត្រូវបានដោះស្រាយរួចរាល់ហើយកាលពីថ្ងៃទី ១៤ ខែសីហាកន្លងទៅនេះដោយសហគមន៍ប្រជាកសិករក្នុងតំបន់ដែលមានបញ្ហាប្រឈមខាងលើនេះបានយល់ព្រមបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះ។ ប៉ុន្តែពួកគេក៏បានសុំឲ្យមានការជួយអន្តរាគមន៍កសាងនូវប្រព័ន្ធទំនប់បង្ហៀរទឹកមួយសម្រាប់ពួកគេដែលមានដីស្រែនៅឆ្ងាយពីប្រព័ន្ធប្រឡាយមេនេះ។
លោក ពេញ ភឿត ប្រធានសហគមន៍ទួលម្ទេសបានប្រាប់ភ្នំពេញប៉ុស្តិ៍ថ្ងៃទី ១៨ សីហា ថាកន្លងមកសហគមន៍របស់លោកពិតជាបានជីកចោះទំនប់ប្រឡាយមេដាក់លូ ដើម្បីសម្រួលដល់ការបញ្ជូនទឹកទៅកាន់ប្រព័ន្ធប្រឡាយមេរបស់សហគមន៍។
លោកថា៖ «ខណៈនៅតំបន់មួយចំនួនកំពុងប្រឈមការលង់លិចដោយគ្រោះជំនន់ទឹកភ្លៀង ដីស្រែរបស់ប្រជាសហគមន៍យើងប្រមាណជាង ៨០០០ ហិកតានៅទូទាំងឃុំរាំងកេសីបានប្រឈមនឹងគ្រោះរាំងស្ងួត។ ដូច្នេះហើយទើបសហគមន៍យើងតាមរយៈអាជ្ញាធរមូលដ្ឋានចាំបាច់ត្រូវជីកចោះទំនប់ប្រឡាយមេនោះ ដើម្បីបញ្ជូនទឹកមកជួយសង្គ្រោះ»។
លោក ភឿត និយាយទៀតថានៅពេលនេះអាជ្ញាធរបានចាប់ផ្ដើមរឹតបន្តឹងចំពោះការជីកចោះប្រឡាយមេទឹកនោះដោយព្រមានចាត់វិធានការតាមផ្លូវច្បាប់ ប្រសិនបើមានករណីជីកចោះនោះជាថ្មីទៀត។ ជាមួយគ្នានេះ រូង ឬកន្លែងដែលមានការចោះដាក់លូរួចនោះ ក៏ត្រូវបានក្រុមមន្ត្រីជំនាញចុះចាក់ស៊ីម៉ងត៍លុបវិញជាបណ្ដើរបានមួយចំនួនធំផងដែរ។
លោកបន្តថា៖ «ប្រជាកសិករក្នុងសហគមន៍យើងក៏មានក្ដីបារម្ភផងដែរ ប្រសិនបើប្រព័ន្ធលូដែលយើងបានជីកចោះសម្រាប់នាំទឹកពីប្រព័ន្ធប្រឡាយមេរបស់រដ្ឋនោះត្រូវបានចាក់លុប ព្រោះយើងមិនមានលទ្ធភាពក្នុងការទិញម៉ាស៊ីនបូមទឹកខ្នាតធំ ដើម្បីបូមទឹកពីប្រព័ន្ធប្រឡាយមេនោះមកបញ្ចូលក្នុងប្រឡាយសហគមន៍យើងទេ»។
ករណីទឹកហូរច្រោះបាក់ស្រុតខ្នងទំនប់នោះលោក ភឿត និយាយថាប្រជាសហគមន៍របស់លោកបានសហការជាមួយអាជ្ញាធរឃុំ ដឹកក្រួស ខ្សាច់ និងស៊ីម៉ងត៍ព្រមទាំងដីទៅចាក់បំពេញ ដើម្បីជួសជុលឡើងវិញហើយនៅរសៀលថ្ងៃអាទិត្យ។
លោកបានបន្តថាកន្លែងមានការហូរច្រោះបាក់ស្រុតមួយផ្នែកនៃខ្នងទំនប់ប្រឡាយមេនោះមានប្រវែងជាង ៣ ម៉ែត្រ និងទទឹងប្រមាណជាង ១ ម៉ែត្រ។ ប៉ុន្តែមិនបណ្ដាលឲ្យបាក់ធ្លាយទំនប់ទេ។ ជាមួយគ្នានេះលោកក៏បានបដិសេធថា ទីតាំងនោះមិនស្ថិតនៅចំណុចដែលសហគមន៍របស់លោកបានជីកចោះដាក់ប្រព័ន្ធលូនោះទេ។
យ៉ាងណាក៏ដោយលោក ច័ន្ធតារារិទ្ធ បាននិយាយថា តាមលក្ខណៈបច្ចេកទេសប្រឡាយបេតុងមេនោះមិនអាចទឹកហូរច្រោះបណ្ដាលឲ្យបាក់ស្រុតដោយខ្លួនឯងងាយៗទេ ប្រសិនបើចំណុចនោះគ្មានការលួចជីកចោះទម្លុះទេនោះ។ ប៉ុន្តែលោកស្វាគមន៍ចំពោះការចូលរួមរបស់សហគមន៍ក្នុងការការពារ និងជួសជុលទំនប់ប្រឡាយមេនេះ៕