ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​លោក​ ទៀ បាញ់ បាន​ថ្លែង​ថា ​វិមាន​ឈ្នះ-ឈ្នះ​ដែល​បង្ហាញ​ពី​ស្នាដៃ​នៃ​ការតស៊ូ​ និង កសាង​ជាតិ​របស់​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នឹង​បើក​សម្ពោធ​ទ្រង់ទ្រាយ​ធំ​រយៈពេល​ ៣ ថ្ងៃ​នា​ចុង​ខែ​ធ្នូ ឆ្នាំ​នេះ​ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី ២០ នៃ​ការបញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​ដែល​នឹង​មាន​អ្នក​ចូលរួម​ប្រមាណ ជាង ៣០ ០០០ នាក់​។

ការ​ថ្លែង​របស់​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​វិមាន​ឈ្នះ-ឈ្នះ​ស្ថិត​នៅ​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​ដែល​មាន​មន្ត្រី​ក្រសួង​ការពារ​ជាតិ មន្ត្រី​នគរបាលជាតិ ស្ថាប័ន​ពាក់ព័ន្ធ​អាជ្ញាធរ​មូលដ្ឋាន និង​អ្នក​សារព័ត៌មាន​ចូលរួម​។

លោក ទៀ បាញ់ បាន​ថ្លែ​ថា​វិមាន​ឈ្នះ-ឈ្នះ​ជា​កន្លែង​ប្រមូល​នូវ​ប្រវត្តិសាស្ត្រ​កម្ពុជា​ពិត​ដែល​ប្រទេស​កម្ពុជា​បាន​ឆ្លងកាត់​នាពេល​កន្លង​មក និង​ជា​និម្មិត​រូប​នៃ​សុខសន្តិភាព​កម្ពុជា​ដែល​កើត​ចេញ​ពី​នយោបាយ ឈ្នះ-ឈ្នះ​ក្រោម​ការតស៊ូ និង​ដឹកនាំ​របស់​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ហើយ​ថា​វិមាន ឈ្នះ-ឈ្នះ នឹង​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​ ២៩ ខែ​ធ្នូ ឆ្នាំ​ ២០១៨ រហូត​ដល់​ថ្ងៃទី​ ៣១ ដើម្បី​ប្រារព្ធ​ពិធី​ខួប​ ២០ ​ឆ្នាំ​នៃ​គោលនយោបាយ ឈ្នះ-ឈ្នះ (​ឆ្នាំ​ ១៩៩៨ ​ឆ្នាំ​ ២០១៨)​។

លោក ទៀ បាញ់ បញ្ជាក់​ថា​៖ «​យើង​ត្រូវ​ទទួល​ស្គាល់​សច្ចភាព និង​ការពិត​តាម​ដំណាក់ៗ​រហូត​ដល់​នយោបាយ ឈ្នះ-ឈ្នះ​ដែល​យើង​នឹង​រំលេច​នៅ​ទី​នេះ​។ ដូច្នេះ​រឿង​នេះ​គឺជា​រឿង​ពិត ហើយ​វិមាន​ឈ្នះ-ឈ្នះ​នេះ​នឹង​ប្រមូល​ទាំងអស់​នូវ​សច្ចភាព​ទាំងឡាយ​ជា​ប្រវត្តិសាស្ត្រ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​យើង ប្រមូល​តម្កល់​នៅ​ទី​នេះ​ធ្វើ​ជា​ភ័ស្តុតាង​កុំ​ឲ្យ​មាន​អ្នក​មួយ​ចំនួន​បកស្រាយ​ខុស​ប្រវត្តិសាស្ត្រ​ពិត​។ វិមាន ឈ្នះ-ឈ្នះ​ជា​កន្លែង​តម្កល់​តឹកតាង​ជាក់លាក់​ពិតប្រាកដ​ទាំងអស់ ទោះបី​ជា​មិន​បាន ១០០ ​ភាគរយ​ក៏​វា​កៀក​នឹង ​១០០ ​ភាគរយ​ដែរ​»​។

លោក​បន្ថែម​ថា​៖ «​កន្លែង​នេះ​វា​មិន​ធំ​ប៉ុន្មាន​ទេ​តែ​វា​មាន​អត្ថន័យ​ខ្លឹមសារ​ប្រវត្តិសាស្ត្រ​ធំធេង​ណាស់​ហើយ​វា​គឺជា​ទ្រព្យសម្បត្តិ​ដ៏ធំ​មហាសាល​សម្រាប់​យើង​ជំនាន់​ក្រោយ​...​មាន​តាំងពី​សៀវភៅ ឯកសារ ហើយ​សំខាន់​បំផុត​យើង​ឆ្លាក់​នៅ​លើ​ថ្ម​តែ​ម្តង​ដូច្នេះ​វា​មិន​បាត់បង់​ទៅ​ណា​ទេ​»​។

លោក​ ទៀ បាញ់ បាន​បន្ថែម​ថា​នៅពេល​សម្ពោធ​ជា​ផ្លូវការ​នូវ​វិមាន​ឈ្នះ-ឈ្នះ និង​ការ​ប្រារព្ធ​ពិធី​ខួប ២០ ឆ្នាំ​នៃ​គោល​នយោបាយ ឈ្នះ-ឈ្នះ (​ឆ្នាំ​ ១៩៩៨-​ឆ្នាំ​ ២០១៨) ​នឹង​មាន​ការសម្តែង​ការ​ធ្វើ​បទ​បង្ហាញ​ការតាំងពិព័រណ៍​របស់​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ ការបាញ់​កាំជ្រួច​ទ្រង់ទ្រាយ​ធំ ការប្រកួត​កីឡា និង​ការសម្តែង​សិល្បៈ​។ លោក​ថា ពិធី​នេះ​នឹង​មាន​ការចូលរួម​ពី​ទាហាន នគរបាល កងរាជអាវុធហត្ថ និង ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៣០ ០០០ នាក់​។

លោក សំបូរ ម៉ាណារ៉ា សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិសាស្ត្រ ស្វាគមន៍​ការសាងសង់​វិមាន​ឈ្នះ-ឈ្នះ​ដែល​គ្រោង​នឹង​ដាក់​សម្ពោធ​នាពេល​ខាង​មុខ​ដោយសារ​តែ​ប្រជាជន​កម្ពុជា​បាន​ទទួល​សន្តិភាព​ពី​ការតស៊ូ និង​កសាង​ប្រទេស​របស់​រាជរដ្ឋាភិបាល​បច្ចុប្បន្ន​ហើយ​ថា ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​សិក្សា​រៀនសូត្រ​ស្វែងយល់​ពី​​ប្រវត្តិសាស្ត្រ​ដើម្បី​ទប់​ការជាន់​ដាន​ប្រវត្តិសាស្ត្រ​។

លោក ម៉ាណារ៉ា បញ្ជាក់​ថា​៖ «​វា​គឺជា​ចំណុច​មួយ​សំខាន់​បង្កើត​បាន​ទៅ​ជា​និន្នាការ​ស្វែងយល់​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ​។ អ្វី​ទាំងអស់​ដែល​កើតឡើង​ក្នុង​អតីតកាល​ហើយ​មនុស្ស​បាន​ទទួល​ផល​ពី​អតីតកាល​នោះ​ហើយ​គេ​កំពុង​សិក្សា តម្កល់ទុក ចារទុក កំណត់ទុក គេ​សរសេរ​ទុក​មាន​ន័យ​ថា​វា​ជា​ប្រវត្តិសាស្ត្រ​មួយ​មាន​តម្លៃ​»​។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ត​ដាក់​ចេញ​នូវ​នយោបាយ​ឈ្នះ-ឈ្នះ​នៅ​ដើម​ឆ្នាំ ១៩៩៦ រហូត​ដល់​ឆ្នាំ​ ១៩៩៨ ដោយ​បាន​រំលាយចោល​រចនាសម្ព័ន្ធ​យោធា​ខ្មែរ-ក្រហម និង​ធ្វើ​សមាហរណកម្ម​ពួកគេ​មក​ក្នុង​សង្គមជាតិ​។

កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​ ២០១៧ លោក ទៀ បាញ់ បាន​ថ្លែង​ថា​ការអនុវត្ត​នយោបាយ​ឈ្នះ-ឈ្នះ​ត្រូវ​ធ្វើ​ឡើង​បាន​យ៉ាង​ជោគជ័យ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ហើយ​ថា​វិមាន​ឈ្នះ-ឈ្នះ​នេះ​នឹង​ដាក់​បញ្ចូល​គ្រប់​សមិទ្ធផល​ដែល​បាន​សម្រេច​តាមរយៈ​គោលនយោបាយ​ឈ្នះ-ឈ្នះ​៕