បន្ទាយមានជ័យៈ មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា យ៉ាង​ហោចណាស់​ប្រជាពលរដ្ឋ​ប្រមាណ​ ៣០០ ​នាក់ ​ត្រូវ​បាន​ពស់​ប្រភេទ​ផ្សេងៗ​គ្នា​ចឹក​នៅពេល​ដែល​ចូល​ទៅក្នុង​ចម្ការ ប៉ុន្តែ​ត្រូវ​បាន​ជួយសង្គ្រោះ​ឲ្យ​ផុតពី​គ្រោះថ្នាក់​បាត់បង់​ជីវិត ដោយសារ​តែ​ពួកគេ​ស្វែងរក​សេវា​ព្យាបាល​ទាន់ពេល​នៅ​មន្ទីរ​សុខាភិបាល​ខេត្ត​។

លោក កែវ សុភក្ត្រា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ថ្លែងថា​៖ «​ថ្នាំ​យើង​មាន​គ្រប់គ្រាន់​ក្នុង​ការផ្តល់ និង​ការសង្គ្រោះ​គឺ​ក្រសួង​សុខាភិបាល បាន​ឧបត្ថម្ភ​គ្រប់គ្រាន់ ព្រោះ​មាន​តែ​ក្រសួង​ទេ ដែល​មាន​ថ្នាំ​ប្រភេទ​នេះ​។ សម្រាប់​ខេត្ត​យើង​គឺ​មាន​ស្តុក​ថ្នាំ​នេះ ១០០ ដប​រហូត​ចៀសវាង​មាន​ការស្លាប់ ដោយសារ​តែ​ការ​អស់​ថ្នាំ​»​។

លោក សុភក្ត្រា បាន​អះអាង​ថា យោងតាម​របាយការណ៍​ដែល​បាន​ផ្ដល់​សេវា​ព្យាបាល​ដល់​ជនរងគ្រោះ​បង្ហាញថា ចំនួន​ពលរដ្ឋ​ដែល​ត្រូវ​ពស់​ចឹក​មាន​ចំនួន​ខ្ពស់​ដោយហេតុ​ព្រៃឈើ​ត្រូវបាន​បំផ្លាញ​ចោល​កាន់តែ​មាន​ទំហំ​ធំ បាន​ធ្វើឲ្យ​ប្រភេទ​ពស់​ផ្សេងៗ​គ្នា​ចេញ​មក​សម្ងំ​លាក់ខ្លួន​នៅក្នុង​ចម្ការ​ និង​នៅក្បែរ​ផ្ទះ ដែល​ងាយ​រងគ្រោះ​ពេល​ពលរដ្ឋ​ចេញ​ប្រកប​មុខរបរ​ប្រចាំថ្ងៃ​នៅក្បែរ​ផ្ទះ​ ឬ​ក្នុង​​ចម្ការ​របស់​ពួកគេ​។

លោក​ថ្លែងថា​៖ «​ដោយសារ​អស់​ព្រៃ​ទៅ ហើយ​ពស់​ហ្នឹង​តែងតែ​សម្ងំ​នៅតាម​ចម្ការ និង​កន្លែង​ដាំដុះ ហើយ​នៅពេល​ដែល​ប្រជាជន​គាត់​ចូល​ទៅ​ក៏​ត្រូវ​ពស់​ចឹក​ទៅ​។ មួយ​ទៀត​នៅពេល​អស់​ព្រៃ​ទៅ ពស់​នេះ វា​តែងតែ​នៅ​ក្បែរៗ​ផ្ទះ​របស់​ប្រជាជន​យើង​»​។

មន្ត្រី​រូបនេះ​ក៏​បាន​អំពាវនាវ​ផងដែរ​ទៅ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ត្រូវ​ពស់​ចឹក គួរ​ស្វែងរក​សេវា​ព្យាបាល​តាម​មន្ទីរពេទ្យ​រដ្ឋ ជា​ជាង​ទៅ​ព្យាបាល​នៅតាម​មន្ទីរពេទ្យ​ឯកជន និង​ការស្វែងរក​គ្រូខ្មែរ​ស្តោះផ្លុំ​តាម​បែប​ប្រពៃណី ដែល​ធ្វើឲ្យ​ជាតិ​ពិស​រីក​រាលដាល ពិបាក​ក្នុង​ការជួយ​សង្គ្រោះ​ឲ្យ​ទាន់ពេលវេលា​។ ក្នុង​ករណី​ពស់​ចឹក​ត្រូវ​ស្វែងរក​សេវា​ព្យាបាល​តាម​មន្ទីរ​សុខាភិបាល​រដ្ឋ​ក្នុង​​អំឡុង​ពេល​ ៣ ​ម៉ោង​។

លោក​បញ្ជាក់ថា​៖ «​ក្នុងករណី​ដែល​មាន​ពស់​ចឹក កុំ​ឲ្យ​ប្រជាជន​យក​ទៅ​ឲ្យ​គ្រូ​ស្តោះផ្លុំ​ឲ្យ​សោះ ធ្វើ​យ៉ាង​ណា​ឲ្យ​គាត់​ដឹក​មក​ដល់​មន្ទីរពេទ្យ​នៅក្នុង​អំឡុង​មុន ៣ ម៉ោង​ទើប​យើង​អាច​ជួយ​សង្គ្រោះបាន​។ បើ​លើស​ពី​ហ្នឹង គឺ​យើង​ពិបាក​ក្នុងការ​ជួយ​សង្គ្រោះ​ណាស់​»​។

ប្រធាន​មន្ទីរ​សុខាភិបាល​រូបនេះ​បាន​អះអាង​ថា​ក្នុង​ ១ ​ឆ្នាំៗ ខេត្ត​បន្ទាយមានជ័យ​បាន​ប្រើប្រាស់​ថ្នាំ​ប្រភេទ​នេះ​អស់​ប្រមាណ​ជាង ៤០០ ដប ដែល​ក្នុង​ ១ ​ដបៗ​មាន​តម្លៃ​ជាង ៥០០ ​ដុល្លារ ហើយ​ក្នុង​ជនរងគ្រោះ​ដោយសារ​ពស់​ចឹក​ម្នាក់​ត្រូវ​ប្រើប្រាស់​ថ្នាំ​នេះ​ចន្លោះ​ពី ៣ ​ទៅ ៥ ​ដប ទើប​ជាសះស្បើយ​។

លោក ចន្ទ វិឌ្ឍីណាវុឌ្ឍ ប្រធាន​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា ជប៉ុន​នៅ​ស្រុក​មង្គលបុរី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ជប៉ុន បាន​ទទួល​ព្យាបាល​អ្នកពស់​ពិស​ចឹក​ឲ្យ​ជាសះស្បើយ​ចំនួន​ ១៥២ ​នាក់ ​ដោយ​ក្នុង​នោះ ស្រី​ ៤៤ ​នាក់ បន្ទាប់ពី​បាន​មក​ទទួល​សេវា​សង្គ្រោះ​ពិនិត្យ​ព្យាបាល​ទាន់​ពេលវេលា​។

លោក ចន្ទ វិឌ្ឍីណាវុឌ្ឍ ថ្លែងថា​៖ «​ករណី​ពស់​ចឹក​នេះ​មាន​ស្ទើរ​រាល់ថ្ងៃ ដោយសារ​តែ​ការធ្វេសប្រហែស​របស់​ប្រជាពលរដ្ឋ​»​។

លោក ចន្ទ វិឌ្ឍីណាវុឌ្ឍ ឲ្យ​ដឹងថា ពស់​ដែល​តែងតែ​ចឹក​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​នេះ​ច្រើន​ជាងគេ​គឺ​ពស់​ស្រកាចាស់ ពស់វែកដំបូក ពស់វែកក្របី ពស់​ហនុមាន និង​ក្រៅពី​នោះ​មាន​ពស់​ខៀវ ពស់ក្រាយ ឬ​ថ្នាំង​អំពៅ​ជាដើម​។

លោក កែវ សុភក្ត្រា បាន​អះអាង​ថា វិធី​ដែល​អាច​បង្ការ​ពី​ករណី​ពស់​ចឹក​នេះ​បាន​ល្អ​ប្រសើរ​នោះ​គឺ​ប្រជាពលរដ្ឋ​គ្រប់រូប​ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​ត្រូវ​ពាក់​ស្បែកជើង​ជ័រ​កវែង​ជានិច្ច នៅពេល​ចូល​ទៅ​ចម្ការ​នានា​៕