ភ្នំពេញៈ ក្រសួង​សុខាភិបាល ​កំពុង​យកចិត្ត​ទុក​ដាក់​ខ្លាំង​ក្នុង​ការធ្វើ​យុទ្ធ​​​​​​​នា​ការ​​កម្ចាត់​ជម្រក​​មូស​ខ្លា និង​អប់រំ​ប្រជាពលរដ្ឋ​ឱ្យ​បន្ត​ប្រុង​ប្រ​យ័​ត្នអំពី​បញ្ហា​សុខភាព​ នៅតាម​បណ្ដា​ខេត្ត​ចំនួន ៩ ជា​ខេត្ត​​ដែល​ជំងឺគ្រុន​ឈា​ម​មិន​​ទាន់​ថយ​ចុះ​នៅ​ឡើយ​ ខណៈ​ចាប់​ពី​ខែ​មករា​រហូត​មក​ដល់​សប្តាហ៍​ទី​ ២ ​នៃ​ខែ​កក្កដា​នេះមាន​អ្នក​កើត​ជំងឺ​គ្រុន​ឈា​ម ២១ ១៣០ នាក់ ​និង​ស្លាប់ ២៥ នាក់។

លោក​ស្រី ឱ វណ្ឌ​ឌី​ន អ្នក​​នាំពាក្យ​ក្រសួងសុខាភិបាលបាន​ប្រាប់​ភ្នំពេ​ញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា ស្ថានភាព​ជំងឺ​គ្រុន​​ឈាម​នៅ​តាម​បណ្ដា​ខេត្ត​ទាំង ៩ រួម​មាន​ខេត្ត​ ព្រៃ​វែង សៀមរាប ព្រះវិហា​រ កំពង់ស្ពឺ កណ្ដាល កែប កំពត ក្រចេះ និង​ខេត្ត​មណ្ឌល​គិ​រី គឺ​នៅតែ​បន្ត​ឡើង​ចុះ​នៅឡើយ និង​ទាមទារ​ពេលវេលា​បន្ថែមទៀត ដើម្បីឱ្យ​ក្រសួង​សុខា​ភិបា​ល​​ចាត់វិធានការផ្សេងៗ រួមមាន​ការធ្វើ​យុទ្ធនា​ការចុះ​ផ្ទាល់​ដាក់​ថ្នាំ​អា​បែ​ត​សម្លាប់​ដង្កូវទឹក និង​ការអប់រំ​ឱ្យ​ពលរដ្ឋ​ឲ្យ​ចូលរួម​សកម្ម​បំផុត ​ក្នុងការ​កម្ទេច​រាល់​ជម្រក​របស់​សត្វ​មូសខ្លា។

លោកស្រី​ថា៖ «យើង​អត់​មានបាន​គណនា​ទេគ្រាន់តែ​យើង​មើល​ទៅតា​ម​​តួលេខ​ និង​ក្រាហ្វិក គឺ​ខេត្ត​ខ្លះ​ ក៏​ថយ​ចុះ​​ច្រើន និង​ខេត្ត​ខ្លះ ​ក៏​ថយចុះ​តាម​ដំណើរៗអ៊ីចឹង​ណា៎។ យើង​អត់​ទាន់​បាន​វាយតម្លៃថា ​ប៉ុន្មាន​ភាគរយ​នៅ​ឡើយ​ទេ ព្រោះ​យើង​កំពុង​ស្ថិត​នៅ​ក្នុង​ការ​​តាម​ដាន​នៅ​ឡើយ»។

លោកស្រី​បន្តថា៖ «ទី១ ពលរដ្ឋ​ត្រូវ​ចូលរួម​ទាំងអស់គ្នា​ដើម្បី​កម្ចាត់​មូស​ខ្លា អាហ្នឹង​ទើប​យើង​អាច​ទប់ស្កាត់​បាន ហើយ​​ទី២ សូមឱ្យ​ប្រុងប្រយ័ត្ន ប្រសិន​បើ​មានកូន​ក្ដៅខ្លួន​អីហ្នឹង ត្រូវ​ប្រញាប់​ប្រញាល់​ស្វែងរក​​សេវា​ព្យាបាល​សាធា​​​រណៈ​របស់​យើងដូចជា​មណ្ឌល​សុខភាព​ ឬ​មន្ទីរពេទ្យ​រដ្ឋ​ដែលមាន​ចំណេះ​ជំនាញ​ព្យាបាល​ជំងឺគ្រុនឈាម​ត្រឹម​​ត្រូវ ហើយ​មិនត្រូវ​ទៅ​ព្យាបាល​ជាមួយ​ពេទ្យ​ឯកជន​ណា​ ដែល​គ្មាន​ឯកទេស​ត្រឹមត្រូវ​ឡើយ»។

លោក​ស្រី​​បន្ថែមថា វដ្ដ​ផ្ទុះឡើង​ខ្លាំង​ជំងឺ​គ្រុនឈាម​ក្នុង​ឆ្នាំ ២០១៩ នេះ គឺ​កើតមាន​ទាំង​ទៅលើ​មនុស្ស​ចាស់​ និង​មនុស្ស​ក្មេង ខុសប្លែក​ពី​វ​ដ្ត​នៃ​ការផ្ទុះ​ខ្លាំង​ដូចគ្នា​ កាលពី​ឆ្នាំ ២០០៧ និង​ឆ្នាំ ២០១២ ដែល​មានតែ​កុមារ​ប៉ុណ្ណោះ ត្រូវ​ឈឺ​ដោយសារ​ជំងឺ​គ្រុនឈាម។

លោកស្រី វណ្ឌ​ឌី​ន បន្តថា មក​ដល់​ពេលនេះ ​ក្រសួង​សុខា​ភិបាល ក៏ពុំទា​ន់​អាច​វាយតម្លៃថា ​មនុស្ស​ចាស់​ប៉ុន្មាន​ភាគរយ និង​មនុស្ស​ក្មេង​ប៉ុន្មាន​ភាគរយ​ ដែ​​ល​​កើត​ជំងឺ​គ្រុនឈាម​ឡើយ។

ក្រសួង​សុខា​ភិបាល​បាន​រកឃើញ​ថា ចាប់ពី​ខែមករា ​មកដល់​សប្ដាហ៍​ទី២ ក្នុង​ខែ​​​​ កក្កដា​ ឆ្នាំ ២០១៩ នេះ មាន​អ្នក​​កើត ​ជំងឺគ្រុនឈាម​ចំនួន ២១ ១​៣​០ នាក់ និង​អ្នក​ស្លាប់​មាន​ចំនួន ២៥ នាក់ ដែល​អ្នក​ស្លាប់​ទាំង​នេះ​សុទ្ធតែ​ជា​កុមារ។

លោក លី សូ​វ៉ាន់ ប្រធាន​នាយក​​​​​​ដ្ឋា​​​​ន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង ​​ថ្លែង​​ក្នុងសិក្ខា​សា​​​​​​​លា​ស្ដីពី​ការចូល​រួម​ទប់ស្កាត់​ជំងឺ​គ្រុន​ឈាម​​កាល​ពី​ម្សិលមិញ​ដែរ​ថា អ្នក​កើត​គ្រុន​​ក្ដៅ​ជាពិសេស​កុមារ ដែលមាន​កម្ដៅ​កើនឡើង​លើសពី ៣៨,៥ ហើយ​ប្រើ​ឱសថ​មិនអាច​បញ្ចុះ​កម្ដៅ​បានទេ​ ក្នុង​រយៈពេល ២ ថ្ងៃ​ឡើង គឺ​ត្រូវតែទៅ​ពិគ្រោះ​ជំងឺ​ជាមួយ​គ្រូពេទ្យ​ស្វែងរក​ជំងឺគ្រុន​ឈាមដើម្បី​កុំឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត។

លោក​ថ្លែង​ថា៖ «យើង​ឃើញ​ហើយ​ថា​ រដ្ឋាភិបាល​បាន​ពង្រីក​ការ​ផ្ដល់​សេវា​ព្យាបាល​ហ្នឹង​សឹងតែ​ថា​ ជិត​​ដល់​មាត់ទ្វារ​ផ្ទះ​របស់​បងប្អូន​ហើយ ទាំង​មណ្ឌល​សុខភាព ​និង​ប៉ុស្ដិ៍​​​សុខភាព ហើយ​ចំពោះ​ការ​ធ្វើដំណើរ​ក៏​មិន​ពិបាក​ដូច​លើក​មុន​ដែរ។ ខ្ញុំ​សូម​លើកទឹកចិត្ត​ប្រជាពលរដ្ឋ ​មេត្តា​កុំ​ផ្សំ​ថ្នាំ​ខ្លួនឯងហើយ​ត្រូវ​ទៅ​ពិគ្រោះ​ជំងឺ​ជាមួយ​គ្រូពេទ្យ​តាម​មណ្ឌល​សុខភាព​ និង​ប៉ុស្ដិ៍​សុខភាព»។

លោក លី សូ​វ៉ាន់ បន្តថា ក្រសួង​សុខាភិបាល​បាន​ចាត់​ក្រុម​ពិសេស​មួយ​ដែលជា​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរពេទ្យ​ថ្នាក់ជាតិ​ដើម្បី​ចុះទៅ​បណ្ដុះបណ្ដាល​បន្ថែម​អំពី​ការ​ព្យា​បា​ល​​ជំងឺ​គ្រុន​​ឈាម​ទៅដល់​មន្ត្រី​ពេទ្យ​នៅ​ទូទាំង​រាជធានីខេត្ត ហើយ​មាន​មន្ត្រី​ជាង ១ ពាន់​នាក់​ហើយ ​ដែល​ទទួល​បា​ន​​បណ្ដុះបណ្ដាល​នេះ ដែល​លោក​យល់​ថា ចំនួន​នេះ ​គឺ​គ្រប់គ្រាន់​ដើម្បី​ជួយ​សង្គ្រោះ​ប្រជា​ពលរដ្ឋ។ លោក​បញ្ជាក់​ដែរ​ថា ស្ថានភាព​ជំងឺ​គ្រុនឈាម ​នៅ​ពេល​នេះ អ្នក​ឈឺ​នឹង​អាច​បន្ត​កើន​ឡើង​​បន្ថែម​ទៀត៕