ភ្នំពេញៈ ប៉ុន្មាន​ថ្ងៃនេះ​មាន​ការ​ផ្សាយ​ព័ត៌មាន​ថា​ ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់ ​នឹងត្រូវ​បញ្ចប់​អាណត្តិ​របស់​ខ្លួន​ ដោយ​សារ​តែ​​ធ្វើការ​ហួស​តួនាទី​ធ្វើឲ្យ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​មិនពេញចិត្ត​ ប៉ុន្តែ​បើផ្អែក​តាម​មន្ត្រី​ជាន់ខ្ពស់​គឺ​ការបញ្ចប់​អា​ណត្តិ​ស្ថាប័ន​មួយនេះ ​មិនមែន​ដោយសារ​ការពេញចិត្ត​ឬ​មិនពេញ​ចិត្ត​ពី​នាយករដ្ឋមន្ត្រី​នោះ​ទេ ​ព្រោះ​ជាធម្មតា ​បើ​រដ្ឋាភិបាល​ត្រូវ​ផុត​អាណត្តិ​ទី​៦ នេះ​ ឧត្តម​ក្រុម​ប្រឹក្សា​ក៏​ត្រូវ​បញ្ចប់​ស្រប​តាម​ព្រះរាជ​ក្រឹត្យ​ដែរ។

ប្រធាន​លេខា​ធិការដ្ឋាន​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះនិងផ្តល់​យោបល់​ លោក​ ឈឹម ផលវរុណ ​ថ្លែង ​ពីថ្ងៃអាទិត្យថា ​ពាក់ព័ន្ធ​នឹង​រឿង​ពេញ​ចិត្ត ឬ​មិន​ពេញ​ចិត្ដ ​គឺ​អាច​មើល​ឃើញ​ទៅ​នឹង​ដំណើរ​ការ​ ដែល​លោក​ ហ៊ុន សែន ​បាន​ទទួល​ពី​ឧត្ដម​ក្រម​ប្រឹក្សាពិគ្រោះ ​និង​ផ្ដល់​យោបល់ ​រៀង​រាល់​សប្ដាហ៍។ បេសកកម្ម​របស់​ប្រតិភូ​គណបក្ស តែង​តែ​ធ្វើ​របាយ​ការណ៍​គោរព​ជូន​លោក​នាយក​រដ្ឋមន្ត្រី និង​ផ្ដល់​យោបល់ថែម​ទៀត​។ លិខិត​ជារបាយ​ការណ៍ និង​យោបល់​ គឺ​បាន​ទៅដល់​លោក ហ៊ុន សែន រហូត​ដល់​លោក​ចាត់​វិធាន​ការ​ជា​បន្ដបន្ទាប់។

លោក​ ឈឹម ផលវរុណ ​បន្ថែម​ថា ​ថ្មីៗនេះ​មាន​របាយ​ការ​ណ៍​មួយ​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ព្រៃ​ឈើ ​ហើយ​លោក​ ហ៊ុន សែន​ បាន​ចេញ​លិខិត​​ណែនាំ​ឱ្យ​ក្រ​សួង​កសិកម្ម អភិបាល​ខេត្ដ​រតនគិរី និងខេត្ដ​មណ្ឌល​គិរី ត្រូវ​ពិនិត្យ​អនុវត្ដ អំពី​ភាព​អសកម្ម​នៃ​ការ​ទប់​ស្កាត់បទ​ល្មើស​ព្រៃ​ឈើ​តាម​សំណើយោបល់​របស់​ឧត្ដម​ក្រុម​ប្រឹក្សា​។ ដូច​រឿង​ទំនាស់​ដីធ្លី ​និង​បញ្ហា​ផ្សេង​ៗ​ទៀត លោក​ ហ៊ុន​ សែន ​ទទួល​យក​នូវ​របាយការណ៍​ ហើយ​តែង​តែ​ចាត់​វិធាន​ការ​ទៅ​ស្ថាប័ន ​ក្រសួង​ពាក់ព័ន្ធ​ពិនិត្យ ​សិក្សា។

ដូច្នេះ​លោក​ ហ៊ុន សែន ទទួល​យក​ធាតុ​ចូល​ ដែល​ជា​ស្មារតី​ដើម​នៃ​ការ​បង្កើត​ [ឧត្ដម​ក្រម​ប្រឹក្សា​] នេះ។

មួយ​វិញទៀតលោក​ថា​ មាន​ការ​យល់​ខុសទៅលើ​ការអញ្ជើញ​​រដ្ឋមន្ត្រីយោង​តាម​នីតិ​វិធី ការ​ពិត​ នៅ​ក្នុង​ព្រះ​រាជ​ក្រឹត្យ គឺ​ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់​យោបល់ ​មិន​មែន​ជាអ្នក​កោះ​អញ្ជើញ​រដ្ឋមន្រ្ដីទេ​ គឺ​ក្រុម​ប្រឹក្សា​ជាអ្នក​ស្នើ ​គោរព​ជូន​លោក​ ហ៊ុន សែន ​ក្នុង​កម្មវត្ថុអញ្ជើញ​រដ្ឋមន្រ្ដី ​មក​ពិភាក្សា​​ក្នុង​ក្រប​ខ័ណ្ឌ​ឧត្ដម​ក្រុម​ប្រឹក្សា ​ពិគ្រោះ ​និង​ផ្ដល់​យោបល់។

លោក​បញ្ជាក់ថា​៖ «អ៊ីចឹង​ហើយ​បាន​ជាក់ស្ដែង​យើង​ធ្វើ​លិខិត​ សំណើ​សុំ​យោបល់ ​សុំការ​អនុញ្ញាត​ពី​សម្ដេច ​[ហ៊ុន សែន]​ ក្នុង​ការ​គោរព​អញ្ជើញ​រដ្ឋមន្រ្ដី ​គោរព​ជូន​ទៅ​សម្ដេច ​ហើយ​បាន​សម្ដេច ​លោក​ចារ​ឯកភាព ​ចារ​យល់​ព្រម​ បាន​ឧត្តមក្រុម​ប្រឹក្សា​រៀប​ចំ​លិខិត​គោរព​អញ្ជើញរដ្ឋ​មន្រ្ដីដើម្បី​​ដឹក​នាំ​ប្រតិភូ​ក្រសួង​សាមី​មក​ចូលរួម​។ អ៊ីចឹង​យើង​ធ្វើ​អ៊ីចឹង​ អត់​ដែល​មាន​ធ្វើ​លើស​ហ្នឹង​ទេ​ គឺ​ទាល់​តែ​សម្ដេច​យល់​ព្រម​បាន​យើង​គោរព​អញ្ជើញ​រដ្ឋមន្រ្ដី។​ អត់​មាន​ខុស​អីទេ»។

លោក​បញ្ជាក់ថា​៖ «យើង​មើល​ជាក់ស្ដែង ​ឧត្ដម​ក្រុម​ប្រឹក្សា ​ដូច​អត់​មាន​ធ្វើ​អីលើ​សពី​តួនាទី​ផង។ តួនាទី​របស់​ឧត្ដម​ក្រុម​ប្រឹក្សា​មាន​ចែងនៅ​ក្នុង​មាត្រា ១០ ​ជាពិសេស​នៅ​កថាខណ្ឌទី៣​ តាមដាន​អំពី​​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ដ​ច្បាប់ អនុវត្ដ​គោល​នយោបាយ។

លោក​បញ្ជាក់ថា​៖ «ការ​បញ្ចប់​ក្រុម​ការងារ​ឧត្ដម​ក្រុម​ប្រឹក្សា​នេះ គឺ​ត្រូវ​ធ្វើ​ឡើង​ស្រប​តាម​ព្រះរាជ​ក្រឹត្យ ​ព្រោះ​ជាស្ថាប័ន​ដែល​បង្កើត​ឡើង​ដោយ​ព្រះ​រាជក្រឹត្យ។ ​ក្រុម​ការងារ​នេះ ​គឺ​បានកើត​ចេញ​ពី​ការ​ចូលរួម​បោះ​ឆ្នោត​កាលពី​ថ្ងៃទី ​២៩ ខែ​ កក្កដា ​ឆ្នាំ ២០១៨ ​ដោយ​ការ​ចូលរួម​នោះ ​ដោយ​ការ​ស្ម័គ្រចិត្ដ ​មិន​មាន​ការ​បង្ខំ»។

ទាក់ទិន​នឹង​ការផ្សាយ​នេះ​ដែរ ​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ ​និង​ផ្តល់​យោបល់ ​លោក​ សុខ សុវណ្ណ​វឌ្ឍនា​សាប៊ុង​ តាម​រយៈ​ហ្វេសប៊ុក​ កាលពី​ថ្ងៃទី ៨​ មិថុនា ​បានភ្ជាប់​ទៅនឹង​ការផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ ដែល​ស្រង់​សម្តី​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល ​លោក​ ផៃ ស៊ីផាន​ ថា ​លោក​នាយក​​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​បាន​បង្ហាញ​ការមិន​ពេញចិត្ត​ក្នុងការ​បំពេញ​ភារកិច្ច​របស់​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និងផ្តល់​យោ​បល់​មួយចំនួន​ដែលធ្វើការ​បញ្ចេញ​អំណាច​ហួស​ខ្លាំង​ពេក។ ​ពួកគេ​ធ្វើ​ការ​ហួសដែន​សមត្ថកិច្ច​របស់​ខ្លួន​ទាក់ទិន​នឹងការ​អញ្ជើញ​រដ្ឋមន្រ្តី​នានា​មក​បំភ្លឺ​ធ្វើ​ដូច​ខ្លួន​ជា​តុលាការ។

លោក​​ សាប៊ុង ​ក៏បាន​ភ្ជាប់​ទៅ​នឹង​ការផ្សាយ​របស់​វិទ្យុ​បារាំង ​ដែល​ស្រង់​សម្តី​លោក ​ផៃ ស៊ីផាន​ ដដែលថា ​មូលហេតុ​ចម្បង​ ដែល​ជំរុញឲ្យ​លោក ​ហ៊ុន សែន ​បញ្ជាក់​ពីការ​បញ្ចប់​យន្តការ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ ​និងផ្តល់​យោបល់ ​នៅ​អាណត្តិ​ក្រោយ​ ព្រោះតែ​កន្លងមក​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និងផ្តល់​យោ​បល់​មួយចំនួន​ហាក់​បានដើរ​ហួស​ពី​តួនាទី​របស់​ខ្លួន។ ព្រោះ​សមាជិក​នៃ​ឧត្តម​ក្រុមប្រឹក្សានេះ​ បានកោះ​ហៅ​រដ្ឋមន្ត្រី​មួយ ចំនួន​មក​ចោទសួរ ​និង​បាន​ជ្រៀតជ្រែក​លើ​កិច្ច​ការងារ​របស់​កង​ទ័ព ​និង​កង​នគរបាល​ជាតិ។

ទោះយ៉ាង​ណា ​លោក​ សាប៊ុង ​ក៏បាន​បញ្ជាក់​ថា ​លោក ​ផៃ ស៊ីផាន ​បានស្នើ​ឲ្យ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មួយនោះ​ កុំ​ផ្សាយ​ប្រាស​ចាក​ពី​ខ្លឹមសារ​ដើម​របស់​លោក​ ហ៊ុន សែន ​ព្រោះ​លោក​នាយរដ្ឋមន្ត្រី​ ពុំបាន​ផ្តល់​អនុសាសន៍​ពី​ទិដ្ឋភាព​ដូច​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ​បាន​ចុះ​ផ្សាយ​នោះ​ទេ។

ជាមួយ​គ្នានេះ ​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​រូបនេះ​ក៏បាន​លើក​ពី​សម្តី​របស់​លោក​ ឈឹម ផលវរុណ​ ថា​ ការលើកឡើង​របស់​លោក​ ហ៊ុន សែន​ គឺយោង​តាម​ព្រះ​រាជក្រឹត្យ ​ឯការ​លើក​ឡើង​ផ្សេង​ពីនេះ ​គឺ​មិនពិត​នោះទេ ​ហើយថា ​អ្នក​ដែល​ទទួល​បាន​ព័ត៌មាន​នោះ​អាចទទួល​បាន​ព័ត៌មាន​លើស​ ឬក៏​ខុស​ពី​ការពិត​ជាក់ស្តែង។

លោក​បន្ថែមថា​៖ «ឯកឧត្តម​ឈឹម ផលវរុណ ​បានបញ្ជាក់​បន្ថែមថា​សម្តេច​នាយករដ្ឋមន្ត្រី ​គ្រាន់​តែ​លើកឡើង​ទាក់ទងនឹង​កិច្ច​ការ​យោធា ​សម្តេច​តេជោ​មិន​យល់​ព្រមឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ចូល​ប្រជុំ​ក្នុង​ក្របខ័ណ្ឌ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​តាម​ការស្នើ​សុំ​នោះទេ​ដោយ​កិច្ចការ​យោធា​ជា​បញ្ហា​សន្តិសុខ​ជាតិ​មិនអាច​និយាយ​ជា​សាធារណៈ​បាន​ឡើយ»។

លោក​​ សាប៊ុង ​លើកឡើងថា ​ ក្នុងនាម​ជាប្រតិភូ​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​និងផ្តល់​យោបល់ ​ដែល​ធ្លាប់បាន​ចូលរួម​បំពេញ​បេសកកម្ម​កន្លងមក​ សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ ​និង​ផ្តល់​យោបល់​ពីគណ​បក្ស​ខ្មែរ​ក្រោក ​សូម​បញ្ជាក់ថា​ យន្តការ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ ​និងផ្តល់​យោបល់ ​ជាការបង្កើត​ឡើង​ក្រោម​ទស្សនទាន​របស់​លោក​នាយករដ្ឋ​មន្ត្រី ​ហ៊ុន សែន។

ក្នុង​ន័យ​ផ្តល់​ជាធាតុ​ចូល​ជូន​រដ្ឋា​ភិបាល​ ស្រប​តាម​គោលការណ៍​ប្រមូល​ពហុ​គំនិត​ជាធនាគារ​ខួរក្បាល ​ដើម្បី​ចូលរួម​កសាង​អភិវឌ្ឍប្រទេស​កម្ពុជា​ឲ្យ​កាន់​តែ​រីកចម្រើន ​និង​ជា​​កញ្ចក់​ឆ្លុះ បញ្ចាំង​រាល់​ទិដ្ឋភាព​អសកម្ម​នានា​របស់​មន្ត្រី​ថា្នក់​ជាតិ ​និង​ថ្នាក់​ក្រោម​ជាតិ។

លោក​បញ្ជាក់ថា​៖ «ចំពោះ​អាណត្តិ​នៃ​យន្តការនេះ ​គឺ​នឹង​បញ្ចប់​ទៅវិញ​តាមការ​បញ្ចប់​អាណត្តិ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ ​ដែល​ខ្លឹមសារនេះ​បានបញ្ជាក់​ច្បាស់​ក្នុង​ព្រះរាជ​ក្រឹត្យ​ស្តីពី​ការរៀប​ចំ​និង​ការប្រព្រឹត្ត​ទៅ​របស់​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និងផ្តល់​យោបល់ ​ជាពិសេស​មាន​ការ​ព្រមព្រៀង​គ្នា​ជាឯកច្ឆន្ទ​រវាង​បណ្តា​គណបក្ស​ទាំងឡាយ​ជាមួយនឹង​សម្តេចតេ​ជោ​នាយករដ្ឋ​មន្ត្រីទៀតផង»។

ប្រធាន​បក្ស​ខ្មែរ​ក្រោក​រូបនេះបន្តថា ​អ្វីដែល​សំខាន់​ គឺ​រយៈ​ពេល​ ៤ ឆ្នាំ ​ដែល​សេសសល់ ​បក្ស​របស់​លោក​នឹងខិតខំ​បម្រើ​ពលរដ្ឋ​ឲ្យ​អស់​លទ្ធភាព​ក្នុងការ​បម្រើ​ផល​ប្រយោជន៍​ប្រជាជាតិ​កម្ពុជា​ពី​ការបំផ្លាញ​របស់​ជន​ខិលខូច ​មន្ត្រី​គ្រាប់​ល្ពៅ​ជាដើម។

​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល ​លោក ​ផៃ ស៊ីផាន ​បដិសេធ​ធ្វើ​អត្ថា​ធិប្បាយ។

អ្នក​វិភាគ​នយោបាយ​ លោក ​ឯម សុវណ្ណារ៉ា ​យល់​ស្រប​ចំពោះ​ការ​បញ្ចប់​ក្រុមការងារ​ឧត្ដម​ក្រុម​ប្រឹក្សា​នេះ។

លោក​ថា​៖ «ខ្ញុំ​គិត​ថា ​បើ​រដ្ឋា​ភិបាល​បញ្ចប់​ក្រុម​នេះ​ វា​ល្អដែរ ​ព្រោះ​ក្រុម​នេះ​បង្កើត​ទៅ​អត់​ឃើញ​មាន​ប្រសិទ្ធ​ភាព​ការងារ​ ឬក៏​ជួយ​រដ្ឋាភិបាល​ទេ​ បន្ទុកចំណាយ​ថវិកា​ជាតិ​ច្រើន​ជាង​ អត្ថ​ប្រយោជន៍​ដែល​រដ្ឋាភិបាល​ទទួល​បាន»។

លោក​ថា ​រដ្ឋាភិ​បាល​មាន​ស្ថាប័ន​គ្រប់គ្រាន់ ក្នុង​​ការ​ដំណើរ​ការនីតិ​វិធីការងារ​ អ្វីដែល​សំខាន់​គ្រាន់​តែ​ជំរុញ​ឱ្យ​មាន​ប្រសិទ្ធភាព​ទៅ​បាន​ហើយ៕​