ភ្នំពេញៈ កុមារកម្ពុជាប្រមាណ ៣ ម៉ឺននាក់ ត្រូវបានដកហូតពីទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ នៅក្នុងប្រទេសក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ខណ:កុមារប្រមាណ ១៨ ម៉ឺននាក់ទៀត ត្រូវបានទប់ស្កាត់ពីការប្រើប្រាស់ពលកម្មកុមារដើម្បីផ្តល់ឱកាសឱ្យពួកគេទទួលបានការអប់រំ បំណិនជីវិតនិងបណ្តុះបណ្តាលជំនាញ។ នេះបើយោងតាម ការអះអាងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងការងារ។
មន្ត្រីរូបនេះក៏បានឲ្យដឹងទៀតថា នៅក្នុងឆ្នាំ ២០១៩ នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានកញ្ចប់ថវិកាក្នុងការជួយស្តារកុមាររងគ្រោះដោយផ្ទាល់យ៉ាងហោចណាស់ ៤០០ នាក់ ក្នុង ១ ឆ្នាំ ដើម្បីឈានទៅសម្រេចជោគជ័យបញ្ចប់ពលកម្មលើកុមារនៅឆ្នាំ ២០២៥។
ការអះអាងនេះ បានធ្វើឡើងនៅក្នុងទិវាកុមារអន្តរជាតិ ១ មិថុនា ឆ្នាំ ២០១៩ និងទិវាពិភពលោកប្រឆាំងពលកម្មកុមារថ្ងៃទី ១២ មិថុនា ដែលបានធ្វើឡើងនៅទីស្តីការក្រសួងការងារ កាលពីម្សិលមិញ ក្រោមប្រធានបទ «កុមារត្រូវសម្រេចសុបិនរបស់ខ្លួនដោយមិនត្រូវធ្វើជាពលកម្មកុមារនៅកន្លែងការងារណាមួយឡើយ»។
ពិធីនេះមានអ្នកចូលរួមដែលជាកុមារ អាណាព្យាបាលកុមារ និងអ្នកពាក់ព័ន្ធផ្សេងទៀតប្រមាណ ៤០០ នាក់។
លោក វ៉ែង ហៀង អគ្គលេខាធិការ និងជាប្រធាននាយកដ្ឋានការងារកុមារ នៃក្រសួងការងារ បានថ្លែងក្នុងឱកាសនោះថា ចាប់ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៨ ដែលមានរយៈពេល ៥ ឆ្នាំ កុមារចំនួន ៣ ម៉ឺននាក់ ត្រូវបានដកហូត និងទប់ស្កាត់ពីទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ ស្របពេលដែលកុមារចំនួន ១៨ ម៉ឺននាក់ ត្រូវបានទប់ស្កាត់ជាមុនពីការប្រើប្រាស់ពលកម្មកុមារ។
លោកបន្តថា ការទប់ស្កាត់បញ្ហានេះ គឺបានផ្តោតលើគោលការណ៍ចំនួន ២ គឺ ទី១ ការផ្លាស់ប្តូរអត្តចរិត និងឥរិយាបថរបស់អាណាព្យាបាល នៅក្នុងសហគមន៍ ក្នុងការប្រើប្រាស់ពលកម្មលើកុមារ និងទី២ ការផ្តល់ឱកាសសេដ្ឋកិច្ចទៅដល់គ្រួសារ ដើម្បីរំដោះភាពក្រីក្រ និងបង្កើនឱកាសការងារសម្រាប់ពលរដ្ឋ។
ក្រៅពីវិធានការទាំង ២ នេះ លោក វ៉ែង ហៀង ក៏បញ្ជាក់ដែរថា វិធានការដែលមានសារៈសំខាន់ ក្នុងការ ទប់ស្កាត់ពលកម្មលើកុមារមួយផ្សេងទៀត គឺការធ្វើអធិការកិច្ចរបស់មន្ត្រី និងអាជ្ញាធរមូលដ្ឋានជាប្រចាំ ដែលវាជាកត្តាចាំបាច់ ដើម្បីបញ្ឈប់ឲ្យបាននូវការប្រើពលកម្មលើកុមារនៅកម្ពុជា ខណៈយុទ្ធសាស្ត្រនេះបានធ្វើឲ្យពលកម្មកុមារនៅតាមរោងចក្រសហគ្រាស បច្ចុប្បន្នស្ទើរតែលែងមាន ព្រោះនិយោជកទាំងនោះមានការយល់ដឹង ហើយពួកគេឈប់ប្រើប្រាស់ពលកម្មលើកុមារ។
លោកបញ្ជាក់ថា៖ «ជាផែនការទិសដៅសម្រាប់ឆ្នាំនេះដែរ ជារៀងរាល់ឆ្នាំ យើងរំដោះក្មេងដែលគេហៅថា ក្មេងទទួលផលផ្ទាល់ពីគម្រោងតាមរយៈថវិកាក្រសួងសេដ្ឋកិច្ចរបស់រដ្ឋាភិបាលយើងគឺចំនួន ៤០០ នាក់»។
លោកបន្តថា៖ «ទន្ទឹមនឹងនោះ យើងមានការទប់ស្កាត់ប្រហែលជាង ២៦ ០០០ នាក់ទៀត សរុបជារួមទាំងទប់ស្កាត់ និងដកហូតដោយផ្ទាល់ មានក្នុងរង្វល់ ៣ ម៉ឺននាក់។ មិនថាគ្រួសារពលកម្មកុមារ ឬកុមារជាទូទៅ គឺយើងតែងជំរុញឲ្យគាត់ទទួលបានមូលដ្ឋាននៃការអប់រំយ៉ាងតិច ៩ ឆ្នាំ និងទទួលបានការបណ្តុះបណ្តាលជំនាញ ព្រោះបើយើងដោះស្រាយបញ្ហាទាំងអស់នេះបាន គឺអត្រានៃការធ្វើជំនួញលើពលកម្មកុមារបានថយចុះ»។
បើតាមលោក វ៉ែង ហៀង បានបញ្ជាក់ថា៖ «កុមារដែលទទួលរងពលកម្មទម្រង់ធ្ងន់ធ្ងរ គឺសំដៅលើការងារដែលកុមារធ្វើការនោះ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសុខភាព ចិត្តគំនិត ស្មារតី និងការអភិវឌ្ឍរបស់កុមារ។ ឧទាហរណ៍យ៉ាងសាមញ្ញ កុមារធ្វើការនៅឡឥដ្ឋ គាត់អាចគ្រោះថ្នាក់ដល់សុខភាព បើអាចពិការ ហើយកុមារដែលលីសែង ប្រឈមនឹងការក្រិន ក្រិស ហើយកុមារខ្លះទៀត អាចទទួលជំងឺរ៉ាំរ៉ៃរយៈពេលវែង ដូចជាកុមារនៅធ្វើការនៅស្រែអំបិល ភាគច្រើននៃពួកគេ គឺរកឃើញថា មានជំងឺមហារីកស្បែក ដែលបន្តកើតមានដល់កុមារក្នុងរយៈពេលវែង ដែលវាជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើឱកាសជីវិតរបស់ពលរដ្ឋ»។
លោក ស្រី ស៊ើង សរសុចិត្តា រដ្ឋលេខាធិការក្រសួងការងារ បានថ្លែងថា ក្រសួងនឹងពង្រឹងបន្ថែមទៀត ចំពោះក្រុមអធិការកិច្ចទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីបន្តចុះទៅដល់មូលដ្ឋាន ធ្វើការណែនាំដល់គ្រប់អាណាព្យាបាល ជាពិសេសចំពោះសិប្បកម្ម សហគ្រាសនានា ស្របពេលដែលលោកស្រី អះអាងថា បច្ចុប្បន្ន វិស័យមួយចំនួន ដូចជា វិស័យសំណង់ វិស័យឡឥដ្ឋ វិស័យនេសាទ និងវិស័យកសិកម្ម ដែលនៅតែបន្តប្រើប្រាស់ពលកម្មលើកុមារ។
លោកស្រីបញ្ជាក់ថា៖ «ត្រូវបន្តសម្របសម្រួលអនុវត្តអនុសញ្ញាអន្តរជាតិ និងគោលនយោបាយជាតិពាក់ព័ន្ធ ដើម្បីជំរុញអនុវត្តផែនការសកម្មភាពជាតិ ស្តីពីការកាត់បន្ថយពលកម្មកុមារ និងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារឆ្នាំ ២០១៦-២០២៥»។
លោកស្រីបន្ថែមថា ក្រៅពីនេះ គឺត្រូវទប់ស្កាត់គ្រោះថ្នាក់ការងារ និងភាពងាយរងគ្រោះផ្នែកសុខភាព សម្រាប់កម្មករនិយោជិតវ័យក្មេង ដើម្បីលុបបំបាត់ពលកម្មកុមារ ជាពិសេសពង្រីកវិសាលភាពការងារ វិស័យសេដ្ឋកិច្ច មិនរៀបរយ ដូចជាកម្មករការងារតាមផ្ទះ សិប្បកម្ម និងសេវាកម្មដទៃទៀត។
លោក ទុន សុភ័ណ អ្នកសម្របសម្រួលជាតិនៃអង្គការ ILO ប្រចាំប្រទេស កម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា តាមរយៈការបង្ហាញរបាយការណ៍នេះ គឺបញ្ជាក់បានថា ពលកម្មកុមារនៅកម្ពុជា គឺពិតជាមានការថយចុះច្រើន ដែលលោកយល់ថា កម្ពុជាអាចនឹងសម្រេចបានតាមផែនការរបស់ខ្លួន ក្នុងការលុបបំបាត់ការប្រើប្រាស់ពលកម្មកុមារ។
ប៉ុន្តែយ៉ាងណាក្តី លោកលើកទឹកចិត្តឲ្យរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងការងារ បន្តការយកចិត្តទុកដាក់បន្ថែមទៀតលើបញ្ហានេះ ជាពិសេសពលកម្មកុមារក្នុងទម្រង់ធ្ងន់ធ្ងរបំផុត ព្រោះវានៅតែជាបញ្ហាប្រឈមរបស់កម្ពុជានៅឡើយ។
លោកបញ្ជាក់ថា៖ «យើងមានបញ្ហាប្រឈមទាក់ទងនឹងទម្រង់ធ្ងន់ធ្ងរលើពលកម្មកុមារហ្នឹង ដែលថយចុះដែរ ប៉ុន្តែថយចុះតិច ដោយទាក់ទងនឹងបញ្ហាឡឥដ្ឋ វិស័យកសិកម្ម មានដូចជាស្ករអំពៅជាដើម និងនេសាទអីអ៊ីចឹង។ ដែលមានកុមារនៅធ្វើការក្នុងទម្រង់ធ្ងន់ធ្ងរហ្នឹង ដែលការងារបន្តទៀត ត្រូវការការយកចិត្តទុកដាក់»។
យោងតាមទិន្នន័យនៃការអង្កេតសេដ្ឋកិច្ចសង្គមកម្ពុជាឆ្នាំ ២០១៧ បានបង្ហាញថា ចំនួនកុមារចូលរួមសកម្មភាពសេដ្ឋកិច្ចមានការថយចុះពី ១,៥ លាននាក់ នៅឆ្នាំ ២០០០ មកនៅត្រឹម ៧៥ ម៉ឺននាក់ នៅក្នុងឆ្នាំ ២០១៣ ហើយវាបានថយចុះបន្ថែមទៀត នៅក្នុងឆ្នាំ ២០១៧ គឺនៅត្រឹម ៤៣ ម៉ឺននាក់។
ជាមួយនឹងការថយចុះនេះ យោងតាមទិន្នន័យវិទ្យាស្ថានស្ថិតិ គឺមានកុមារចំនួន ៣៣ ម៉ឺននាក់ ត្រូវបានដកហូត និងទប់ស្កាត់ពីគ្រប់ទម្រង់នៃពលកម្មកុមារ ពីក្រុមគ្រួសារប្រមាណ ២ ០០០ គ្រួសារ ហើយពួកគេ ក៏បានផ្លាស់ប្តូរឥរិយាបថ ស្តីពីការប្រើប្រាស់ពលកម្មកុមារ គិតចាប់ពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០១៣៕