ភ្នំពេញៈ មន្ទីរពេទ្យ ​Fuwai Yunnan Cardiovascula Hospital​ នៅខេត្ត​យូណាននៃ​​ប្រទេស​ ចិន​ ​នឹង​ទទួល​ព្យាបាល​កុមារ​កម្ពុជា ​ដែល​មាន​ជំងឺ​បេះ​ដូង​ចំហពី​កំណើត​ ​ចំនួន​ ៣៤ ​នាក់​បន្ថែម​ទៀត​ ​នៅ​ក្នុង​ខែ​កក្កដា​នេះ ​បន្ទាប់​ពី​កុមារ​កម្ពុជា​ដែល​មាន​ជំងឺ​នេះ ​៣១ ​នាក់ ត្រូវ​បាន​ទទួល​ការវះកាត់​​ព្យាបាល​ដោយ​ជោគជ័យ ​និង​​ដោយ​មិន​គិត​ថ្លៃ ​ពី​មន្ទីរ​ពេទ្យ​នេះ​ចាប់​តាំង​ពី​ឆ្នាំ ២០១៧ មក។ ​

​លោក​ ​ម៉ា ​លីន​ឃុន​ ​(Linkun Ma) ​អនុ​ប្រធាន​មន្ទីរ​ពេទ្យ ​Fuwai​ Yunnan Cardiovascula Hospital​ បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ម្សិល​មិញ​ថា​ ​ដោយ​ផ្អែក​លើ​អនុ​ស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា ​រវាង​ក្រសួង​សុខា​ភិបាល​កម្ពុជា​ និង​ គណៈ​កម្មការ​សុខា​ភិបាល​ជា​តិ​ និង​ផែន​ការ​គ្រួសារ​នៃ​សាធារ​ណ​រដ្ឋ​ប្រជា​មានិត​ចិន​ ​លើ​គម្រោង​ «​ដំណើ​រនៃ​ក្ដី​ស្រឡាញ់​ពី​បេះ​ដូ​ង» ដែល​ត្រូវ​បាន​ចុះ​ហត្ថ​លេខា​កាល​ពីដើម​ឆ្នាំ​មុន​នោះ ​មន្ទី​រ​ពេទ្យ​រ​បស់​លោក​បាន​យល់​ព្រម​ទទួល​ព្យាបាល​កុមារ​កម្ពុជា​ចំនួន​ ១៥០ ​នាក់​ ​ដែល​មាន​ជំងឺ​បេះ​ដូង​ពី​កំណើត​ ​ ​ដោយ​ឥត​គិត​ថ្លៃ​ ​ក្នុង​រយៈ​ពេល​ ៣ ​ឆ្នាំ ​(២០១៨ ​ដល់​ ២០២០)។​ ​

​លោក​បាន​បញ្ជាក់​ថា​៖​ «​នៅ​ថ្ងៃ​អង្គារ​ទី​ ១៦ ​ខែ​ កក្កដា​​ ​កុមារ​កម្ពុជា​ចំនួន ​៦ នាក់ ​នឹង​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទី​រពេទ្យ​របស់​យើង​ ​ខណៈ​ ២៨​ នាក់​ទៀត ​កំ​ពុង​រៀប​ចំសំ​ណុំ​ឯក​សារ​មួយ​ចំនួន​ ​ដើម្បី​បញ្ជូន​ទៅ​ព្យាបាល​នៅ​ចុង​ខែ​នេះ»។​

​លោក​បាន​ប្រាប់​ឲ្យ​ដឹ​ង​ផង​ដែរ​ថា​ ​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៧ ​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​ចិន​តាមរ​យៈ​អ​ង្គ​ការ​សង្គម​ស៊ីវិល​ចិន​ ឈ្មោះ YUNDI​ ​បាន​ចុះ​ពិនិត្យ​សុខ​ភាព​កុមារ​កម្ពុជា​ បាន​ចំនួន​ជាង​ ៣៦ ០០០​ នាក់​ ​និង​បាន​រក​ឃើញ​កុមារ​កម្ពុជា​ ដែល​មាន​អាយុ​ចាប់​ពី​ ១៦​ ឆ្នាំ​ ចុះ​ក្រោម​ ​ចំនួន​ ៣១៣​ នាក់​ ​មាន​រោគ​សញ្ញា​ជំងឺ​បេះ​ដូង​ពី​កំណើត​ ​(​បេះដូង​ចំហ) ​ក្នុង​នោះ​ ៣១ នាក់​ ត្រូវ​បាន​សម្រប​សម្រួល​នាំ​យក​ទៅ​ព្យា​បាល​ ដោយ​វះ​កាត់​ នៅ​ឯ​មន្ទីរ​ពេទ្យ​របស់​លោក ​ក្នុង​ប្រទេស​ ចិន ​បាន​ដោយ​ជោគ​ជ័យ​ ​និង​ដោយ​ឥតគិត​ថ្លៃ។​ ​ ​

លោក​បាន​ឲ្យ​ដឹង​ថា​៖​ «​ជំងឺ​បេះ​ដូង​ចំហ​ពី​កំណើត​នេះ ​មិន​មែន​សុទ្ធ​តែ​ត្រូវ​ព្យាបាល​ដោយ​វះកាត់​នោះ​ទេ​ សម្រាប់​កុមារ ដែល​មាន​សុខភាព​រឹងប៉ឹង​មាំមួន​ ​ជំងឺ​នេះ​អាច​ជា​សះស្បើយ​ឬ​បិទ​ជិត​ទៅ​តាម​ការ​វិវឌ្ឍ​នៃ​លក្ខណៈ​ធម្ម​ជាតិ​របស់​វា​ ប៉ុន្តែ​បើ​ការ​វិវឌ្ឍ​របស់​វា​ ​ធ្វើ​ឲ្យ​សុខភាព​របស់​កុមារ​កាន់​តែ​ចុះ​ខ្សោយ​ទៅៗ​នោះ​ ​គឺ​យើង​ចាំ​បាច់​ត្រូវ​ធ្វើការ​វះកាត់​ជា​បន្ទាន់»។

​កាល​ពី​ម្សិល​មិញ​ ​កុមារី​ ​សៀម ​ស៊ាវ​ថន​ ​អាយុ ​១១​ ឆ្នាំ ​ដែល​មាន​ជំងឺ​បេះដូង​ពី​កំណើត​ តាំង​ពី​អាយុ​​ជាង ​១ ខួប ​និង​ដែល​ត្រៀម​ចេញ​ដំណើរ​ទៅ​ព្យា​បាល​នៅ​ប្រទេស​ ចិន​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ថា​ ជា​រឿយៗ​នាង​ ពិបាក​នៅ​ក្នុង​ការ​ដក​ដង្ហើម​ ​ឈឺ​ក្បាល​ ​និង​អស់​កម្លាំង។​ ​

​ស៊ាវ​ថន​ ​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​​មិន​ដឹង​ថា​ជំងឺ​របស់​ខ្ញុំ​វា​យ៉ាង​​ម៉េច​នោះ​ទេ ​ប៉ុន្តែ​ពេល​ខ្ញុំ​ក្ដៅខ្លួ​ន​ខ្លាំង​ខ្ញុំ​តែង​តែ​ក្អក​ ឈឺ​ក្បាល ​ថប់​ដង្ហើម​ ​និង​​អស់​កម្លាំ​ង​ ហើ​យ​ពុ​ក​ម៉ែខ្ញុំ​តែង​នាំ​ខ្ញុំ​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​គន្ធបុ​ប្ផា​នៅ​ភ្នំពេញ ​ហើយ​គ្រូពេ​ទ្យ​ប្រាប់​​ពុក​ម៉ែ​ខ្ញុំ​ឲ្យ​ប្រុង​ប្រយ័ត្ន​ពី​ជំងឺ​របស់​ខ្ញុំ»។​

​ឪ​ពុក​កុមារី​ ​ស៊ាវ​ថន​ ​គឺ​ លោក​ សៀម​ ​ផន​ អាយុ ​៤០ ​ឆ្នាំ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ថា​ គ្រូពេទ្យ​នៅ​មន្ទី​រ​ពេទ្យ​គន្ធ​បុប្ផាក្នុ​​ង​រាជ​ធានី​ភ្នំ​ពេញ ​បាន​ប្រាប់​គាត់​ថា​ ​ស៊ាវ​ថន​ មាន​ជំងឺ​បេះ​ដូង​ចំហ ​ប៉ុន្តែ​ខាង​មន្ទីរ​ពេទ្យ​មិន​អាច​ធ្វើការ​វះកាត់​បាន​ទេ។

លោ​ក​ថ្លែង​ថា​៖ ​«​ខ្ញុំ​ចង់​ព្យា​បាល​កូន​ខ្ញុំ​ឲ្យ​ជា​ពី​ជំងឺ​នេះ​ខ្លាំង​ណា​ស់ ​ប៉ុន្តែ​ខ្ញុំ​ក្រីក្រ​ពេក​គ្មាន​ លុ​យ​ព្យាបាល​ជំងឺ​របស់​កូន​នោះទេ​។ ​សំណាង​ណាស់​​ដែល​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​នៃ​អង្គការ​ YUNDI​ ចុះជួយ​ពិនិត្យ​ព្យា​បា​ល​ហើយ​បាន​ប្រាប់​ថា​គេ​អាច​ជួយ​ព្យា​បាល​​កូន​ខ្ញុំ​ឲ្យ​ជា​ ​ដោយ​មិន​គិត​ប្រាក់​ ​ហើយ​ថា​គេ​នឹង​ជួយ​អន្ត​រាគមន៍​ធ្វើ​ប៉ាស្ព័​​រ​ វីសា​ និង​ថ្លៃ​សោ​ហ៊ុយ​​ធ្វើដំ​ណើរ​ អាហារ​ហូប​ចុក​ទាំង​អស់​ ដើ​ម្បី​នាំ​កូន​ខ្ញុំ​ទៅ​ព្យាបាល​នៅ​ប្រទេស ​ចិន។​ ​នៅ​ព្រឹក​ថ្ងៃទី​ ១៦​ ខែ​ កក្កដា​នេះ​ពួក​យើង​នឹង​ចេញ​ទៅ​ប្រទេស​ចិនជា​មួយ​នឹង​អង្គការ​នេះ»។​ ​ ​ ​​​

​លោក​ ​Luo​ Zhi​ ប្រធាន​អង្គការ​ ​YUNDI ​បាន​ឲ្យ​ដឹង​ថា​ ​កុមារ​កម្ពុជា​ដែល​មាន​ជំងឺ​បេះដូង​ពី​កំណើត​ ត្រូវ​បាន​អង្គការ​របស់​លោក​ជួយ​សម្រប​សម្រួល​បង់​ថ្លៃ​សេវាកម្ម​គ្រប់​យ៉ាង​ទាំង​មុន​ ​និង​ក្នុង​អំឡុង​ពេល​នៃ​ការ​សម្រា​ក​ព្យាបាល​ជំងឺ ចំនួន​ ២ ​ថ្ងៃ​ នៅ​ក្នុង​មន្ទី​រ​ពេទ្យ ​Fuwai Yunnan Cardiovascula Hospital​ នៃ​ខេត្ត​យូណាន​ ​ប្រទេស​ចិន។​

​លោក​ ​L​uo Zhi ​បាន​បញ្ជាក់​ថា៖​ «​យើង​បាន​ជួយ​សម្រប​សម្រួល​ ​ដល់​ក្រុម​គ្រួសារ​កុមារ​កម្ពុជា​ ដែល​មាន​ជំងឺ​បេះដូង​​ពី​កំណើត​នេះ​ ​ចំនួន​ ៣១ ​គ្រួសារ​ ​ដើម្បី​នាំ​កូនៗ​របស់​ពួក​គេ​ទៅ​ព្យាបាល​ជំងឺ​នៅ​ខេត្ត​យូណាន​ប្រទេស ​ចិន​ ដែល​ឥឡូ​វនេះ កូនៗ​របស់​ពួក​គេ​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​នោះ​ហើយ។ ​អង្គ​ការ​យើង​នៅ​តែ​បន្ត​បេស​ក​កម្ម​ជួយ​ដល់​កុមារ​កម្ពុជា​ ដែល​មាន​ជំងឺ​នេះ​ជា​ប​ន្ត​ទៀត ដើម្បី​ឲ្យ​ពួក​គេ​ទទួល​បាន​សុខភាព​ល្អ»។​

​កុមារី​ ​រិទ្ធ​ ​កញ្ញា ​អាយុ​ ១២ ​ឆ្នាំ​ ​រស់​នៅ​ខេត្ត​បាត់​ដំបង​ ដែល​ទទួល​បាន​ការ​ជួយ​អន្ត​រាគមន៍​ទៅ​ព្យា​បាល​ជំងឺ​បេះដូ​ង​ចំហ​ ​កាល​ពី​ឆ្នាំ​ ២០១៧​ នោះ​ ​បាន​និយាយ​ថា​ ​ក្រោយ​ការវះ​កាត់​​រួច​ អាការជំងឺ​របស់​នាង​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​ ប៉ុន្តែ​ខាង​អង្គ​ការ​​​នៅ​តែ​បន្ត​ចុះ​សា​ក​​សួរ​សុខ​ទុក្ខ​គ្រួសា​រ​នាង ​និង​​តាម​ដាន​ពី​អាការ​ជំងឺ​របស់​នាង​ដដែល។

កញ្ញា​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​ខ្លួន​ឯង​ ​គិត​ថា​ខ្ញុំ​ជា​សះ​ស្បើយ​ពី​ជំងឺ​នោះ​ហើយ​ ព្រោះ​ខ្ញុំ​លែង​មាន​អារ​ម្ម​ណ៍​ថ​ប់​ដង្ហើម​ ចុក​ឆ្អល់​ក្នុង​ទ្រូង​ ​ឈឺ​ក្បា​ល​​ ​ស្រវាំ​ង​ភ្នែក​ ​ដូច​មុន​ទៀត​ហើយ​»​។​ ​

យោង​តាម​របាយ​ការណ៍​របស់​អង្គ​ការ​ ​YUNDI ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​ ក្នុង​ចំណោម​កុមារ​កម្ពុជា ​៣១ នាក់ ​ដែល​មាន​ជំងឺ​បេះដូង​ចំហ​ ​និង​ដែល​ទទួល​បាន​ការ​ព្យា​បាល​ពី​មន្ទីរ​ពេទ្យនេះ​​ ​នា​ពេល​កន្លង​មក​​រួម​មាន​មក​ពី​ខេត្ត​បាត់​ដំបង ​២៩ នាក់​ ​ខេត្ត​តា​កែវ​ ២ នាក់។​ ​ចំណែក​កុមា​រ ៦ ​នាក់​ដែល​នឹង​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល បន្ថែម​ទៀត​​នៅ​មន្ទីរ​ពេទ្យ​នេះ​គឺ​មក​ពី​ខេត្ត​រតន​គិ​រី ២ ​នាក់​ កំព​ង់​ឆ្នាំង ​១ នា​ក់​ ​និង​ពី​កំពង់ស្ពឺ​ ៣ ​នាក់។

​លោក ​ប៊ុន ​រ៉េត​ ​ប្រធាន​មន្ទីរ​សុខា​ភិបាល​ខេត្ត​បាត់​ដំបង​បាន​និយាយ​ថា ឪពុក​ម្ដាយ​ក្មេង​ដែល​កើត​ជំងឺ​នេះ ​មុន​ដំបូង​ពួក​គាត់​មាន​អារម្មណ៍​អរ​ផង​ភ័យ​ផង ដោយ​សារ​តែ​មាន​ពាក្យ​ចចាម​អារ៉ាម​ថា​ ​ការ​នាំ​កូន​ទៅ​ព្យាបាល​នៅ​ប្រទេស​ ចិន ​អាច​ប្រឈម​ការវះ​កាត់​ដូរ​យក​សរី​រាង្គ​កាយ​របស់​កុមារ។​ ប៉ុន្តែ​ក្រោយ​ពី​មាន​ការ​ពន្យល់​​ណែ​នាំ​ ដោយ​ធានា​ខុស​ត្រូវ​គ្រប់​បែប​យ៉ាង​តាម​ផ្លូវ​ច្បាប់​ ពី​ភ្នាក់​ងា​រមន្ទីរ​សុខាភិបាល​ខេត្ត​បាត់​ដំបង ​រួម​សហ​កា​រជា​មួយ​អាជ្ញា​ធរ​មូល​ដ្ឋាន​ ​និង​ក្រោម​កិច្ច​សម្រប​សម្រួល​ពី​​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​បាត់​ដំបង​ ​ ​រួម​ជា​មួយ​ភ្នាក់ងារ​សុខាភិបាល​​​នៃ​អង្គការ​ Yundi​ ផ្ទាល់​​​នោះ ​ទើប​ពួក​គាត់​មាន​ភាព​កក់​ក្ដៅ​ក្នុង​ការ​សម្រេច​ចិត្ត​បញ្ជូ​ន​កូន​ៗ​ពួកគេ​ទៅ​ព្យាបាល​នៅ​ប្រទេស​ ចិន។​

​លោក​ថ្លែង​ថា​៖ ​«​ជា​លទ្ធផល​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ ​និង​ ទទួល​ខុស​ត្រូវ​របស់​ភ្នាក់​ងារ​សុខា​ភិបាល​ និង​អង្គការ​ជា​ដៃគូ​​របស់​ប្រទេស​យើង​ទាំង​ ២​ ​[​កម្ពុជា​​ចិន​]​ ​កុមារ​កម្ពុជា​ ៣១ ​នាក់ ​បាន​ទទួល​ការ​ព្យាបាល​ជំងឺ​បេះដូង​ចំហ​បាន​ដោយ​ជោគ​ជ័យ។​ ​យើង​ពិត​ជារី​ក​រាយ​ខ្លាំង​ណាស់ ​នៅ​ពេល​កុមារ​យើង​បាន​ជា​ពី​ជំងឺ​នេះ ​ពិសេស​ឪពុក​ម្ដាយ​របស់​ពួកគេ​មាន​ការ​ជឿជាក់»៕